សង្ខេប​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ ២០២០ អំពី​ករណី​ឃាតកម្ម ការស្លាប់​ដោយ​អា​ថ៍កំ​បាំង និង​មរណភាព​ជន​ធ្លាប់បាន​តស៊ូ ដើម្បី​សេរីភាព​ខ្មែរក្រោម​

0 611

ដោយ ស៊ឺន ចែងចើន

​ឆ្នាំ ២០២០ ជា​ឆ្នាំ ដែលមាន​អំពើ​ឃាតកម្ម ការសម្លាប់​ក្រៅច្បាប់ កើតមានឡើង មកលើ​ពលរដ្ឋ​ខ្មែរក្រោម ជា​បន្តបន្ទាប់ ទាំង​នៅ​ដែនដី​កម្ពុជា​ក្រោម និង​នៅ​ប្រទេស​កម្ពុជា ហើយ​ភាគច្រើន​នៃ​ករណី​ទាំងនោះ មិនត្រូវ​បាន​គេ​វែកមុខ​ចាប់​ជន​ប្រព្រឹត្តិ ឬ​ស្វែងរក​អ្នកទទួលខុសត្រូវ ដើម្បី​យកមក​ផ្តន្ទាទោស ទៅតាម​ច្បាប់ នៅឡើយ ។ ក្រៅពីនេះ ក៏មាន​ករណី​ស្លាប់​ដោយ​អា​ថ៍កំ​បាំង និង​មរណភាព​របស់​ជន ដែល​ធ្លាប់បាន​តស៊ូ ដើម្បី​សេរីភាព​ខ្មែរក្រោម ផងដែរ ។ តើ​រឿងរ៉ាវ​ទាំងអស់នេះ បានកើត​ឡើង​យ៉ាង ដូចម្តេចខ្លះ​? ។ អ្នកនាង ថាច់ សុជាតា សូម​រំឭក​ឡើងវិញ អំពី​ព្រឹត្តិការណ៍​ទាំងអស់នេះ ជូន​លោក​អ្នកនាង បាន​ជ្រាប ដូចតទៅ ៖

លោក ហ្វិ​ញ សាញ់ ​ផ្តល់​បទសម្ភាសន៍​មុនពេលស្លាប់ ជុំវិញការ​ស្លាប់​ដ៏​អា​ថ៍​កំបាំង​របស់​កូន​គាត់ នៅក្នុង​បន្ទាយទាហានយួន ។
លោក ហ្វិ​ញ សាញ់ ​ផ្តល់​បទសម្ភាសន៍​មុនពេលស្លាប់ ជុំវិញការ​ស្លាប់​ដ៏​អា​ថ៍​កំបាំង​របស់​កូន​គាត់ នៅក្នុង​បន្ទាយទាហានយួន ។

​លោកអ្នក​នាង​ជាទី​មេត្រី​! ចា៎​! រឿងរ៉ាវ​ជាដំបូង​នៃ​ករណី​ពលរដ្ឋ​ខ្មែរក្រោម​ស្លាប់​ដោយ​អា​ថ៍កំ​បាំង​នេះ គឺ​កើតឡើង នៅ​ខេត្ត​ព្រះ​ត្រពាំង ទៅលើ​បុរស​ខ្មែរក្រោម​ម្នាក់ ដែល​បាន​ស្លាប់ ក្រោយពី​ផ្តល់​បទសម្ភាសន៍​ទាក់ទង នឹង​ការស្លាប់​ដ៏​អា​ថ៍កំ​បាំង​របស់​កូន​គាត់ នៅក្នុង​បន្ទាយ​ទាហាន​យួន ។

​លោក ហ្វិ​ញ សាញ់ ត្រូវជា​ឪពុក​របស់លោក ហ្វិ​ញ ចុង ដែល​ស្លាប់​ដោយ​អាថ៌កំបាំង នៅក្នុង​បន្ទាយ​ទាហាន​យួន កាលពី​ថ្ងៃ ២៩ ខែវិច្ឆិកា ២០១៩ នោះ បានទទួល​មរណៈភាព នៅ​ព្រឹក​ថ្ងៃទី ៧ ខែមេសា ក្នុង​ជន្មាយុ ៤៣ ឆ្នាំ ដោយ​មិនទាន់​ដឹង​មូល​ហ​តុ​ច្បាស់លាស់ នៅឡើយ​ទេ ។​

​ក្រុមគ្រួសារ​សាច់ញាតិរ​បស់​សព​បុរស​ខ្មែរក្រោម​រូបនោះ ឲ្យ​ដឹងថា លោក ហ្វិ​ញ សាញ់ ដេកស្លាប់​ក្នុងផ្ទះ​របស់លោក ។ បើតាម​សាច់ញាតិ​ដដែល បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃកើតហេតុ​នោះ ប្រពន្ធ​របស់លោក​បាន​ក្រោក​ឡើង ដើម្បី​ដាំបាយ​យកទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត ដែល​ត្រូវជា​ថ្ងៃសីល​ផង​នោះ ។ ប៉ុន្តែ គ្រួសារ​របស់គាត់​មិនបាន​ចាប់អារម្មណ៍​ថា ប្តី​របស់គាត់​ដេកស្លាប់​ឡើយ ដោយ​មើលឃើញ​ប្តី​របស់គាត់​ហាក់ ដូច​កំពុង​ដេក​លង់លក់​ដូច្នេះ ក៏​មិនបាន​ដាស​ឲ្យ​ក្រោក​ឡើង ដើម្បី​ទៅ​វត្ត​ជាមួយ នឹង​ប្រពន្ធ​របស់គាត់​ទេ ។ បន្ទាប់មក ប្រហែលជា​ម៉ោង ៨ ព្រឹក មិត្តភក្តិ​រួម​ការងារ​របស់លោក ហ្វិ​ញ សាញ់ បានមក​ហៅ​ទៅធ្វើ​ការ ប៉ុន្តែ ហៅ​មិន​ក្រោក​ឡើង ក៏​ទៅ​ស្ទាប​លើ​ដងខ្លួន ទើប​ដឹងថា លោក ហ្វិ​ញ សាញ់ បាន​ស្លាប់​ទៅហើយ ។​

