សេចក្ដីថ្លែង​ការណ៍របស់ពលរដ្ឋខ្មែរក្រោម​ ក្នុងពិធី​អប​អរសាទរ​ ​ខួប​ ​៧​៤​ ​ឆ្នាំ​ ​នៃ ​​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ (​១​០​ ​ធ្នូ​ ​១​៩​៤​៨​ – ​១​០​ ​ធ្នូ​ ​២​០​២​២​)

0 468

​សេចក្ដីថ្លែង​ការណ៍​ ​នៅ​ក្នុង​ពិធី​ខួប​ ​៧​៤​ ​ឆ្នាំ​ ​នៃ​ពិធី​អប​អរសាទរ​ ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ (​១​០​ ​ធ្នូ​ ​១​៩​៤​៨​ – ​១​០​ ​ធ្នូ​ ​២​០​២​២​) ​ដែល​បាន​ប្រារព្ធ​នៅ​ស្រុក​ថ្កូវ​ ​ខេត្ត​ព្រះត្រពាំង​ ​ដោយ​ពលរដ្ឋ​ខ្មែរក្រោម​ ​នៅ​ថ្ងៃ​ទី​ ​១​០​ ​ខែ​ធ្នូ​ ​ឆ្នាំ​ ​២​០​២​២​

​សេចក្ដីថ្លែង​ការណ៍​អាន​ដោយ​ ​លោក​ ​ថា​ច់ ធៀ​ង​

​អប​អរសាទរ​ ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​
(​១​០​ ​ធ្នូ​ ​១​៩​៤​៨​ – ​១​០​ ​ធ្នូ​ ​២​០​២​២​)

​ជាបឋម​ ​ខ្ញុំព្រះករុណា​ ​ខ្ញុំបាទ​ ​សូម​គោរព​ចំពោះ​គុណព្រះរតនត្រ័យ​ជាទី​គោរព​ដ៏​ខ្ពង់ខ្ពស់​ ​។​ ​សូម​ ​គោរព​រំឭក​នឹក​គុណ​ដល់​វីរ​សម​ណៈ ​និង​វីរបុរស​ជាតិ​គ្រប់​អង្គ​ ​និង​រូប​ដែល​បាន​ពលី​ជីវិត​ដើម្បី​បុព្វហេតុ​ជាតិ​ ​និង​ព្រះពុទ្ធសាសនា​ ​ក្នុង​នោះ​ ​មាន​លោក​ឧកញ៉ា​ ​សឺ​ង​ ​គុយ​ ​ជាដើម​ ​។​ ​សូម​គោរព​ចំពោះ​ ​ព្រះតេជព្រះគុណ​ ​គ្រប់​អង្គ​ដែល​មាន​ព្រះ​វត្តមាន​នៅ​ទីនេះ​ ​។​ ​សូម​គោរព​បងប្អូន​ ​ញាតិមិត្ត​ ​យាយ​តា​ ​និង​មា​មីង​ទាំងអស់​ ​ដែល​ ​បាន​អញ្ជើញ​ចូលរួម​ពិធី​នេះ​ ​ដោយ​សេចក្ដី​គោរព​រាប់អាន​យ៉ាង​ជ្រាលជ្រៅ​ ​។​

លោក​ ​ថា​ច់ ធៀ​ង​ ​អានសេចក្ដីថ្លែង​ការណ៍របស់ពលរដ្ឋខ្មែរក្រោម​ ​នៅ​ក្នុង​ពិធី​ខួប​ ​៧​៤​ ​ឆ្នាំ​ ​នៃ ​ពិធី​អប​អរសាទរ​ ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ (​១​០​ ​ធ្នូ​ ​១​៩​៤​៨​ - ​១​០​ ​ធ្នូ​ ​២​០​២​២​)
លោក​ ​ថា​ច់ ធៀ​ង​ ​អានសេចក្ដីថ្លែង​ការណ៍របស់ពលរដ្ឋខ្មែរក្រោម​ ​នៅ​ក្នុង​ពិធី​ខួប​ ​៧​៤​ ​ឆ្នាំ​ ​នៃ ​ពិធី​អប​អរសាទរ​ ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ (​១​០​ ​ធ្នូ​ ​១​៩​៤​៨​ – ​១​០​ ​ធ្នូ​ ​២​០​២​២​)

