សង្ខេប​ព្រឹត្តិការណ៍​បញ្ហាដីធ្លី​កើតឡើង នៅ​កម្ពុជា​ក្រោម ក្នុង​ឆ្នាំ ២០២០

0 783

ដោយ ស៊ឺន ចែងចើន

​កាលពី​សប្តាហ៍​មុន លោកអ្នក​នាង បាន​ស្តាប់​រួចមកហើយ ជុំវិញ​ការ​សង្ខេប​ព្រឹត្តិការណ៍​រំលោភសិទ្ធិ​មនុស្ស ការ​រិត​ត្បិត​សេរីភាព​បញ្ចេញមតិ ការថែរក្សា​វប្បធម៌ ព្រះពុទ្ធសាសនា និង​វត្ត​អារាម ដែល​កើតមានឡើង នៅ​ដែនដី​កម្ពុជា​ក្រោម ក្នុង​ឆ្នាំ ២០២០ ។ ដោយឡែក នៅថ្ងៃនេះ លោកអ្នក​នាង នឹង​បាន​ស្តាប់​រឿង​រ៉ាង​ទាក់ទង នឹង​ករណី​ដីធ្លី​វិញ​ម្តង ។ នៅ​ឆ្នាំ ២០២០ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម និង​សារព័ត៌មាន ព្រៃនគរ មាន​សេចក្តីរាយការណ៍​ជា​ហូរហែ ពី​បញ្ហា​វិវាទ​ដីធ្លី​របស់​ពលរដ្ឋ​ខ្មែរក្រោម ជាមួយ​ក្រុម​ឈ្មួញ​មានអំណាច​ជនជាតិ​យួន និង ក្រុមហ៊ុន រួមជាមួយ​ជម្លោះដីធ្លី​រ៉ាំរ៉ៃ​នឹង​អាជ្ញាធរ​ដែនដី​ផងដែរ ។ កន្លងមក​ពលរដ្ឋ​ខ្មែរក្រោម ដែល​ចូលរួម​តវ៉ា ពី​បញ្ហាដីធ្លី​នោះ មានដូចជា ខេត្ត​មាត់ជ្រូក ខេត្ត​ឃ្លាំង ខេត្ត​ព្រះ​ត្រពាំង និង​ខេត្ត​ក្រមួនស នៃ​ដែនដី​ខ្មែរ​កម្ពុជា​ក្រោម ដែល​បច្ចុប្បន្ន​គ្រប់គ្រង​ដោយ​ប្រទេស​វៀតណាម ។ ហើយ​ការតវ៉ា​នោះ ក៏មាន​ការចាប់ខ្លួន​ព​ល​រដ្ឋ​ខ្មែរក្រោម​ដាក់ពន្ធនាគារ​ជា​ហូ​ហែរ ។​ ​តើ​រឿងរ៉ាវ​ទំនាស់​ដីធ្លី​របស់​ពលរ​ដ្ឋ​ខ្មែរក្រោម ដែល​ពាក់ព័ន្ធ​នឹង​បុគ្គល​មានអំណាច និង​អាជ្ញាធរ​វៀតណាម កើតឡើង​យ៉ាង ដូចម្តេចខ្លះ​? តើ​មានការ​ដោះស្រាយ​បញ្ហាដីធ្លី​ដោយ​យុត្តិធម៌​ដែរ ឬទេ នៅពេល​ពលរដ្ឋ​ខ្មែរក្រោម ស្វែងរក​អន្តរាគមន៍​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ជម្លោះដីធ្លី​របស់គេ ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម​? ។ អ្នកនាង ថាច់ សុជាតា សូម​រម្លឹក​ឡើងវិញ អំពី​ព្រឹត្តិការណ៍​ទាំងអស់នេះ ជូន​លោក​អ្នកនាង បាន​ជ្រាប ដូចតទៅ ៖

កសិក​ខ្មែរ​ក្រោម ​ប្រឈម​មុខ​ជាមួយ​នគរបាល​វៀតណាម ស្ថិត​ក្នុង​ភូមិ​​ប៉ប្រក់ ឃុំ​ប៉ប្រក់ ស្រុក​កៀងលឿង ខេត្ត​ក្រមួន​ស កាលពី​ថ្ងៃ​ទី ៥ ខែ​ឧសភា ឆ្នាំ ២០២០ ។ រូបៈ​ Screenshot
កសិក​ខ្មែរ​ក្រោម ​ប្រឈម​មុខ​ជាមួយ​នគរបាល​វៀតណាម ស្ថិត​ក្នុង​ភូមិ​​ប៉ប្រក់ ឃុំ​ប៉ប្រក់ ស្រុក​កៀងលឿង ខេត្ត​ក្រមួន​ស កាលពី​ថ្ងៃ​ទី ៥ ខែ​ឧសភា ឆ្នាំ ២០២០ ។ រូបៈ​ Screenshot

គ្រាន់តែ​បើកឆាក​រឿង​ដីធ្លី​ដំបូង​គេ​បង្អស់​ក្នុង​ឆ្នាំ ២០២០ ពោល គឺ នៅ​ដើម​សប្តាហ៍​នៃ​ខែឧសភា​ភ្លាម ក៏មាន​បញ្ហា​ភ្លែត​តែម្តង ដូចដែល​ពាក្យចាស់​ថា «​ពងមាន់​កុំ​ចង់​ជល់​នឹង​ថ្ម​» ដែល​ចង់​សំដៅថា កុំ​ចង់ទៅ​ប៉ះពាល់​ជាមួយ​ពួក​អ្នក​ប្រើ​អំណាច ដើម្បី​ស្វែងរក​ប្រយោជន៍​ផ្ទាល់ខ្លួន ។ រឿ​រ៉ាវ​នោះ គឺ​ករណី​ពលរដ្ឋ​ខ្មែរក្រោម នៅ​ខេត្ត​ក្រមួនស ប្រមាណ ៨០០ នាក់ ជា​ជនរងគ្រោះ​នៃ​ការបង្ខំ​បណ្ដេញ ពី​ដីធ្លី ទទួលរង​នូវ​អំពើហិង្សា ពី​សំណាក់​អាជ្ញាធរ​វៀតណាម ។ ការផ្ទុះ​ហិង្សា​ជាមួយ​អាជ្ញាធរ​វៀតណាម កើតឡើង​ដោយសារតែ នៅ​ថ្ងៃទី ៥ ខែឧសភា អាជ្ញាធរ​វៀតណាម រួមមាន​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ ប៉ូលិស ទាហាន ដែល​ប្រដាប់​ដោយ​អាវុធ ជាង ១០០ នាក់ បាន​ចុះទៅ​រឹបអូស​យក​ដី​ជាង ៣០០០ ហិកតា ។ ប៉ុន្តែ ពលរដ្ឋ​ខ្មែរក្រោម​ជំទាស់​រហូត​ផ្ទុះ​ជា​អំពើហិង្សា បណ្ដាល​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម ជាង ១០ នាក់​រង​បួស​ធ្ងន់ និង​ស្រាល ។ ពលរដ្ឋ​ខ្មែរក្រោម​ឲ្យ​ដឹងថា ពួកគេ​បាន​អាស្រ័យ​ផល​លើដី​នោះ តាំងពី​អំឡុង​ឆ្នាំ ១៩៧៣ មកម្ល៉េះ ប៉ុន្តែ​អាជ្ញាធរ​វៀតណាម​មិន​ព្រមធ្វើ​ប័ណ្ណកម្មសិទ្ធិ​ឲ្យ​នោះទេ ។​