​ការស្លាប់​របស់លោក ហ្វិ​ញ សាញ់ គឺ​កើតឡើង​ក្រោយ​មួយ​សប្តាហ៍ បន្ទាប់ពី​លោក​បានផ្តល់​បទសម្ភាសន៍​ជាមួយ នឹង​ទូរទស្សន៍ ព្រៃនគរ និង​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម នៅ​ថ្ងៃ ២៩ ខែមីនា ឆ្នាំ ២០២០ អំពី​ករណី​អាជ្ញាធរ​យួន​អញ្ជើញ​គ្រួសារ​លោក ឲ្យ​ទៅយក​លទ្ធផល​នៃ​ការធ្វើ​កោសល្យវិច័យ​សាកសព​កូន​របស់គាត់ ឈ្មោះ ហ្វិ​ញ ចុង (Huynh Chung) ជា​យុវជន​ខ្មែរក្រោម ដែល​ត្រូវស្លាប់​ដ៏​ចម្រូងចម្រាស់ នៅក្នុង​បន្ទាយ​ទាហាន កាលពី​ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅនេះ ។ តែ​ពេល លោក ហ្វិ​ញ សាញ់ ទៅដល់​កន្លែង​យក​លទ្ធផល បែរជា​អាជ្ញាធរ យួន​មិនបាន​ផ្ដល់​លិខិត​លទ្ធផល​ធ្វើ​កោសល្យវិច័យ​ដល់​គ្រួសារ​លោក​ទេ គ្រាន់តែ​អាន​ត្រួសៗ ឲ្យ​ស្ដាប់​ថា យុវជន​ឈ្មោះ ហ្វិ​ញ ចុង ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង ឬ ដាច់​សរសៃឈាម ដូច​អ្វីដែល​អាជ្ញាធរ​យួន​បាន​អះអាង​កាលពីមុន​ដដែល ។​

​ក្នុង​បទសម្ភាសន៍​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ខ្មែរក្រោម​នោះ លោក ហ្វិ​ញ សាញ់ ឲ្យ​ដឹងថា ក្រោយពី​ការស្លាប់​កូនប្រុស​របស់លោក​ជាង ៤ ខែ​កន្លងមក រដ្ឋាភិបាល​វៀតណាម នៅ​មិនទាន់​ផ្ដល់​ជា​សំណង​រដ្ឋប្បវេណី​ឲ្យ​បាន​គ្រប់គ្រាន់ ដូច​អ្វីដែល​ពួកគេ បាន​សន្យា​ដល់​គ្រួសារ​របស់លោក​នោះទេ ។​

កូនប្រុសលោក លោក ហ្វិ​ញ សាញ់ ​ឈ្មោះ ហ្វិញ ចុង ស្លាប់​ដ៏​អា​ថ៍​កំបាំង នៅក្នុង​បន្ទាយទាហានយួន ។
កូនប្រុសលោក លោក ហ្វិ​ញ សាញ់ ​ឈ្មោះ ហ្វិញ ចុង ស្លាប់​ដ៏​អា​ថ៍​កំបាំង នៅក្នុង​បន្ទាយទាហានយួន ។

​សូមបញ្ជាក់ថា កាលពី​ចុងឆ្នាំ ២០១៩ កន្លងទៅនេះ យុវជន​ខ្មែរក្រោម​ម្នាក់ ឈ្មោះ ហ្វិ​ញ ចុង បាន​ចូល​ធ្វើជា​ទាហាន​យួន នៅក្នុង​បន្ទាយ​យោធភូមិភាគ​ទី ៩ នៃ​កងទ័ព​ប្រជាជន​វៀតណាម ឬ ក្វឹ​ង​ឃូ​ជិន (Quan Khu 9) នា​ខេត្ត​ដុង​ថាប (​ខេត្ត​ផ្សារ​ដែក​) ហើយ​ត្រូវស្លាប់​យ៉ាង​អាថ៌កំបាំង ដោយ​សាកសព​របស់​យុវជន​ជនរងគ្រោះ ត្រូវ​ទាហាន​យួន​វះកាត់ តាំងពី​ពោះ​ដល់ក និង​ក្បាល ព្រមទាំង​មាន​ស្នាម​ជាំ​ពេញ​ដងខ្លួន​ផង ។ ក្រុមគ្រួសារ​សព និង អ្នក​ប្រើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បានដាក់​ការសង្ស័យថា យុវជន​រូបនេះ អាច​ត្រូវគេ​សម្លាប់ ហើយ​បាន​ថ្កោលទោស​ចំពោះ​ទង្វើ​របស់​ក្រុម​ទាហាន​យួន និង​ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត និង​បកស្រាយ​ឲ្យ​បានច្បាស់លាស់​នូវ​ករណី​ស្លាប់​ដ៏​អាថ៌កំបាំង​នេះ ។​

​ទាក់ទង​នឹង​ករណី​ស្លាប់​ដ៏​អា​ថ៍កំ​បាំង​នះ​ដដែល តែ​កើតឡើង ចំពោះ​ព្រះសង្ឃ​វិញ​ម្តង ។ ករណីនេះ គឺ​កើតមានឡើង​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ឪពុក​យុវជន​ខ្មែរក្រោម ដេកស្លាប់ ក្រោយពី​ផ្តល់​បទសម្ភាសន៍​ទាក់ទង នឹង​ការស្លាប់​ដ៏​អា​ថ៍កំ​បាំង​របស់​កូនលោក នៅក្នុង​បន្ទាយ​ទាហាន​យួន ។

​ជាហេតុ​ការណ៍​ដ៏​ភ្ញាក់ផ្អើល​ដល់​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ ចំណុះជើងវត្ត​ដំបង​ពាក់ ស្ថិតនៅ​ភូមិ​ដំបង​ពាក់ ឃុំ​ផ្សារ​ឆេះ ស្រុក​មាត់សមុទ្រ ខេត្ត​ព្រះ​ត្រពាំង (​កម្ពុជា​ក្រោម​) ដែល​ព្រះចៅអធិការ​មួយអង្គ សុគត​ដោយ​មិនដឹង ពី​មូលហេតុ​ច្បាស់លាស់ នៅ​ថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២០ ក្នុង​ព្រះជន្ម ៤២ ព្រះវស្សា ។

​ព្រះសង្ឃ​គង់នៅ​ក្នុង​វត្ត​ឲ្យ​ដឹងថា ព្រះតេជព្រះគុណ តា ង៉ុ​ក​កោ ព្រះចៅអធិការ​វត្ត​ដំបង​ពាក់ ព្រះអង្គ​សឹង​ក្នុង​កុដិ​តែមួយ​ព្រះអង្គឯង សុគត​យ៉ាង​អាណោចអាធ័ម ដោយ​គ្មាន​ព្រះសង្ឃ និង​ពុទ្ធ​បរិ​ស័​ទ្ធ​ណា​បានដឹង​ឡើយ រហូត​ទាល់តែ​ព្រឹក​ឡើង ព្រះសង្ឃ​គង់​ក្នុង​វត្ត​មិនឃើញ​ព្រះអង្គ​និមន្ត​ឡើង​ឆាន់ចង្ហាន់​ពេលព្រឹក ទើប​ព្រះសង្ឃ​ក្នុង​វត្ត​ទៅ​គាស់​ទ្វារ​កុដិ​មើល ទើប​ដឹងថា ព្រះអង្គ​បាន​សុគត​បាត់ទៅហើយ និង​មិនដឹង​សុគត តាំងពី​ថ្មើ​ណា​ឡើយ ។​

