ស្ថានភាពជនភៀសខ្លួនខ្មែរក្រោម កាន់តែជួបលំបាក ខណៈជំងឺកូវីតនៅប្រទេសថៃ កាន់តែរីករាលដាល

0 298

ដោយ លី ឈូន

ស្ថានភាព​ជនភៀសខ្លួន​ខ្មែរក្រោម​ ​ជាង​ ​២​០​០​ ​នាក់​ក្នុង​ប្រទេស​ថៃ​ ​និង​ស្ថានភាព​ជនភៀសខ្លួន​ ​ចម្រុះ​ជាតិសាសន៍​រាប់​ម៉ឺន​នាក់​ ​ដទៃទៀត​នៅ​ក្នុង​ប្រទេស​ថៃ​ដែរ​ ​កំពុងតែ​ប្រឈម​ ​នឹង​ទុក្ខ​លំបាក​ជា​ខ្លាំង​ ​។​ ​ខណៈ​ពួកគេ​មិន​មាន​សិទ្ធិ​ធ្វើការ​ ​មិន​មាន​សិទ្ធិ​ដើរហើរ​ ​ជីវិត​របស់​ពួកគេ​ភាគច្រើន​លើសលប់​រស់​បាន​ ​ដោយ​អាស្រ័យ​អំណោយ​អង្គការមនុស្សធម៌​ ​និង​សប្បុរស​ជន​ ​។​ ​អំណោយ​អង្គការមនុស្សធម៌​ ​ឬ​សប្បុរស​ជន​មិន​អាច​ធ្វើឲ្យ​ក្រពះ​ជនភៀសខ្លួន​ទាំងនោះ​ ​នៅ​ស្ងប់​បាន​ឡើយ​ ​។​ ​ពួកគេ​ ​តែង​លួចលាក់​ទៅ​ធ្វើជា​កម្មករ​ក្នុង​តម្លៃថោក​ ​ឲ្យ​ពលរដ្ឋ​ថៃ​ ​ដើម្បី​ច​ម្អែ​ត​ក្រពះ​ ​។​ ​តែ​រយៈពេល​ជាង​មួយ​ឆ្នាំ​មកនេះ​ ​ជីវិត​របស់​ពួកគេ​កាន់តែ​លំបាក​ទៅ​ៗ​ ​ព្រោះតែ​ជម្ងឺ​កូវិ​ដ​-​១​៩​ ​កាន់តែ​រាតត្បាត​ខ្លាំង​ឡើង​ ​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ​។​ ​ឈ្មួញ​ថៃ​ខ្លះ​បិទ​តូប​ ​បិទ​ផ្សារ​ ​បិទ​អាជីវកម្ម​ ​ឯ​ជនភៀសខ្លួន​ ​ក៏​មិន​អាច​ចេញពី​ផ្ទះ​ ​ដើម្បី​ស្វែងរក​ការងារ​ធ្វើ​បាន​ឡើយ​ ​ដោយ​អាស្រ័យ​ប័ណ្ណ​សម្គាល់​ខ្លួន​ ​ចេញ​ដោយ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជន​ភៀស​​ខ្លួន​ ​ដែល​ហៅ​កាត់​ថា​ UN​H​CR ​របស់​ពួកគាត់​ត្រូវ​អស់​សុពលភាព​ ​ហើយ​មិន​អាចប​ន្ត​ឲ្យបាន​ទាន់ពេល​វេលា​ ​។​ ​ចំណែក​អង្គការមនុស្សធម៌​មួយ​ចំនួន​ ​ក៏បាន​បិត​ទ្វារ​ ​ព្រោះតែ​អស់​ស្បៀង​ ​។​ ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​ ​តែងតែ​បង្ហោះ​សារ​ ​សុំ​កុំឲ្យ​ជនភៀសខ្លួន​ ​ចាកចេញ​ពី​ផ្ទះ​ ​ខ​ណ​:​ដែល​ជនភៀសខ្លួន​ទាំងនោះ​ ​ទទូច​សុំ​ឲ្យ​ UN​H​CR ​ជួយ​ចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូ​វី​ដ​-​១​៩​ ​ដល់​ពួកគាត់ ​។

