បទវិចារណកថា៖ ស្ថានភាពសិទិ្ធមនុស្ស នៅដែនដីកម្ពុជាក្រោម
ដោយ ថាច់ វឿង
ខេត្តក្រមួនស នៃដែនដីកម្ពុជាក្រោម ដែលយួនហៅថា ខេត្តកៀងយ៉ាង (Kien Giang) ជាទឹកដីដ៏ សម្បូរណ៍ទៅដោយសម្បត្តិធម្មជាតិ មានសមុទ្រ ទនេ្ល បឹងបួរ ដីស្រែចម្ការមានជីវជាតិងាយស្រួលដាំ ដុះដំណាំផ្សេងៗ ។ ខេត្តនេះមានវត្តពុទ្ធសាសនាខែ្មរចំនួន ៧៥ វត្ត មានព្រះសង្ឃ កំពុងសិក្សារៀនសូត្រ អក្សរសាស្រ្តខែ្មរ និងធម៌អាថ៌វិន័យ ។ ពលរដ្ឋខែ្មរក្រោមខេត្តក្រមួនស ជាអ្នកកាន់ព្រះពុទ្ធសាសនាយ៉ាង ខ្ជាប់ខ្ជួន កូនចៅទៅវត្តបួសរៀនថែរក្សាទំនៀមទម្លាប់ប្រពៃណី តាំងពីដើមរៀងមក ។

ដើមខែឧសភាកន្លងមកនេះ មានការរំលោភសិទ្ធិមនុស្សជាទម្ងន់ដែលមិនអាចទទួលយកបាន ដោយអាជ្ញាធរវៀតណាម មានកម្លាំងសមត្ថកិច្ច កម្លាំងនគរបាលជាង ១០០ នាក់ ប្រដាប់ដោយកាំភ្លើង ខែល ដំបងឆក់ និងគ្រាប់បែកផែ្សងជាដើម ចុះទៅប្លន់យកដីស្រែចម្ការ ដែលជាដីកេរដូនតា ដែលពួកគាត់ បានកាន់កាប់ចាប់តាំងពីឆ្នាំ ១៩៧៣ រហូតមកដល់បច្ចុប្បន្ននេះ ។ អាជ្ញាធរយួនបង្រ្កាបយ៉ាងឃោរឃៅ ទៅលើប្រជាជនខែ្មរក្រោមស្លូតត្រង់ចំនួន ៥០ នាក់ ធ្វើឲ្យរងរបួសឆ្ងន់ និងស្រាលចំនួន ១០ នាក់ នៅភូមិ ប៉ប្រក ស្រុកព្រៃមេង ខេត្តក្រមួនស ដោយឥតក្តីមេត្តា ។
នៅថៃ្ងទី ៨ ខែមិថុនា ឆ្នាំ ២០២០ កម្លាំងនគរបាលយួនបានចុះទៅចាប់ជម្រិតក្រុមគ្រួសារមួយ មានស្រ្តីទើបតែសម្រាលកូនបានមួយខែ ទាំងកណ្តាលយប់អាធ្រាតយកទៅឃុំ រួចហើយលែងមកវិញ ទុក តែបុរសម្នាក់ ដែលធ្លាប់បានដឹកនាំធ្វើបាតុកម្ម ធ្វើឲ្យអ្នកភូមិក្តៅក្រហាយ កើតទុក្ខមិនសុខចិត្ត លើកគ្នា ទៅតវ៉ាដល់សាលាស្រុកតែម្តង ។ ករណីរំលោភសិទ្ធិមនុស្សទាំងអស់នេះ សហព័ន្ធខែ្មរកម្ពុជាក្រោម បាន ប្រមូលឯកសារភស្តុតាងផ្សេងៗ ជម្រាបជូនអន្តរជាតិរួចហើយ និងរឿងរ៉ាវរបស់ខែ្មរក្រោមពេលនេះ មាន ការចាប់អារម្មណ៍ពីសហគមន៍អន្តរជាតិ ។
អង្គការឃ្លាំមើលសិទិ្ធមនុស្សអន្តរជាតិ Human Rights Watch ជាអង្គការអន្តរជាតិដ៏ល្បីល្បាញកំពុងចាំឃ្លាំមើលការរំលោភសិទិ្ធមនុស្សគ្រប់ប្រទេសក្នុងតំបន់អាស៊ីទាំងមូល ហើយអង្គការនេះតែងតែធ្វើរបាយការណ៍ការរំលោភសិទិ្ធមនុស្ស ដាក់ជូនអង្គការសហប្រជាជាតិជារៀងរាល់ឆ្នាំ នៅពេលដែលស្ថាន ភាពសិទិ្ធមនុស្សខែ្មរក្រោម នៅខេត្តក្រមួនស ដែនដីកម្ពុជាក្រោម ត្រូវទទួលរងការរំលោភបំពានយ៉ាង ធ្ងន់ធ្ងរពីអាជ្ញាធររដ្ឋាភិបាលវៀតណាម ។