​ថ្ងៃនេះ​ ​ជា​ទិវា​មួយ​ប្រកប​ទៅ​ដោយ​នក្ខត្តឫក្ស​ ​និង​ជា​ប្រវត្តិសាស្ត្រ​ ​ដែល​កាលពី​ ​៧​៤​ ​ឆ្នាំមុន​ ​គឺ​នៅ​ ​ថ្ងៃ​ទី​ ​១​០​ ​ខែ​ធ្នូ​ ​ឆ្នាំ​ ​១​៩​៤​៨​ ​អង្គការសហប្រជាជាតិ​ ​បាន​អនុម័ត​ ​សេចក្ដីប្រកាស​ស្ដី​សិទ្ធិមនុស្ស​ ​មាន​ ​៣​០​ ​មាត្រា​ ​ដើម្បី​លើក​ក​ម្ពស់​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​មនុស្ស​គ្រប់​ជាតិសាសន៍​នៅ​ក្នុង​ពិភពលោក​ ​ឲ្យបាន​ទទួល​ ​នូវ​សិទ្ធិ​ទាំងឡាយ​ ​ដូចជា​ ​សិទ្ធិ​រស់រាន​មានជីវិត​ ​សេរីភាព​ ​និង​សន្តិសុខ​ផ្ទាល់ខ្លួន​ (​មាត្រា​ ​៣​), ​សិទ្ធិ​សេរីភាព​ ​ក្នុង​ការ​បញ្ចេញមតិ​ ​ផ្សព្វផ្សាយ​ព័ត៌មាន​ ​និង​គំនិត​នានា​ដោយ​គ្មាន​ព្រំដែន​ ​ទោះ​តាមរយៈ​មធ្យោបាយ​សម្ដែង​ ​មតិ​ណាមួយ​ក៏ដោយ​ (​មាត្រា​ ​១​៩​), ​សិទ្ធិ​ក្នុង​ការប្រជុំ​ ​និង​បង្កើត​សមាគម​ដោយ​សន្តិវិធី​ ​និង​គ្មាន​ជន​ណា​ម្នាក់​ ​ត្រូវ​បង្ខំឲ្យ​ចូលរួម​ក្នុង​សមាគម​ណាមួយ​ឡើយ​ (​មាត្រា​ ​២​០​), ​សិទ្ធិ​បង្កើត​ ​និង​ចូលរួម​សហជីព​ដើម្បី​ការពារ​ ​ផលប្រយោជន៍​របស់​ខ្លួន​ (​មាត្រា​ ​២​៣​) ​និង​មាន​សិទ្ធិ​ចូលរួម​ដោយសេរី​ក្នុង​ជីវភាព​វប្បធម៌​របស់​សហគមន៍​, ​រីករាយ​នឹង​សិល្បៈ ​និង​ចូល​រួមចំណែក​ក្នុង​វឌ្ឍនភាព​វិទ្យាសាស្ត្រ​ ​និង​បាន​ទទួល​ផលប្រយោជន៍​ពី​លទ្ធផល​ ​វឌ្ឍនភាព​នេះ​ (​មាត្រា​ ​២​៧​) ​ជាដើម​ ​។​

