លោក សឺន ហាយ ស្វែងរក​ជំនួយ​ ដើម្បី​បាន​បួស​ឡើង​វិញ​នៅ​ប្រទេស​ទី​ ៣

234

អតីត​សកម្មជន​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ព្រះនាម សឺន ហាយ ដែល​តែង​តែ​បង្ហាញ​វត្តមាន​ជា​ញឹកញាប់​នៅ​ពេល​មាន​បាតុកម្ម​នានា​ពី​សំណាក់​សកម្មជន​ដីធ្លី និង​បញ្ហា​ព្រំដែន​នា​គ្រា​កន្លង​មក ឥឡូវ​នេះ​បាន​លា​ចាក​សិក្ខាបទ និង​ទទួល​បាន​នូវ​សិទ្ធិ​ជ្រក​កោន​ស្រប​ច្បាប់​ផ្នែក​នយោបាយ​នៅ​ប្រទេស​ស៊ុយអែត (Sweden) ។

លោក សឺន ហាយ កាលនៅបួស ។
លោក សឺន ហាយ កាលនៅបួស ។

ក្រោយ​ពី​ទៅ​រស់នៅ​ប្រទេស​ទី​បី​មួយ​រយៈ អតីត​ព្រះសង្ឃ​កម្ពុជា​ក្រោម​ម្នាក់​នេះ ទទូច​ដល់​អង្គការ​សង្គម​ស៊ីវិល និង​សប្បុរសជន​នានា ដើម្បី​ជួយ​បាន​សាង​ផ្នួស​ឡើង​វិញ ពីព្រោះ​ដោយសារ​លោក​ខ្វះ​ទំនាក់ទំនង និង​ពុំ​ដឹង​ពី​របៀប​នៃ​ការ​ធ្វើ​លិខិត​ស្នាម​នៅ​ឯ​ប្រទេស​នោះ។

អតីត​សកម្មជន​ព្រះសង្ឃ​មក​ពី​ដែនដី​សណ្ដ​នៃ​ខេត្ត​ព្រះត្រពាំង រូប​នេះ ពុំ​សប្បាយ​រីករាយ​នឹង​ភាព​ជា​គ្រហស្ថ​ដោយ​មិន​បាន​គ្រង​ស្បង់​ចីវរ​ក្នុង​នាម​ជា​ព្រះសង្ឃ​ឡើយ ទោះ​បី​ជា​បាន​ទៅ​ដល់​ប្រទេស​មួយ​ដែល​ពោរពេញ​ដោយ​សេរីភាព និង​រួច​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​ក៏ដោយ​ចុះ ។

បន្ទាប់​ពី​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ដោយ​ការ​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី ​២៥ ខែ​កក្កដា ឆ្នាំ​២០១៥ អតីត​សង្ឃ​ដ៏​សកម្ម​ក្នុង​រឿង​បាតុកម្ម​ម្នាក់​នេះ ក៏​សម្រេច​ចិត្ត​លា​ចាក​សិក្ខាបទ​ពី​ជីវិត​ជា​អ្នក​បួស​មួយ​រយៈ ហើយ​សម្ងំ​រស់​ដោយ​ភាព​ភ័យ​ខ្លាច ទម្រាំ​មាន​កិច្ច​អន្តរាគមន៍​ពី​មន្ត្រី​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) ទទួល​ស្គាល់​ជា​ផ្លូវ​ការ ។

ទីបំផុត ភាព​ភ័យ​ខ្លាច និង​ការ​តាម​ធ្វើ​ទុក្ខបុកម្នេញ​នានា ត្រូវ​បាន​រសាយ​បាត់​អស់ ព្រោះ​ជា​ពេល​មួយ​ដែល​អតីត​សង្ឃ​អង្គ​នេះ​មាន​ឱកាស​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ប្រជាធិបតេយ្យ​មួយ​នៅ​អឺរ៉ុប កាល​ពី​ថ្ងៃ​ទី​ ១១ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ក្នុង​នាម​ជា​ជន​ភៀស​ខ្លួន​ផ្នែក​នយោបាយ ។

ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ដើម​សប្ដាហ៍​នេះ អតីត​ព្រះសង្ឃ សឺន ហាយ ឲ្យ​ដឹង​ថា ការ​ដែល​រូប​លោក​បង្ខំ​ចិត្ត​លា​ចាក​សិក្ខាបទ​បែប​នេះ គឺ​ធ្វើ​ឡើង​តាម​ការ​ចង់​បាន​របស់​មន្ត្រី​អង្គការ​សហប្រជាជាតិ ពីព្រោះ​ជីវិត​ជា​បព្វជិត​មាន​ការ​ពិបាក​ក្នុង​ការ​ស្វែងរក​សិទ្ធិ​ជ្រក​កោន ហើយ​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​សហការ​ជាមួយ​អាជ្ញាធរ​ថៃ ក្នុង​ការ​តាម​ចាប់​ខ្លួន​លោក​នៅ​តាម​វត្ត​នានា។ ដូច្នេះ ទើប​រូប​លោក​បង្ខំ​ចិត្ត​ដោះ​ស្បង់​ចីវរ​ដោយ​ក្តី​អាល័យ៖ «មូលហេតុ​ដែល​ជំរុញ​ឲ្យ​ខ្ញុំ​លា​ចាក​សិក្ខាបទ​នេះ គឺ​បណ្ដាល​មក​ពី​រដ្ឋាភិបាល ក៏ដូចជា​តុលាការ​នៅ​ស្រុក​ខ្មែរ​យើង ចេញ​ដីកា​តាម​ចាប់​ខ្លួន​ខ្ញុំ ហើយ​ខ្ញុំ​ក៏​បាន​ភៀស​ខ្លួន​មក​ស្រុក​ថៃ ដើម្បី​សុំ​សិទ្ធិ​ជ្រក​កោន​ផ្នែក​ខាង​នយោបាយ ហើយ​អង្គការ​សហប្រជាជាតិ ប្រចាំ​នៅ​ស្រុក​ថៃ បាន​ស្នើ​សុំ​ឲ្យ​ខ្ញុំ​សឹក​ជា​បណ្ដោះអាសន្ន»។

ទន្ទឹម​គ្នា​នេះ លោក សឺន ហាយ ទទូច​អំពាវនាវ​ដល់​សប្បុរសធម៌​នានា​ជួយ​ដល់​រូប​លោក ឲ្យ​បាន​បួស​ជា​ថ្មី​ឡើង​វិញ ដោយ​លោក​អះអាង​ថា នៅ​ទីនោះ​លោក​គ្មាន​ទំនាក់ទំនង និង​មិន​ស្គាល់​នរណា​ម្នាក់​ដើម្បី​ជួយ​សម្រួល​ក្នុង​ការ​សាង​ផ្នួស​វិញ​ឡើយ៖ «បាទ! ចំណុច​នេះ​ខ្ញុំ​សុំ​អំពាវនាវ​ដល់​សប្បុរសជន​ទូទាំង​ប្រទេស បំណង​ខ្ញុំ​កំពុង​តែ​ស្រាវជ្រាវ ហើយ​កំពុង​តែ​អំពាវនាវ​ជួយ​ធ្វើ​កិច្ច​ការងារ​ដើម្បី​ខ្ញុំ​បាន​បួស​វិញ ពីព្រោះ​ខ្ញុំ​មិន​ចង់​សឹក​ទេ​បាទ» ។

អតីត​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​អាយុ ៣៥​ ឆ្នាំ​ ម្នាក់​នេះ ត្រូវ​បាន​មជ្ឈដ្ឋាន​មហាជន​មួយ​ចំនួន​ផ្ដើម​ស្គាល់​លោក តាម​រយៈ​សកម្មភាព​កិច្ចការ​សង្គម​របស់​ខ្លួន បន្ទាប់​ពី​ភៀស​កាយ​ពី​ដែនដី​កម្ពុជា​ក្រោម កាល​ពី​ឆ្នាំ​២០០៦ ដោយ​ការ​តាម​ចាប់​ពី​សំណាក់​សមត្ថកិច្ច​វៀតណាម។ មុន​មក​ដល់​ប្រទេស​កម្ពុជា អតីត​សង្ឃ សឺន ហាយ ក៏​ធ្លាប់​ជាប់​ពន្ធនាគារ​រយៈពេល ៤៥​ថ្ងៃ​ម្តង​ដែរ​កាល​ពី​ចុង​ឆ្នាំ​២០០៤ ព្រោះ​មក​ពី​ការ​មិន​សប្បាយ​ចិត្ត​ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម ដោយសារ​អតីត​សង្ឃ​រូប​នេះ​តែង​តែ​ទេសនា​ពន្យល់​ដល់​អ្នក​ស្រុក អំពី​ការ​រស់នៅ​ក្នុង​ប្រទេស​មួយ​ដ៏​សមគួរ និង​ពន្យល់​ឲ្យ​ចេះ​ប្រើប្រាស់​នូវ​សិទ្ធិ​របស់​ខ្លួន​ក្នុង​នាម​ជា​ពលរដ្ ឋ។