​មួយ​សប្តាហ៍​ក្រោយមក ពលរដ្ឋ​ខ្មែរក្រោម ដែល​រងរបួស​ដោ​យក​ម្លាំ​ង​ចម្រុះ ប្រើ​ហិង្សា​បង្ក្រាប ពេល​តវ៉ា​រឿង​ជម្លោះដីធ្លី​ជាមួយ​អាជ្ញាធរ​វៀតណាម នៃ​ខេត្ត​ក្រមួនស បានដាក់​ញ​តិ្ត​ទៅ​នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន ស្វឹ​ន​ហ្វុ​ក (Nguyen Xuan Phuc) ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ដោះស្រាយ​ជម្លោះដីធ្លី​នេះ​ឡើងវិញ ដើម្បី​ផ្ដល់​យុត្តិធម៌​ពលរដ្ឋ​ខ្មែរក្រោម ដែល​ម្ចាស់​ដី ឲ្យ​បាន​ឆាប់រហ័ស​ជាទីបំផុត ពីព្រោះ​ពលរដ្ឋ​ខ្មែរក្រោម អាច​រស់រានមានជីវិត គឺ​អាស្រ័យ​ដីស្រែ​ចម្ការ ។

​ញា​តិ្ត​ចុះ​ថ្ងៃទី ១០ ឧសភា ដោយ​តំណាង​ពលរដ្ឋ​ជា​កសិក​សរ​ខ្មែរក្រោម ចំនួន ១៤៥ គ្រួសារ បាន​រៀបរាប់ថា «​នៅ​ឆ្នាំ ១៩៨២ ពលរដ្ឋ​ខ្មែរក្រោម បានមក​កាប់ឆ្ការ​ដី នៅ​តំបន់​ភូមិ​ប៉ប្រក់ ដែល​ដី​ទាំងនោះ ពីមុនមក ដូនតា​របស់​ពួកគេ ធ្លាប់បាន​កាប់ឆ្ការ និង​កែប្រែ ព្រមទាំង​ធ្លាប់​ធ្វើស្រែ នៅ​លើដី​ទាំងនោះ ។ ការធ្វើ​ស្រែ នៅលើ​ដី​នោះ រហូតដល់​ឆ្នាំ ២០០០ ពេលនោះ ក៏​ជួប​គ្រោះទឹកជំនន់ ចំនួន ៣ ឆ្នាំ​ជាប់ៗ គ្នា ធ្វើ​ឲ្យ​កសិករ​ខ្មែរក្រោម​ទាំងនោះ មិនអាច​ធ្វើស្រែ​បាន ក៏​សម្រេចចិត្ត​ផ្អាក​ធ្វើ​ធ្វើស្រែ​លើដី​នោះ​មួយរយៈ ។ លុះដល់​ឆ្នាំ ២០០៣ លោក យ័​ញ ខូ​ន ជា​មេឃុំ និង​កញ្ញា សី ជា​សមាជិក​គណៈកម្មាធិកា​រ​ប្រជាជន​ឃុំ​ភូមី បាន​ចូលរួម​ក្នុង​អង្គប្រជុំ​មួយ ដែល​ធ្វើឡើង នៅក្នុង​វត្ត​ប៉ប្រក់ ។ គណៈ​កម្មាភិបាល​ទាំង ២ រូបនោះ ក៏បាន​បំផុសគំនិត​កសិករ​ខ្មែរក្រោម ដាំ​ចចូត កសិករ​ទាំងនោះ ក៏​យល់ព្រម ហើយ​បាន​សួរ​ទៅ​កម្មាភិបាល​ឃុំ​នោះ​ថា តើ​ពួកគេ​ត្រូវ​ដាំ​ចចូត​នោះ រយៈពេល​ប៉ុន្មាន​ឆ្នាំ​? កម្មាភិបាល​ទាំងនោះ បាន​ឆ្លើយថា រយៈពេល ៤ ឆ្នាំ ។ ពេល​ដាំ​បាន​ចចូត​ហើយ ត្រូវ​លក់​ជូន​ក្រុមហ៊ុន​មួយ ។ ពេល​លក់​ចចូត​នោះ ពេល​ល​ខ្លះ រាប់​ខែ​ទៅហើយ ប៉ុន្តែ ក្រុមហ៊ុន​គ្មាន​លុយ​ទូទាត់​សង​ថ្លៃ​ចចូត​ជូន​ពួកគេ​ឡើយ បានត្រឹមតែ​ជូន​បង្កាន់ដៃ​មក​ឲ្យ​ពួកគាត់​តែប៉ុណ្ណោះ ។ ការធ្វើ​ដូច្នេះ ពួកគេ​ពុំ​អាច​រស់​បានឡើយ​»

​ញា​តិ្ត​ដដែល​នោះ បាន​សរសរ​បន្តទៀត​ថា «​លុះដល់​ឆ្នាំ ២០០៨ កសិករ​ខ្មែរក្រោម បាន​លើក​ទំនប់​ធ្វើស្រែ​បន្តទៅទៀត ស្រាប់តែ​កម្មាភិបាល​ឃុំ មករា​រាំង​មិន​ឲ្យ​ពួកគាត់​ធ្វើ ។ ក្រោយមក​គណៈកម្មាធិកា​រ​ប្រជាជន​ឃុំ បាន​សំណូមពរ​ឲ្យ​ក​សិរ​ក​ខ្មែរក្រោម ធ្វើ​កិច្ចសន្យា​ដាំ​ចចូត​ចំនួន ៤ ឆ្នាំ​ទៀត ។ ដោយ​គណៈកម្មាធិការ​ប្រជាជន​ឃុំ​និយាយថា គណៈកម្មាធិការ​ប្រជាជន​ឃុំ​បានធ្វើ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ហួស​ទៅហើយ ដូច្នេះ សុំ​ពន្យា​ពេល​ជាមួយ​ពួកគេ​បន្ថែមទៀត រង់ចាំ​ចប់​កិច្ចសន្យា​សិន ។ តែ​កសិករ​ខ្មែរក្រោម មិន​យល់ព្រម ក៏បាន​តវ៉ា​ទៅ​សាលាស្រុក កៀង លឿង (Kieng Luong) ទន្ទឹម​នោះ ក៏​បន្តទៅ​ជួប​ជាមួយ​គណៈកម្មការ​ជនជាតិ​ខេត្ត​ក្រមួនស (Kieng Giang) ដើម្បី​សុំ​យោបល់ ពេលនោះ​គណៈកម្មការ​ជនជាតិ​ខេត្ត បាន​ណែនាំ​ឲ្យ​ពួកគេ ធ្វើ​ពាក្យសុំ​អន្តរាគមន៍ ទៅ​ឃុំ និង​ស្រុក​ឲ្យ​ជួយ​ដោះស្រាយ ។ ពួកគេ ក៏បាន​ធ្វើ​ពាក្យ​ដាក់ជូន សាលាឃុំ​ភូមី និង សាលាស្រុក​យ៉ាង​ថា​ញ់ ឲ្យ​ជួយ​ដោះស្រាយ ក្រោយមក សាលាឃុំ​បាន​អញ្ជើញ​ពួកគេ​ឲ្យ​ទៅ​ចូលរួម​ប្រជុំ ដោយ​លើកឡើងថា សូម​រង់ចាំ​គោលការណ៍​ពី​ថ្នាក់​ខេត្ត និង​មជ្ឈិម​ជាមុនសិន មុន នឹង​ដោះស្រាយ​ជូន» ។