នៅថៃ្ងទី ២៦ ខែឧសភា ឆ្នាំ ២០២០ កន្លងមកនេះ លោក Phill Robertson ជានាយករងនៃអង្គការឃ្លាំមើលសិទិ្ធមនុស្សអន្តរជាតិ Human Rights Watch បានផ្តល់បទសម្ភាសន៍ ដល់ វិទ្យុអាស៊ីសេរីជំវិញការធ្វើទុក្ខបុកមេ្នញពលរដ្ឋខែ្មរក្រោម ពីសំណាក់រដ្ឋាភិបាលវៀតណាម អំពីការធ្វើសំបុត្រកំណើតថា កាលពីមុន នៅដែនដីកម្ពុជាក្រោម លើអត្តសញ្ញាណប័ណ្ណ គេមានចំណុចសម្គាល់ថា ខ្មែរក្រោម ជាជន ជាតិខ្មែរ (Dan Toc: Khmer) តែបច្ចុប្បន្ននេះ គេបានលុបចោលនូវចំណុចនេះហើយ ។ មានន័យ ថា រដ្ឋាភិបាលយួនកំពុងតែព្យាយាមលុបបំបាត់ឈ្មោះខ្មែរ នៅដែនដីកម្ពុជាក្រោម បន្តិចម្ដងៗ ។ លោក Phill Robertson បានមានប្រសាសន៍ថា វៀតណាមរើសអើងប្រជាពលរដ្ឋខែ្មរក្រោម ដោយឥតលាក់ លៀម ។ ការរើសអើងនេះ រួមមាន ការជ្រៀតជ្រែកចូលកិច្ចការងាររបស់ព្រះពុទ្ធសាសនា និងវត្តអារាម របស់ខែ្មរក្រោម ការដាក់ខែ្មរក្រោមជាជនជាតិភាគតិចជំនួសឲ្យជនជាតិដើម ឲ្យខ្មែរក្រោមប្រើប្រាស់អក្សរ និងភាសាយួន បង្ខំឲ្យខែ្មរក្រោមទទួលយកមនោគមន៍របស់ខ្លួន អ្នកប្រើបណ្តាញសង្គម Facebook និងបញ្ចេញទស្សនៈ ត្រូវអាជ្ញាធរយួនបៀតបៀន និងសំលុតបំភ័យ ជាដើម ។
អំពីការប្រើប្រាស់ Internet និងបណ្តាញសង្គម Facebook ដែលកំពុងតែពេញនិយម នៅដែនដីកម្ពុជាក្រោម លោក Phill Robertson បានមានប្រសាសន៍ថា មនុស្សមិនត្រូវបានគេចាប់ដាក់ពន្ធនាគារ ដោយសារតែការសរសេរអ្វីមួយលើបណ្តាញ Internet នោះទេ លុះត្រាតែការសរសេរនោះបានញុះញង់ឲ្យមានអំពើហិង្សា ។
កាលពីខែកុម្ភៈ និងខែមេសា វៀតណាមបានដាក់គំនាបយ៉ាងសម្បើបទៅលើក្រុមហ៊ុន Facebook នៅវៀតណាម ដើម្បីឲ្យក្រុមហ៊ុនមួយនេះ លុបចោលនូវមតិដែលរិះគន់រដ្ឋាភិបាល ។ លោក Phill Robertson បានបញ្ជាក់ថា លោកមិនយល់ស្របនូវអំពើមួយចំនួន ដែលវៀតណាមចាត់ទុកថា ខុស ច្បាប់នោះទេ ទង្វើនេះបង្ហាញឲ្យឃើញថា ការអនុវត្តរបស់វៀតណាម វាផ្ទុយទៅនឹងនិយមន័យអន្តរជាតិ ស្តីពីសិទិ្ធមនុស្ស និងកតិកាសញ្ញាស្តីពីសិទិ្ធស៊ីវិលនិងនយោបាយដែល វៀតណាមបានចុះហត្ថលេខា