ស្ត្រី​ជនភៀសខ្លួន​ខ្មែរក្រោម​ ​នៅ​ប្រទេស​ថៃ​ ​រៀបចំ​ពិធី​អប​អរសាទរ​ទិវា​នារី​អន្តរជាតិ​ ​៨​ ​មីនា​ ​លើក​ទី​ ​១​១​០​
ស្ត្រី​ជនភៀសខ្លួន​ខ្មែរក្រោម​ ​នៅ​ប្រទេស​ថៃ​ ​រៀបចំ​ពិធី​អប​អរសាទរ​ទិវា​នារី​អន្តរជាតិ​ ​៨​ ​មីនា​ ​លើក​ទី​ ​១​១​០​

ស្ត្រី​ជន​ភៀស​ខ្លួន​ខ្មែរ​ក្រោម ​វ័យ​ជាង​ ៣០​ ឆ្នាំ​ម្នាក់​កំពុង​អង្គុយ​រួម​គ្នា ​ជា​មួយ ​និង​ជន​ភៀស​ខ្លួន​ខ្មែរ​ក្រោម ​ជា​ច្រើន​នាក់​ទៀត​ នៅ​ទី​ស្នាក់​ការ​មួយ​របស់​អង្គការ​មនុស្សធម៌​ នាទី​ក្រុង​បាង​កក ​ស្ត្រី​នោះ ​គឺ​អ្នក​នាង ​ត្រឹង ធី​ ប៊ិកង៉ុក ។ អ្នកនាង ​ង៉ុក ​មាន​ស្រុក​កំណើត​ នៅ​ស្រុក​ជ្រោយ​ញរ ​ខេត្ត​ឃ្លាំង​ វៀតណាម​ដាក់​ឈ្មោះ​ថ្មី​ ថា​ ខេត្ត​សុក​ត្រាំង (Soc Trang) ដែន​ដី​កម្ពុជា​ក្រោម​ ​អ្នក​នាង​បាន​ភៀស​ខ្លួន​ទៅ​សុំ​សិទ្ធិ​ជ្រក​កោន​ជា​មួយ​នឹង​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ ដែល​ហៅ​កាត់​ថា យូអិនអ៊េចស៊ីអ័រ (UNHCR) នៅ​ទី​ក្រុង​បាងកក​មាន​រយៈ​ពេល​ជាង ​៥ ឆ្នាំ​មក​ហើយ​ ។

អ្នក​នាង​ ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ និង​សារព័ត៌មាន​​ព្រៃនគរ​ទាំង​ទឹក​មុខ​ញញឹម​ក្រៀម​ថា ​ពេល​ដែល​ជំងឺ​កូវីដ-​១៩ មិន​ទាន់​រាតត្បាត​អ្នក​នាង​ រស់​ដោយ​សារ​ជំនួយ​របស់​អង្គការ​មនុស្សធម៌​ និង​ការ​លួច​លាក់​ទៅ​ធ្វើ​ស៊ីឈ្នួល ធ្វើសក់ (សំអាង​សក់​) ឲ្យ​ជន​ជាតិ​ថៃ​ តែ​ពេល​នេះ​ អ្នកនាង​បាត់​បង់​ការ​ងារ​ប្រចាំ​ថ្ងៃ​ទៅ​ហើយ​ អ្នក​នាង​ចង់​ឲ្ យ​UNHCR ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវិដ​ដល់​អ្នក​នាង​ផង​៖ «ចៅ​មិន​បាន​ធ្វើ​ការ​ ៥-៦ ខែ​ហើយ​ បើ​ថ្ងៃ​ណា​អត់​មាន​ភ្ញៀវ​ទេ​គឺ​ទៅ​កន្លែង​ធ្វើ​ការ​អង្គុយ​ហ្វ្រី​បណ្ដោយ​ ។ វា​សំខាន់​ទាំង​អស់​ហ្នឹង​មួយ​ណា​ក៏​សំខាន់​ដែរ រឿង​ចាក់​វ៉ាក់សាំង​ហ្នឹង​អាច​ពន្យារ​ដល់​ពេល​ក្រោយ​បាន​ អា​រឿង​លុយ​នេះ អត់​លុយ​សង​ថ្លៃ​ផ្ទះ​គេ​នេះ​ រឿង​អត់​លុយ​ទិញ​អង្ករ​ញ៉ាំ ​នេះ​បាន​សំខាន់​បំផុត​»