​ញត្តិ​ដដែល​នោះ ក៏​មិន​ភ្លេច​រំឭក ពី​ព្រឹត្តិការ​នៃ​ការប្រើ​អំពើហិង្សា ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន ជម្រាប​ទៅ​លោក នាយករដ្ឋមន្ត្រី​វៀតណាម ដែរ ។ ញត្តិ​នោះ សរសេរ​ក្នុងន័យ​ដើម ថា «​នៅ​ថ្ងៃទី ៥ ខែ ៥ ឆ្នាំ ២០២០ កម្មាភិបាល​ស្រុក ឃុំ សហការ​ជាមួយ​កងកម្លាំង​នគរបាល ដោយមាន​វត្តមាន​រប​ស់លោក ឡេ វ៉ាន់​ម៉ុង ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ឃុំ​ភូមី​ផង សរុប​ចំនួន ប្រហែល ១០០ នាក់ បានមក​រារាំង វាយប្រហារ និង​បោក​គ្រាប់​បែកផ្សែង ចំនួន ៣ គ្រាប់ ទៅលើ​ប្រជាពលរដ្ឋ​យើងខ្ញុំ ធ្វើ​ឲ្យ​ពលរដ្ឋ​យើងខ្ញុំ​សន្លប់ បាត់ស្មារតី ដើម្បី​ពួកគេ​សម្រុកចូល​បង្ក្រាប​យើងខ្ញុំ បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​យើងខ្ញុំ​រងរបួស​ធ្ងន់ និង​ស្រាល​ជាង ១០ នាក់ ដែល​នៅ​ក្នុងនោះ មាន​ប្រជាពលរដ្ឋ​យើងខ្ញុំ ៦ រូប ត្រូវ​រងរបួស​ជា​ទម្ងន់​» ។​

​ស្របពេល ដែល​ខ្មែរក្រោម នៅ​ដែនដី​កំណើត​របស់ខ្លួន កំពុង​ស្វែងរក​អន្តរាគមន៍ ពី​រដ្ឋាភិបាល​វៀតណាម ឲ្យ​ដោះស្រាយ​បញ្ហាដីធ្លី​នេះ វិទ្យុ​អាស៊ីសេរី បាន​រាយការណ៍​ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ក៏បាន​ស្នើសុំ​កិច្ច​អន្តរាគមន៍ ពី​ក្រសួងការបរទេស​អាមេរិក ឲ្យ​ជំរុញ​វៀតណាម ឲ្យ​ផ្ដល់​ដី​ទៅ​ខ្មែរក្រោម​វិញ ។ ក្នុង​លិខិត​ទៅ​មន្ត្រី​ផ្នែក​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​ការងារ នៃ​ការិយាល័យ​កិច្ចការ​អាស៊ី​ខាងកើត និង​ប៉ា​ស៊ី​ហ្វិ​ច សហព័ន្ធ​ស្នើ​ឲ្យ​អាមេរិក និង​ប្រទេស​ម្ចាស់ជំនួយ​ផ្សេងទៀត ត្រូវ​ជួយ​គាបសង្កត់​អាជ្ញាធរ​កុ​ម្មុយ​និ​ស្ត​វៀតណាម ដើម្បី​ផ្ដល់​ដី​ខ្មែរ​ដល់​ពលរដ្ឋ​ខ្មែរក្រោម វិញ ។​
​វិទ្យុ​អាស៊ីសេរី​ដដែល រាយការណ៍​បន្តថា សមាគម​ខ្មែរក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ដែលមាន​មូលដ្ឋាន នៅ​កម្ពុជា ក៏បាន​ដាក់សំណើ​ទៅ​ក្រសួងការបរទេស​កម្ពុ​ជា ដើម្បី​ឲ្យ​អន្តរាគមន៍​ទៅ​វៀតណាម ឲ្យ​ដោះស្រាយ​បញ្ហាដីធ្លី​ដល់​ពលរដ្ឋ​ខ្មែរក្រោម ដែរ ។ ប៉ុន្តែ មន្ត្រី​នាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា លោក កុយ គួ​ង លើកឡើងថា ខ្មែរក្រោម​ឋិត នៅក្រោម​ការគ្រប់គ្រងរ​បស់​វៀតណាម ដូច្នោះ រដ្ឋាភិបាល​កម្ពុជា មិនអាច​ដោះស្រាយ​ឲ្យ​បានទេ ។ ប៉ុន្តែ ការអះអាង​នេះ ផ្ទុយ​ទៅ នឹង​សកម្មភាព​របស់​វៀតណាម ដែល​តែងតែ​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជួយ​ដល់​ជីវភាព​ជន​អន្តោរ​ប្រវេសន៍​វៀតណាម ហើយ​កម្ពុជា ក៏​ធ្លាប់​ផ្តល់​ដី​ឲ្យ​ជនជាតិ​វៀតណាម រាប់រយ​គ្រួសារ​ទៀតផង ។​

​ទាក់ទង​ទៅនឹង​ការរំលោភ​ដីធ្លី​ពលរដ្ឋ​ខ្មែរក្រោម​នេះ នាយករង​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​យូ​មែន រ៉ៃ​ត៍ វ៉​ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូបឺត​សុន (Phil Robertson) ថែ្ល​ង​ប្រាប់​វ​ទ្យុ​អាស៊ីសេរី ថា ដោយសារតែ​រដ្ឋាភិបាល​កុ​ម្មុយ​និ​ស្ត​វៀតណាម ជា​អ្នកគ្រប់គ្រង​ដី​ទាំងស្រុង នៅក្នុង​ប្រទេស​នេះហើយ ទើបបាន​បណ្ដាល​ឲ្យ​មាន​វិបត្តិ​ដីធ្លី កើតឡើង​យ៉ាងធ្ងន់ធ្ងរ នៅ​ទូទាំងប្រទេស ។ លោក​បន្តថា រដ្ឋាភិបាល​វៀតណាម បាន​បង្ខំ​ឲ្យ​ពលរដ្ឋ​ចាកចេញ​ពី​ដីធ្លី​របស់​ពួកគេ ហើយក៏​បាន​បង្ក​អំពើហិង្សា​ទៀតផង ។​

