ប្រវត្តិ លោក សឺ​ង ទួន អតីត​ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

767

ដោយ ថាច់ សេ | ប្រធានសភាតំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម

លោក សឺ​ង ទួន ជាទី​ប្រី​ក្សា (២០០៤​​~២០០៧) និង​អតីត​ប្រធាន​ប្រតិបត្តិ (២០០០~២០០៤) គណៈកម្មការ​នាយក​នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។ លោក កើត ថ្ងៃ​ចន្ទ ១ កើត ខែ​ចែ​ត្រ ឆ្នាំមមែ សប្តស័ក ព​. ស​. ២៤៩៩ ត្រូវ​នឹង​ថ្ងៃទី ១២ ខែមីនា គ​. ស​. ១៩៥៦ ស្លាប់​ថ្ងៃអាទិត្យ ២ កើត ខែផល្គុន  ឆ្នាំច អដ្ឋស័ក ព​. ស​. ២៥៥០ ត្រូវ​នឹង​ថ្ងៃទី  ១៨ ខែកុម្ភៈ គ​. ស​. ២០០៧ ។ សហព័ន្ធ​ខ្មែរក្រោម បានចាត់ទុក លោក សឺ​ង ទួន ថា ជា​វីរបុរស​ជាតិ​របស់​ខ្មែរក្រោម ព្រោះ​គាត់​ជា​អតីត​មេដឹកនាំ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ម្នា​ក់បាន ជម្រុញ​វត្តមាន​ខ្មែរក្រោម​បាន​ចូលក្នុង​ឆាក​អន្តរជាតិ ។​

លោក សឺង ទួន អតីតប្រធានប្រតិបត្តិ និងជាទីប្រឹក្សាគណៈកម្មការនាយកនៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។
លោក សឺង ទួន អតីតប្រធានប្រតិបត្តិ និងជាទីប្រឹក្សាគណៈកម្មការនាយកនៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។

​លោក សឺ​ង ទួន អតីត​ប្រធាន​ប្រតិបត្តិ និង​ជាទី​ប្រឹក្សា     គណៈកម្មការ​នាយក​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។ ពេល​ចូលសញ្ជាតិ ​អាមេរិកាំង​មានឈ្មោះ​ថា Edward Tuon Son មាន​ស្រុកកំណើត​នៅ ភូមិ​ចាក់​ទទឹង (​តៃ​យាំង​) ស្រុក​បាយ​ឆៅ (​ម៉ី​ស្វៀ​ង​) ខេត្ត​ឃ្លាំង (​សុក​ត្រាំ​ង​) កម្ពុជា​ក្រោម (​មៀង​ណា​ម​វៀតណាម​) សព្វថ្ងៃ​យួន​ហៅថា ណា​ម​បោ ។​

​គ្រួសារ​៖

ឪពុក​ឈ្មោះ សឺ​ង ថម (Thum Son) ម្តាយ​ឈ្មោះ ឌាង ធី​ហុន (Huol Thi Đien) និង​មាន​បងប្អូន​បង្កើត ៨ នាក់ ប្រុស ៣ ស្រី ៥ នាក់ ។​

  • ​ទី ១ សឺ​ង ធី ហ៊​ន (​ស្រី​) សព្វថ្ងៃ​នៅ​កម្ពុជា​ក្រោម ។​
  • ​ទី ២ សឺ​ង ទៀង ហៅ ហ្វា (​ប្រុស​) សព្វថ្ងៃ​នៅ​អាមេរិក ។​
  • ​ទី ៣ សឺ​ង ធី​ហង្ស (​ស្រី​) សព្វថ្ងៃ​នៅ​កម្ពុជា​ក្រោម ។​
  • ​ទី ៤ សឺ​ង ទួន (​ប្រុស​) សព្វថ្ងៃ​នៅ​អាមេរិក (​ស្លាប់​) ។​
  • ​ទី ៥ សឺ​ង ធី កុង (​ស្រី​) សព្វថ្ងៃ​នៅ​កម្ពុជា​ក្រោម ។​
  • ​ទី ៦ សឺ​ង ធី ភឹម (​ស្រី​) សព្វថ្ងៃ​កម្ពុជា​ក្រោម ។​
  • ទី ៧ សឺ​ង ធី​ហឹម (​ស្រី​) សព្វថ្ងៃ​កម្ពុជា​ក្រោម ។​
  • ទី ៨ សឺ​ង ព្រីង (​ប្រុស​) សព្វថ្ងៃ​កម្ពុជា​ក្រោម ។​

​លោក សឺ​ង ទួន និង ភរិយា​បានរស់នៅ​ប្រកបដោយសុភមង្គល​ហើយ​មាន​បុត្រ​ធីតា​ចំនួន ៤ នាក់ គឺ​៖

  • ​ទី ១ សឺ​ង ពុទ្ធិកា (​ស្រី​)
  • ទី​២ សឺ​ង លក្ខិណា (​ស្រី​)
  • ទី​៣ សឺ​ង ខេ​មា​រិ​ទ្ធិ (​ប្រុស​)
  • ​ទី​៤ សឺ​ង កនិដ្ឋា (​ស្រី​)

​ការរស់នៅ​ក្នុង​ជំរំ​ជនភៀសខ្លួន​ក្នុងប្រទេស​ថៃ​៖

លោក សឺ​ង ទួន បាន​ចាក​ចេញពី​ស្រុកកំណើត​នៅ​ឆ្នាំ ១៩៧៨    ហើយ​មក​រស់​ជំរំ​ជនភៀសខ្លួន ខៅ​អី​ដាំង ថ្ងៃទី ២៨ កុម្ភៈ ១៩៨០ ហើយ​បាន​រៀបការ​ជា​មួ​ម​នឹង​អ្នកស្រី ថាច់ ហុង នៅក្នុង​ជំរំ ។ នៅក្នុង​ជំរំ​បាន​មួយឆ្នាំ​ក៏បាន​ទៅ​នៅ​កោះ​បា​តាំង ប្រទេស​ហ្វី​ល្លិ​ពិន ចំនួន ៦ ខែ ។ លោក ទួន និង គ្រូ​សារ​មក​ប្រទេស​ទី​បី (​សហរដ្ឋអាមេរិក​) នៅ​ថ្ងៃទី ២៧ ខែឧសភា នៅ​ទីក្រុង​ឡុង​ប៊ិច រដ្ឋកា​លី​ហ្វ​នៀ សហរដ្ឋអាមេរិក ។