អ្នក​នាង​ង៉ុក ប្រាប់​បន្ថែម​ថា​ សព្វ​ថ្ងៃ​នេះ អ្នក​នាង​​ចង់​ចេញ​ទៅ​ក្រៅ​រក​ការ​ងារ​ធ្វើ​ ក៏​មិន​ហ៊ាន​ទៅ​ដែរ​ ព្រោះ​ទី​កន្លែង​ដែល​អ្នក​នាង​ស្នាក់​អាស្រ័យ​ជំងឺ​កូវីដ​-១៩ កំពុង​រាតត្បាត​​ខ្លាំង​ ៖ «នៅ​ផ្សារ​ស៊ី​ម៉ុម​មឿង​ គេ​បិទ​មួយ​កន្លែង​បី​ថ្ងៃ​ មួយ​កន្លែង​បី​ថ្ងៃ​ បិទ​លាង​ផ្សារ​ ហើយ​នៅ​ក្នុង​ផ្សារ​យើង​ហ្នឹង​ឮ​សូរ​គេ​និយាយ​ថា​ឆ្លង​ជាង ​៦០០ នាក់​តែ​គេ​បិទ​ព័ត៌មាន​ គេ​អត់​បើក​ព័ត៌មាន​ទេ​ សូម្បី​តែ​អ្នក​ដែល​មេ​ៗ លក់​បន្លែ​និង​លក់​ផ្កា​ឥឡូវ​បិទ​ហាង (តូប) អស់​ហើយ​គ្មាន​នរណា​ហ៊ាន​ទៅ​លក់​ដូរ​អី​ទៀត​ទេ​ នៅ​ក្នុង​បន្ទប់​ទាំង​អស់​ ហើយ​ចំពោះ​យើង​អ្នក​ធ្វើ​ការ​មួយ​ថ្ងៃ ហូប​មួយ​ថ្ងៃ​អីចឹង​ធ្វើ​ម៉េច​ទៅ​ វេទនា​ហើយ»

