បទយកការណ៍៖ គ្រូបង្រៀនភាសាខ្មែរ នៅកម្ពុជាក្រោមថា «ទោះបីបង្រៀនគ្មានប្រាក់ ក៏ស្ម័គ្រចិត្តបង្រៀន ដើម្បីក្មេងជំនាន់ក្រោយ»

0 1,034

ដោយ សុត បាន | VOD Khmer

គ្រូបង្រៀនស្ម័គ្រចិត្ត នៅកម្ពុជាក្រោម បានលះបង់ពេលវេលា និងថវិកាផ្ទាល់ខ្លួន ដើម្បីបង្រៀនភាសាខ្មែរដល់ព្រះសង្ឃ កុមារ យុវជន និងពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅលើទឹកដីគ្រប់គ្រងដោយប្រទេសវៀតណាម ដើម្បីថែរក្សាអក្សរសាស្រ្តជាតិមិនឱ្យបាត់បង់ បើទោះបីមិនមានការជួយឧបត្ថម្ភ ពីរដ្ឋអំណាចវៀតណាមក៏ដោយ ។

ព្រះតេជព្រះគុណ ថាច់ ថយ បង្រៀនព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម នៅដែនដីខ្មែរកម្ពុជាក្រោម ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ ។ (សុត បាន / VOD)
ព្រះតេជព្រះគុណ ថាច់ ថយ បង្រៀនព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម នៅដែនដីខ្មែរកម្ពុជាក្រោម ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ ។ (សុត បាន / VOD)

ជាព្រះសង្ឃខ្មែរក្រោម និងជាគ្រូបង្រៀនស្ម័គ្រចិត្តមួយអង្គ គឺព្រះតេជព្រះគុណ ថាច់ ថយ សព្វថ្ងៃគង់នៅវត្តមេពាំង ក្នុងស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង បានឱ្យដឹងថា ព្រះអង្គចាប់ផ្តើមបង្រៀនភាសាខ្មែរ និងភាសាបាលី អស់រយៈពេលជិត ១៥ ព្រះវស្សាមកហើយ ។ ព្រះអង្គមើលឃើញថា ការរៀនភាសាខ្មែរនៅកម្ពុជាក្រោម មិនសូវបានទូលំទូលាយ ពោលគឺមានតែនៅតាមទីវត្តអារាមប៉ុណ្ណោះ ទើបព្រះអង្គសម្រេចព្រះទ័យបង្រៀនភាសាខ្មែរ និងភាសាបាលីនេះ ដល់កូនខ្មែររហូតមក ។ ព្រះអង្គបន្តថា ការបង្រៀនភាសាខ្មែរនេះ មិនទទួលបានប្រាក់បៀវត្សអ្វីនោះទេ គឺជាការងារស្ម័គ្រចិត្ត និងជាការស្រឡាញ់អក្សរសាស្រ្តជាតិរបស់ខ្លួន មិនចង់ឱ្យបាត់បង់ ជាពិសេសព្រះអង្គចង់ឱ្យកូនខ្មែរជំនាន់ក្រោយ បានចេះដឹងភាសាជាតិខ្លួនឯង ។

ព្រះអង្គមានថេរដីកាថា៖ «ទី ១ ដើម្បីឱ្យខ្លួនចេះ ហើយដល់ទី ២ ដើម្បីជួយបន្តភាសាអក្សរសាសាស្រ្តរបស់ខ្លួនហ្នឹងតទៅថ្ងៃអនាគតទៀត ដល់ផ្នែកទី ៣ វាចូលរួមក្នុងការថែរក្សា ។ ហើយនៅកម្ពុជាក្រោម បើសិនយើងមិនខំប្រឹងប្រែងរៀនទេ យើងគ្មានសាលាណាទៅរៀនភាសាជាតិយើងទេ អ៊ីចឹងទាល់តែចូលមករៀននៅក្នុងវត្ត ។ ទាល់តែប្រឹងប្រែងទាំងអស់គ្នា ដើម្បីម៉េច? ថ្ងៃក្រោយផុតពីចាស់ៗ ទៅ យើងអ្នកក្រោយៗ ហ្នឹង យើងស្នង យើងបន្តវេនគ្នាទៅទៀត»

