ក្រុមយុវជនខ្មែរក្រោមនឹងប្រមូលផ្ដុំទាមទារឲ្យវៀតណាម ចាត់ការរឿងបំផ្លាញមណ្ឌបនៅក្នុងបរិវេណស្រះគូ
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
ក្រុមយុវជនខ្មែរក្រោមនៅតាមខេត្តនានាទូទាំងដែនដីកម្ពុជាក្រោម ដែលប្រើបណ្ដាញសង្គម Facebook នឹង ប្រមូលផ្ដុំគ្នាដើម្បីទាមទារឲ្យអាជ្ញាធរវៀតណាម ខេត្តព្រះត្រពាំង ចាត់ការរឿងអ្វីមួយដែលពួកគេចាត់ទុកថា ក្រុមជនជាតិយួន បានបំផ្លាញមណ្ឌបនៅក្នុងបរិវេណស្រះគូ ស្ថិតនៅក្នុងទីរួមខេត្តព្រះត្រពាំង ។ បណ្ឌបមួយ ដែលព្រះសង្ឃខ្មែរក្រោមបានតុបតែងជាប្រាសាទរចនាបទ្មខ្មែរ ហើយដាក់បណ្ដែតនៅចំកណ្ដាលស្រះគូ ត្រូវ រលំបែកបាក់ដោយមិនដឹងពីមូលហេតុ កាលថ្ងៃទី ៥ ខែមករា ម្សិលមិញនេះ ។ អ្នកប្រើ បណ្ដាញសង្គម Facebook បានលើកការសង្ស័យថា អាចបណ្ដាលមកពីក្រុមជនជាតិយួនជាអ្នកបំផ្លាញ ព្រោះមុនពេល ហេតុការណ៍នេះកើតឡើង មានជនជាតិយួនមួយក្រុមបាននាំគ្នាយកកាណូតម៉ាស៊ីនមករត់ប្រណាំងនៅក្នុង ស្រះយ៉ាងអាណាធិបតេយ្យ ។
ព្រះសង្ឃ និងយុវជនខ្មែរក្រោមបានបង្ហោះរូបថតមណ្ឌបដែលរលំ នៅក្នុងស្រះគូនេះ និងបានចែករំលែក ពី មនុស្សម្នាក់ទៅមនុស្សម្នាក់យ៉ាងក្ដៅគគុក ។ ពួកគេបានចេញមតិរិះគន់ និងស្ដីបន្ទោសដោយការងឿងឆ្ងល់ ទៅលើរដ្ឋាភិបាលវៀតណាម និងជនជាតិយួនថា ជាអ្នកបានបំផ្លាញមណ្ឌបនេះ ក្នុងគោលបំណងលុបបំបាត់ វប្បធម៌ខ្មែរ នៅដែនដីកម្ពុជាក្រោម ។
ព្រះសង្ឃខ្មែរក្រោមនៅខេត្តព្រះត្រពាំងមួយអង្គដែលប្រើគណនេយ្យ Facebook ឈ្មោះ បុរសលាក់ខ្លួនស្បែក សមុខដែក (Boros Lakkloun SbekSo MukDek) បានដាក់ប្រកាសចេញសេចក្ដីជូនដំណឹងមួយថា មណ្ឌប នៅក្នុងខេត្តព្រះត្រពាំងត្រូវរលំ “នៅវេលាម៉ោង ១ និង ៥០ នាទី ថ្ងៃត្រង់ នាថ្ងៃទី ៥ ខែមករា ឆ្នាំ ២០១៦” ។ ព្រះអង្គបានដាក់សំនួរសួរថា “មើលចុះ តើអ្នកណាបានធ្វើឲ្យកើតឡើងនូវរឿងនេះ?” ។
ចំណែកទំព័រ Facebook មួយទៀតដែលមានឈ្មោះថា ថាច់ ខៃវិសិដ្ឋ (Khaivisach Thach) បានដាក់ ប្រកាសថា៖ “យួនវាកំពុងបំផ្លាញនូវស្រះគូយើងទៀតហើយ ។ ពីឆ្នាំមុនវាបានបំផ្លាញនូវខ្លោងទ្វារខេត្តព្រះត្រ ពាំង ។ ឥឡូវនេះ គឺវាចាប់ផ្តើមបំផ្លាញនូវស្រះគូស្រះស្រីរបស់យើងទៀតហើយ ។ កូនខ្មែរទាំងឡាយ យល់ យ៉ាងណាចំពោះរឿងហ្នឹង” ។
ព្រះតេជព្រះគុណ ថាច់ នី (Ny Thach) ព្រះសង្ឃខ្មែរក្រោមនៅវត្តសាមគ្គីរង្សី ទីក្រុងភ្នំពេញ បានចេញប្រកាសមួយ នៅលើទំព័រ Facebook របស់ព្រះអង្គថា៖ “យួនបំផ្លាញប្រាសាទនៅរមណីយដ្ឋានស្រះគូ ខេត្តព្រះត្រពាំង កម្ពុជាក្រោម” ។