មិន​ខុស​គ្នា​នឹង​អ្នក​នាង​ ង៉ុក ​ប៉ុន្មាន​ទេ​ បុរស​ជន​ភៀស​ខ្លួន​ខ្មែរ​ក្រោម​វ័យ ៦៥ ​ឆ្នាំ​ម្នាក់​ទៀត​ គឺ​លោក ​គឹម គិន ​លោក​ជា​អតីត​អ្នក​តស៊ូ ​ថ្ងៃ ១៦ ​ វិច្ឆិ​កា​ (ឆ្នាំ ១៩៧៦) ប្រឆាំង​នឹង​ការ​រើសអើង បំបិទ​សិទ្ធិ​សេរី​ភាព​របស់​របប​កុម្មុយ​និស្ត​វៀតណាម​ នៅ​​ខេត្ត​ព្រះ​ត្រពាំង ​។ លោក​បាន​ភៀស​ខ្លួន​ទៅ​ដល់​ប្រទេស​ថៃ​ជាង​ពីរ​ឆ្នាំ​មក​ហើយ​ លោក​ថា​ដោយ​សារ​តែ​ជំងឺ​កូវីដ​-១៩​ បន្លាយ​ពេល​វេលា​វែង​យ៉ាង​នេះ​ អង្គការ​មនុស្សធម៌​នានា ​ដែល​ធ្លាប់​ផ្ដល់​ស្បៀង​អាហារ​ដល់​ជន​ភៀស​ខ្លួន​ក៏​ស្បើយ​ទៅ​ដែរ ចំពោះ​ក្ដី​សង្ឃឹម​ក្នុង​ការ​រក​ការ​ងារ​ធ្វើ​ ក៏​គ្មាន​នរណា​គេ​ជួល​លោក​ទេ​ ព្រោះ​លោក​ចាស់​ហើយ​ មាន​តែ​ការ​ងារ​បេះ​សណ្ដង់​ម្ទេស​បន្តិច​​បន្តួច​សម្រាប់​បាយ​ម្ហូប​ព្រឹក​ល្ងាច​តែ​ប៉ុណ្ណោះ​៖ «សព្វ​ថ្ងៃ​បើ​យើង​គិត​ទៅ​វា​ពិបាក​ដែរ​អា​កូវិដ​ ហ្នឹង​ យើង​មាន​ទៅ​ណា​រួច​នៅ​តែ​ក្នុង​ផ្ទះ​ហ្នឹង​ ហើយ​អង្ករ​ដែល​យើង​ធ្លាប់​បើក​បាន​ជា​មួយ​អង្គ​ការ​ និង​សប្បុរស​ជន​គេ​ជួយ​ហ្នឹង​ឧបត្ថម្ភ​បន្តិច​បន្តួច​ហ្នឹង​ចេះតែ​ហូប​ផ្សំ​ ៗ ទៅ​ ក្រៅ​ពី​នេះ​ ការ​ងារ​នៅ​​ក្នុង​ហង់​ (បន្ទប់) ហ្នឹង ពេល​មាន​គេ​ឲ្យ​ម្ទេស ប្រឡេះ​សណ្ដង់​ហ្នឹង​ក៏​បេះ​បាន​បន្តិច​បន្តួច​ទៅ​គ្រាន់​សន្សំ​ទិញ​ម្ហូប​ទឹក​ព្រឹក​ល្ងាច​»

ការ​លើក​ឡើង​មក​នេះ​ ស្រប​ពេល​ដែល​ជំងឺ​កូវីដ​-១៩ នៅ​ប្រទេស​ថៃ កាន់​តែ​រាតត្បាត​ខ្លាំង​ឡើង​ មិន​ទាន់​ទប់​ស្កាត់​បាន​នៅ​ឡើយ​ ។