លោក ហ្វីល រ៉ូបឺត​សុន សង្កត់ធ្ងន់ យ៉ាង​ដូច្នេះ​ថា «​រដ្ឋាភិបាល​វៀតណាម បាន​កាន់កាប់​ដីធ្លី ហើយ​តែងតែ​ប្រើប្រាស់​កម្មសិទ្ធិ​នេះ ដើម្បី​ដាក់​ការត្រួតត្រា​ទៅលើ​ដីធ្លី​របស់​សហគម​ន៍ ។ ជាក់ស្ដែង ដូច​ករណី​ដី​ពលរដ្ឋ​ខ្មែរក្រោម ដែល​បាន​កាន់កាប់​ចាប់តាំងពី​ឆ្នាំ ១៩៧៣ ជាដើម ដែល​ត្រូវ​វៀតណាម​បង្ខំ​បណ្ដេញចេញ ដោយ​សំអាង​លើ​ហេតុផល​មួយចំនួន ។ ការបង្ខំ​បណ្ដេញចេញ​នេះ បណ្ដាល​ឲ្យ​កើតមាន​អំពើហិង្សា គេច​មិន​ផុត​នោះទេ ដោយសារតែ​ពលរដ្ឋ​រស់នៅ​អាស្រ័យ​ផល​លើដី​ស្រែចម្ការ ។ ដីធ្លី​ចម្ការ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ជីវិត​រស់នៅ​របស់​ពួកគេ ។ ករណី​អំពើហិង្សា​កើតឡើង​នៅ​ខេត្ត​កៀង​យ៉ាងនេះ បណ្ដាល​ឲ្យ​ខ្មែរក្រោម ១០ នាក់​រងរបួស បង្កឡើង​ដោយ​កងសន្តិសុខ​វៀតណាម ។ ករណីនេះ ជា​ឧទាហរណ៍ បាន​ប្រើប្រាស់​អំណាច​រំលោភសិទ្ធិ​របស់​ខ្មែរក្រោម និង​សហគមន៍​ពួកគេ​»​ ។​

សំណុំរឿង​បណ្ដេញ​ពលរដ្ឋ​ខ្មែរក្រោម ចេញពី​ដីធ្លី នៅ​មិនទាន់​ចប់​តែ​ត្រឹមតែ​ការប្រើ​អំពើហិង្សា​ប៉ុណ្ណោះ​ទេ ។ ដោយនៅ​មិនទាន់​អស់ចិត្ត នៅ​មួយខែ​ក្រោយមក គី​នៅ​យប់​ថ្ងៃទី ៧ មិថុនា អាជ្ញាធរ​វៀតណាម នៃ​ខេត្ត​ក្រមួនស បាន​ចុះ​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរក្រោម​មួយ​គ្រួសារ ដែលមាន​សមាជិក ៦ នាក់ ក្នុង​មាន​ស្ត្រី​ម្នាក់​ទើប​សម្រាល​កូនជាង ១ ខែ​ផង ដោយ​ចោទប្រកាន់ថា ពួកគេ​ដឹកនាំ​បះបោរ​ធ្វើការ​ទន្ទ្រាន​យក​ដី ដែល​កំពុងមាន​ជម្លោះ​ទំហំ​ជាង ៣.០០០ ហិកតា ។​

​លោកស្រី ហ្វិ​ន ធី​ហូ​វ ដែល​ត្រូវ​អាជ្ញាធរ​វៀតណាម​ចាប់ខ្លួន ប៉ុន្តែ ត្រូវ​ដោះលែង​មកវិញ និង​ជា​ប្អូនស្រី​លោក ហ្វិ​ន វ៉ាំ​ង​ឌែ​ប ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ថា នៅ​យប់​ថ្ងៃទី ៧ មិថុនា ខណៈ​អ្នកស្រី កំពុង​បំបៅ​ដោះ​កូន ស្រាប់តែ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​របស់​អាជ្ញា​វៀតណាម ប្រមាណ​ជាង ៥០ នាក់ បាន​សម្រុក​ចូលដល់​ក្នុងផ្ទះ រួច​វាយ​ទាត់​ធាក់ និង​ប្រើ​ដំបងឆក់​ពួក​អ្នកស្រី ហើយ​ចាប់ខ្លួន​ប្តី​អ្នកស្រី និង​អ្ន​ស្រី រួមទាំង​សមាជិកគ្រួសារ ៤ នាក់​ផ្សេងទៀត ទាំង​ដែល​អ្នកខ្លះ កំពុងតែ​ដេក​លង់លក់​ទៅហើយនោះ វាយខ្នោះ​បញ្ជូន​ឡើង​ឡាន យកទៅ​សាលាឃុំ​ប៉ប្រក់ ។

​លោកស្រី ហ្វិ​ន ធី​ហូ​វ រៀបរាប់​ទៀតថា ពេល​បញ្ជូន​ដល់​សាលាឃុំ ក្រោយ​ការសាកសួរ​ជាង ២ ម៉ោង អាជ្ញាធរ​វៀតណាម បាន​ដោះលែង​អ្នកស្រី ប្ដី​អ្នកស្រី និង​សាច់ញាតិ​ទាំងអស់ ៤ នាក់​ឲ្យ​មក​ផ្ទះ​វិញ ដោយឡែក ចំពោះ​បងប្រុស​របស់​អ្នកស្រី គឺ លោក ហ្វិ​ន វ៉ាំ​ង​ឌែ​ប អាជ្ញាធរ​វៀតណាម មិន​ដោះលែង​នោះទេ ដោយ​បញ្ជូន​បន្តទៅ​ឃុំខ្លួន នៅ​សាលាស្រុក កៀង លឿង ក្នុង​ខេត្ត​ក្រមួនស ។​