​នៅ​ថ្ងៃកើតហេតុ​ដដែល​នោះ អាជ្ញាធរ​វៀតណាម មក​ធ្វើ​កោសល្យវិច័យ​ព្រះ​សព​ព្រះតេជព្រះគុណ តា ង៉ុ​ក​កោ ដែល​បាន​សុគត កាលពី​វេលា​ម៉ោង ៦ ព្រឹក ថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២០ តែ​រក​មិនឃើញ​តម្រុយ​ច្បាស់លាស់ ពី​មូលហេតុ​នៃ​ការ​សុគត​នេះ នៅឡើយ​ទេ ។

ព្រះ​តេជព្រះគុណ តា ង៉ុកកោ ព្រះចៅអធិការ​វត្ត​ដំបងពាក់ ក្នុង​ខេត្តព្រះត្រពាំង នៅកម្ពុជា​ក្រោម ។ ព្រះអង្គ​សុគត​ក្នុង​ភាព​អាថិកំបាំង ក្នុង​បន្ទប់​សឹង​របស់​ព្រះអង្គ ​កាលពី​ថ្ងៃ​ទី​ ៨ ខែ​មេសា ឆ្នាំ ២០២០ ។ រូប៖ សហព័ន្ធខ្មែរកម្ពុជាក្រោម
ព្រះ​តេជព្រះគុណ តា ង៉ុកកោ ព្រះចៅអធិការ​វត្ត​ដំបងពាក់ ក្នុង​ខេត្តព្រះត្រពាំង នៅកម្ពុជា​ក្រោម ។ ព្រះអង្គ​សុគត​ក្នុង​ភាព​អាថិកំបាំង ក្នុង​បន្ទប់​សឹង​របស់​ព្រះអង្គ ​កាលពី​ថ្ងៃ​ទី​ ៨ ខែ​មេសា ឆ្នាំ ២០២០ ។ រូប៖ សហព័ន្ធខ្មែរកម្ពុជាក្រោម

​ព្រះតេជព្រះគុណ តា ង៉ុ​ក​កោ (​គឹម ខាយ​) ជា​ព្រះសង្ឃ​ខ្មែរក្រោម ដែល​សកម្ម​ក្នុង​សកម្មភាព​ពង្រឹង ការថែរក្សា​វប្បធម៌ ប្រពៃណី នៅ​ដែនដី​កម្ពុជា​ក្រោម ។ ក្រៅពីនេះ ព្រះអង្គ​បាន​តែង​និពន្ធ​ទំនុកភ្លេង បទ​ចម្រៀង​ទាក់ទង​នឹង​ការថែរក្សា​វប្បធម៌​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ បង្ហោះ​តាម​បណ្ដាញ​សង្គម ។ ព្រះអង្គ​តែងតែ ស្រាវជ្រាវ​នូវ​តំបន់​ភូមិសាស្ត្រ នៃ​ទឹកដី​កម្ពុជា​ក្រោម ដែ​មានឈ្មោះ​ភូមិ ឃុំ ស្រុក ជា​ភាសា​ខ្មែរ ហើយ​និពន្ធ​ទៅជា​បទ​ចម្រៀង ដើម្បី​អភិរក្ស​វប្បធម៌​ខ្មែរក្រោម​ផង និង​រក្សា​ឈ្មោះ​ដើម​នៃ​ភូមិសាស្ត្រ​ឲ្យ​នៅ​ជា​ភាសា​ខ្មែរ​ផង ។​

​យើង​នៅ​មិនទាន់​ទៅណា​ឆ្ងាយ ពី​ខេត្ត​ព្រះ​ត្រពាំង នៅឡើយ​ទេ​! ឥឡូវ ខ្ញុំ​សូម​អ​ញ្ចើ​ញ​លោក​អ្នកនាង មក​តាមដាន​ករណី​ស្រដៀង​គ្នា​នេះ​ដដែល តែ​ជា​ករណី​ឃាតកម្ម ដែល​បណ្ដាល​ឲ្យ​ស្លាប់​ពលរដ្ឋ​ខ្មែរក្រោម​មួយ​គ្រួសារ មាន​សមាជិក ២ នាក់ ។

​ត្រឹមតែ ២ ខែ​ប៉ុណ្ណោះ យ៉ាងហោចណាស់ ពលរដ្ឋ​ខ្មែរក្រោម ចំនួន ៤ នាក់ បាន​ស្លាប់​ដោយ​ករណី​ផ្សេងៗ ពីគ្នា ។ ករណី​ចុងក្រោយ នៅ​ខេត្ត​ព្រះ​ត្រពាំង នេះ គឺជា​ករណី​ឃាតកម្ម មកលើ​ខ្មែរក្រោម​មួយ​គ្រួសារ កើតមានឡើង នៅ​យប់​ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២០ ដោយ​ជនសង្ស័យ​ជា​ឃាតក គឺ​ជនជាតិ​យួន ។ ជននេះ ក៏​ត្រូវបាន​សមត្ថកិច្ច​នគរបាល ចាប់ខ្លួនបាន​ភ្លាមៗ ដែរ នៅវេលា​ម៉ោង ៨ ព្រឹក​ថ្ងៃទី ៣០ ខែមិថុនា ។​

​អំពើ​ឃាតកម្ម​ដ៏​ព្រៃផ្សៃ មកលើ​ខ្មែរក្រោម​មួយ​គ្រួសារ​នោះ ស្ថិតនៅ​ភូមិ​ជ្រៃ​ភេ ស្រុក​កញ្ចោង ខេត្ត​ព្រះ​ត្រពាំង ត្រូវ​ជនដៃដល់​ជា​ឃាតក និង​ជា​ជនជាតិ​យួន​ផង បាន​វាយ​សម្លាប់​ទៅលើ​សមាជិកគ្រួសារ​មាន​មនុស្ស ២ នាក់ ដែល​ម្នាក់​ជា​កម្មការិនី​រោងចក្រ អាយុ ៣៦ ឆ្នាំ និង បុរស​ជា​ឪពុក​ម្នាក់​អាយុ ៦៧ ឆ្នាំ ។​

ពលរដ្ឋខ្មែរក្រោម ឪពុក និងកូន ត្រូវគេធ្វើឃាត និងរូប​វាយ​ខ្នោះដៃ​ជា​ឃាតក​ជនជាតិ​យួន​
ពលរដ្ឋខ្មែរក្រោម ឪពុក និងកូន ត្រូវគេធ្វើឃាត និងរូប​វាយ​ខ្នោះដៃ​ជា​ឃាតក​ជនជាតិ​យួន​

​ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ បើតាម​អ្នកភូមិ នៅក្បែរ​ផ្ទះ​ជនរងគ្រោះ​ទាំងពីរ​នោះ បានដាក់​ការសង្ស័យថា អាចជា​រឿង​គំនុំគំកួន (​ប៉ុន្តែ មិនទាន់​ដឹង​ច្បាស់​ថា ជា​គំនុំ​រឿង​អ្វី​នោះទេ​) ។ តាម​ប្រភពពី​ពលរដ្ឋ​ខ្មែរក្រោម ដែល​រស់​នៅក្បែរនោះ ឲ្យ​ដឹងថា ជនរងគ្រោះ​ជា​កម្មការិនី​ខ្មែរក្រោម ឈ្មោះ ថាច់ ធី​សា​ភា អាយុ ៣៦ នៅវេលា​ម៉ោង ១០ យប់ នាង​បានចេញ​មកពី​ធ្វើការ​រោងចក្រ រួចហើយ​ក៏​ទៅ​ងូតទឹក​នៅក្រោយ​ផ្ទះ​របស់ខ្លួន ស្រាប់តែ​ឃាតក លប​មក​វាយ​សម្លាប់​ពីក្រោយ​ខ្នង បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅ នឹង​កន្លែងកើតហេតុ ។ អ្នកឃើញ​ហេតុការណ៍​ដដែល​នេះ បានបញ្ជាក់​ទៀតថា នៅ​មុនពេល​កើតហេតុ​ខាងលើ ឪពុក​របស់​ជនរងគ្រោះ ឈ្មោះ ថាច់ ឈួន អាយុ ៦៧ ឆ្នាំ ឮសូរ​សំឡេង​កូន​របស់ខ្លួន​ស្រែកហៅ ក៏​រត់ចេញ​មកជួយ ហើយ​ពេល​កំពុង​ប្រតាយប្រតប់​គ្នា​ជាមួយ​ជនដៃដល់​នោះ ដោយសារតែ​ឪពុក​របស់​ជនរងគ្រោះ​មាន​វ័យ​ចាស់ជរា និង​កម្លាំង​ខ្សោយ​ផង ក៏ត្រូវ​បាន​ឃាតក​វាយ​សម្លាប់​តែម្តង ។ ជុំវិញ​រឿងនេះ សមត្ថកិច្ច​នគរបាល​យួន កំពុង​តែបើ​ការ​ស៊ើប​អ​ង្កេ​លើ​ករណី​ឃាតកម្ម​នេះ ។​

​ឥឡូវ​! យើង​ងាក​មក​តាមដាន​ករណី អំពើ​ឃាតកម្ម ដែល​បាន​កើតមាន​ផ្ទួនៗ គ្នា មកលើ​ពលរដ្ឋ​ខ្មែរក្រោម នៅ​ប្រទេស​កម្ពុជា​វិញ​ម្តង ។ ប៉ុន្តែ មុន នឹង​ឈានចូល​ទៅដល​ក់រឿង​រ៉ាង​ទាំងអស់នេះ ។ ខ្ញុំ​សូម​បង្វែរ​អារម្មណ៍ លោកអ្នក​នាង មក​ស្គាល់​អ្នក​ច្រៀង​បទ​ចម្រៀង​ជាតិនិយម​ខ្មែរក្រោម ដែល​បានទទួល​មរណភាព កាលពី​ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២០ ។ នោះ គឺ​លោក ខឹម ឈុន វុ​ធ​ថា ជា​អ្នកចម្រៀង និង​ជា​ម្ចាស់ Studio ថត​ចម្រៀង​ឈ្មោះ ខឹម ឈុន​វុ​ធ​ថា ស្ទី​ត​ឌី​យោ នៅ​ទីក្រុង​ភ្នំពេញ ។ លោក បានទទួល​មរណភាព ក្នុង​ជន្មាយុ ៥៧ ឆ្នាំ ដោយ​ជំងឺ​គាំងបេះដូង ។​

​កាល​នៅ​រស់រានមានជីវិត នៅក្នុង​ឆ្នាំ ២០១២ លោក ខឹម ឈុន វុ​ធ​ថា ធ្លាប់បាន​ច្រៀង និង​ថត​បទ​ចម្រៀង​ជា CD Vol 1 ឲ្យ​ផលិតកម្ម ព្រៃនគរ របស់​សារព័ត៌មាន ព្រៃនគរ ផងដែរ ។ CD Vol 1 នៃ​ផលិតកម្ម ព្រៃនគរ ជា​បទ​ចម្រៀង​បែប​ប្រពៃណី បាសាក់ និង អា​យ៉ៃ មាន ១២ បទ ដែល​បាន​និពន្ធ​ដោយ លោក សឺ​ង សម្រេច ជាទី​ប្រ​ក្សា នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ច្រៀង​ដោយ លោក ខឹម ឈុន វុ​ធ​ថា ដោយបាន​ប្រើ​ឈ្មោះ​ក្រៅ​ថា កៀង ចម្រើន ។​

​បទ​ចម្រៀង​ទាំងនោះ មានដូចជា ហោមរោង​ខ្មែរក្រោម​, នឹក​ស្រុក​, ស្រណោះ​, ល្បិច​មួលបង្កាច់​, អក្ខរា​ភ្ជាប់​ស្នេហ៍​, ម៉ែ​, នាំ​អូន​ទៅលេង​កម្ពុជា​ក្រោម​, កោត​ចិត្ត​, សំពៅថយ​ក្រោយ​ចោល​កេរ​ដូនតា​, បាយខុន​ស្រះស្រី និង​នំ​បញ្ចុក​ខ្មែរក្រោម ។

ដើម្បី​ចូលរួម​រំលែក​ទុក្ខ ចំពោះ​មរណភាព​នៃ លោក ខឹម ឈុន វុ​ធ​ថា នោះដែរ សារព័ត៌មាន ព្រៃនគរ បាន​ផលិត​បទ​ចម្រៀង​ទាំង ១២ បទ​នេះ ទៅជា​វីដេអូ និង​បាន​ផ្សព្វផ្សាយ នៅតាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ឲ្យ​ទស្សនិកជន​បាន​ស្ដាប់​កម្សាន្ត ។​

លោក ខឹម ឈុន វុធ​ថា
លោក ខឹម ឈុន វុធ​ថា

​លោក សឺ​ន សម្រេច ជាទី​ប្រឹក្សា នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​សម្ដែង​ការសោកស្ដាយ និង អាឡោះអាល័យ​ចំពោះ លោក ខឹម ឈុន វុ​ធ​ថា ដែល​លោក​ធ្លាប់តែ​បាន​ជួបគ្នា​ក្នុង​គ្រា ថត​បទ​ចម្រៀង​ម្ដងនា​ពេលកន្លងមក ។​