ទទួលយកទៅអនុវត្ត ។ វៀតណាមកំពុងតែរឹតត្បិតការបញេ្ចញមតិ ដែលក្នុងទស្សនរបស់លោក គិតថា វាមិនត្រឹមត្រូវ ហើយវៀតណាមមិនត្រូវផ្តន្ទាទោសរាល់ការបញេ្ចញមតិនោះទេ ទង្វើរបស់វៀតណាមនេះ ដោយសារតែវៀតណាមជារដ្ឋាភិបាលឯកបក្ស ហើយវៀតណាមព្យាយាមខ្លាំងណាស់ដើម្បីគ្រប់គ្រងទៅ លើអ្វីដែលពលរដ្ឋមើលឃើញ និងអានបាន ហើយទង្វើអស់ទាំងនេះវៀតណាមក៏កំពុងតែធ្វើទៅលើខែ្មរ ក្រោម ដែរ ។ វៀតណាមកំពុងព្យាយាមលាងខួរយុវជនខែ្មរក្រោម ហើយបង្ខំឲ្យពួកគេប្រែក្លាយទៅជាជន ជាតិយួន ហើយកុំឲ្យចុះចូលនឹងសហគមន៍ខែ្មរក្រោមរបស់ពួកគេនោះ ។
អំពីការរឹបអូសយកដីធ្លីរបស់ខែ្មរក្រោម នៅខេត្តក្រមួនស លោក Phill Robertson បានមានប្រសាសន៍ថា នៅវៀតណាម រដ្ឋាភិបាលគ្រប់គ្រង និងកាន់កាប់ដីធ្លីទាំងអស់ កត្តានេះហើយបានបណ្តាល ឲ្យកើតមានករណីជម្លោះដីធ្លីនៅទូទាំងប្រទេស នៅវៀតណាមមានករណីជម្លោះដីធ្លីច្រើនណាស់ មិនមែន កើតឡើងតែចំពោះពលរដ្ឋខែ្មរក្រោមនោះទេ រដ្ឋាភិបាលវៀតណាមបានបង្ខំពលរដ្ឋឲ្យចាកចេញពីដីធ្លីរបស់ ពួកគេហើយបង្ករអំពើហិង្សាទៀតផង រដ្ឋាភិបាលវៀតណាមបានកាន់កាប់ដីធ្លី ហើយតែងតែប្រើប្រាស់ កម្មសិទិ្ធនេះ ដើម្បីដាក់ការត្រួតត្រាទៅលើដីធ្លីរបស់សហគមន៍ ។ ជាក់ស្តែងដូចពលរដ្ឋខែ្មរក្រោមដែលបាន កាន់កាប់ដីចាប់តាំងពីឆ្នាំ ១៩៧៣ ជាដើម ដែលត្រូវវៀតណាមបង្ខំបណេ្តញចេញដោយសំអាងលើហេតុ ផលមួយចំនួន ។ ការបង្ខំបណេ្តញចេញនេះបណ្តាលឲ្យកើតមានអំពើហិង្សាគេចមិនផុតនោះទេ ដោយ សារតែពលរដ្ឋរស់នៅអាស្រ័យផលលើដីស្រែចំការនោះ ដីស្រែចំការមានសារៈសំខាន់សំរាប់ជីវិតរស់នៅ របស់ពួកគេ ។ ករណីអំពើហិង្សាដែលបានកើតឡើងនៅខេត្តក្រមួនសនេះបណ្តាលឲ្យខែ្មរក្រោម ១០ នាក់ រងរបួសបង្ករឡើងដោយកងសន្តិសុខវៀតណាម ករណីនេះជាឧទាហរណ៍ បានប្រើប្រាស់អំណាចរំលោភ សិទិ្ធរបស់ខែ្មរក្រោម និងសហគមន៏របស់ពួកគេ ។
អំពីអង្គការសមាគមខែ្មរក្រោមនៅប្រទេសកម្ពុជា បានស្នើសុំឲ្យរដ្ឋាភិបាលកម្ពុជាធ្វើអន្តរាគមន៍ជួយខែ្មរកម្ពុជាក្រោម លោក Phill Robertson បានមានប្រសាសន៍ថា ចំពោះករណីរដ្ឋាភិបាលខែ្មរនិងប្រជាពលរដ្ឋខែ្មរក្រោម រដ្ឋាភិបាលកម្ពុជាមិនសូវមើលថែទាំខែ្មរក្រោមឲ្យបានល្អដិតដល់នោះទេ ដោយ លោកសងេ្កតឃើញថា