​យើង​មិនទាន់​ទៅណា​ឆ្ងាយ ពី​សំណុំរឿង​ដីធ្លី នៅ​ខេត្ត​ក្រមួនស នៅឡើយ​ទេ​! ឥឡូវ ខ្ញុំ​សូម​អ​ញ្ចើ​ញ​លោក​អ្នកនាង មក​តាមដាន ករណី​ជុំវិញ​រឿង​សិ​ករ​ខ្មែរក្រោម គឺ លោក ហ្វិ​ន វ៉ាំ​ង​ឌែ​ប ដែល​អាជ្ញាធរខេត្ត​នេះ ចុះ​ចាប់ខ្លួន​លោក ពាក់ព័ន្ធ​នឹង​រឿង​ដីធ្លី កាលពី​ថ្ងៃទី ៧ មិថុនា ដោយ​ចោទប្រកាន់ថា លោក​ដឹកនាំ​បះបោរ​ធ្វើការ​ទន្ទ្រាន​យក​ដី ដែល​កំពុងមាន​ជម្លោះ​ទំហំ​ជាង ៣.០០០ ហិកតារ ។ ការចាប់ខ្លួន លោក ហ្វិ​ន វ៉ាំ​ង​ឌែ​ប ដោយសារតែ​លោក ជា​អ្នកស៊ីឈ្នួល​បើក​ត្រាក់ទ័រ​ឈូសឆាយ​លើដី​ស្រែ​ឲ្យ​ពលរដ្ឋ​ចំនួន ១៤៥ គ្រួសារ នៅ​ភូមិ​ប៉ប្រក់ ឃុំ​ប៉ប្រក់ ស្រុក​កៀង​លឿង ខេត្ត​ក្រមួនស កាលពី​ថ្ងៃទី ៥ ខែឧសភា ២០២០ ដោយ​លោក បាន​បើក​អេស្កាវ៉ាទ័រ ដើម្បី​រារាំង​អាជ្ញាធរ​វៀតណាម ប្រដាប់​ដោយ​អាវុធ​ជាច្រើន​រយ​នាក់ ចុះទៅ​ហាមឃាត់ និង​រឹបអូស​យក​ដីស្រែ ដែលជា​កម្មសិទ្ធិ​របស់​ពលរដ្ឋ​កំពុង​ប្រើប្រាស់ ។

នៅ​ថ្ងៃទី ៤ ខែកញ្ញា កសិករ​ខ្មែរក្រោម​ម្នាក់ ដែល​អាជ្ញាធរខេត្ត​ក្រមួនស បាន​ចាប់ និង​ឃុំខ្លួន​ពាក់ព័ន្ធ​ករណី​ជម្លោះដីធ្លី គឺ​លោក ហ្វិ​ន វ៉ាំ​ង​ឌែ​ប ត្រូវបាន​អា​ជ្ញ​ធរ​ក្នុង​ខេត្ត​នេះ សម្រេច​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ។

​ប្រភពព័ត៌មាន ពី​អង្គការ​ប្រជាជាតិ និង​ប្រជា​ជា​ជន​គ្មាន​តំណាង ហៅ​កាត់​ថា UNPO ឲ្យ​ដឹងថា សេចក្ដីសម្រេច​ដោះលែង លោក ហ្វិ​ន វ៉ាំ​ង​ឌែ​ប ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន កាលពី​ថ្ងៃទី ៤ ខែកញ្ញា គឺ​ដោយសារតែ​ការស៊ើបអង្កេត​កន្លងមក​របស់​អាជ្ញាធរ​វៀតណាម អស់​រយៈពេល ៣ ខែ ប៉ុន្តែ រក​មិនឃើញ​ពី​ទោសកំហុស​របស់គាត់ ។

បើតាម​អង្គការ UNPO ដដែល ឲ្យ​ដឹង​ទៀតថា បើទោះបីជា​អាជ្ញាធរ​វៀតណាម បាន​ដោះលែង​ឲ្យ លោក ហ្វិ​ន វ៉ាំ​ង​ឌែ​ប នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​ក្តី ប៉ុន្តែ លោក ហ្វិ​ន វ៉ាំ​ង​ឌែ​ប ត្រូវបាន​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការតាមដាន​យ៉ាង​តឹងតែង ពី​សំណាក់​អាជ្ញាធរ​ដដែល ពោល គឺ​លោក​មិនអាច​ផ្លាស់ប្ដូរ​ទីលំនៅ និង​ហាម​មិន​ឲ្យ​ចាក​ចេញពី​លំនៅឋាន ឬ​ធ្វើដំណើរ​ទៅ​បរទេស​ជាដើម ដោយ​គ្មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​ឡើយ ។ ក្រៅពីនេះ អាជ្ញាធរ​វៀតណាម ក៏​បង្គាប់​ឲ្យ​លោក ត្រូវ​ចូលខ្លួន​ទៅ​បំភ្លឺ នៅ​ចំពោះមុខ​អាជ្ញា​មូលដ្ឋាន​ជា​រៀងរាល់ខែ​ផង ។​

លោកអ្នក​នាង​ជាទី​មេត្រី​! ចំពោះ​ការដោះលែង កសិករ​ខ្មែរក្រោម ដែល​ទើបតែ​ចេញពី​មន្ទីរឃុំឃាំង ដែល​មិនទាន់​ស្គាល់​ទិស ត្បូង ជើង លិច កើត នៅ​ខាង​ណា​ផង ស្រាប់តែ​នៅ​ថ្ងៃទី ១០ ខែតុលា អាជ្ញាធរ​យួន នៅ​ខេត្ត​ក្រមួនស រៀបចំ​សំណុំរឿង​បញ្ជូន​កសិករ​ខ្មែរក្រោម ទៅ​តុលាការ ដោយ​ចោទប្រកាន់​ពួកគាត់ ពីបទ​ប្រើ​អំពើហិង្សា​មកលើ​កម្លាំង​សមត្ថកិច្ច ក្នុង​ព្រឹត្តិការណ៍​តវ៉ា​រឿង​វិវាទ​ដីធ្លី​អូសបន្លាយ​យូរអង្វែង​អស់​ជាច្រើន​ឆ្នាំ បណ្តាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​រងរបួស​ធ្ងន់​ស្រាល​ប្រមាណ​ជាង ១០ នាក់ ។

បើតាម​ក្រុម​ម​គ្រួសារ​សាច់ញាតិ ដែល​រងគ្រោះ​ដោយសារតែ​ការបណ្ដេញ​ចេញពី​ដីធ្លី​ម្នាក់ ថ្លែងប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ឲ្យ​ដឹង​នៅ​ថ្ងៃទី ១០ ខែតុលា​ថា យ៉ាងហោចណាស់​មាន​មនុស្ស​ជិត ៣០ នាក់ ត្រូវបាន​អាជ្ញាធរ​វៀតណាម កោះហៅ​ដើម្បី​សួរចម្លើយ ។ ក្នុងនោះ មនុស្ស​ចំនួន ៤ នាក់ ត្រូវ​អាជ្ញា​ធរមាន​សមត្ថកិច្ច កំពុង​ចាត់វិធានការ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការ ពាក់ព័ន្ធ នឹង​ការចោទប្រកាន់​ករណី​ប្រើ​អំពើហិង្សា​មកលើ​កម្លាំង​សម្ថ​កិច្ច​វៀតណាម ជុំវិញ​បញ្ហា​ជម្លោះដីធ្លី នៅ​ខេត្ត​ក្រមួនស ។​