​ការសិក្សា​៖

​កាល​នៅ​កុមារភាព​ដល់​វ័យ​បានបញ្ចប់​មហាវិទ្យាល័យ នៅ​កម្ពុជា​ក្រោម ។ មកដល់​សហរដ្ឋអាមេរិក មានចំណេះ​វិ​ជា្ជ​ខាង​វិស្វករ​ផ្នែក​អេ​ឡែក​ត្រូ​និក (A Bachelor Degree in Electrical Engineering) ។

​ការងារ​៖

នៅ​ឆ្នាំ ១៩៧៥ លោក សឺ​ង ទួន បាន​ធ្វើជា​ចាងហ្វាង​សាលាបឋមសិក្សា​នៅ​ស្រុក​បាយ​ឆៅ ខេត្ត​ឃ្លាំង កម្ពុជា​ក្រោម ។ ពេលនេះ​គាត់​បាន​ប្រមែប្រមូល​លោកគ្រូ អ្នកគ្រូ​ខ្មែរក្រោម​ឲ្យ​ចេះ​ស្រ ឡាញ់​រាប់អាន​គ្នា ចេះ​ការពារ​ទៅវិញទៅមក ហើយ​និង​បណ្តុះ បណ្តាល នូវ​ស្មារតី​ស្នេហា​ជាតិ​មាតុភូមិ​ជានិច្ចកាល ។​

​ការបំរើ​ជាតិ មាតុភូមិ​កម្ពុជា​ក្រោម​៖

​ក្នុងចំណោម​ខ្មែរក្រោម​រាប់ម៉ឺន​នាក់ ដែល​មាននៅ​វាសនា​ត្រូវបាន​វត្ថុ​ដ៏​ស​ក្កិ​សិទ្ធ​ជម្រុញ​មក​បំពេញ​តួនាទី​ដ៏​ឧ​ត្ត​ម ក្នុងការ​លាត ត្រដាង​នូវ​គំនរ​ទុក្ខ​សមុទ្រ​សោកនាដកម្ម​នូវ​ប្រវត្តិ​ពិតៗ​ព្រឹត្តិ ការណ៍​ដ៏​ចុក​ឈាម​របស់​ជនរួមជាតិ​ខែ្មរ​ក្រោម​យើង នៅ​កម្ពុជា​ក្រោម​ដែល​ត្រូវ​អាណានិគម​យួន​គ្រប់​សម័យកាល ធ្វើទុក្ខបុកម្នេញ យ៉ាង​ព្រែ​ផ្សៃ​ង​ឃ្នង​ឃោរឃៅ​ជាទីបំផុត​នោះ ជាពិសេស​នៅ​សហរដ្ឋអាមេរិក​ក្នុង​ជួរ​ថ្នាក់ដឹកនាំ យើង​បានឃើញ​លោក​អតីត​អធិបតី ថាច់ តាន់ តារា លោក​អតីត​ប្រធាន​ប្រតិ​ប​តិ្ត ថាច់ ថើ​ម លោក​អតីត​ប្រធាន​ប្រតិ​ប​តិ្ត សឺ​ង ទួន ។​

​គណៈកម្មការ​នាយ​កស​ហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានដាក់​ឈ្មោះ​ឲ្យ​លោក សឺ​ង ទួន ថា “​អ្នកបំរើ​ជាតិ​មិនចេះ​នឿយហត់​” ។​

ក្រោយពី​បានទទួល​ស​ញ្ញ​ប័ត្រ​ខាង​វិស្វករ​មក លោក សឺ​ង ទួន ក៏បាន​ចូលប្រឡូក​ក្នុង​ការបម្រើ​ផលប្រយោជន៍​ជូន​ខ្មែរក្រោម​។ មុនដំបូង​គាត់​បាន​បងប្អូន​ខ្មែរក្រោម នៅ​តំបន់​កាលី​ខាងត្បូង​រដ្ឋ​កាលី​ហ្វ​នៀ ជ្រើសតាំង​ឲ្យ​ធើ្វ​ប្រធាន​សមាគម ។​

​ថ្ងៃទី ៤ សីហា ១៩៩៦ លោក សឺ​ង ទួន ត្រូវបាន​មហា​ស​ន្និ បាត​សកល​លើក​ទី ៥ នៃ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ក្រុង​តូ​រន​តូ ខេត្ត​អនធា  រិ​យោ ប្រទេស​កាណាដា តែងតាំង​ឲ្យ​ធ្វើជា​អនុប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក អាណត្តិ​កាល (១៩៩៦-២០០០) ដឹកនាំ​ដោយ​លោក​ប្រធាន ថាច់ តាន់ តារា ។​
​ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ១៩៩៧ បាន​ជួយ​តវ៉ា​តាមផ្លូវ​ទូត និង​ធ្វើ​អន្តរាគមន៍​ឲ្យ​បងប្អូន​ខ្មែរក្រោម ដែល​កំពុង​រស់នៅក្នុង​ជំរំ​ស៊ី​ឃៅ នៃ​ប្រទេស​ថៃ ចំនួន ៥៦ រូប និង​ព្រះសង្ឃ ៣ អង្គ​មក​រស់នៅ​ប្រទេស​កម្ពុជា ។​

​ថ្ងៃទី ២-៣ ខែសីហា ឆ្នាំ ១៩៩៧ បាន​ចូលរួម​ប្រជុំ​ការងារ​សហព័ន្ធ​នៅ​ទីក្រុង​ស៊ី​អា​ថិ​ល រដ្ឋ​វ៉ា​ស៊ិន​តោន សហរដ្ឋអាមេរិក ។​