ព្រះតេជព្រះគុណ ថាច់ នី ព្រះអង្គបានសរសេរបន្តទៀតថា ៖
“ពេលបានទទួលដំណឹងអំពីមណ្ឌប ដែល នៅ កណ្ដាលស្រះគូ នាខេត្ត ព្រះត្រពាំង ត្រូវបំផ្លាញដោយមិនដឹងអំពីមូលហេតុ ក្រុមយុវជន ខ្មែរក្រោមនៅ គ្រប់ ទិសទីក្នុងតំបន់ នៃដែនដី កម្ពុជាក្រោម និងក្រៅប្រទេស បានសម្រេចថា នឹងជួបជុំគ្នានៅក្នុង បរិវេណ ស្រះគូ ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីតវ៉ាទៅអាជ្ញាធរមូលដ្ឋាន ប្រសិនបើរដ្ឋអំណាចគ្មានដំណោះស្រាយណា មួយឲ្យសមស្របចំពោះករណី នេះ” ។
ក្រុមយុវជនបានចេញមតិនៅលើប្រកាសរបស់ព្រះតេជព្រះគុណ ថាច់ នី ថា ពួកគេប្ដេជ្ញាថា នឹងចេញតវ៉ា ជាមួយគ្នា ប្រសិនបើមានការប្រមូលផ្ដុំពិតប្រាកដនៅក្នុងបរិវេណស្រះគូ នៅពេលណាមួយ ទោះបីស្លាប់ក៏ ពួកគេទៅដែរ ដើម្បីរកយុត្តិធម៌ ។ មតិជាច្រើនបានស្ដីបន្ទោសរដ្ឋាភិបាលវៀតណាមថា កាលពីមុនបាន រំលាយខ្លោងទ្វារខេត្តព្រះត្រពាំង គិតរំលំដើមឈើទាល ចៅហ្វាយ គុយ និងឥឡូវនេះ មករំលំមណ្ឌបទៅ វិញ” ។
ព្រះតេជព្រះគុណ ថាច់ យួង ព្រះសង្ឃនៅខេត្តព្រះត្រពាំង បានបង្ហោះរូបថតមណ្ឌប ភ្ជាប់ជាមួយនឹងពាក្យ ស្ដីបន្ទោសដល់អ្នកដែលបំផ្លាញមណ្ឌបនេះថា ជាក្រុមទមិឡឥតសាសនា ។ ព្រះអង្គបានសរសេរថា៖
“លទ្ធ ផលបានចេញជាបណ្តើរៗហើយគ្នាយើងអើយ ចំជាពួកទមិឡគ្មានសានសាមែន! ! !” ។
អ្នកប្រើបណ្ដាញសង្គមជាច្រើនបានចេញមតិស្ដីបន្ទោសដល់ការបំផ្លាញនូវមណ្ឌបនេះ និងបានចែករំលែក (Share) នូវដំណឹងនេះពីម្នាក់ទៅម្នាក់ពីទំព័រ Facebook ព្រះតេជព្រះគុណ ថាច់ យួង ។ ក្នុងចំណោមមតិ ទាំងនោះ មានមតិមួយដែលបានសរសេរដោយគណនេយ្យ Facebook ឈ្មោះ យឿង វៅ ហាវ (Dương Vuũ Hảo) ដែលគេចាត់ទុកថា ជាជនជាតិយួនបានប្រតិកម្មតបជាភាសាយួនថា៖
“ ពួកអ្នកឯងគិតថា នេះជា សំណង់អ្វីទៅដែលចង់ឲ្យវាគង់វង្សនៅជារៀងរហូតជាមួយនឹងធម្មជាតិ ។ មុនក្រោយវាគង់នឹងធ្លាក់ចុះ ខូច ខាត ដោយសាផលប៉ះពាល់ពីធម្មជាតិជាមិនខាន ដូចជា ក្ដៅ ភ្លៀង ខ្យល់ និងព្យុះ ហើយវានឹងដួលរលំ បែក បាក់ជារឿងធម្មតាទេ ។ តើអ្នកឯងចង់ឲ្យយើងកម្ទេចទាំងអស់មែនទេ? ។
គណនេយ្យ Facebook ឈ្មោះ យឿង វៅ ហាវ ដដែលបានស្ដីបន្ទោសដល់អ្នកដែលបានចេញផ្សាយ ករណីនេះថា ៖
“ចំពោះអ្នកផ្ដើមគំនិត ។ អ្នកឯងផ្សាយអត្ថបទនេះ ក្នុងគោលបំណងអ្វី? ចង់បំបះបំបោរឬ? មានគេចេញមតិជាច្រើន តែអ្នកឯងនៅតែស្ងៀមមាត់ឲ្យឈឹងយ៉ាងនេះ ។ អ្នកឯងស្មានថាអ្នកឯងជា នរណា?”