សាច់ញាតិ​របស់​ជនរ​ង​គ្រោះ​ដដែល​នេះ បញ្ជាក់ថា អ្នក​ទាំង ៤ នាក់ ដែល​អាជ្ញាធរ​សម្រេច​បញ្ជូនទៅ​កាន់​តុលាការ​នោះ រួមមាន​លោក ហ្វិ​ន វ៉ាំ​ង​ឌែ​ប អាយុ ៤១ ឆ្នាំ (​ជា​អ្នកស៊ីឈ្នួល​បើក​អេស្កាវ៉ាទ័រ​) លោក តៀន ដាម អាយុ ២៨ ឆ្នាំ (​ជា​ម្ចាស់​ដី​) តៀន ណា​ម អាយុ ២៨ ឆ្នាំ (​ជា​ម្ចាស់​ដី​) និង​លោកយាយ ធី ភិ​ច អាយុ ៧១ ឆ្នាំ (​ជា​ម្ចាស់​ដី​) ។ ចំណែក​ពលរដ្ឋ​ខ្មែរក្រោម​ជាប់​ពាក់ព័ន្ធ​ចំនួន ២៣ នាក់​ផ្សេងទៀត ត្រូវបាន​អាជ្ញាធរ​ម្រេច​ដាក់ពិន័យ​រដ្ឋបាល ដោយ​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ៗ ចាប់ពី​បី​លាន​ដុង​ទៅ​បួន​លាន​ដុង ឬ​ស្មើ នឹង ១៥០ ដុល្លារ ទៅ ២០០ ដុល្លារ ។​

ដោយ​មិនរង់ចាំ​ពេល​យូរ ដើម្បី​ចោទប្រកាន់​កសិករ​ខ្មែរក្រោម ឲ្យ​មាន​ទោសទណ្ឌ តុលាការខេត្ត​ក្រមួនស នៃ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម នៅ​ថ្ងៃទី ៣ ខែធ្នូ បានប្រកាស​សាលក្រម​ផ្ដន្ទាទោស​ពលរដ្ឋ​ខ្មែរក្រោម ជា​ជនរងគ្រោះ​នៃ​ការបង្ខំ​បណ្តេញ​ពី​ដីធ្លី​ស្រែចំការ​ចំនួន ៤ នាក់​ឲ្យ​ជាប់ពន្ធនាគារ ពី ៦ ខែ​ទៅ ២ ឆ្នាំកន្លះ ពីបទ​ប្រើ​អំពើហិង្សា​មកលើ​កងកម្លាំង​សមត្ថកិច្ច និង​បទ​ប្រឆាំងនឹង​អាជ្ញាធរ​សាធារណៈ ដែលជា​សំណុំរឿង​ដីធ្លី កាលពី​ដើ​ខែឧសភា ឆ្នាំ ២០២០ កន្លងទៅ ។

នៅក្នុង​អង្គ​សវនាការ ដែល​ប្រើពេល​ពេញ​មួយថ្ងៃ ចាប់ពី​ម៉ោង ៨ ព្រឹក ដល់​ម៉ោង ៥ រសៀល នោះ លោក ហ្វិ​ន វ៉ាំ​ង​ឌែ​ប ត្រូវបាន​តុលាការ​រកឃើញថា មានទោស​ពីបទ​ប្រើ​អំពើហិង្សា​មកលើ​កងកម្លាំង​សមត្ថកិច្ច និង​បទ​ប្រឆាំងនឹង​អាជ្ញាធរ​សាធារណៈ ក្នុង​សំណុំរឿង​ចេញមុខ​តវ៉ា​ករណី​ជម្លោះដីធ្លី​របស់​ពលរដ្ឋ​ខ្មែរក្រោម ជាមួយ​រដ្ឋអំណាច​យួន ដោយ​ផ្តន្ទាទោស ២ ឆ្នាំកន្លះ ។​

​ចំណែក កសិករ​ខ្មែរក្រោម បីនាក់​ផ្សេងទៀត ក៏​ត្រូវបាន​តុលាការ​ស្រុក យ៉ាង ថា​ញ់ នៃ​ខេត្ត​ក្រម​យ​នស កាត់ទោស​ពីបទ​ចោទ​ដូចគ្នានេះដែរ ។ ពួកគេ​ទាំងបី​នាក់​នោះ រួមមាន លោក តៀន ដាម អាយុ ២៨ ឆ្នាំ (​ជា​ម្ចាស់​ដី​) ផ្ដន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ ២ ឆ្នាំ ៣ ខែ លោក តៀន ណា​ម អាយុ ២៨ ឆ្នាំ (​ជា​ម្ចាស់​ដី​) ផ្ដន្ទាទោស​ឲ្យ​ជាប់ ១ ឆ្នាំ និង​លោកយាយ ធី ភិ​ច អាយុ ៧១ ឆ្នាំ (​ជា​ម្ចាស់​ដី​) ផ្ដន្ទាទោស​ឲ្យ​ជាប់ ១ ឆ្នាំ តែ​ដាក់​ឲ្យ​ស្ថិតក្នុង​ការព្យួរទោស​មា​ន​លក្ខខណ្ឌ ។​

​ក្រៅពី​កសិករ​ខ្មែរក្រោម ទាំង​បួន​នាក់ ដែល​ត្រូវបាន​តុលាការ​ចោទប្រកាន់​ខាង​លើ ពលរដ្ឋ​ខ្មែរក្រោម ជាប់​ពាក់ព័ន្ធ​ចំនួន ២៣ នាក់​ផ្សេងទៀត ត្រូវបាន​អាជ្ញាធរ​ម្រេច​ដាក់ពិន័យ​រដ្ឋបាល ដោយ​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ៗ ចាប់ពី​បី​លាន​ដុង​ទៅ​បួន​លាន​ដុង ឬ​ស្មើ នឹង ១៥០ ដុល្លារ ទៅ ២០០ ដុល្លារ ។​

​ទាក់ទង នឹង​ការកាត់ទោស​កសិករ​ខ្មែរក្រោម​នេះដែរ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​បន្ទាន់​មួយ ដោយ​ថ្កោលទោស​អាជ្ញាធរ​វៀតណាម ដែល​បាន​កាត់ទោស កសិករ​ខ្មែរក្រោម ចំនួន​បួន​នាក់ ឲ្យ​ជាប់ពន្ធនាគារ ក្នុង​ម្នាក់ៗ ពី ១ ឆ្នាំ ទៅ ២ ឆ្នាំកន្លះ ទាំង​អយុត្តិធម៌ ។ នៅក្នុង​សេចក្តីថ្លែងការណ៍ ចុះ​ថ្ងៃទី ៦ ខែធ្នូ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ ជំរុញ​ឲ្យ​ប្រទេស​វៀតណាម ទម្លាក់ចោល​បទចោទប្រកាន់​មកលើ​កសិករ​ខ្មែរក្រោម ។ សេចក្តីថ្លែងការណ៍​ដដែល​លើកឡើង​ទៀតថា ពួកគេ​ជា​កសិករ​ខ្មែរក្រោម មាន​ជីវភាព​ក្រីក្រ​ខ្វះខាត ដោយសារតែ​រង​ផលប៉ះពាល់​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ។ ដូច្នេះ ពួកគេ​ត្រូវការ​ដីស្រែ​ចំការ​របស់​ពួកគេ ដើម្បី​ធ្វើ​កសិកម្ម​បង្កបង្កើនផល សម្រាប់​ផ្គត់​ផ្គង​គ្រួសារ​របស់​ពួកគេ ដ្បិត​តាំង​កំឡុងពេល​មាន​ជំងឺ​រាតត្បាត​នេះ​មក កសិក​ខ្មែរក្រោម​រងគ្រោះ​ដីធ្លី ធ្លាក់ខ្លួន​ទីទាល់ក្រ ។​