​មកដល់​ឆ្នាំ​ ​២​០​២​២​ ​នេះ​ ​ពេលវេលា​បាន​កន្លងទៅ​ ​៧​៤​ ​ឆ្នាំ​ហើយ​ ​ដែល​អង្គការសហប្រជាជាតិ​ ​បាន​ ​អនុម័ត​នូវ​សេចក្ដីប្រកាស​នេះ​ ​តែ​ពលរដ្ឋ​ខ្មែរក្រោម​មិនដែល​បាន​ទទួល​នូវ​ពន្លឺ​រស្មី​នៃ​សិទ្ធិ​ទាំងនេះ​ទាល់តែ​ ​សោះ​ ​។​ ​មិន​ត្រឹមតែ​មិនបាន​ទទួល​នូវ​សិទ្ធិមនុស្ស​តែប៉ុណ្ណោះ​ទេ​ ​តែ​ពលរដ្ឋ​ខ្មែរក្រោម​ត្រូវ​ប្រឈម​នឹង​ការ​ ​រំលាយ​ពូជសាសន៍​ដោយ​មិន​បង្ហូរ​ឈាម​ទៀត​ផង​ ​។​ ​យើង​មាន​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​អនាគត​នៃ​ជនជាតិ​ ​ដើម​ខ្មែរក្រោម​របស់យើង​ ​មិន​ដឹង​ថា​នឹង​ក្លាយទៅជា​យ៉ាងណា​ ​ខណៈ​ដែល​យើង​កំពុងតែ​ត្រូវ​ប្រឈម​នឹង​ ​ហា​និ​ភ័យ​នៃ​ការ​រំលាយ​ពូជសាសន៍​បែប​ត្រជាក់​សម័យថ្មី​ ​ដូចជា​ ​វត្តអារាម​ធ្លាប់តែ​ជា​មជ្ឈមណ្ឌល​រក្សា​នូវ​ ​ដួង​ព្រលឹង​របស់​ជាតិ​ ​តែ​ពេលនេះ​ ​ត្រូវ​គេ​បង្ខំឲ្យ​បញ្ចូល​នូវ​វប្បធម៌​នៃ​ជាតិសាសន៍​ដទៃ​ទៅវិញ​ ​។​ ​ត្រា​របស់​ ​វត្ត​ ​លិខិត​ស្នាម​ផ្លូវការ​ ​និង​បដា​សម្រាប់​ដាក់​នៅ​ក្នុង​កិច្ចប្រជុំ​នានា​របស់​សង្ឃ​ ​គេ​លែង​សរសេរ​ជា​អក្សរខ្មែរ​ ​និង​លែងនិយាយ​ភាសាខ្មែរ​ទៀតហើយ​ ​គឺ​គេ​ព្យាយាម​លុបបំបាត់​នូវ​អក្សរសាស្ត្រ​ ​និង​ភាសា​ជនជាតិ​ដើម​ ​របស់យើង​បន្តិច​ម្ដងៗ​ ​ហើយ​ជំនួស​ដោយ​អក្សរសាស្ត្រ​ ​និង​ភាសា​យួន​វិញ​ ​។​ ​អាជ្ញាធរ​នៃ​របប​អាណានិគម​ ​យួន​ ​បាន​រឹបយក​ដី​កេរ​ដូនតា​របស់​ពលរដ្ឋ​ខ្មែរក្រោម​ទាំង​អយុត្តិធម៌​ ​ដូចជា​ ​ករណី​ ​លោក​ ​ថា​ច់ ​ញឹក​ ​នៅ​ភូមិ​ ផ្នោ​លើ​ ​ឃុំ​ដំបូក​បី​ ​ស្រុក​ផ្នោ​ដាច់​ ​ខេត្ត​ព្រះត្រពាំង​ ​ជាឧទាហរណ៍​ជាក់ស្ដែង​ ​។​ ​ក្រុម​យុវជន​ដែល​នាំគ្នា​ចែក​ ​រំលែក​នូវ​សៀវភៅ​ស្ដីពី​ ​សេចក្ដីប្រកាស​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ ​និង​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ ​និង​ប្រារព្ធ​ពិធី​អប​អរសាទរ​ថ្ងៃ​អង្គការសហប្រជាជាតិ​អនុម័ត​ ​នូវ​សេចក្ដីប្រកាស​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ ​នា​ ​ពេល​កន្លងមក​ ​តែងតែ​ត្រូវ​អាជ្ញាធរ​កោះហៅ​ទៅ​សួរ​ចម្លើយ​ជាបន្តបន្ទាប់​ ​ដូចជា​ករណី​ ​លោក​ ​ចៅ​ ​លី​ណា​ ​នៅ​ខេត្ត​មាត់ជ្រូក​ ​និង​ ​លោក​ ​យ​័​ញ​ ​មិញ​ ​វ៉ាង​ ​នៅ​ខេត្ត​ឃ្លាំង​ ​ត្រូវ​ក្រុមហ៊ុន​ហាមមិនឲ្យ​ចូល​ធ្វើការ​ជាដើម​ ​។​ ​ពលរដ្ឋ​យើង​កសាង​សាលាឆទាន​សម្រាប់​ធ្វើបុណ្យ​សុន្ទរ៍ទាន​តាម​គន្លង​ពុទ្ធសាសនា​ ​និង​ទុកជា​កន្លែង​សម្រាប់​ ​កូនចៅ​សិក្សា​រៀនសូត្រ​អក្សរ​សា​ស្រ្ត​ខ្មែរ​ ​តែ​ត្រូវ​គេ​មក​រារាំង​ការ​កសាង​ ​និង​គំំ​រាម​កំហែង​ថា​នឹង​រំលាយ​ ​ចោល​ទាំង​ព្រៃផ្សៃ​ ​ដូចជា​ករណី​ ​សាលាឆទាន​នៅ​ភូមិ​កន្ត្រែង​ ​នា​ខេត្ត​លង់​ហោរ​ ​អាជ្ញាធរ​យួន​បាន​ចេញ​ ​លិខិត​ព្រមាន​ថា​ ​គេ​នឹង​មក​រំលាយ​សាលាឆទាន​នៅ​ថ្ងៃ​ទី​ ​១​០​ ​ខែ​ធ្នូ​ ​នេះ​ ​គឺ​ចំ​ថ្ងៃ​ដែល​យើងខ្ញុំ​កំពុងតែ​ប្រារព្ធ​ ​ពិធី​អប​អរសាទរ​ទិវា​សិទ្ធិមនុស្ស​នេះ​តែម្ដង​ ​។​ ​បុណ្យចូលឆ្នាំ​ថ្មី​ ​និង​ ​បុណ្យ​សែនដូនតា​ ​ជា​ពិធីបុណ្យ​ប្រពៃណី​ ​ជាតិ​របស់​ជនជាតិ​ដើម​ខ្មែរក្រោម​ ​តែ​យើងខ្ញុំ​មិនបាន​ឈប់​សម្រាក​ដោយសេរី​ទេ​ ​ផ្ទុយទៅវិញ​ ​បុណ្យចូលឆ្នាំ​ ​ឬ​ ​តែ​ត​ (​T​e​t​) ​របស់​ជនជាតិ​យួន​ ​និង​ចិន​ ​គេ​បាន​ឈប់​សម្រាក​ដល់ទៅ​កន្លះ​ខែ​ ​។​ ​ទង្វើ​នេះ​ ​បង្ហាញ​ឲ្យ​ឃើញ​ ​ថា​ ​ជនជាតិ​ដើម​ខ្មែរក្រោម​មិន​ទទួល​បាន​នូវ​សិទ្ធិ​ស្មើមុខ​ស្មើ​មាត់​នឹង​ជាតិសាសន៍​ដទៃ​ឡើយ​ ​ខណៈ​ដែល​របប​ ​អាណានិគម​យួន​តែងតែ​ឃោសនា​ថា​ ​ជនជាតិ​ទាំង​ ​៥​៤​ ​មាន​សិទ្ធិ​ស្មើគ្នា​ ​។​ ​ឈ្មោះ​ភូមិ​ស្រុក​ ​និង​ខេត្ត​ជា​ភាសា​ ​ខ្មែរ​របស់យើង​ ​ត្រូវ​គេ​លុបបំបាត់​ចោល​គ្មាន​សល់​ ​ដែល​ធ្វើឲ្យ​កូនចៅ​ជំនាន់​ក្រោយ​របស់យើង​ជា​ជនជាតិ​ ​ដើម​លែង​ស្គាល់​នូវ​ឫ​ស្ស​គល់​ ​និង​ប្រវត្តិ​ទឹកដី​កេរ​ដូនតា​របស់​ខ្លួន​ ​។​ ​យើង​ជា​ “​ខ្មែរក្រោម​” ​តែ​ត្រូវ​គេ​លុប​ ​ឈ្មោះ​ចោល​ ​ហើយ​នាំគ្នា​ហៅថា​ “​ងើយ​យ៉ឹ​ង​តុ​ក​” (N​g​uo​i​ ​D​an​ ​To​c) ​ទៅវិញ​ ​។​ ​បញ្ហា​ជាតិសាសន៍​របស់​ ​យើង​ ​កំពុងតែ​ត្រូវ​ប្រឈម​នឹង​ការរំលោភ​សិទ្ធិមនុស្ស​ ​និង​រំលាយ​ពូជសាសន៍​ដោយ​វិធី​ក្ដៅ​ ​និង​ត្រជាក់​ជា​ ​ច្រើន​ទៀត​ ​ដែល​យើង​មិន​អាច​រៀបរាប់​ឲ្យអស់​សេចក្ដី​នៅ​ក្នុង​សេចក្ដីថ្លែង​ការណ៍​ដ៏​ខ្លី​នេះ​បាន​ឡើយ​ ​។​

