លេខាធិការដ្ឋាន អង្គការ សមាគមខ្មែរកម្ពុជាក្រោម អំពាវនាវសុំជំនួយជួយដល់ជនរងគ្រោះ កូវីដ-១៩
ដោយ គឹម សាវតា
ខណៈដែលកម្ពុជា កំពុងតែឆ្លងរាលដាលជាសហគមន៍នៃជំងឺកូវីដ-១៩ ពលរដ្ឋខ្មែរក្រោម ជាច្រើនដែលរស់នៅកម្ពុជា ក៏រងផលប៉ះពាល់ផងដែរ ។ ករណីនេះ លេខាធិការដ្ឋាន នៃអង្គការ សមាគមខ្មែរកម្ពុជាក្រោម អំពាវនាវឲ្យសប្បុរសជនផ្ដល់ជាថវិកា សម្ភារៈ ដើម្បីជួយដល់ពលរដ្ឋខ្មែរក្រោម ដែលរងផលប៉ះពាល់ ជាពិសេស នៅពេលដែលរាជរដ្ឋាភិបាលកម្ពុជា ចេញវិធានការបិទខ្ទប់តំបន់មួយចំនួន ដែលធ្វើឲ្យប៉ះពាល់ដល់ការប្រកបរបរចិញ្ចឹមជីវិតរបស់ពួកគាត់ ។

ក្នុងលិខិតអំពាវនាវមួយរបស់ លេខាធិការដ្ឋាន អង្គការ សមាគមខ្មែរកម្ពុជាក្រោម ចុះថ្ងៃទី ២២ ខែ មេសានេះ ឲ្យដឹងថា ការផ្ទុះសហគមន៍ជាថ្មីនៃជំងឺកូវីដ-១៩ ឬហៅថា «ព្រឹត្តិការណ៍ ២០ កុម្ភៈ» នៅកម្ពុជា ធ្វើឲ្យមានការព្រួយបារម្ភ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពពលរដ្ឋខ្មែរក្រោម ដែលរស់នៅកម្ពុជា ជាពិសេសការប៉ះពាល់ដល់មុខរបរប្រចាំថ្ងៃ ។ ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ០១ ខែមេសា បានចេញបំរាមគោចរ ចាប់ពីម៉ោង ៨ យប់ដល់ម៉ោង ៥ ភ្លឺ និងបានបិទខ្ទប់រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ខេត្តកណ្ដាលកាលពីថ្ងទី ១៥ ខែមេសាផងដែរ ។
ដើម្បីដោះស្រាយបញ្ហាជីវភាព ប្រជាពលរដ្ឋខ្មែរក្រោម ក្នុងអំឡុងពេលផ្ទុះជាថ្មីជំងឺកូវីត-១៩ នេះ មិត្តសមាគមខ្មែរកម្ពុជាក្រោម ដែលជាសមាជិក មួយរបស់លេខាធិការដ្ឋានអង្គការ សមាគមខ្មែរកម្ពុជាក្រោម គ្រោងនឹងចុះចែកសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ ម៉ាស់ អាល់កុលមួយចំនួន ដល់ពលរដ្ឋខ្មែរក្រោម នាពេលឆាប់ៗ នេះ ។ ករណីនេះ លេខាធិការដ្ឋានអង្គការ សមាគមខ្មែរកម្ពុជាក្រោម អំពាវនាវដល់សប្បុរជនទាំងក្នុង និងក្រៅប្រទេស សូមជួយបរិច្ចាគសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ ដោយក្តីអនុគ្រោះ ដោយអាចទាក់ទងសួរព័ត៌មានតាមរយៈលេខទូរសព្ទចំនួ ២ ខ្សែ គឺ ០៩៧ ៧៩ ៣៣ ២០១ និង ០៦៩ ២៣៣ ៧៦៨ ។
បន្ថែមពីលើនេះ ប្រធានលេខាធិការដ្ឋានអង្គការ សមាគមខ្មែរកម្ពុជាក្រោម គឺ លោក សម្បត្តិ ស៊ីណា បានប្រាប់ វិទ្យុសំឡេងកម្ពុជាក្រោម នៅថ្ងៃទី ២២ ខែមេសានេះ ថា ក្រោយពីប្រមូលបានថវិកា និងសម្ភារៈ សមល្មមហើយនោះ ក្រុមការងារនឹងរៀបចំថា តើនឹងត្រូវចែកនៅតំបន់ ឬសហគមន៍ណា ដែលប៉ះពាល់ខ្លាំង និងបន្តបន្ទាប់ តាមធនធានដែលមានដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ។