​ដោយ​បិទ​បញ្ចប់​ការកាត់ទោស​របស់​តុលាការ​វៀតណាម នៅ​ខេត្ត​ក្រមួនស ដែល​ផ្តន្ទាទោស​ឲ្យ​កសិករ​ខ្មែរក្រោម ៤ នាក់​ឲ្យ​ជាប់គុក​ពី ១ ឆ្នាំ ទៅ ២ ឆ្នាំកន្លះ ក្នុង​សំណុំរឿង​ដីធ្លី ទាំង​អយុត្តិធម៌​នោះ ។ នាង​ខ្ញុំ សូម​ជម្រាបជូន​នូវ​រឿងរ៉ាវ ដ៏​អយុត្តិធម៌​មួយទៀត ពាក់ព័ន្ធ​នឹង​រឿង​ដីធ្លី​នេះដែរ ប៉ុន្តែ កើតមានឡើង នៅ​ខេត្ត​ព្រះ​ត្រពាំង​វិញ​ម្តង ។ ដំណើរ​រឿងនេះ កើតឡើង នៅពេល​ពលរដ្ឋ​ខ្មែរក្រោម​មួយ​គ្រួសារ នៅ​ខេត្ត​ព្រះ​ត្រពាំង ដែល​វៀតណាម ដាក់ឈ្មោះ​ថ្មី​ថា ខេត្ត​ត្រា​វិញ ដែលមាន​បញ្ហាដីធ្លី កំពុង​ជួប​បញ្ហា​ក្នុងការ​រស់នៅ ព្រោះតែ​ឈ្មួញ​ដីធ្លី​មានអំណាច​ជា​ជនជាតិ​យួន​ម្នាក់ បាន​បិទ​ទ្វាររបង​ចេញចូល​លើដី​មាន​ជម្លោះ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោ​មួយ​គ្រួសារ​នោះ មិនអាច​ធ្វើដំណើរ​ចេញចូល ទៅកាន់​ផ្លូវ​សាធារណៈ​បាន ។

ឈ្មួញ​រកស៊ី​ដី ជនជាតិ​យួន​ឈ្មោះ កៅ អាញ់ ឡៀក (Cao Anh Liệt​) (រូបឈរ) កំពុងបញ្ជាឲ្យកូនចៅយកគ្រឿងចក្រ​ឈូស​ឆាយ​ដីបិទផ្លូវចេញចូលផ្ទះពលរដ្ឋខ្មែរក្រោម ។ រូបៈ ផ្តល់ឲ្យ
ឈ្មួញ​រកស៊ី​ដី ជនជាតិ​យួន​ឈ្មោះ កៅ អាញ់ ឡៀក (Cao Anh Liệt​) (រូបឈរ) កំពុងបញ្ជាឲ្យកូនចៅយកគ្រឿងចក្រ​ឈូស​ឆាយ​ដីបិទផ្លូវចេញចូលផ្ទះពលរដ្ឋខ្មែរក្រោម ។ រូបៈ ផ្តល់ឲ្យ

​អ្នកមាន​លុយ និង​មានអំណាច​ជា​ជនជាតិ​យួន​ម្នាក់ កាលពី​ថ្ងៃទី ១២ ខែធ្នូ ចុះមក​បិទ​ទ្វាររបង​ចេញចូល​ផ្ទះ​របស់​ខ្មែរក្រោម​មួយ​គ្រួសារ នៅ​ភូមិ​ក្រសាំង អនុ​សង្កា​ត់ទី ៩ សង្កា​ត់ទី ៩ ទីក្រុង​ព្រះ​ត្រពាំង ខេត្ត​ព្រះ​ត្រពាំង ដែលមាន​ប័ណ្ណ​កាន់កាប់​ដីធ្លី ឬ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់ តាំងតែ​ពី​ឆ្នាំ ១៩៧៩ ។ ឈ្មួញ​រកស៊ី​ដី​រូបនោះ បាន​យក​គ្រឿងចក្រ​កាយ​ផ្ដាច់​ផ្លូវ និង​យក​បង្គោល​ភ្លើង​ធំៗ ជាច្រើន​ដើម រួច​ធ្វើ​របង​បិទផ្លូវ​ចេញចូល​សាធារណៈ មិន​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​មួយ​គ្រួសារ ចេញចូល​កន្លែង​ស្នាក់នៅ ។​

​លោក គឹម សុខន ដែលជា​ម្ចាស់​មានកម្ម​សិទ្ធិ​ដីធ្លី​ស្រប់ច្បាប់ បាន​រៀបរាប់​អំពី​សកម្មភាព​ឈូសឆាយ​របស់​ឈ្មួញ​រកស៊ី​ដីធ្លី បាន​ប្រើ​ឥទ្ធិពល​របស់ខ្លួន​បំពាន​មកលើ​ពលរដ្ឋ​ខ្មែរក្រោម ស្លូតត្រង់ ។ លោក​ថា នៅ​កន្លែងកើតហេតុ​នោះ អាជ្ញាធរ​មូលដ្ឋាន និង​គរ​បាល បាន​ចុះមក​ឃ្លាំមើល​ដោយផ្ទាល់​ដែរ តែ​មិនបាន​ដោះស្រាយ​បញ្ហា​នេះ ជូន​គ្រួសារ​លោក​នោះទេ ។​

លោក គឹម សុខន បាន​ឲ្យ​ដឹង​បន្ថែមទៀតថា ផ្លូវ​នេះ ជា​ផ្លូវចេញចូល​ដី​ផ្ទះ​របស់លោក​ទៅកាន់​ផ្លូវ​សាធារណៈ ដូច្នេះ ទោះជា​កំពុងមាន​វិវាទ​ដីធ្លី​យ៉ាងណាក៏ដោយ ក៏​តុលាការ​មិនត្រូវ​សម្រេច​ឲ្យ​បិទផ្លូវ​នេះដែរ ។ ពលរដ្ឋ​រូបនេះ ស្នើ​ទៅ​អាជ្ញាធរខេត្ត ជួយ​អន្តរាគមន៍​ឲ្យ​មានការ​បើកផ្លូវ​នេះ​ឡើងវិញ ។​