ឆ្លើយតប​នឹង​ការ​លើក​ឡើង​ទាំង​នេះ​ ប្រធាន​ក្រុម​ជន​ភៀសខ្លួន​ខ្មែរ​ក្រោម​អាណត្តិ​ទី​ ៦ អ្នក​ស្រី ​ឡឹម ធី​ថៃ​ ប្រាប់​ថា ​​អ្នក​ស្រី​តែង​តែ​រាយការណ៍​ទៅ​ការិយាល័យ​ UNHCR​ នៅ​ទីក្រុងបាងកក ​ជានិច្ច​នូវ​កង្វល់​របស់​ជន​ភៀស​ខ្លួន​ខ្មែរ​ក្រោម​ អំពី​ស្ថាន​ភាព​ជីវិត​ប្រចាំ​ថ្ងៃ​ និង​អំពី​ស្ថាន​ភាព​ជំងឺ​កូវីដ-​១៩ អ្នក​ស្រី​ប្រធាន​ក្រុម​ជន​ភៀស​ខ្លួន​ខ្មែរ​ក្រោម​​ បន្ថែម​ទៀត​ថា​ ជន​ភៀស​ខ្លួន​ខ្មែរ​ក្រោម​​សុំ​ឲ្យ UNHCR ជួយ​ចាក់​វ៉ាក់សាំង​​​ការ​ពារ​ជំងឺ ​Covid-19 ដល់​ពួក​គាត់​ តែ UNHCR មិន​ទាន់​បាន​ឆ្លើយ​តប​​នៅ​ឡើយ​ ៖ «ខ្ញុំ​ទើប​តែ​រាយការណ៍​ទៅ​ពី​ម្សិល​មិញ​ហ្នឹង​ តែ​គេ​មាន​បាន​ជួយ​អី​ឯណា​ គេ​គ្មាន​បាន​ជួយ​អី​ផង​ហើយ​ចេះ​តែ​ស៊ូ​ទ្រាំ​ទៅ​ ហើយ​ដែល​​គេ​ជួយ​ហ្នឹង​គឺ​យូ​អិន (UNHCR) ប្រាប់​ឲ្យ​យើង​ថែ​រក្សា​អនាម័យ​ ដោយ​ការ​លាង​ដៃ​ បិទ​ម៉ាស​ ៗ ចឹង​គ្រាន់​តែ​ប្រាប់​អីចឹង​ ហើយ​បើ​មាន​បញ្ហា​អី​ឲ្យ​ថូ (ហៅទូរស័ព្ទ) ទៅ​ប្រាប់​គេ​ភ្លាម​ ដូច​ជា​នៅ​ក្នុង​ខ្លួន​ហ្នឹង​មាន​អាការៈ​ថា​មិន​ធំ​ក្លិន​អី​ ឬ​ក៏​ហូប​បាយ​ទឹក​អី​មិន​ឆ្ងាញ់​ហ្នឹង​ណា»

សព្វ​ថ្ងៃ​មាន​ជន​ភៀស​ខ្លួន​ខ្មែរ​ក្រោម​ ដែល​កំពុង​សុំ​សិទ្ធិ​ជ្រក​កោន​ជា​មួយ​នឹង ​UNHCR នៅ​ប្រទេស​ថៃ​មាន​ប្រមាណ​ជាង​ ៦០​ គ្រួសារ មាន​មនុស្ស​ជាង​ ២០០ នាក់ តែ​រហូត​មក​ដល់​ពេល​នេះ ​មិន​មាន​ជន​ភៀស​ខ្លួន​ខ្មែរ​ក្រោម​ណា​ម្នាក់​ឆ្លង​ជំងឺ​ Covid-19 នោះ​ទេ ​។

ទាក់​ទង​នឹង​ស្ថាន​ភាព​ជន​ភៀស​ខ្លួន​ខ្មែរ​ក្រោម​ នៅ​ទី​ក្រុង​បាងកក​នេះ​ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​ដែល​មាន​មូលដ្ឋាន​ នៅ​សហរដ្ឋ​អាមេរិក​ ក្រៅ​ពី​ការ​គាំពារ​ជន​ភៀស​ខ្លួន​ខ្មែរ​ក្រោម ​ចំពោះ​ផ្នែក​ច្បាប់​ ដូច​ជា​ការ​ធ្វើ​របាយការណ៍​អំពី​ស្ថាន​ភាព​ភៀស​​ខ្លួន​របស់​ខ្មែរ​ក្រោម​ទៅ​កាន់​ UNHCR​ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ជា​រឿយ ៗ តែង​បាន​ផ្ដល់​ស្បៀង​អាហារ​ដល់​ជន​ភៀស​ខ្លួន​ខ្មែរ​ក្រោម​ផង​ដែរ​ ។ តែ​សម្រាប់​ពេល​នេះ​ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ កំពុង​តែ​មមាញឹក​ស្វែង​រក​ស្បៀង​អាហារ​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម​ នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ដែល​កំពុង​ទទួល​រង​ការ​រាតត្បាត​ពី​ជំងឺ​កូវិដ ១៩ ៕

Leave A Reply

Your email address will not be published.