​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន លោក សឺ​ង សម្រេច បាន​ថ្លែងថា​៖ «​ខ្ញុំ​សូម​សម្តែង​នូវ​មរណទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ចំពោះ​មរណភាព​នៃ​លោក​លោក ខឹម ឈុន​វុ​ធ​ថា ជា​តារាចម្រៀង​នៃ​ផលិតកម្ម​ព្រៃនគរ Vol1 ដោយ​ប្រើ​ឈ្មោះ កៀង ចំរើន ដែល​ខ្ញុំ​បាន​តែង​និពន្ធ​ទំនុក​បទ​ចម្រៀង​នៅ ឆ្នាំ ២០១២ ។ សំឡេង​របស់ លោក ខឹម ឈុន​វុ​ធ​ថា ហៅ កៀង ចំរើន និង​ស្មារតី​ស្នេហា​ទឹកដី​កម្ពុជា​ក្រោម​របស់លោក នឹង​ដិតដាម​នៅក្នុង​សតិអារម្មណ៍​របស់​ខ្មែរក្រោម​ជា​ដរាប​តរៀង​ទៅ​» ។​

​ក្រៅពី​ច្រៀង​ឲ្យ ផលិតកម្ម ព្រៃនគរ លោក ខឹម ឈុន វុ​ធ​ថា ក៏​ធ្លាប់​ច្រៀង​បទ​ចម្រៀង​មនោសញ្ចេតនា រៀបរាប់​ឈ្មោះ​ភូមិសាស្ត្រ នៅ​ដែនដី​កម្ពុជា​ក្រោម ដែល​បាន​និពន្ធ​ដោយ ព្រះ​តេជ ព្រះ​គុណ តា ង៉ុ​ក​កោ ជា​អតីត​ព្រះចៅអធិការ វត្ត​ដំបង​ពាក់ នៅ​ខេត្ត​ព្រះ​ត្រពាំង ហើយ​ព្រះអង្គ បាន​ស្លាប់​យ៉ាង​អា​ថ៍កំ​បាំង កាលពី​ថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២០ ក្នុង​ព្រះជន្ម ៤២ ព្រះវស្សា ពោល គឺ ៣ ខែក្រោយ​មក ទើប​លោក ខឹម ឈុន វុ​ធ​ថា ទទួលមរណភាព ។​

​យើង​ត្រឡប់មក​តាមដាន​ករ​ណី​ឃាតកម្ម​លើ​ពលរដ្ឋ​ខ្មែរក្រោម នៅ​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា ឯណេះ​វិញ ។ រឿង​នោះ គឺ​បាន​កើតឡើង ចំពោះ​គ្រួសារ​ជនរងគ្រោះ​ខ្មែរក្រោម ដែល​មន្ត្រីនគរបាល​បាញ់​សម្លាប់ ។ គ្រួសារ​បុរស​ខ្មែរក្រោម ដែល​ត្រូវបាន​ជនដៃដល់ ជា​មន្ត្រីនគរបាល​បាញ់​សម្លាប់ កាលពី​យប់ ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២០ នៅក្នុង​សង្កាត់​បឹងកក់ ២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ គ្រួសារ​ជនរងគ្រោះ​ខ្មែរក្រោម បន្ត​ទទូច​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ជនដៃដល់​យកមក​ផ្តន្ទាទោស​ឱ្យបាន​ឆាប់ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ ។ ក្រៅពី​មិនទាន់​ទទួលបាន​ពន្លឺយុត្តិធម៌ ក្រុមគ្រួសារ​ជនរងគ្រោះ​ខ្មែរក្រោម ក៏​កំពុង​ជួបប្រទះ​ការលំបាក ក្រោយពី​បាត់បង់​ប្តី​និង​ឪពុក ដែលជា​បង្គោល​សំខាន់បំផុត នៅក្នុង​គ្រួសារ ។​

​លោក សុខ សុធន ​ជនរងគ្រោះក្នុងអំពើឃាតកម្ម ។ រូបៈ​ Screenshot
​លោក សុខ សុធន ​ជនរងគ្រោះក្នុងអំពើឃាតកម្ម ។ រូបៈ​ Screenshot

លោក សុខ សុធន ហៅ កេ​ន ត្រូវបាន​ជនដៃដល់ ដែលជា​មន្ត្រីនគរបាល​បាញ់ ចំនួន​មួយ​គ្រាប់​ចំ​ដើមទ្រូង បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ នៅ នឹង​កន្លែង កាលពី​វេលា​ម៉ោង ១០ យប់ ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២០ នៅក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ ក្រោយ​ការបាញ់ប្រហារ​នោះ ជនដៃដល់​បាន​ឡើង​ជិះ​ម៉ូតូ​គេចខ្លួនបាត់​ស្រមោល​រហូត​ដល់​សព្វថ្ងៃ ។​

​លោក សុខ សុធន ដែលជា​ជនរងគ្រោះ​មាន​ឪពុកម្តាយ​ជា​ខ្មែរក្រោម មកពី​ខេត្ត​ឃ្លាំង ដែនដី​កម្ពុជា​ក្រោម ប៉ុន្តែ លោក​មាន​កំណើតកើតជា នៅក្នុង​ប្រទេស​កម្ពុជា ។ លោក​មានមុខរ​បរជា​ជាងកាត់សក់ និង​បាន​ជួល​ផ្ទះ​គេ​បើកហាង​កាត់សក់​មួយកន្លែង នៅក្នុង​ខណ្ឌ​ទូល​គោក ទី​ដែល​លោក​ត្រូវបាន​ជនល្មើស​បាញ់សម្លាប់ ។​

​ភរិយា​ជនរងគ្រោះ គឺ​អ្នកស្រី ឆាយ សុខ​ម៉េង អាយុ ៤០ ឆ្នាំ បានឱ្យដឹងថា​ពីមុនមក​គ្រួសារ អ្នកស្រី​ធ្លាប់​ត្រូវបាន​ជនដៃដល់ ដែលជា​មន្ត្រីនគរបាល​ប្តឹងទៅ​សាលាសង្កាត់​ម្តង​រួចមកហើយ ដោយបាន​ចោទ​គ្រួសារ​អ្នកស្រី​ថា បាន​ចត​ឡាន​ប៉ះពាល់​ដល់ផ្ទះ​របស់គេ ។ ក្រោយមក គ្រួសារ​អ្នកស្រី​ក៏បាន​ធ្វើតាម​ការណែនាំរ​បស់​សមត្ថកិច្ច ហើយ​ចាប់តាំងពី​ពេល​នោះមក គ្រួសារ​អ្នកស្រី​ក៏​មិនមាន​ទំនាស់​អ្វី​ជាមួយ​ជនដៃដល់​នោះទេ គ្រាន់តែ​អន់ចិត្ត​គ្នា​ហើយ​មិន និយាយ​រាប់រក​គ្នា​ប៉ុណ្ណោះ ។​

អ្នកស្រី ឆាយ សុខ​ម៉េង និងកូនស្រីទាំង ៤ នាក់ ។ រូបៈ Screenshot
អ្នកស្រី ឆាយ សុខ​ម៉េង និងកូនស្រីទាំង ៤ នាក់ ។ រូបៈ Screenshot