​ថ្ងៃទី ២២-២៣ ខែកុម្ភៈ ឆ្នាំ ១៩៩៨ ចូលរួម​ប្រជុំ​ការងារ​សហព័ន្ធ​នៅ​ទីក្រុង​តូ​រន​តូ ប្រទេស​កាណាដា ស្តីពី​ការសុំ​ចូល  យូ​អិន​ភី​អូ  (UNPO) គឺ អង្គការ​ប្រជាជាតិ​គ្មាន​តំណាង​នៅក្នុង​អង្គការសហប្រជាជាតិ (Unrepresented Nations and People Organization) ហើយ​ដាក់ពាក្យ​សុំចូល​នៅ​ថ្ងៃទី ០៦ មេសា ។​

​ថ្ងៃទី ០១ ខែសីហា ឆ្នាំ ១៩៩៨ ចូលរួម​មហាសន្និបាត​យុវជន​ខ្មែរក្រោម​នៅ​ក្រុង​អា​រី​ស្យា រដ្ឋកា​លី​ហ្វ​នៀ សហរដ្ឋអាមេរិក ដើម្បី​បង្កើត​យុវជន​ខ្មែរក្រោម​អន្តរជាតិ (Khmers-Krom international Youth) ។​

​ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ១៩៩៨ បញ្ជូន​ប្រតិភូ​សហព័ន្ធ ៤ អង្គ​និង​រូប ទៅ​ជួប​មន្ត្រី​អង្គការសហប្រជាជាតិ នៅ​ក្រុង​ហ្សី​ណែវ ប្រទេស ស្វី​ស្ស  ។ ស្តីពី​ជំនឿ​សាសនា​ត្រូវ​រំលោភ ។​

​ថ្ងៃទី ២៣-២៤ ខែវិច្ឆិកា ឆ្នាំ ១៩៩៨ ប្រជុំ​ការងារ​សហព័ន្ធ នៅ​ក្រុង​កូ​ឡឹម​បឹ​ស រដ្ឋ​អូ​ហៃ​អូ សហរដ្ឋ​ស្តីពី​ផែនការ​ឆ្នាំ​ខាងមុខ ។

ថ្ងៃ ២១-២៩ ខែធ្នូ ឆ្នាំ ១៩៩៨ ចូលរួម​បុណ្យខួប​ទី ៦១ នៃ​ទី​វាប​ងើ្ក​ត​មិត្តសមាគម​ខែ្មរ​ក្រោម​នៅ​បរទេស នៅ​ទីក្រុង​បា​រិ​ស​ប្រ ទេស​បារាំង  ហើយ​បាន​ទៅធ្វើ​សវនាការ​ជាមួយនឹង​ឯកឧត្តម       សឺ​ន សាន ។​

​ថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ១៩៩៩ ជួប​ជាមួយ​លោក ឈាន វ៉​ម សួរ​ប្រ​វ​តិ្ត​បារាំង​ប្រគល់​ទឹកដី​កូ​ស​ស័ង​ស៊ីន ឲ្យ​យួន​បាវ​ដាយ​នៅ​ឆ្នាំ​១៩៤៩ ។ ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ១៩៩៩ ចូលរួម​ប្រជុំ​ការងារ​សហព័ន្ធ​ស្តីពី​រចនាសម្ព័ន្ធ​របស់​សហព័ន្ធ ។​

​ថ្ងៃទី ១១-១២ ខែកញ្ញា ឆ្នាំ ១៩៩៩ ទំនាក់ទំនង​ផ្លូវ​ទូត ហើយ​បញ្ជូន​ប្រតិភូ ២ រូប គឺ លោក ថាច់ ង៉ុ​ក ថាច់ និង លោក ប្រាក់ សេរីវុ​ធ ទៅ​ចូលរួម​បាតុកម្ម​នៅមុខ​អង្គការ​អេ​ប៉ែក (APEC or Asian Pacific Economic Cooperation) នៅ​ក្រុង​ឧក​ឡិន ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ (New zealanh) ។​

​ថ្ងៃទី ២៨-២៩ ខែវិច្ឆិកា ឆ្នាំ ១៩៩៩ ចូលរួម​ប្រជុំ​ការងារ​សហព័ន្ធ​នៅ​ក្រុង​តា​កូ​ម៉ា រដ្ឋ​វ៉ា​ស៊ិន​តោន សហរដ្ឋ ស្តីពី​គំរោង​បាតុកម្ម​នៅមុខ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO or World Trade Organization) ។​

ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ១៩៩៩ ដឹកនាំ​មហា​បាតុកម្ម​ជា​ប្រ​វ​តិ្ត សាស្ត្រ ស្តីពី​សិទ្ធិមនុស្ស និង សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង នៅមុខ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដែលមាន​មនុស្ស​គ្រប់​ជាតិ​សាសន៍​ចំនួន​ប្រាំ​ម៉ឺន​នាក់​ចូលរួម នៅ​ក្រុង​ស៊ី​អា​ថិ​ល រដ្ឋ​វ៉ា​ស៊ិន​តោន សហរដ្ឋអាមេរិក ។​

​នៅពេលនោះ ភ្នាក់ងារ​វិទ្យុ​អាស៊ីសេរី បាន​ធើ្វ​សម្ភាសន៍ លោក សឺ​ង ទួន អំពី​គោលបំណង​នៃ​ការធ្វើ​បាតុកម្ម​នេះ ។​

ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ១៩៩៩ អ្នកស្រី​អាន​ខាង​វិទ្យុ​សំឡេង​សហរដ្ឋ​បាន​ទូរស័ព្ទ សូម​សម្ភាសន៍​លោក សឺ​ង ទួន ស្តីពី​មូលហេតុ​នៃ​ខែ្មរ​ក្រោម ។​

​ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០០០ ទំនាក់ទំនង​ជាមួយ​លោក   ថាច់ សេដ្ឋា ប្រធាន​ក្រុម​ចាត់ការ​កម្មវិធី​បុ​ណ្យ‌​‍​‍​‍​ “​សហ​សវ​ត្យ​រ៍​ថ្មី​” ហើយក៏​បញ្ជូន​ព្រះ​បណ្ឌិត​មហា​សា​គុណ​ចូលរួម​ពិធី​ជា​ប្រវត្តិសាស្ត្រ​នេះ នៅ​រាជធានី​ភ្នំពេញ  រាជាណាចក្រ​កម្ពុជា ។​

​ថ្ងៃទី ១២-១៣ ខែ​មិនា ឆ្នាំ ២០០០ ចូលរួម​ទូ​រស​និ្ន​បាត​តាម​ប្រព័ន្ធ​ទូរស័ព្ទ នៅ​ទីក្រុង​ឡិ​ក​ឆាត រដ្ឋ​ល្វី​ស្យា​ណា សហរដ្ឋអាមេរិក​ស្តីពី​ការអនុម័ត យក​ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ជា​ទិវា​បាត់បង់     ទឹកដី ។​

​ថ្ងៃទី ២២-២៧ ខែឧសភា ឆ្នាំ ២០០០ សមាជិក​ប្រតិភូ​សហព័ន្ធ​ដឹកនាំ​ដោយ​លោក​ប្រធាន ថាច់ តាន់​តារា ដើម្បី​ទៅ​ជួបនឹង​តំណាងរាស្ត្រ ព្រឹទ្ធសមាជិក និង​ម​ន្រី្ត​រដ្ឋការ​អាមេរិក​គាំង នៅ​រដ្ឋធានី វ៉ាស៊ីនតោន ដើម្បី​ឲ្យ​ទៅ​ជួយ​ដល់​ខ្មែរក្រោម​ដែល​ត្រូវ​អាណានិគម​យួន រំលោភសិទ្ធិ​មនុស្ស និង​ជំនឿ​សាសនា ហើយនឹង​ផ្តល់​អាហា​រូ​យក​រណ៍​ដល់​និស្សិត​ខ្មែរក្រោម​នៅឯ​កម្ពុជា​ក្រោម ។​

​ថ្ងៃទី ០១-០២  ខែកក្កដា ឆ្នាំ ២០០០ សម្របសម្រួល​ការបើក​សិក្ខាសាលា​សម្រាប់​ថ្នាក់ដឹកនាំ​សហព័ន្ធ “​ជំនាន់ សឺ​ង គុយ​” នៅ​ក្រុង​សែន​ភិ​ច  រដ្ឋ​ផ្ល​រិ​ដា សហរដ្ឋអាមេរិក ។​
​ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០០០ ចូលរួម​ធ្វើ​មហា​បាតុកម្ម​នៅមុខ​វិមាន​អង្គការសហប្រជាជាតិ នៅ​បូរី​នី​វ​យ៉​ក​ដែលមាន​នាយ​រដ្ឋមន្ត្រី​និង​អ្នកដឹកនាំ​ប្រទេស​ជាង ១៥០ កំពុង​ប្រជុំ​ក្នុងនោះ​មាន​យួន     ដែរ ។ ខ្មែរក្រោម​នៅ​ទ្វីប​ទាំង​បារាំង​ជាង ៣០០ អង្គ​-​រូប បាន​កម​ចូលរួម គោលបំណង​ទាមទារ​ឲ្យ​យួនហាណូយ បញ្ឈប់​នយោបាយ​ប្រ ល័យ​ពូជសាសន៍ និង​រំលោភសិទ្ធិ​មនុស្ស​មកលើ​ខ្មែរក្រោម ។​

​ថ្ងៃ​សៅរ៍ និង​អាទិត្យ ១១-១២ កើត ខែភទ្របទ ឆ្នាំ រោង ទោស័ក ព​. ស​. ២៥៤៤ ត្រូវ​នឹង​ថ្ងៃទី ៩-១០ ខែកញ្ញា គ​. ស​. ២០០០ ជា​ទិវា​មហាសន្និបាត​សកល​លើក​ទី ៦ នៃ​ខ្មែរ​កម្ពុជា​ក្រោម នៅ​បូរី​នី​វ​យ៉​ក សហរដ្ឋអាមេរិក ហើយ​មាន​ខ្មែរ​និមន្ត និង​អញ្ជើញ​មកពី​គ្រប់ទិសទី​ក្នុង​លោក​ចូល​រួមមាន​ព្រះសង្ឃ ៥ អង្គ ស្ត្រី ៥ រូប និង​ប្រុស ១៥២ នាក់ ។ លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស គណៈកម្មការ​នាយក​នៃ​សហព័ន្ធ​ខ្មែរក្រោម​មាន​ដូចតទៅ​៖

  • ​លោក ថាច់ តាន់​តារា អធិបតី
  • ​លោក ថាច់ ចាន់ ប្រធានសភា​ព្រឹទ្ធាចារ្យ
  • ​លោក ថាច់ ធឿ​ង ប្រធានសភា​តំណាង
  • ​លោក សឺ​ង ទួន ប្រធាន​ប្រតិបត្តិ
  • លោក តោ គិ​ម ថុង អគ្គលេខាធិការ
  • ​លោក ថាច់ សេ ហេរញ្ញិក
  • ​លោក ត្រឹង ម៉ា​នរិន្ទ  ប្រធាន​ផែនការ​
  • ​លោក ថាច់ ដួង សាង ឧបការី​អធិបតី
  • លោក ថាច់  ង៉ុ​ក  ថាច់ អនុប្រធាន​ប្រតិបត្តិ
  • ​លោក ប្រាក់ សេរី​វុ​ធ អនុប្រធាន​កិច្ចការបរទេស
  • ​លោក ថាច់ វៀង អនុប្រធាន​ប្រតិ​ប​តិ្ត​ប្រចាំ​ទ្វីប​អឺ​រុ​ប
  • ​លោក ថាច់ អួ​ង វ៉​រា អនុប្រធាន​ប្រតិ​ប​តិ្ត​ប្រចាំ​ទ្វីប​អូស្យានី និង​
  • ​លោក ទៀ ថេ​ន អនុប្រធាន​ប្រតិ​ប​តិ្ត​ប្រចាំ​ទ្វីបអាស៊ី ។​