ពលរដ្ឋខ្មែរក្រោម ចូលរួម​ពិធី​អប​អរសាទរ​ ​ខួប​ ​៧​៤​ ​ឆ្នាំ​ ​នៃ ​​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ ១​០​ ​ធ្នូ
ពលរដ្ឋខ្មែរក្រោម ចូលរួម​ពិធី​អប​អរសាទរ​ ​ខួប​ ​៧​៤​ ​ឆ្នាំ​ ​នៃ ​​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ ១​០​ ​ធ្នូ

​នៅ​ពេល​ថ្មីៗ​ ​នេះ​ ​ប្រទេស​វៀតណាម​ ​ទើប​តែ​បាន​ចូល​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ ​នៃ​អង្គ​ ​ការ​សហប្រជាជាតិ​ ​មាន​តួនាទី​យ៉ាងសំខាន់​ក្នុង​ការ​​​ដឹកនាំ​ឲ្យ​ពិភពលោក​​​មាន​ការគោរព​សិទ្ធិមនុស្ស​ ​។​ ​យើង​ ​សង្ឃឹម​ថា​ ​របប​អាណានិគម​យួន​នឹង​មាន​ការគោរព​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ជនជាតិ​ខ្មែរក្រោម​យើងខ្ញុំ​ ​ឲ្យ​ ​សមនឹង​តួនាទី​របស់​ខ្លួន​ក្នុងនាម​ជា​មេដឹកនាំ​ស្ថាប័ន​កំពូល​ផ្នែក​សិទ្ធិមនុស្ស​មួយ​នេះ​ ​។​

​ទោះបី​គេ​ព្យាយាម​រំលាយ​ពូជសាសន៍​យើង​ ​និង​រំលោភបំពាន​សិទ្ធិ​ជា​មូលដ្ឋាន​របស់យើង​យ៉ាងណា​ ​ក៏ដោយ​ ​តែ​សិទ្ធិមនុស្ស​ជា​សិទ្ធិ​ធម្មជាតិ​ដែល​មនុស្ស​គ្រប់រូប​ត្រូវ​បាន​ទទួល​ ​និង​មិនមែន​ជា​អភ័យ​សិទ្ធិ​ដែល​ ​ត្រូវ​បាន​ផ្ដល់​ដោយ​បុគ្គល​ ​រដ្ឋាភិបាល​ ​ឬ​របបគ្រប់គ្រង​ណាមួយ​ឡើយ​ ​។​ ​ដូច្នេះ​ ​យើង​ខ្មែរក្រោម​គ្រប់រូប​ ​ជា​ម្ចាស់ទឹកម្ចាស់ដី​ព្រៃ​ព្រឹក្សា​ ​ត្រូវ​ចេះ​ប្រើប្រាស់​នូវ​សិទ្ធិ​របស់​ខ្លួន​ឲ្យបាន​ពេញលេញ​តាម​សេចក្ដីប្រកាស​ ​របស់​អង្គការសហប្រជាជាតិ​ ​ទើប​ជាតិ​យើង​បាន​គង់វង្ស​រុងរឿង​ស្មើមុខ​ស្មើ​មាត់​នឹង​ជាតិសាសន៍​នានា​នៅ​ ​ក្នុង​ពិភពលោក​ ​។​ ​ផ្ទុយទៅវិញ​ ​ប្រសិនបើ​យើង​មិន​ចេះ​ប្រើ​នូវ​សិទ្ធិ​របស់​ខ្លួន​ទេ​ ​គ្មាន​អ្នកណា​លើកយក​សិទ្ធិ​ ​ទាំងនោះ​ ​ដាក់លើ​ជើងពាន​មក​ជូន​យើង​ដោយ​ងាយ​នោះ​ទេ​ ​។​

​អវសាន​នៃ​សេចក្ដីថ្លែង​ការណ៍​នេះ​ ​ខ្ញុំព្រះករុណា​ ​ខ្ញុំបាទ​ ​តាងនាម​គណៈកម្មការ​រៀបចំ​ពិធី​ ​សូម​ថ្លែង​ ​អំណរ​ព្រះ​គុណ​ ​ចំពោះ​ព្រះតេជព្រះគុណ​គ្រប់​អង្គ​ដែល​បាន​និមន្ត​មក​ចូលរួម​ ​និង​អរគុណ​ចំពោះ​លោកតា​ ​លោកយាយ​ ​មា​មីង​ ​បងប្អូន​ ​និង​ញាតិមិត្ត​ជិត​ឆ្ងាយ​ទាំងអស់​ ​ដែល​បាន​អញ្ជើញ​មក​ចូលរួម​ពិធី​នេះ​ ​និង​សូម​ ​បាន​ប្រកប​តែ​នឹង​សេចក្ដី​សុខ​ ​សេចក្ដី​ចម្រើន​ ​និង​សុភមង្គល​គ្រប់ពេល​វេលា​កុំបីខាន​ ​។​
​សូម​អរ​ព្រះ​គុណ​ ​និង​អរគុណ​ !

​ព្រះត្រពាំង​ ​ថ្ងៃសៅរ៍​ ​២​ ​រោច​ ​ខែ​មិគសិរ​ ​ឆ្នាំ​ខាល​ ​ចត្វា​ស័ក​ ​ព​. ​ស​. ​២​៥​៦​៦​
​ត្រូវនឹង​ថ្ងៃ​ទី​ ​១​០​ ​ខែ​ធ្នូ​ ​គ​. ​ស​. ​២​០​២​២

Leave A Reply

Your email address will not be published.