​អ្នកស្រី ឆាយ សុខ​ម៉េង រៀបរាប់ថា មុន​ការបាញ់ប្រហារ ប្តី​អ្នកស្រី​បាន​ជួបជុំ​ហូបចុក​កំសាន្ត ជាមួយ​មិត្តភក្តិ ដែល​មកពី​ខេត្តកំពង់ចាម នៅខាងមុខ​ផ្ទះ​អ្នកស្រី ប៉ុន្តែ មិនមាន​ទំនាស់​អ្វី​ជាមួយ ជនដៃដល់​នោះទេ ។​

​ក្រោយ​ហូបចុក​រួច​មិត្តភក្តិ​ក៏បាន​ចាកចេញ​ទៅវិញ​អស់​សល់​តែ​ប្តី​អ្នកស្រី ។ ពេលនោះ​ជន​រង គ្រោះ​បានរៀបចំ​យក​ម៉ូតូ រើ​អីវ៉ាន់ និង​បរ​ឡាន​ចូល​ទុក​ក្នុងផ្ទះ ពេលនោះ ស្រាប់តែ​ជនដៃដល់ ដែល​អ្នកស្រី​មិនដឹង​ច្បាស់​ថា លេចចេញ​ពី​ណា​នោះទេ បាន​ដើរមក​បាញ់​ប្តី​អ្នកស្រី​តែម្តង រួច​ក៏​ឡើង​ជិះ​ម៉ូតូ​បើក​គេចខ្លួន ។​

​ក្រោយមក​ជនដៃដល់​ត្រូវបាន​គេ​ដឹងថា​មានឈ្មោះ លី ថា​រិ​យ ។ រូបថត​ជនដៃដល់ ដែលមាន​ពាក់​ឯកសណ្ឋាន​ជា​កងកម្លាំង​នគរបាលជាតិ និង​មាន​ឋានន្តរ​ជា​អនុសេនីយ៍ត្រី ឬ​សក្តិ ១ ត្រូវ បាន​លាតត្រដាង​ផងដែរ ។​

ជនដៃដល់​ជាមន្រ្តីនគរបាលជាតិ ​ឈ្មោះ លី ថា​រិ​យ មាន​ឋានន្តរ​ជា​អនុសេនីយ៍ត្រី ឬ​សក្តិ​ ១ ។ រូបៈ Screenshot
ជនដៃដល់​ជាមន្រ្តីនគរបាលជាតិ ​ឈ្មោះ លី ថា​រិ​យ មាន​ឋានន្តរ​ជា​អនុសេនីយ៍ត្រី ឬ​សក្តិ​ ១ ។ រូបៈ Screenshot

​លោក និង​ភរិយា​មានកូន​ចំនួន ៤ នាក់​នៅក្នុង​បន្ទុក ។ ប្តី​ស្លាប់​មិនទាន់​ទាំង​បាន​មួយខែ​ផង ជីវិត​អ្នកស្រី សុខ​ម៉េង និង​កូនៗ ចាប់ផ្តើម​ជួបប្រទះ​បញ្ហាលំបាក​ជា​បណ្តើរៗ ទៅហើយ ។ កូន​ដែល​ធ្លាប់​រៀន​ទាំង​នៅ​សាលា​ខ្មែរ និង​សិក្សា​ភាសាបរទេស នៅ​សាលា​ឯកជន ពេលនេះ ត្រូវ​បង្ខំចិត្ត​ឱ្យ​កូន​ផ្អាក​រៀន​ភាសាបរទេស​សិន និង​ស្នើសុំ​ដាក់​កូន​រៀន នៅតាម​សាលា​អង្គការ​វិញ​ដែរ ។​

​ជុំវិញ​ករណី​ឃាតកម្ម​នេះដែរ វិទ្យុ​អាស៊ីសេរី បាន​រាយការណ៍​ថា អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន នៅ​ប្រទេស​កម្ពុជា ស្នើ​ឲ្យ​សមត្ថកិច្ច​នៃ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ស៊ើបអង្កេត ករណី​ឃាតកម្ម និង​បាត់​ខ្លួន ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ។ សំណើ​នេះ ដោយសារតែ អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម សង្កេតឃើញថា អាជ្ញាធរ​របស់​រដ្ឋាភិបាល លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហាក់​មិនសូវ​យកចិត្ត​ដាក់​លើ​ករណី​ឃាតកម្ម និង​បាត់​ខ្លួន របស់​ពលរដ្ឋ​ខ្មែរក្រោម នៅ​កម្ពុជា ។​

​លេខាធិការដ្ឋាន អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​កម្ពុជា បានចេញ​សេចក្ដីថ្លែងការណ៍​រួម​សំដែង​ក្តីបារម្ភ ពី​សុវត្ថិភាព​ខ្មែរក្រោម ដែល​កំពុង​រស់នៅ​កម្ពុជា ប្រសិនបើ​អាជ្ញា​ធរមាន​សមត្ថកិច្ច មិនមាន​វិធានការ​សមស្រប​ណាមួយ ដើម្បី​ស្វែងរក​ជនសង្ស័យ ពាក់ព័ន្ធ នឹង​ករណី​ឃាតកម្ម និង​បាត់​ខ្លួន​របស់​ពលរដ្ឋ​ខ្មែរក្រោម ។ សេចក្ដីថ្លែងការណ៍​ចេញ កាលពី​ថ្ងៃទី ១៥ តុលា ឲ្យ​ដឹងថា ករណី​គួរ​ឲ្យ​សង្ស័យ​មួយចំនួន​មានដូចជា ពលរដ្ឋ​ខ្មែរក្រោម លោក ថាច់ ភារ​ម្យ ស្លាប់​ដោយសារតែ​លង់ទឹក ដោយមាន​ខ្នោះ​ជាប់​នៅ នឹង​ដៃ កាលពី​ថ្ងៃទី ៣ ខែកញ្ញា និង​ករណី​លោក សុខ សុធន ត្រូវ​មន្ត្រីប៉ូលិស​បាញ់សម្លាប់ កាលពី​ថ្ងៃទី ២៦ កញ្ញា ព្រះតេជព្រះគុណ កៀង សាង​សទ្ធា ត្រូវ​រថយន្តបុក រហូតដល់​សុគត កាលពី​ថ្ងៃទី ៤ តុលា ។ អង្គការ​ខ្មែរ​កម្ពុជា​ក្រោម ថា ករណី​ទាំងនេះ នៅ​មិនទាន់មាន​សមត្ថកិច្ច​ដោះស្រាយ និង នាំខ្លួន​ជនសង្ស័យ​មក​ផ្ដន្ទាទោស​នៅឡើយ​ទេ ។​