ចំណែកគណនេយ្យ Facebook ឈ្មោះ សិល វិច ស្ទើរ សម្រេច (Sylvester Somrach) បានចេញមតិភ្ជាប់ មួយនឹងចម្ងល់ថា៖
“តើអ្នកណានៅខាងក្រោយនៃការបំផ្លាញកម្ទេច រចនាបទ្មវប្បធម៌ខ្មែរកសាងឡើង ដោយ ដៃខ្មែរក្រោមផ្ទាល់? យួនមិនចោលទេ កលល្បិចបំបាត់ពូជសាសន៍ខ្មែរឲ្យផុតពីផែនដីកម្ពុជាក្រោមនេះ” ។
មកដល់ពេលនេះ អាជ្ញាធរវៀតណាម និងមន្ត្រីសង្ឃខេត្តព្រះត្រពាំង នៅមិនទាន់មានប្រតិកម្មអ្វីនឹងមតិរបស់ ក្រុមយុវជនខ្មែរក្រោម ដែលបានបង្ហោះនៅលើបណ្ដាញសង្គម Facebook ទេ ។
សូមបញ្ជាក់ ស្រះគូ ឬ គូស្រះស្រី ជារមណីយដ្ឋានល្បីឈ្មោះមួយស្ថិតនៅក្នុងភូមិតាគូ ឃុំសំរោង ស្រុក កំពង់ធំ ខេត្តព្រះត្រពាំង (ấp Tà Cụ, xã Nguyệt Hóa, huyện Châu Thành) ដែនដីកម្ពុជាក្រោម ។ សព្វថ្ងៃ ទីតាំងរបស់ស្រះគូ ត្រូវរដ្ឋាភិបាលវៀតណាមប្ដូរអាសយដ្ឋានថ្មីទៅជា សង្កាត់ទី ៣ ខណ្ឌទី ៨ ទីក្រុង ព្រះត្រពាំង (khóm 3, phường 8 thành phố Trà Vinh ) ។ ស្រះគូ នៅជាប់នឹងវត្តអង្គររាជបុរី (អង្គ) និងសារមន្ទីរខ្មែរខេត្តព្រះត្រពាំង ចម្ងាយពីមជ្ឈមណ្ឌលទីក្រុងព្រះត្រពាំង ប្រមាណ ៧ គីឡូម៉ែត្រ តាម បណ្ដោយជាតិ លេខ ៥៣ ។ ស្រះគូ មានទំហំទទឹង ៣០០ ម៉ែត្រ និង បណ្ដោយ ៥០០ ម៉េត្រ ក្នុងបរិវេណ ផ្ទៃដី ១០០.០០០ ម៉ែត្រការ៉េ ក្នុងនោះផ្ទៃដីស្រះប្រមាណ ៤៣.០០០ ម៉ែត្រការ៉េ ។ នៅជុំវិញបរិវេណស្រះ មានដើមឈើទាល និងគគីរដែលមានអាយុកាលរាប់ឆ្នាំ ដោយមានឫសគងនៅលើដីកម្ពស់ជិត ២ ម៉េត្រ បង្កើតទៅជាទេសភាពធម្មជាតិមួយយ៉ាងស្រស់ត្រកាល ។
វត្តអង្គររាជបុរី (អង្គ) ដែលនៅជិតស្រះគូនោះ បានកកើតឡើងនៅចុងសតវត្សទី ១០ ក្នុងគ្រឹសសករាជ ៩៩០ ។ បើគិតមកដល់ឆ្នាំ ២០១៦ នេះ វត្តអង្គររាជបុរី (អង្គ) មានអាយុកាល ១.០២៦ ឆ្នាំ ។
ឆ្នាំ ១៩៩៦ បរិវេណវត្តអង្គ និងស្រះគូ ត្រូវបានមន្ទីរវប្បធម៌ និងព័ត៌មាននៃរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាមទទួលស្គាល់ថាជា “កេរដំណែលវប្បធម៌ប្រវត្តិសាស្ត្រថ្នាក់ជាតិ” របស់ប្រទេសវៀតណាម ។
ស្រះគូ ជាទីកំសាន្ត និងកន្លែងសម្រាប់ចាត់តាំងបុណ្យជាតិសំខាន់ៗរបស់ពលរដ្ឋខ្មែរក្រោមនៅខេត្តព្រះត្រពាំង ដូចជា ពិធីបុណ្យអកអំបុក និង ពិធីបុណ្យចូលឆ្នាំ ជាដើម ៕
Comments are closed.