ជុំវិញ​រឿងនេះ កាលពី​ថ្ងៃទី ១០ ខែវិច្ឆិកា ក​ន្ហ​ង​ទៅនេះ អាជ្ញាធរ​វៀតណាម បាន​ចុះ​បិទទ្វារ​របង​ចេញចូល​ផ្ទះ​របស់​ពលរដ្ឋ​ខ្មែរក្រោម​មួយ​គ្រួសារ​នេះ​ម្តង​រួចហើយ តែ​ក្រោយមក គ្រួសារ​ខ្មែរក្រោម​នោះ បាន​វាយ​កម្ទេចចោល​វិញ ។ ការបិទ​ទ្វាររបង​ចេញចូល​ផ្ទះ​នេះដែរ គឺធ្វើឡើង​បន្ទាប់ពី​នាយកដ្ឋាន​អនុវត្ត​សាលដីកា​រដ្ឋប្បវេណី​ខេត្ត​ព្រះ​ត្រពាំង នៃ​រដ្ឋាភិបាល​វៀតណាម កាលពី​ថ្ងៃទី ៥ ខែវិច្ឆិកា បាន​កោះហៅ​ក្រុមគ្រួសារ​ជា​ពលរដ្ឋ​ខ្មែរក្រោម ទៅ​ចុះហត្ថលេខា​ទទួលស្គាល់ លើ​ការអនុវត្ត​សាលក្រម​ជា​ស្ថាពរ​របស់​តុលាការ តែ​គ្រួសារ​ខ្មែរក្រោម​បាន​បដិសេធ​សេចក្ដីសម្រេច​របស់​តុលាការ ហើយ​លើកឡើងថា ទង្វើ​របស់​អាជ្ញាធរ​ដែ​ល​សហការ​នឹង​ជនជាតិ​យួ​នោះ ជាការ​រំលោភបំពាន និង​មាក់ងាយ​ដល់​ជនជាតិដើម​ខ្មែរក្រោម​ម្ចាស់​ស្រុក ។​

ចំណែក ឈ្មួញ​រកស៊ី​ដី ជនជាតិ​យួន​ឈ្មោះ កៅ អា​ញ់ ឡៀក (Cao Anh Liệt) ដែលជា​អ្នក​មក​តាំងទី​លំនៅ​ថ្មី ដោយ​ទិញ​ដី​របស់​ពលរដ្ឋ​ខ្មែរក្រោម នៅក្បែរ​ផ្ទះ​របស់​ជនរងគ្រោះ​ដីធ្លី នៅ​ឆ្នាំ ២០០៣ ។ ក្រោយមក លោក កៅ អា​ញ់ ឡៀក បាន​ទន្ទ្រាន​ដណ្ដើមយក​ដីធ្លី​ចិញ្ចើមថ្នល់​នៅមុខ​ផ្ទះ​របស់​ពលរដ្ឋ​ខ្មែរក្រោម​នោះ និង​បាន​បិទផ្លូវ​មិន​ឲ្យ​ធ្វើដំណើរ​ចេញ​ចូលទៅ​ផ្លូវ​សាធារណៈ ។​

ក្រោយ​ទទួលរង​នូវ​អំពើ​អយុត្តិធម៌ ក្រុមគ្រួសារ​ខ្មែរក្រោម​នោះ ក៏បានរ​ប្តឹងផ្តល់​ជនជាតិ​យួន ដែល​រំលោភ​យក​ដី​កម្មសិទ្ធិ ទៅកាន់​តុលាការ​គ្រប់​ជាន់ថ្នាក់ នៅ​ខេត្ត​ព្រះ​ត្រពាំង រាប់​តាំងពី​តុលាការ​ជាន់​ទាប រហូត​តុលាការ​ជាន់ខ្ពស់ តែ​តុលាការ នៅតែ​កាត់​ឲ្យ​គ្រួសារ​លោក​ចាញ់ក្តី​ជនជាតិ​យួន​ដដែល ។​

បើតាម​ការលើកឡើងរ​បស់​គ្រួសារ​ជនរងគ្រោះ អះ​អា​ថា ការដោះស្រាយ​ជម្លោះដីធ្លី​កន្លងមក គ្មាន​លទ្ធផល​សមរម្យ​ណាមួយ ដែល​ពួកគេ​អាច​ទទួលយកបាន​នោះទេ ពោល គឺ​អាជ្ញាធរ​ពាក់ព័ន្ធ តែងតែ​អូសបន្លាយ​ពេលវេលា ប្រើល្បិច​កល់​គ្រប់សព្វ​បែបយ៉ាង និង​លំអៀង​ទៅខាង​ជនជាតិ​យួន ដែលជា​អ្នកមានអំណាច​ខាង​ទឹក​លុយ ។ បន្ថែម​ពីលើ​នេះ តុលាការ​យួន នៅ​ខត្ត​ព្រះ​ត្រពាំង ក៏​បង្គាប់​ឲ្យ​សង​សំណង​ជំងឺ​ចិត្ត ជិត ៩ លាន​ដុង ទៅ​ជនជាតិ​យួន ដែល​រំលោភបំពាន​ទ្រព្យសម្បត្តិ​ដីធ្លី​របស់​ពលរដ្ឋ​ខ្មែរក្រោម និង​ប្រកាស​សាលដីកា​បិទផ្លូវ​ប្តឹងតវ៉ា​លើ​សំណុំរឿង​ដីធ្លី​នេះ​ទៀតផង ។

​ដោយ​មើលឃើញ​ពី​ភាពអយុត្តិធម៌ របស់​អ្នកមានអំណាច ដែល​ឃុបឃិត​ជាមួយ​អាជ្ញាធរ​យួន នៅ​ខេត្ត​ព្រះ​ត្រពាំង សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន នៅ​សហរដ្ឋអាមេរិក បាន​លើកយក​បញ្ហា​នេះ រាយការណ៍​ទៅ​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​នានា ដើម្បី​អន្តរាគមន៍ ទៅ​រដ្ឋាភិបាល​វៀតណាម ឲ្យ​ឈប់​រំលោភបំពាន​សិទ្ធិ​លើ​ខ្មែរក្រោម​ម្ចាស់​ស្រុក ។​

​លោក ត្រឹង ម៉ាន់ រិន្ទ ជា​ប្រធាន​ផែនការ នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែងថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​កំពុង​សិក្សា​លើ​ករណីនេះ និង​ថា សហព័ន្ធ​នឹង​រៀបចំ​ធ្វើ​របាយការណ៍​ផ្ញើ​ទៅ អង្គការ​អន្តរជាតិ​នានា ឲ្យ​បាន​ជ្រាប​អំពី​បញ្ហា​នេះ ដើម្បី​ទប់ស្កាត់​ការរំលោភ​សិទ្ធិ​របស់​យួន​លើ​ខ្មែរក្រោម​ម្ចាស់​ស្រុក ៕​

Leave A Reply

Your email address will not be published.