ព្រះអង្គបន្ថែមទៀតថា៖ «ភាសាខ្មែរយើងនៅកម្ពុជាក្រោម ទាំងអក្សរសាស្រ្ត ខាងរដ្ឋាភិបាលគេគ្រាន់តែគាំទ្រឱ្យយើងបើក ប៉ុន្តែ យើងបើក យើងរៀន យើងបង្រៀនយ៉ាងណា អាហ្នឹងស្រេចទៅលើយើង គេគ្មានឧបត្ថម្ភ សូម្បីតែថវិកា ឬក៏ប្រាក់បៀវត្សគ្រូបង្រៀន គឺគ្មានទេ»

ព្រះតេជព្រះគុណ ថាច់ ថយ នៅដែនដីកម្ពុជាក្រោម ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ ។ (សុត បាន / VOD)
ព្រះតេជព្រះគុណ ថាច់ ថយ នៅដែនដីកម្ពុជាក្រោម ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ ។ (សុត បាន / VOD)

ព្រះសង្ឃមានព្រះជន្ម ៣៩​ ព្រះវស្សាអង្គនេះ រៀបរាប់ថា ភាសាខ្មែរ គឺជាភាសាកំណើតរបស់ជនជាតិខ្មែរ ជាភាសាផ្លូវការរបស់ខ្មែរ និង​ជា​ព្រលឹង​វប្បធម៌​ខ្មែរផងដែរ ។ ដូច្នេះ ព្រះអង្គចាត់ទុកថា ការមិនសិក្សាអក្សរសាស្រ្តជាតិរបស់ខ្លួន គឺជាការបំភ្លេចចោលអត្តសញ្ញាណជាតិសាសន៍ខ្មែរ ។

ព្រះភិក្ខុ ថាច់ ថយ មានថេរដីកាបន្តថា៖ «អាត្មាចង់និយាយមួយម៉ាត់ថា យើងនៅកម្ពុជាក្រោម បើយើងមិនខំប្រឹងពង្រឹងពង្រីកទេ យើងនឹងបាត់បង់ ។ អ៊ីចឹង ឱកាសដែលពួកអាត្មាស្រឡាញ់ ពួកអាត្មាបង្ហាត់បង្រៀន គឺចាប់តាំងពីពេលដែលអាត្មាចេះអក្សរសាស្រ្តខ្មែរ មានសមត្ថភាពក្នុងការអាចបង្ហាត់បង្រៀនបាន គឺអាត្មាចង់បង្ហាត់បង្រៀនជាមួយសិស្សចាប់តាំងពីចប់ថ្នាក់មក»

របាយការណ៍របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ឱ្យដឹងថា ក្នុងឆ្នាំ ២០១៤ កម្ពុជាក្រោម មានព្រះសង្ឃចំនួន ៨ ៧៥០ អង្គ ក្នុងនោះ ខេត្ត​ព្រះ​ត្រពាំង មាន ៣ ៦១៦ អង្គ និងមានវត្តអារាមព្រះពុទ្ធសាសនាថេរវាទខ្មែរចំនួន ៤៦១ វត្ត ក្នុងនោះ ខេត្តព្រះត្រពាំងមាន ១៤៣ វត្ត ។

ស្រដៀងគ្នានេះដែរ គ្រូបង្រៀនស្ម័គ្រចិត្តខ្មែរក្រោមម្នាក់ទៀត គឺអ្នកស្រី ទ្រី សារាង រស់នៅភូមិកាសាំង ឃុំបង្រៃ ស្រុកថ្កូវ ខេត្តព្រះត្រពាំង បានលើកឡើងថា ទោះបីជាបច្ចុប្បន្នពលរដ្ឋខ្មែរក្រោម ត្រូវរស់ក្នុងទឹកដី ដែលគ្រប់គ្រងដោយរដ្ឋាភិបាលវៀតណាមក៏ដោយ ប៉ុន្តែ ក្នុងនាមជាជាតិសាសន៍ខ្មែរ គឺមិនអាចបោះបង់ចោល​វប្បធម៌ ​ប្រពៃណី ទំនៀមទម្លាប់ជាជនជាតិខ្មែរបានទេ ។ អ្នកស្រីបារម្ភថា អក្សសាស្រ្តខ្មែរអាចនឹងបាតបង់ បើមិនមានការបង្រៀនដល់យុវជនជំនាន់ក្រោយក្នុងទឹកដីកម្ពុជាក្រោមនោះ ។