​ដោយឡែក ករណី ព្រះតេជព្រះគុណ អ៊ាង សុខ​ធឿន ដែល​ត្រូវ​ឃាតក​សម្លាប់​ទាំង​អាថ៌កំបាំង កាលពី​ឆ្នាំ ២០០៧ ហើយ​ត្រូវ​សមត្ថកិច្ច​យក​សព​ទៅ​បញ្ចុះ​ទាំងយប់ ដោយ​មិន​ឲ្យ​គ្រួសារ​គាស់​យក​សព​ទៅធ្វើ​បុណ្យ នៅ​មិនទាន់​រកឃើញ​ឃាតក​នៅឡើយ​ទេ ។ ចំណែក ព្រះសង្ឃ​ខ្មែរក្រោម ព្រះតេជព្រះគុណ មាស វិចិត្រ ក៏បាន​បាត់​ព្រះកាយ កាលពី​ឆ្នាំ ២០១៧ ដោយ​មិនដឹង​មូលហេតុ មកទល់​សព្វថ្ងៃនេះ ។ លេខាធិការដ្ឋាន អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ស្នើ​ឲ្យ​សមត្ថកិច្ច​ស៊ើបអង្កេត ឃាតកម្ម និង​បាត់​ព្រះកាយ​ព្រះសង្ឃ​ខ្មែរក្រោម ដើម្បី ផ្តល់​យុត្តិធម៌​ដល់​ពួកគេ ។

​ឆ្លើយតប នឹង​សំណើ​របស់​អង្គការ​ខ្មែរ​កម្ពុជា​ក្រោម​នេះ មន្ត្រី​នាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ី​ផាន ប្រាប់​អាស៊ីសេរី​ថា អាជ្ញាធរ​ខ្មែរ​មិន​រើសអើង​ពលរដ្ឋ​ខ្មែរក្រោម​នោះទេ ។ លោក​ថា ខ្មែរក្រោម មាន​សិទ្ធិសេរីភាព ទទួលបាន​យុត្តិធម៌ ចំពោះមុខ​ច្បាប់​ដូច​ពលរដ្ឋ​ដទៃទៀត​ដែរ ។​

​ទោះបី​មានការ​អះអាង​របស់​ម​ន្ត្រី​រដ្ឋាភិបាល​ដូច្នោះ​ក្តី អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បន្ត​ទទូច​ឲ្យ​អាជ្ញាធរ​បន្ត​ស៊ើបអង្កេត ករណី​ឃាតកម្ម និង​បាត់​ខ្លួន​ពលរដ្ឋ​ខ្មែរក្រោម ដើម្បី​ឲ្យ​ជនរងគ្រោះ​ទទួលបាន​យុត្តិធម៌ ។ នេះ​មិនមែនជា​លើកទីមួយ ដែល​អង្គការ​ខ្មែរ​កម្ពុជា​ក្រោម ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ផ្តល់​សិទ្ធិ​ស្មើភាព​ដល់​ពលរដ្ឋ​ខ្មែរក្រោម​នៅ​កម្ពុជា ។ កាលពីដើម​ខែតុលា តំណាង​ក្រុម​អង្គការ​ខ្មែរក្រោម និង​អង្គការ​ក្នុងស្រុក​ចំនួន ១០ ប្រាប់ ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ថា រដ្ឋាភិបាល​ខ្មែរ មិនបាន​យកចិត្តទុកដាក់​ខ្មែរក្រោម ឲ្យ​បាន​ពេញលេញ​នោះទេ ហើយ​ការអនុវត្ត​ច្បាប់​លើ​ពលរដ្ឋ​ខ្មែរក្រោម មាន​លក្ខណៈ​មិន​ច្បាស់លាស់​ពិសេស ការផ្តល់​សញ្ជាតិ​ឲ្យ​ខ្មែរក្រោម ដែល​រស់នៅ​កម្ពុជា ។ បញ្ហា​នេះហើយ បណ្ដាល​ឲ្យ​ពួកគេ​មិនអាច​ទទួលបាន​អត្តសញ្ញាណប័ណ្ណ ប្លង់ដី និង​ឯកសារ​ផ្សេងៗ បណ្ដាល​ឲ្យ​ពួកគេ​មិន​ទទួលបាន​សិទ្ធិ​ពេញលេញ ជួបប្រទះ​ការរើសអើង និង​បាត់បង់​ផលប្រយោជន៍​ក្នុងសង្គម​ជាដើម ។​

​ខ្ញុំ​សូម​បិទ​បញ្ចប់​ការ​សង្ខេប​ព្រឹត្តិការណ៍ អំពី​ករណី​ឃាតកម្ម ការស្លាប់​ដោយ​អា​ថ៍កំ​បាំង នៅ​កម្ពុជា​ក្រោម និង កម្ពុជា ក្នុង​ឆ្នាំ ២០២០ ដោយ​ក្រឡេក​ទៅ​មើល​ក្នុង​ឆ្នាំ ២០២០ នេះ​ដដែល តែ​ជា​ករណី​មរណភាព​របស់​វីរជន​ខ្មែរក្រោម ដែល​ហ៊ាន​លះបង់​ប្រយោជន៍​របស់ខ្លួន ចូលរួម​តស៊ូ​ប្រឆាំងនឹង​របប​កុ​ម្មុយ​និ​ស​យួន ដើម្បី​ជាតិ​មាតុភូមិ​កម្ពុជា​ក្រោម​ក្រោម ។ មរណភាព​របស់​ជន ដែល​ធ្លាប់បាន​ចូលរួម​សមរភូមិ​តស៊ូ ដើម្បី​សេរីភាព​ខ្មែរក្រោម នោះ គឺ លោក គឹម ប៊ុ​ក កែវ ជា​សហ​ស្ថាបនិក “​រណសិរ្ស​រំដោះ​កម្ពុជា​ក្រោម​” ក្នុង​ឆ្នាំ ១៩៧៦ ។​

​លោក គឹម ប៊ុ​ក កែវ ជា​អតីត​មេដឹកនាំ​ម្នាក់ នៃ រណសិរ្ស​សេរីកា​ជាតិ​រំដោះ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម កាលពី​ឆ្នាំ ១៩៧៦ បានទទួល​អនិច្ចកម្ម នៅ​ព្រឹក​ថ្ងៃ​សុក្រ ៣ រោច ខែស្រាព​ណ៍ ឆ្នាំជូត ទោស័ក ព​. ស​. ២៥៦៤ ត្រូវ នឹង​ថ្ងៃទី ៧ ខែសីហា គ​. ស ២០២០ ក្នុង​ជន្មាយុ ៦៩ ឆ្នាំ ដោយ​រោគាពាធ នៅ​ទីស្នាក់ការ​កណ្តាល នៃ មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម នា​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា ។