អតីត​សកម្មជន​សង្ឃ​អង្គ​នេះ ត្រូវ​បាន​ចាប់​ផ្សឹក​នៅ​ថ្ងៃ​ទី​ ១១ ខែ​វិច្ឆិកា ឆ្នាំ ​២០១៤ នឹង​បញ្ជូន​ខ្លួន​ទៅ​ពន្ធនាគារ​ព្រៃ​ស​នៅ​ថ្ងៃ​បន្ទាប់ ពោល​គឺ​ក្រោយ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​ពី​បទ​បង្ក​ការ​រំខាន​កិច្ចការ​មន្ត្រី​សាធារណៈ​តាម​មាត្រា​៥០៤ នៃ​ក្រម​ព្រហ្មទណ្ឌ ដោយ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៥០០​ដុល្លារ​អាមេរិក។ បន្ថែម​ពី​នេះ អតីត​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម សឺន ហាយ ត្រូវ​ទទួល​រង​នូវ​ការ​ចោទ​ប្រកាន់​មួយ​ករណី​ផ្សេង​ទៀត​ពី​បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ ត្រង់​មាត្រា​៦៣០ នៃ​ក្រម​ព្រហ្មទណ្ឌ និង​ស្លៀក​សម្លៀកបំពាក់​ព្រះសង្ឃ​ដោយ​ខុស​ច្បាប់ ត្រង់​មាត្រា​៥០៨ នៃ​ក្រម​ព្រហ្មទណ្ឌ ហើយ​ប្រឈម​នឹង​ជាប់​ពន្ធនាគារ​រហូត ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២.៦២៥​ដុល្លារ​អាមេរិក។

ប៉ុន្តែ​នៅ​ថ្ងៃ​ទី​ ១៣ ខែ​មេសា ឆ្នាំ ​២០១៥ អតីត​ព្រះសង្ឃ​ខ្មែរ​ក្រោម​រូប​នេះ ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​បន្ទាប់​ពី​មាន​ប្រតិកម្ម​ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល​នានា និង​ពី​សំណាក់​ពលរដ្ឋ​មួយ​ចំនួន៖ «ត្រូវ​តែ​ដោះ​លែង​ជា​បន្ទាន់ … ដោះ​លែង និង​ទម្លាក់​ការ​ចោទ​ប្រកាន់​ជា​បន្ទាន់…»។

ទាក់ទង​នឹង​សំណុំ​រឿង​នៃ​ការ​ភៀស​ខ្លួន​ផ្នែក​នយោបាយ​នេះ ត្រូវ​បាន​ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត យល់​ថា ប្រជាធិបតេយ្យ និង​នីតិរដ្ឋ ព្រម​ទាំង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា ហាក់​នៅ​ពុំ​ទាន់​មាន​ភាព​ល្អ​ប្រសើរ​នៅ​ឡើយ ដោយ​កន្លង​មក អ្នក​នយោបាយ ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​រដ្ឋាភិបាល តែង​តែ​ទទួល​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​សមត្ថកិច្ច៖ «បាទ! តាម​ការ​ពិត​ទៅ​នៅ​ប្រទេស​កម្ពុជា យើង យើង​ជា​សង្គម​ស៊ីវិល​មើល​ឃើញ​ថា យើង​មិន​ទាន់​ឈាន​ដល់​ប្រទេស​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ពិត​ប្រាកដ​ទេ គឺ​ជា​ប្រទេស​មួយ​ដែល​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ ហើយ​ក្នុង​ហ្នឹង​ក៏​ឃើញ​ថា​ប្រទេស​កម្ពុជា យើង​ទាក់ទង​នឹង​ការ​គោរព​សិទ្ធិ​មនុស្ស​នេះ គឺ​នៅ​មិន​ទាន់​ការ​គោរព​ពេញលេញ​ទេ ជាពិសេស​ទាក់ទង​ទៅ​នឹង​បញ្ហា​ផ្នែក​នយោបាយ​ដែល​យើង​ឃើញ ហើយ​ថ្មីៗ​នេះ គឺ​សកម្មជន​គណបក្ស​នយោបាយ ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ ហើយ​ទាំង​ព្រះសង្ឃ ទាំង​បាសក ឬ​ប្រជាពលរដ្ឋ​ដែល​មាន​និន្នាការ​ទៅ​រក​គណបក្ស​ប្រឆាំង ហើយ​ចេញ​មុខ​សកម្ម​ក្នុង​ការ​តវ៉ា ត្រូវ​បាន​រងគ្រោះ​ក្នុង​ការ​ចាប់​ខ្លួន និង​ការ​ចោទ​ប្រកាន់​ទាក់ទង​នឹង​បទល្មើស​ផ្សេងៗ»។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ ទទូច​ចង់​ឃើញ​លទ្ធិប្រជាធិបតេយ្យ​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ជំរុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស ព្រម​ទាំង​មិន​លាប​ពណ៌​ដាក់​គ្នា ហើយ​យក​ប្រព័ន្ធ​តុលាការ ធ្វើ​ជា​ឧបករណ៍​នយោបាយ​ឡើយ៖ «យើង​ចង់​ឃើញ​ប្រទេស​កម្ពុជា យើង​ដែល​ឆ្ពោះ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ពិត​ប្រាកដ ។ មាន​ន័យ​ថា មិន​មាន​ការ​រើសអើង​នៃ​និន្នាការ​នយោបាយ ទោះ​បី​គណបក្ស​នយោបាយ​ណា​ក៏ដោយ ពីព្រោះ​ពលរដ្ឋ​មាន​សិទ្ធិ​ជ្រើសរើស​គណបក្ស​នយោបាយ»។