​ក្រោយមក លោក ថាច់ តាន់ ដា​រា និង លោក ថាច់ ចាន់ បាន​ដើរ​ចេញពី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ទៅ​បង្កើត​ក្រុម​ផ្សេង​មួយទៀត ក្រោយពី​ចាញ់ឆ្នោត​មិនបាន​ធ្វើជា​ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។

​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០០០ លោក សឺ​ង ទួន និង​លោក​ប្រាក់ សេរី​វុ​ធ បានធ្វើ​សវនាការ​ជាមួយនឹង​អគ្គរដ្ឋទូត​សហរដ្ឋ​ប្រចាំ​រាជាណាចក្រ​កម្ពុជា ហើយ​សូម​ស្ថានទូត​ជួយ​ដល់​ខ្មែរក្រោម​នៅ​កម្ពុជា​ផង ។ ថ្ងៃ​ដដែល ជួប​ជាមួយនឹង​លោក​សមរង្សី ប្រធាន​គណបក្ស​សមរ​ង្សី​នៅ​ថ្ងៃ​ដដែល បានធ្វើ​សវនាការ​ជាមួយនឹង​ស​មេ្ត​ច​សីហនុ និង​ព្រះ​ជា​យាមិនី​នាថ ដើម្បី​ទូ​យ​ថ្វាយ​ពី​ផែនការ​តស៊ូរ​ដោយ​សន្តិវិធី​របស់​សហ​ព័ន្ធ​ទ្រង់​សព្វព្រះទ័យ ដោយបាន​ប្រទាន​លុយ ២ ពាន់​ដុល្លា​រ៍​សម្រាប់​ខ្មែរក្រោម​និង​មេដាយមាស​ដល់​ប្រតិភូ​ទាំង ៤ រូប​ទៀតផង ។​

​ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០០០ បាន​ទៅធ្វើ​សវនាការ​ជាមួយនឹង​ទ្រង់​រណឫទ្ធិ ប្រធានរដ្ឋសភា ។ ទ្រង់​ក៏បាន​គាំទ្រ​ការតស៊ូ​របស់​សហព័ន្ធ​ដែរ ។​

​ថ្ងៃទី ២៧-២៨ ខែមករា ឆ្នាំ ២០០១ ចូលរួម​មហាសន្និបាត​ព្រះសង្ឃ​ខ្មែរក្រោម​ពិភពលោក នៅ​ក្រុង​អែល​អេ រដ្ឋកា​លី​ហ្វ​នៀ​សហរដ្ឋអាមេរិក ហើយ​សម្រេចយក​ឈ្មោះថា “​សហគមន៍​ព្រះសង្ឃ​ខ្មែរ កម្ពុជា​ក្រោម​ពិភពលោក​” (The United Association of Khmers Kampuchea-Krom Buddhist Monks) ” ដែលមាន​ព្រះគ្រូ   លីវ ពៅ ជា​ប្រធាន ។​

​ថ្ងៃទី ១៤-១៧ ខែកុម្ភៈ ឆ្នាំ ២០០១ ផ្ញើ​ទូរសារ​ឧ​ទ្ធិ​សនាម​ប្រតិភូ​សហព័ន្ធ​ចូលរួម​ប្រជុំ អង្គការ​យូ​អិន​ភី​អូ នូវ​ក្រុង​តា​ឡិន​ប្រទេស​អេះ​តូ​នៀ (The Tallin city Estonia, former Soviet Union) លទ្ធផល ស​ន្និសិទ​យូ​អិន​ភី​អូ​បានសម្រេច​ថា នឹង​ឲ្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចូល​ជា​សមាជិក​ពេញអង្គ​នៅក្នុង​រយៈពេល ៦ ខែ ទៀត ដោយ​គិត​តាំងពី​ខែកុម្ភៈ​នេះ​ទៅ ។​

​ថ្ងៃទី ៣១-២០ ខែឧសភា ឆ្នាំ ២០០០ សម្របសម្រួល​ការបើក​សិក្ខាសាលា​សម្រាប់​ថ្នាក់ដឹកនាំ​សហព័ន្ធ ”​ជំនាន់ ថាច់ ចាន់​” នៅ​ក្រុង​ដា​ឡាស រដ្ឋ​តែ​ក​សាស្ស សហរដ្ឋអាមេរិក ។​

​ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០០១ វិទ្យុផ្សាយសំឡេង​កម្ពុជា​ក្រោម​ជាប់​ផ្យា​យ​ជា​ផ្លូវការ​នៅ​រាល់ថ្ងៃ​អង្គា​រ៍ ពី ម៉ោង ៩ ដល់ ១០ យប់ ។​ ម៉ោង​នៅ​កម្ពុជា​ក្រោម យើង​បាន​ជួល​យន្ត​រណប (Satlelite) មួយ​របស់​ប្រទេស​បែ​ល​ហ្សិ​ក សម្រាប់​ផ្សាយដំណឹង​ក្នុង ១ ម៉ោង ​៤០០ ដុល្លា​រ៍ សហរដ្ឋ ។ ស្នាដៃ​ដ៏​ប្រណិត​របស់​សហព័ន្ធ គឺ ដឹកនាំ​ដោយ​លោក​អធិបតី​និង​ប្រធាន​ប្រតិ​ប​តិ្ត  ។​

​ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០១ ចូល​ជា​សមាជិក​ពេញ​ច្បាប់ នៃ​អង្គការ​យូ​អិន​ភី​អូ ។​

​ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០០១ សហព័ន្ធ​បាន​ចូល​ជា​សមាជិក​នៃ​សហព័ន្ធ​ទូក ង អន្តរជាតិ (International Dragon Boat Federation or IDBF) ទូក​-​ង ខ្មែរក្រោម មាន​ឈ្មោះថា កំហែង​នាគរាជ ។ ហើយ​កីឡាករ​-​ការិនី​ទូកង​ខ្មែរក្រោម ក៏បាន​ទទួល​មេដាយមាស ក្នុងពេល នេះដែរ ។ ចម្រៀង​ស្នេហា​ជាតិ​លេខ ១១ ដែល​ច្រៀង​ដោយ កញ្ញា ទូច ស៊ុន និ​ច លោក សយ វិវឌ្ឍន៍ អ្នកចំរៀង​ឈានមុខ​នៃ​សុបិន​ខ្មែរក្រោម ក៏បាន​មក​កំដរ​អារម្មណ៍​ដល់​បង​ប្អូន​យើង នៅក្នុង​ឱកាស​ជា​ប្រវត្តិសាស្ត្រ​នេះដែរ ។​

​ថ្ងៃទី ១០-១៣ ខែមករា ឆ្នាំ ២០០២ ចូលរួម​ប្រជុំ​ការងារ​សហព័ន្ធ​នៅ​ក្រុង​តូ​រន​តូ ប្រទេស​កាណាដា ស្តីពី​ការអនុម័ត​ធម្មនុញ្ញ​សហព័ន្ធ ។​

​ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០០២ លោក​ប្រធាន​ប្រតិបត្តិ និង​សហការី ៤ នាក់ ទៀត បានធ្វើ​សវនាការ​ជាមួយនឹង​អ្នកស្រី ឡូ​អី សា​គ្រី​វ វ៉ា មន្ត្រី​មូលនិធិ​ទ្រទ្រង់​លទ្ធិប្រជាធិបតេយ្យ នៅ​រដ្ឋធានី វ៉ា​ស៊ិន​តោន សហរដ្ឋអាមេរិក ស្តីពី​ការសុំ​ជំនួយ និង​ទៅ​ស្តី​ការ​ក្រសួងការបរទេស​អាមេរិក ដើម្បី​ឲ្យ​បានដឹង​ពី​នយោបាយ​អ​មេ​រិ​ក​ចំពោះ​យួន ។​

​ថ្ងៃទី ២៥-២៦ ខែឧសភា ឆ្នាំ ២០០២ សម្របសម្រួល​ការបើក​សិក្ខាសាលា​សម្រាប់​ថ្នាក់ដឹកនាំ​សហព័ន្ធ ”​ជំនាន់ ឡឹម ឯម​” នៅក្នុង​ភី​ឡា​ដែល​ព្យា រដ្ឋ​ប៉ែន​ស៊ិ​វិ​នៀ សហរដ្ឋអាមេរិក ។​

ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០០២ ធ្វើ​សន្និសីទ​សារព័ត៌មាន​តាម   បណ្តាញទូរស័ព្ទ នៅ​ជុំវិញ​ពិភពលោក ក្រោម​ប្រធានបទ ”​ខ្មែរក្រោម ​និង ៥១ ឆ្នាំ ក្រោម​របប​អាណានិគម​យួន​” ។​

​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០០២ លោក​ប្រធាន​ប្រតិ​ប​តិ្ត ផ្ញើ​សារ​មួយច្បាប់​ជូន​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ស្តីអំពី​គោលជំហរ​សហព័ន្ធ​ទាក់ទិន និង​បញ្ហា​ខ្មែរក្រោម​កំពុង​រស់នៅ​កម្ពុជា​សព្វថ្ងៃ  ។​

​ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០០២ លោក​ប្រធាន​ប្រតិ​ប​តិ្ត​ផ្ញើ​សារ​មួយច្បាប់ ជូន​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ស្តីពី​ណុំ​ពរ ៧ ប្រការ (​អត្ថន័យ​ជួយ​ការពារ​យុត្តិធម៌​ឲ្យ​ខ្មែរក្រោម​កំពុង​រស់នៅ​កម្ពុជា​) ។​

​ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០០២ លោក​ប្រធាន​ប្រតិ​ប​តិ្ត និង​សមាជិក គណៈកម្មការ​នាយក​បាន​សុំ​ពរ​ត្រជាក់ត្រជំ និងអត្តសញ្ញាណ​ខ្មែរក្រោម ពីស​ម្តេច ប៉ាប នៅ​បូរី​វ៉ា​ទី​កាំ​ង ប្រទេស          អី​តា​លី ។ ក្នុងឱកាស​សហ​ព័​ន្ថ​ចូលរួម​ការប្រណាំង ទូក ង ជា    លក្ខណៈ​អន្តរជាតិ​នៅ​ប្រទេស​នេះ ។​

ថ្ងៃទី ៥-៦ ខែធ្នូ ឆ្នាំ ២០០២ បញ្ជូន​ប្រតិភូ​សង្ឃ​ទៅ​ចូលរួម      សន្និសីទ​កំពូល​ពុទ្ធសាសនា លើក​ទី ៣ នៅ​ក្រុងភ្នំពេញ ប្រទេស កម្ពុជា នៅ​ឱកាស​នេះ ព្រះគ្រូ លីវ ពៅ បាន​ផ្យា​ព្វ​ផ្សាយ​ឯកសារ​ជា​ត្រី​ភាសា​ស្តីពី​រឿងរ៉ាវ​ខ្មែរក្រោម​ជូន​អង្គសន្និបាត ។​

​ថ្ងៃទី ១៥-១៦ ខែមីនា ឆ្នាំ ២០០៣ ចូលរួម​ប្រជុំ​ការងារ ប្រចាំឆ្នាំ​នៃ​សហព័ន្ធ​នៅ​វត្ត​កម្ពុជា​ក្រោម ក្រុង​ហ​មិញ​តុ​ន ប្រទេស​កាណាដា ស្តីពី​ផែនការ​សហព័ន្ធ​សម្រាប់​ឆ្នាំ ២០០៣ ។​

​ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០០៣ លោក​ប្រធាន​ប្រតិ​ប​តិ្ត​បាន​ថ្លែងការណ៍​យ៉ាង​វែង​តាម​វិទ្យុ “​សំឡេង​កម្ពុជា​ក្រោម​” ស្តីពី​ខ្មែរក្រោម និង ៥៤ ឆ្នាំ ក្រោម​របប​អាណានិគម​យួន​” ។​

​ថ្ងៃទី ១៤-១៥ ខែមិថុនា ឆ្នាំ ២០០៣ ចូលរួម​ស​ន្និសិទ​ប្រចាំឆ្នាំ នៃ​សហគមន៍​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក ក្រោម​អធិបតីភាព​របស់​ព្រះតេជព្រះគុណ  លីវ ពៅ នៅ​វត្ត​ចន្ទ​ស​ង្សី​ក្រុង​តា​កូ​ម៉ា​វ៉ា​ស៊ិន​តោន សហរដ្ឋអាមេរិក ។​    ​

​ថ្ងៃទី ១៤-១៥ ខែមិថុនា ឆ្នាំ ២០០៣ ចូលរួម​ការប្រជុំ​កំពូល នៃ​ការងារ​សហព័ន្ធ​ស្តីពី​ស្ថាប័ន​ទាំងបី របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ផែនការ​សម្រាប់​ឆ្នាំ ២០០៣-២០០៤ នៅ​ក្រុង​ម៉ុងរ៉េអាល​ប្រទេស​កាណាដា ។​

​ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០០៣ លោក​អធិបតី និង​ប្រធាន​ប្រតិបត្តិ​ចូលរួម​ភោជនាហារ​ជា​កិត្តិយស និង​ធ្វើ​សវនាការ​ជាមួយនឹង​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក George W.Bush នៅ​រដ្ឋកា​លី​ហ្វ​នៀ ។​

​ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០០៣ ចូលរួម​នឹង​ប្រតិភូ យូ​អិន​ភី​អូ ដែល​អញ្ជើញ​មកពី​អឺរ៉ុប និង​បណ្ឌិត COOPER មកពី​ហា​វ៉ា​យមក​ធ្វើ​អត្ថាធិប្បាយ​ស្តីពី​ដំណើរ​ឆ្ពោះទៅកាន់ “​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង នៅ​សណ្ឋាគារ​ហូ​លី​ដេ រដ្ឋ​នី​វ​ជើ​ស៊ី សហរដ្ឋអាមេរិក ។

​ថ្ងៃទី ២១ ខែកញ្ញា ទៅ​រដ្ឋ ម៉ាស្សា​ឆូ​សែត ។

​ថ្ងៃទី ២៦ ខែកញ្ញា ទៅ​រដ្ឋកា​លី​ហ្វ​នៀ ថ្ងៃទី ២៨ ខែកញ្ញា ទៅ​រដ្ឋ វ៉ា​ស៊ិន​តោន ។​

​ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ  ២០០៣ លោក​ប្រធាន​ប្រតិបត្តិ បាន​ផ្ញើ​សារ​អប់អរសាទរ ចំពោះ​ប្រជាជាតិ​ទាំងបី គឺ Ahwazi នៅ​ប្រទេស​អៀ​រ៉ង ជាតិ Hvavenda នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង និង Mon tagnard នៅ​យួន​ភាគ​ក​ណ្ត​ល ដែលជា​សមាជិក​ថ្មី​នៃ​អង្គការយួ​អិន​ភី​អូ ដែលមាន​ទីស្នាក់ការ​នៅ ក្រុងឡាអេ ។​

ថ្ងៃទី ២-៤ ខែមករា ឆ្នាំ ២០០៤ ចូលរួម​ប្រជុំ​ការងារ​ប្រចាំឆ្នាំ​របស់​សហព័ន្ធ​នៅ​ក្រុង​សង់​ហូ​ហ្សេ រដ្ឋកា​លី​ហ្វ​នៀ សហរដ្ឋ ។

​ថ្ងៃទី ៩ ខែមករា ឆ្នាំ ២០០៤ ផ្ញើ​សារ​សម្តែង​ការ​សាទរ ចំពោះ​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរក្រោម នៅ​ភ្នំពេញ​, កម្ពុជា ។​

​ថ្ងៃទី ២២ ខែមករា ឆ្នាំ  ២០០៤ លោក​ប្រធាន​ប្រតិបត្តិ បានធ្វើ​សម្ភាសន៍​ជាមួយ នឹង​លោក សំ បូ​រិន្ទ នៃ​វិទ្យុ​អាស៊ីសេរី ស្តីពី​ផែនការ​ឆ្នាំ ២០០៤ របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។​

​ថ្ងៃទី ២៧-២៨ ខែមីនា ឆ្នាំ ២០០៤ ចូលរួម​វគ្គ​បណ្តុះបណ្តាល​ពី​សិទ្ធិមនុស្ស​ដល់​សមាជិក នៃ​សហព័ន្ធ​នៅ ទីក្រុង​សាន់​ហូ​ស្សេ       រដ្ឋកា​លី​ហ្វ​នៀ សហរដ្ឋអាមេរិក ។​

​ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០០៤ លោក សឺ​ង ទួន ប្រធាន​ប្រតិ​ប​តិ្ត​ជា​អ្នក​ឈានមុខ​នៃ​សុបិន​ខ្មែរក្រោម ដែល​ដឹកនាំ​គណៈប្រតិភូ   សហព័ន្ធ ចូលប្រជុំ​នៅ​អង្គការសហប្រជាជាតិ ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរក្រោម វេទិកា​អចិន្ត្រៃយ៍​នៃ​សហប្រជាជាតិ​ស្តីពី​ជនជាតិ​ព​ន្ទុ (​ជាតិ​ដើម​) ដែល​ហៅ​កាត់​ថាំ UNPFII ឬ The United Nations Permanent Forum in Indigenous Issues នៅ​បូរី​នី​វ​យ៉​ក សហរដ្ឋអាមេរិក ។​