​លោក គឹម ប៊ុ​ក កែវ ប្រសូត នៅ​ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ១៩៥១ នៅ​ភូមិ​បន្ទាយ​ក្រ ឃុំ​បឹ​ង្រៃ ស្រុក​ថ្កូវ ខេត្ត​ព្រះ​ត្រពាំង ដែនដី​កម្ពុជា​ក្រោម ។​

លោក​ គឹម ប៊ុ​ក កែវ ( ២២ វិច្ឆិកា ១៩៥១ - ៧ សីហា ២០២០)
លោក​ គឹម ប៊ុ​ក កែវ ( ២២ វិច្ឆិកា ១៩៥១ – ៧ សីហា ២០២០)

​លោក គឹម ប៊ុ​ក កែវ ជា​មេដឹកនាំ​ម្នាក់​ក្នុង​ចលនា​តស៊ូ​រំដោះទឹកដី​កម្ពុជា​ក្រោម មាន​ឈ្មោះថា «​រណសិរ្ស​សេរីកា​ជាតិ​រំដោះ​ខ្មែរ​កម្ពុជា​ក្រោម​» ដែល​បាន​ងើបឡើង​រំដោះទឹកដី​កម្ពុជា​ក្រោម ដោយ​កម្លាំងប្រដាប់អាវុធ នៅក្នុង​ខេត្ត​ព្រះ​ត្រពាំង កាលពី ៤៤ ឆ្នាំមុន ។ រណសិរ្ស​នេះ បាន​ក្រោក​ឡើង​តស៊ូ​រំដោះទឹកដី​កម្ពុជា​ក្រោម នៅ​ថ្ងៃទី ១៦ វិច្ឆិកា ឆ្នាំ ១៩៧៦ ដែលមាន លោក សឺ​ន ញ៉ ជា​ប្រធាន និង​លោក លោក កៀង ហ៊ាន ជា​អនុប្រធាន ។​

​បន្ទាប់ពី​បាន​វាយ​ដណ្ដើមយក​ទីតាំង និង​កាន់កាប់​ខេត្ត​ព្រះ​ត្រពាំង ជាពិសេស នៅក្នុង​ស្រុក កញ្ចោង​បាន​មួយរយៈ​ខ្លី រដ្ឋាភិបាល​យួន​ក៏បាន​ប្រមូល​កម្លាំងប្រដាប់អាវុធ​តូចធំ​ពី​ខេត្ត​នានា ជួយ​ប្រយុទ្ធ​បណ្ដាល​ឲ្យ​ចលនា​តស៊ូ​នេះ​មិន​ទទួលបាន​ជោគជ័យ ។​

​ឆាកប្រយុទ្ធ​មួយ​រវាង​ខ្មែរក្រោម និង​កងទ័ព​កុ​ម្មុយ​និ​ស្ត​យួន ដែល​ខ្លាំងជាងគេ​នោះ គឺ​សមរភូមិ នៅក្នុង​ស្រុក​កញ្ចោង ពេលនោះ លោក ថាច់ ភី និង សមាជិក​នៃ​ចលនា​នេះ​ពីររូប​ទៀត​នៅលើ​ស្តែ​ន​ទឹក ឬ​អាង​ស្តុក​ទឹក ដែលមាន​អាវុធ​គ្រប់​ធុន​ដូចជា​គ្រាប់បែក M79,12,8l បាន​បាញ់​សំដៅ​ចូលទៅ​សាលាស្រុក ដែល​កាន់កាប់​ដោយ​យួន​កុ​ម្មុយ​និ​ស្ត បាន​បណ្តាល​ឲ្យ​កម្មាភិបាល​យួន​ស្លាប់​និង​រងរបួស​ជាច្រើន ។​

​លុះដល់ ពេល​រសៀល​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​យួន ក៏បាន​នាំ​ទ័ព​ជំនួយ​របស់គេ​មកពី​ខេត្ត​លង់​ហោរ ដែល​យួន​ហៅថា វិញ​ឡុង ធ្វើ​អន្តរាគមន៍ មាន​ទាំង​រថក្រោះ​កាំភ្លើង​ធំ​មក​ផង ។ ដោយសារ​កម្លាំង​របស់​ចលនា​នេះ មិនអាច​ទប់ទល់​នឹង​កម្លាំង​របស់​រដ្ឋាភិបាល​យួន​បាន​ក៏​នាំគ្នា​ដកថយ​នៅសល់តែ ៣ នាក់​ប៉ុណ្ណោះ​ដែល​នៅលើ​ស្តែ​ន​ទឹក ។ គ្រានោះ កងទ័ព​យួន​បាន​ឡោមព័ទ្ធ​ជុំវិញ​ស្តែ​ន​ទឹក ហើយ​បញ្ជា​ឲ្យ​រថក្រោះ​កាំភ្លើង​ធំ​បាញ់​សម្រុកចូល​ស្តែ​ន​ទឹក ធ្វើ​ឲ្យ លោក ថាច់ ភី និង សមាជិក​ពីររូប​ទៀត បាន​ស្លាប់​នៅក្នុង​សមរភូមិ​នេះ ។ ពេល​បានឃើញ រថក្រោះ កំពុង​បាញ់​សម្រុក​ស្តែ​ន​ទឹក​ដូច្នោះ លោក ថាច់ ភឿង និង​កូនប្រុស​របស់គាត់​ម្នាក់​ទៀត​ឈ្មោះ ថាច់ ភឿន បាន​ឱប​គ្រាប់បែក លោត​ឡើងលើ​រថក្រោះ​បោក ធ្វើអត្តឃាត​បណ្តាល​ឲ្យ​ទ័ព​យួន​ស្លាប់​ជាច្រើន ។​

​បន្ទាប់មក លោក គឹម ប៊ុ​ក កែវ ត្រូវ​រដ្ឋាភិបាល​នៃ​បក្សកុម្មុយនិស្ត​វៀតណាម កាត់ទោស​ឲ្យ​ជាប់គុក ១៥ ឆ្នាំ ដោយ​ចោទ​ពីបទ​ប្រឆាំងនឹង​របប​បក្សកុម្មុយនិស្ត​យួន ។ ក្រៅពី​រូបលោក មាន​មេដឹកនាំ ព្រមទាំង​សមាជិក ជាច្រើន​ទៀត នៃ​ចលនា​តស៊ូ​នេះ អ្នកខ្លះ​ត្រូវ​យួន​ចាប់​ដាក់គុក​ពី ៣ ទៅ ២០ ឆ្នាំ ខ្លះ​ស្លាប់​ក្នុង​សមរភូមិ ខ្លះ​ត្រូវ​យួន​កាត់ទោស​ប្រហារជីវិត និង​ខ្លះទៀត​ត្រូវ​កាត់ទោស​កំបាំងមុខ​ឲ្យ​ជាប់គុក​ពី ៣ ឆ្នាំ រហូតដល់​អស់​មួយជីវិត ៕

Leave A Reply

Your email address will not be published.