ស្រដៀង​គ្នា​នេះ អ្នក​ស្រាវជ្រាវ​លើ​កិច្ចការ​អភិវឌ្ឍន៍​សង្គម លោក កែម ឡី លើក​ឡើង​ថា ទោះ​បី​ប្រទេស​កម្ពុជា ពុំ​មាន​សង្គ្រាម​ក្តី តែ​កត្តា​អសន្តិសុខ​ចំពោះ​មនុស្ស​ជាតិ​នៅ​តែ​កើត​ឡើង​ក្នុង​បរិមាណ​ដ៏​ខ្លាំង ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ជន​ភៀស​ខ្លួន​ផ្នែក​នយោបាយ ចេញ​ទៅ​ក្រៅ​ប្រទេស។ លោក​បន្ត​ថា ក្រៅ​ពី​កត្តា​អសន្តិសុខ​ផ្នែក​មនុស្ស​ជាតិ ក៏​នៅ​មាន​អសន្តិសុខ​ផ្នែក​ឯកជន​ដែល​លោក​សំដៅ​លើ​ការ​លួច​ថត​សំឡេង​នៃ​ការ​សន្ទនា​តាម​ទូរស័ព្ទ​ដោយ​អនាធិបតេយ្យ ដែល​លោក​ហៅ​ថា​ជា​អំពើ​អសីលធម៌ និង​ជា​អំពើ​អយុត្តិធម៌ និង​ស្ថិត​ក្នុង​ហានិភ័យ​ខ្ពស់​បំផុត៖ «ប្រទេស​កម្ពុជា យើង ទទួល​ស្គាល់​ថា​អត់​មាន​សង្គ្រាម ប៉ុន្តែ​អសន្តិសុខ​មនុស្ស​ជាតិ​ខ្លាំង ការ​រស់នៅ​ហ្នឹង​ទទួល​រង​នូវ​ស្ថានភាព​មួយ​ដែល​មាន​ភ័យ​ខ្លាច ចោរ​លួច ចោរ​ប្លន់ ចោរ​គាស់​ផ្ទះ ចាប់​ជំរិត គ្រោះថ្នាក់​ចរាចរណ៍ ឬ​មួយ​មនុស្ស​ជាច្រើន​ដែល​គ្មាន​កំហុស​ទទួល​រង​ការ​ចោទ​ប្រកាន់​ដាក់​ពន្ធនាគារ បាញ់​សម្លាប់​ជាច្រើន ។ ចឹង​ហើយ​បាន​ជា​មាន​អ្នក​ភៀស​ខ្លួន​ចេញ​ទៅ​ក្រៅ។ ទី​ពីរ ដោយសារ​តែ​មាន​ចលនា​នយោបាយ​ធំៗ​ដែល​រដ្ឋាភិបាល​មាន​ការ​ភ័យ​ខ្លាច​ចឹង ប្រើប្រាស់​អំណាច​ហួស​ហេតុ ធ្វើ​ឲ្យ​សកម្មជន​មួយ​ចំនួន​មាន​ការ​ភ័យ​ខ្លាច ហើយ​ក៏​និរទេស​ខ្លួន​ចេញ​ទៅ ។ កន្លែង​ហ្នឹង​ចំណុច​ទី​ពីរ ។ ចំណុច​ទី​បី ឥឡូវ​ហ្នឹង​វា​មិន​ត្រឹម​អសន្តិសុខ​មនុស្ស​ជាតិ​ទេ គឺ​ថែម​ទាំង​មាន​ហានិភ័យ​នៅ​ក្នុង​កម្មសិទ្ធិ​ឯកជន​ទៅ​ទៀត។ បើ​យើង​និយាយ​ទូរស័ព្ទ យើង​ទំនាក់ទំនង​គ្នា​ហ្នឹង​មាន​ការ​លួច​ស្តាប់​ដោយ​អំពើ​អយុត្តិធម៌ ដោយ​អំពើ​គ្មាន​សុជីវធម៌​ទាល់​តែ​សោះ។ កន្លែង​ហ្នឹង​ហើយ​ដែល​យើង​ឃើញ​ណាស់» ។