​ថ្ងៃទី ៥-៦ ខែមិថុនា ឆ្នាំ ២០០៤ លោក សឺ​ង ទួន ប្រធាន​ប្រតិបត្តិ ចូលរួម​មហា​ស​ន្និ​បាន​សហគមន៍​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក នៅ​វត្ត​រតនា​រាម ក្រុង​ស៊ីដនី រដ្ឋ​នី​វ​សាវ​វ៉េវ ប្រ ទេស អូស្ត្រាលី ដឹកនាំ​ដោយ​ព្រះគ្រូ លីវ ពៅ ដែលជា​សង្ឃា​ធិបតី​នែ​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក ។​

​ថ្ងៃទី ៣-៤ ខែកញ្ញា ឆ្នាំ ២០០៤ មហាសន្និបាត​សកល​លើក​ទី ៧ នៃ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ក្រុង​ខេ​ម​ឌិន រដ​នី​វ​ជើ​ស៊ី សហរដ្ឋអាមេរិក​បាន​ជ្រើ​តាំង លោក សឺ​ង ទួន ជាទី​ប្រឹក្សា​គណៈកម្មការ​នាយក​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម អាណត្តិ​កាល ២០០៤-២០០៧ ។​

ការទទួល​អនិច្ចកម្ម​៖

​លោក សឺ​ង ទួន ជា​ក្រុម​អ្នក​ឈានមុខ​នៃ​សុបិន​ខ្មែរក្រោម ជា​ក្រុម​អ្នក​កាន់ចង្កូត​នាវា​ខ្មែរក្រោម​ឆ្ពោះទៅកាន់ “សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” ។ កំពុងតែ​ធ្វើដំណើរ​ស្រាប់តែ​ត្រូវ​រោគា​មក​បៀតបៀន​គឺ​គាត់​មាន​ជំងឺ “​មហារីក​បំពង់ក​” នៅ​ចុងឆ្នាំ ២០០៣ ។ ប្រពន្ធ​និង​កូនចៅ បាន​យក​គាត់​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ យូ​សី ក្រុង ដែល​អេ ក្រុង​ញី​វ​យ៉​ក ឡង​បិ​ច និង វ៉េ​សមិញ​ទើ ។​ល​។ តាំងពី​នោះ​រហូតមក ដល់​ថ្ងៃ អាទិត្យ ២ កើត ខែផល្គុន ឆ្នាំ អ​ក្ឋ​ស័ក ព​. ស​. ២៥៥០ ត្រូវ​នឹង​ថ្ងៃទី ១៨ ខែកុម្ភៈ គ​. ស​. ២០០៧ លោក សឺ​ង ទួន ក៏បាន​ទទួលមរណភាព​នៅវេលា​ម៉ោង ២ រសៀល (​ម៉ោង​នៅ​រដ្ឋ​កាលី​ហ្វ​នៀ​, សហរដ្ឋ​) ក្នុង​មន្ទីរពេទ្យ​តែម្តង ក្នុងជន្មាយុ ៥១ ឆ្នាំ ។​

​មរណភាព​របស់ លោក សឺ​ង ទួន អតីត​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ធ្វើ​ឲ្យ​យើងខ្ញុំ ជា​សមាជិក សមាជិកា​នៃ​សហព័ន្ធ​ខ្មែរ  កម្ពុជា​ក្រោម តាំងពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រហូតដល់​ជាន់​ក្រោម​មួយ អន្លើ​ដោយ​ប្រជាពលរដ្ឋ​ខ្មែរក្រោម ជាង​ដប់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក ជាពិសេស នៅ​មាតុភូមិ​កម្ពុជា​ក្រោម​ដ៏​សែន​ស្រ ណោះ​របស់​យើង មានការ​សោកស្តាយ​ខ្លាំងណាស់​។ ព្រោះ​យើង​ត្រូវ​បាត់បង់​វីរជន​មួយរូប ក្នុង​ដំណើរ​ស្វែងរក​សិទ្ធិសេរីភាព ជូន​ជាតិ​មាតុភូមិ​ជាទីគោរព​សេ្ន​ហារ​បស់​យើង ។​

​ថ្វីបើ​រូប​និង​កាយ​បាន​ស្លាប់ទៅ​ក៏ពិតមែន តែ​ស្នាដៃ​ទាំង ឡាយ​ដែល​លោក​បាន​សាង ដើម្បី​បំរុង​និង​ចំពោះ​ខ្មែរក្រោម​នោះ កូនចៅ​ខ្មែរក្រោម​ជំនាន់​ក្រោយ មិនអាច​បំភ្លេចបាន ហើយ​មិនអាច​បំភ្លេច​បានជា​រៀងរហូត ។​

​សូម​វិញ្ញាណក្ខន្ធ​អតីត​ប្រធាន សឺ​ង ទួន បាន​ទៅកាន់​សុគតិភព ។ សូម​លោកស្រី សឺ​ង ទួន នាម​ដើម ថាច់ ហុង និង​បុត្រ​ធីតា​ទាំងអស់ មេត្តា​ទទួល​នូវ​ការគោរព​រាប់អាន​ដ៏​ខ្ពង់ខ្ពស់​បំផុត​ពី​យើងខ្ញុំ ជា​គណៈកម្មការ​យក​-​សាខា​-​សមាគម​-​វត្ត​អារាម នៃ​សហព័ន្ធ  កម្ពុជា​ក្រោម​ពិភពលោក​មួយអន្លើ ដោយ​ប្រជាពលរដ្ឋ​ខ្មែរក្រោម ជាង ១០ លាន​នាក់ នៅ​មាតុភូមិ​កម្ពុជា​ក្រោម​ដ៏​សែន​ស្រណោះ​របស់​យើង ៕

Comments are closed.