អ្នកស្រី ទ្រី សារាង និយាយថា៖ «មូលហេតុដែលជំរុញឱ្យខ្ញុំក្លាយជាគ្រូបង្រៀនស្ម័គ្រចិត្តហ្នឹង គឺដោយសារទី ១ គឺអាណិតដល់ប្អូនៗ ដែលជាកូនខ្មែរ ដែលជាបច្ឆាជនជំនាន់ក្រោយ ដែលនៅមានការល្ងិតល្ងង់ មិនទាន់មានការភ្ញាក់រឭក ដោយចាំបាច់ត្រូវការមានការសិក្សារៀនសូត្រទាំងអស់គ្នា ពីព្រោះថា ការសិក្សារៀនសូត្រនេះហើយជាប្រភពដ៏សំខាន់សម្រាប់ជីវិតយើងម្នាក់ៗ ជាផ្លូវបរិបទ ជាអាជីព នៃ សុភមង្គលរបស់យើង នេះហើយជាមូលហេតុទី ១»

អ្នកស្រីបន្ថែមទៀតថា៖ «មូលហេតុទី ២ ទៀត គឺដោយសារយើងទាំងអស់គ្នាដឹងស្រាប់ហើយថា ជាតិសាសន៍នីមួយៗ តែងតែមានអក្សរសាស្រ្ត ប្រពៃណី ទំនៀមទម្លាប់ ខុសៗ ពីគ្នាក៏ដោយ ហើយជាតិគេក៏រមែងខិតខំថែរក្សាមិនឱ្យបាត់បង់ផងដែរ ហើយចំពោះខេមរជាតិយើងវិញ ក៏មានអក្សរសាស្រ្តជាតិជាឪពុក ជាភាសារបស់ជាតិ ។ ផ្ទុយទៅវិញ បើយើងគ្រប់គ្នាមិនជួយអភិរក្សថែរក្សានូវមរតជាតិនេះទេ ទីបំផុតជាតិរមែងសាបសូន្យដោយអាការផ្សេងៗ ដោយប្រការណាមួយជាមិនខាន»

(ស្ដាំ) អ្នកស្រី ទ្រី សារាង គ្រូបង្រៀនស្ម័គ្រចិត្តខ្មែរក្រោម ។ (ផ្ដល់ឱ្យ)
(ស្ដាំ) អ្នកស្រី ទ្រី សារាង គ្រូបង្រៀនស្ម័គ្រចិត្តខ្មែរក្រោម ។ (ផ្ដល់ឱ្យ)

ស្រ្តីវ័យ ៣១ ឆ្នាំ ជាអ្នកខេត្តព្រះត្រពាំង រូបនេះ​ បានអំពាវនាវឱ្យយុវជនជំនាន់ក្រោយ ដែលកំពុងរៀនភាសាខ្មែរក្នុងទឹកដីកម្ពុជាក្រោម ខិតខំរៀនសូត្រ ដើម្បីអភិរក្សអក្សរសាស្រ្តជាតិរបស់ខ្លួនឱ្យបានគង់វង្សជានិច្ចនិរន្តរ៍ ។

អ្នកស្រី ទ្រី សារាង ស្នើថា៖ «បំណងរបស់ខ្ញុំ គឺចង់ផ្តាំផ្ញើទៅប្អូនៗ ជំនាន់ក្រោយថា ក្នុងនាមយើងជាកូនខ្មែរទាំងអស់គ្នា ដើម្បីរក្សានូវការស្ថិរភាពនូវនិរន្តរភាព ចំពោះកេរមរតកទាំងឡាយ ដែលដូនតាបានបន្សល់ទុកមកនោះ គឺយើងទាំងអស់គ្នាគប្បីរួមកម្លាំងគ្នា ព្រួតដៃគ្នា ត្រូវចេះលើកស្ទួយ លើកតម្កើង និងឱ្យតម្លៃនូវអ្វីដែលជារបស់ខ្មែរ ដូច្នេះត្រូវចេះសិក្សានូវអក្សរសាស្រ្តជាតិរបស់ខ្លួន ត្រូវចេះរក្សានូវភាសាជាតិរបស់ខ្លួន ឱ្យសមនឹងពាក្យស្លោកថាប្រយ័ត្នគង់ ប្រហែសបាត់»