លោក សម្បត្តិ ស៊ីណា« ខ្មែរកម្ពុជាក្រោមយើង គាត់កំពុងរស់នៅគ្រប់មជ្ឈដ្ឋាន នៅកម្ពុជា មានតាំងពីខេត្តសៀមរាប កោះកុង មានតាំងពីក្រចេះ ភ្នំពេញ និងស្រែអំបិល ។ល។ ហើយយើងមើលឃើញជាក់ស្ដែងគីអ្នក នៅទីក្រុងភ្នំពេញ អ្នកនៅទីក្រុងភ្នំពេញ គឺយើងលើកយកមក គឺខណ្ឌឬស្សីកែវ នៅភូមិសាមគ្គី ដែលតំបន់នៅ គឺមានខ្មែរក្រោម នៅច្រើន ហើយរដ្ឋាភិបាលក៏បិទខ្ទប់នៅភូមិនោះ» ។
លោក លាង សាង ពលរដ្ឋខ្មែរក្រោមមួយរូប ដែលរស់ក្នុងភូមិសាមគ្គី ក្នុងសង្កាត់ឫស្សីកែវ ខណ្ខឫស្សីកែវ បានឲ្យសំឡេងខ្មែរកម្ពុជាក្រោម ដឹងនៅថ្ងៃទី ២២ ខែ មេសានេះថា ពលរដ្ឋខ្មែរក្រោម ដែលរស់នៅភូមិសាមគ្គីនេះ ភាគច្រើនជួលផ្ទះគេ ហើយតូ្រវចេញទៅប្រកបមុខរបរ ដើម្បីបានប្រាក់មកចិញ្ចឹមជីវិត និងបង់ថ្លៃផ្ទះជួល ប៉ុន្តែ ពេលនេះអាជ្ញាធរបានបិទខ្ទប់មិនឲ្យចេញទៅណាយ៉ាងដូច្នេះ គឺប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់ខ្លាំង ។
លោក លាង សាង «សម្រាប់ខ្ញុំនេះ គឺដូចជាអត់ទាន់មានទេ អត់ទាន់មានអ្នកណាឲ្យអីក្នុងភូមិខ្ញុំ បើភូមិផ្សេងអីខ្ញុំអត់ដីងទេ ឬមួយក៏អត់ទាន់ដល់ពេល ឬយ៉ាងម៉េចខ្ញុំមិនដឹងនោះទេ» ។
លោក តឹង សានទី ពលរដ្ឋខ្មែរក្រោម មួយរូបទៀត ដែលរស់នៅសង្កាត់ គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ឲ្យដឹងផងដែរថា អំឡុងពេលកម្ពុជាផ្ទុះឡើងជំងឺកូវីដជាថ្មីនេះ គឺបានធ្វើឲ្យប៉ះពាល់ដល់ជីវភាពគាត់ ក៏ដូចជាពលរដ្ឋខ្មែរក្រោមជាច្រើនទៀត ព្រោះថាស្ទើរគ្រប់កន្លែងត្រូវបានបិទ មិនអាចទៅប្រកបរបរចិញ្ចឹមជីវិតអីបាន ហើយប្រជាពលរដ្ឋខ្លះត្រូវទៅសុំអង្ករគេ ដើម្បីដាំបាយហូបទៀតផង ។
លោក តឹង សានទី «ខ្ញុំថាបើសិនអង្គការមានចិត្តសប្បុរស សូមជួយមួយគ្រួសារ អង្ករបួន ដប់គីឡូ អីចឹងដើម្បីជួយពួកគាត់ ដើម្បី រំដោះទាល់ពេលរកស៊ីអត់បានហ្នឹង» ។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលកម្ពុជា ឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី ២២ ខែ មេសានេះ អ្នកដែលឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៨១៩៣ នាក់ អ្នកជាសះស្បើយចំនួន ២៩២៤ នាក់ អ្នកកំពុងព្យាបាល ៥២០៤ នាក់ និងអ្នកស្លាប់ចំនួន ៥៩នាក់ ៕