រាល់ពេលដែលខែ្មរក្រោមធ្វើដំណើរមកកាន់កម្ពុជាអាជ្ញាធរខែ្មរប្រាប់គេថា ពួកគេ មិន អាចមិនអាចទទួលបានសញ្ជាតិខែ្មរនោះទេ ពីព្រោះពួកគេកើតនៅវៀតណាម ឬក៏ឈ្មាះខែ្មរ ក្រោម មិនដូចឈ្មោះខែ្មរទេ រដ្ឋាភិបាលខែ្មរម្តងថាខែ្មរក្រោមជាប្រជាជនខែ្មរ ប៉ុនែ្តរដ្ឋាភិបាលមិនបានត្រួតពិនិត្យ អាជ្ញាធរថ្នាក់ក្រោម និងបង្កើតច្បាប់ ឬ នីតិវិធីដើម្បីធានាខែ្មរក្រោមឲ្យទទួលបានសញ្ជាតិខែ្មរនោះទេ ។ លោក គិតថា រដ្ឋាភិបាលកម្ពុជាគួរដោះស្រាយគោលនយោបាយខ្លួន ដែលមិនបានបម្រើខែ្មរក្រោម ឲ្យបាន ល្អជាមុនសិន ទើបអាចទៅអន្តរាគមន៍ករណីរំលោភបំពានខែ្មរក្រោមទៅរដ្ឋាភិបាលវៀតណាម ។ ខែ្មរ ក្រោម ចង់មកកម្ពុជាណាស់ ដើម្បីទទួលបានសញ្ជាតិខែ្មរ ក៏ប៉ុនែ្តខែ្មរក្រោមមិនទទួលបានការយកចិត្ត ទុកដាក់ឲ្យ សមរម្យម្តងហើយម្តងទៀត ដោយប្រទេសកម្ពុជាមានការរើសអើងនឹងខែ្មរក្រោម ដោយសារគេ ចាត់ទុកថា ពលរដ្ឋខែ្មរក្រោមមកពីវៀតណាម ។
ចំពោះការតស៊ូរបស់ សហព័ន្ធខែ្មរកម្ពុជាក្រោម លើឆាកអន្តរជាតិ លោក ម៉ៅ មុនី អនុប្រធានសហព័ន្ធខែ្មរកម្ពុជាក្រោម បានមានប្រសាសន៍ថា សហព័ន្ធខ្មែរកម្ពុជាក្រោម បានចេញសេចក្ដីថ្លែង ការណ៍បន្ទាប់មួយជម្រុញឲ្យអាជ្ញាធរវៀតណាម ត្រូវតែគោរពសិទ្ធិខ្មែរក្រោមជាម្ចាស់ដីស្រែចម្ការ និង សង ដីស្រែអ្នកភូមិប៉ប្រក វិញដោយឥតលក្ខខណ្ឌ ។ សហព័ន្ធខ្មែរកម្ពុជាក្រោម ; បានផ្ញើសេចក្ដីថ្លែងការណ៍ នេះ ទៅក្រសួងការបរទេសសហរដ្ឋអាមេរិក និងអូស្ត្រាលី ; ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វិស និងថៃ និងអង្គការប្រជាជាតិ និង ប្រជាជនគ្មានតំណាង (UNPO) និង អង្គការឃ្លាំងមើលសិទ្ធិមនុស្ស Human Rights Watch ដើម្បីដាក់គំនាបទៅរដ្ឋាភិបាល វៀត ណាម។
លោក ប្រាក់ សេរីវុឌ្ឍ ប្រធានប្រតិបត្តិសហព័ន្ធខែ្មរកម្ពុជាក្រោម ធ្លាប់បានមានប្រសាសន៍ថា លោកអាចជួយដឹកសេះទៅដល់មាត់ទឹកបាន ប៉ុនែ្តយើងមិនអាចបង្ខំ សេះនោះឲ្យផឹកទឹកបានឡើយ មានន័យថា សហព័ន្ធខ្មែរកម្ពុជាក្រោម ជាអ្នកត្រួសត្រាយផ្លូវ ជាអ្នកតស៊ូលើឆាកអន្តរជាតិ ក៏ប៉ុនែ្តការ ក្រោកឡើងទាមទារ សិទិ្ធសម្ររេចវាសនាខ្លួនដោយខ្លួនឯង ជាតួនាទីរបស់បងប្អូនខែ្មរក្រោមទាំងអស់ នៅក្នុងស្រុក ៕