លោក កែម ឡី បន្ត​ថា ប្រព័ន្ធ​យុត្តិធម៌​នៅ​ប្រទេស​កម្ពុជា មាន​កម្រិត​ទាប​បំផុត និង​មិន​ផ្តល់​នូវ​ភាព​យុត្តិធម៌​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ​ឡើយ ដោយ​លោក​ហៅ​ប្រព័ន្ធ​តុលាការ​ថា​ជា​តុលាការ​ស្តាប់​ខ្យល់៖ «ជាទូទៅ​តែ​ម្តង គឺ​មិន​ផ្តល់​ភាព​យុត្តិធម៌​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ​ទេ បើ​យើង​មើល​របាយការណ៍​កម្រិត​នីតិរដ្ឋ​របស់​គម្រោង​យុត្តិធម៌​ពិភពលោក ការ​ផ្តល់​យុត្តិធម៌​ហ្នឹង​ទាប​ណាស់» ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ហាក់​ពុំ​ចាប់​អារម្មណ៍​ចំពោះ​ការ​លើក​ឡើង​របស់​អង្គការ​សង្គម​ស៊ីវិល​ឡើយ ដោយ​លោក​បញ្ជាក់​ថា នោះ​ជា​ទស្សនៈ​របស់​មនុស្ស​ម្នាក់ៗ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​អាស្រ័យ​លើ​ការ​ចូល​ចិត្ត ឬ​មិន​ចូល​ចិត្ត​តែ​ប៉ុណ្ណោះ៖ «ខ្ញុំ​មិន​មាន​ប្រតិកម្ម​អ្វី​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ទស្សនៈ​យល់​ឃើញ​របស់​គាត់​ទេ ពីព្រោះ​មនុស្ស​នៅ​ក្នុង​សង្គម​យើង​មាន​ទស្សនៈ​ការ​យល់​ឃើញ​មិន​ដូច​គ្នា​ទេ។ អ្នក​ខ្លះ​គាត់​ពេញ​ចិត្ត​ទៅ គាត់​ស្រឡាញ់​ទៅ គាត់​គាំទ្រ។ អ្នក​ខ្លះ​គាត់​មិន​ពេញ​ចិត្ត។ គាត់​មាន​ការ​ខឹងសម្បា។ អា​ហ្នឹង​ជា​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​ការ​គិត​ឃើញ​របស់​គាត់​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់ យើង​ជា​ស្ថាប័ន​មាន​សមត្ថកិច្ច ត្រូវ​តែ​បំពេញ​តួនាទី​ភារកិច្ច​របស់​យើង​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់​តម្រូវ ហើយ​យើង​មិន​អាច​ផ្គាប់​ចិត្ត​មនុស្ស​គ្រប់​គ្នា​បាន​ទេ» ។

ទោះ​បី​ជា​មាន​ការ​លើក​ឡើង​បែប​នេះ​ក្តី ក៏​មជ្ឈដ្ឋាន​មហាជន​មួយ​ចំនួន​យល់​ឃើញ​ថា ប្រព័ន្ធ​យុត្តិធម៌​នៅ​ប្រទេស​កម្ពុជា ហាក់​នៅ​មាន​ភាព​ទន់ជ្រាយ និង​គ្មាន​តម្លាភាព​ក្នុង​ការ​បំពេញ​នូវ​តួនាទី​របស់​ខ្លួន​ឲ្យ​គ្រប់​ជ្រុងជ្រោយ​ឡើយ ហើយ​ការ​កាត់​ទោស​ហាក់​មាន​ការ​រើសអើង និង​មាន​ការ​បែង​ចែក​ចំពោះ​អ្នក​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល ៕ RFA

Comments are closed.