នាង ម៉ៅ សុគន្ធា ជាតំណាង សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្លែងការណ៍នៅក្នុងវេទិកាអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម (UNPFII)
ដោយ ថាច់ ប្រីជា គឿន
នាង ម៉ៅ សុគន្ធា ជាតំណាង សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្លែងការណ៍នៅក្នុងវេទិកាអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម (UNPFII) នៅការិយាល័យកណ្ដាល នៃ អង្គការ សហប្រជាជាតិ នាបុរី New York សហរដ្ឋអាមេរិក ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៣ ។

ខាងក្រោមជាខ្លឹមសារ នៃសេចក្ដីថ្លែងការណ៍នេះជាភាសាខ្មែរ ដែលយើងខ្ញុំបានប្រែសម្រួល៖
“សូមអរគុណលោកអធិបតី នៃអង្គមហាសន្និបាត ដែលបានអនុញ្ញាតឱ្យនាងខ្ញុំមានឱកាសបន្តការសន្ទនាតាមកាលកំណត់ និងនីតិវិធីពិសេសជាច្រើនទៀត ទាក់ទងនឹងការរំលោភសិទ្ធិមនុស្ស ដែលកំពុងបន្តកើតមានលើពលរដ្ឋខ្មែរក្រោមរបស់យើង នៅក្នុងប្រទេសវៀតណាម ហើយបានលើកឡើងដោយយន្តការជាច្រើន ។
ខ្ញុំចង់បង្ហាញក្ដីព្រួយបារម្ភយ៉ាងខ្លាំងរបស់នាងខ្ញុំ ចំពោះព្រឹត្តិការណ៍ថ្មីៗនៅក្នុងប្រទេសវៀតណាម ជាពិសេសករណីអាជ្ញាធរវៀតណាមបង្ខំសកម្មជនខ្មែរក្រោម លោក យ័ញ សេត ឲ្យទទួលកំហុសដោយបង្ខំ ។ ដូចដែលលោកអ្នកអាចនៅចាំបានថា លោកអ្នកបានចុះហត្ថលេខាលើលិខិតចោទប្រកាន់រួមមួយ ផ្ញើទៅកាន់ប្រទេសវៀតណាម នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២២ ប៉ុន្តែវៀតណាមនៅមិនទាន់មានការឆ្លើយតបនៅឡើយទេ ។
ចាប់តាំងពីពេលនោះមក យើងបានដឹងថា ពលរដ្ឋខ្មែរក្រោមបានរៀបចំព្រឹត្តិការណ៍នានា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសេរីភាព និងសិទ្ធិជាមូលដ្ឋានរបស់ពួកគាត់ ជាបន្តបន្ទាប់ ។ ដូចជា កាលពីថ្ងៃទី ៨ ខែមីនា ខ្មែរក្រោមបានរៀបចំព្រឹត្តិការណ៍មួយ ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ហើយសកម្មជនខ្មែរក្រោមជាង១០ នាក់ ដែលគ្រាន់តែចូលរួមក្នុងព្រឹត្តិការណ៍នេះ ក៏ត្រូវអាជ្ញាធរវៀតណាមកោះហៅមកសួរចម្លើយ ។
លោក យ័ញ សេត ជាសកម្មជនសិទ្ធិមនុស្សម្នាក់ ដែលបានអ្នកជំនាញរបស់អង្គការសហប្រជាជាតិរំឭកឈ្មោះនៅក្នុងលិខិតចោទប្រកាន់រួមផ្ញើទៅរដ្ឋាភិបាលវៀតណាមនោះ ក៏ត្រូវអាជ្ញាធរវៀតណាមកោះហៅ ទៅសួរចម្លើយ និងឃុំខ្លួនអស់រយៈពេលជាង ២៤ ម៉ោង ដោយសារតែគាត់បានចូលរួមក្នុងទិវាសិទ្ធិនារីអន្តរជាតិ ។ ជាថ្នូរនឹងការដោះលែង អាជ្ញាធរវៀតណាមបានបង្ខំឱ្យគាត់ចុះហត្ថលេខាលើលិខិតសារភាពក្លែងក្លាយដែលសរសេរដោយប៉ូលីស្ត ហើយថែមទាំងត្រូវបង្ខំឱ្យអានលិខិតនោះ ដើម្បីឲ្យប៉ូលីសធ្វើកំណត់ ហេតុទៀតផង ។
ស្ថានភាពនេះធ្វើឲ្យយើងមានការព្រួយបារម្ភយ៉ាងខ្លាំង ជាពិសេស ដោយសារប្រទេសវៀតណាមបច្ចុប្បន្ន ជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស ។ វាមិនអាចទទួលយកបានទេ ដែលវៀតណាមកំពុងតែធ្វើការសួរចម្លើយសារភាពទោសដោយបង្ខំប្រឆាំងនឹងជនជាតិដើមខ្មែរក្រោម ខណៈពួកគាត់គ្រាន់តែអនុវត្តនូវសិទ្ធិជាមូលដ្ឋានរបស់ខ្លួនចំពោះសេរីភាពនៃការបញ្ចេញមតិ ការរៀបចំ និងរំឭកទិវាសិទ្ធិមនុស្ស ដើម្បីទទួលស្គាល់សិទ្ធិរបស់យើង ដែលវៀតណាមគួរតែគាំទ្រ និងផ្តល់សិទ្ធិអំណាចដល់ពួកគាត់ ។
ដូច្នេះ នាងខ្ញុំសូមជំរុញឱ្យលោកអ្នកជួយអន្តរាគមន៍ និងស្នើវៀតណាមឲ្យគោរពសិទ្ធិជាមូលដ្ឋានរបស់ពល រដ្ឋខ្មែរក្រោម ។ យើងសូមអំពាវនាវឲ្យវៀតណាមបញ្ឈប់ការកោះហៅសកម្មជនខ្មែរក្រោម ទៅសួរចម្លើយដោយគ្រាន់តែពួកគាត់រៀបចំ ឬចូលរួមក្នុងពិធីអបអរទិវាសិទ្ធិនារីអន្តរជាតិ ។
យើងក៏ជំរុញឱ្យវៀតណាមឆ្លើយតបនឹងលិខិតចោទប្រកាន់រួមរបស់អ្នកជំនាញអង្គការសហប្រជាជាតិ ដែលនឹងធានាថា សិទ្ធិជាមូលដ្ឋានរបស់ខ្មែរក្រោមត្រូវបានគោរព និងការពារ ។
ដើម្បីឲ្យមានការចាប់ផ្តើមទំនាក់ទំនងដោយស្មោះត្រង់ យើងសូមលើកទឹកចិត្តវៀតណាមឱ្យទទួលស្គាល់សិទ្ធិរបស់យើងក្នុងការកំណត់អត្តសញ្ញាណរបស់ខ្លួន និងទទួលស្គាល់យើងជាជនជាតិដើមនៃកម្ពុជាក្រោម នៅលើមាតុភូមិរបស់យើង ទីដែលយើងបានរស់នៅតាំងពីដើមរៀងមក ។
សូមអរគុណ!”