មិនខុសគ្នានេះដែរ គ្រូបង្រៀនស្ម័គ្រចិត្តម្នាក់ទៀត គឺលោក កៀង មករា ជាអ្នកខេត្តព្រះត្រពាំង បានប្រាប់វីអូឌីថា ការបង្រៀនភាសាខ្មែរក្នុងទឹកដីកម្ពុជាក្រោមនេះ គឺជាភារកិច្ចក្នុងនាមជាកូនខ្មែរមួយរូប ទោះបីជាលោកមិនទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលវៀតណាមក៏ដោយ ប៉ុន្តែ លោកមានមោទកភាព ដែលបានលើកតម្កើងអក្សរសាស្រ្តជាតិ តាមរយៈការងារស្ម័គ្រចិត្តជាគ្រូបង្រៀននេះ ។

លោក កៀង មករា ថា៖ «មូលហេតុដែលខ្ញុំបង្រៀនអក្សរខ្មែរ បើនិយាយតាមពិតទៅ គឺអត់មែនកើតឡើងដោយការចង់ ឬមិនចង់នោះទេ ព្រោះសម្រាប់ខ្ញុំ នេះចាត់ទុកជាកាតព្វកិច្ចរបស់ខ្លួន នៅពេលថ្នាក់រៀនផ្នែកពុទ្ធិកសិក្សា [វត្តអារាមខ្លួន] ត្រូវការ ក៏ខ្ញុំចូលខ្លួនបម្រើដោយស្ម័គ្រចិត្ត ពោលគឺកាលពី ២ ឆ្នាំមុន គ្រូចៅអធិការវត្តបានស្នើខ្ញុំឱ្យទទួលបន្ទុកមុខវិជ្ជាភាសាខ្មែរ អាចដោយសារមុខវិជ្ជានោះ កំពុងខ្វះអាចារ្យបង្រៀន ដែលមានចំណេះជំនាញ ហើយខ្ញុំក៏ព្រមទទួលដោយរីករាយឥតលក្ខខណ្ឌ មួយវិញទៀតមុខវិជ្ជានេះ ខ្ញុំក៏ពេញចិត្តផង»

ចំណែកអគ្គលេខាធិការ នៃ សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន មានប្រសាសន៍ថា បងប្អូនខ្មែរក្រោម មានទម្លាប់មួយតែងតែនាំគ្នាជួយអភិរក្សថែរក្សាប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ខ្មែរ និងជួយបង្ហាត់បង្រៀនភាសាកំណើតរបស់ខ្លូនតាំងពីដូនតាមកម្ល៉េះ ។ លោកបន្ថែមទៀតថា ទោះបីជា​បច្ចុប្បន្ននេះ កម្ពុជាក្រោមស្ថិតក្រោមការគ្រប់គ្រងរបស់​វៀតណាម​ យ៉ាងណាក្តី ប៉ុន្តែ ប្រជាពលរដ្ឋ​ខ្មែរក្រោម នៅតែសាមគ្គីគ្នាថែរក្សាបាន​ជាច្រើននូវ​វត្ត​អារាមព្រះពុទ្ធសាសនា វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី អក្សរសាស្ត្រ សិល្បៈបុរាណខ្មែរបាន​យ៉ាង​ខ្ជាប់​ខ្ជួន ។​

លោកមានប្រសាសន៍ថា៖ «ទម្លាប់របស់ខ្មែរយើង ដែលនៅកម្ពុជាក្រោម មិនថាបច្ចុប្បន្នទេ គឺមានតាំងពីអតីតកាលមកម្ល៉េះ ជំនាន់ក្នុងទសវត្សរ៍ ៧០–៨០ ដែលយើងមានចាស់ព្រឹទ្ធាចារ្យមានអ្នកជាតិនិយមខ្មែរយើង មានអ្នកស្នេហាទៅលើខាងអភិរក្សវប្បធម៌ប្រពៃណីទំនៀមទម្លាប់ខ្មែរយើងហ្នឹង គាត់បានបូជានូវកម្លាំងកាយចិត្តរបស់គាត់ តាំងពីចំណេះដឹងរបស់គាត់ មិនបានគិតអំពីប្រាក់ខែទេ ។ ហើយរហូតតមកដល់បច្ចុប្បន្ននេះ គឺជារឿងមួយដែលជាមនសិការ ជាឧត្តមគតិ ស្ថិតនៅលើកូនខ្មែរយើងនៅកម្ពុជាក្រោមតរៀងមក»

ទឹកដីខ្មែរកម្ពុជាក្រោម ដែលបារាំងហៅថា ដែនដីកូសាំងស៊ីន មានទំហំ ៦៧ ៧០០ គីឡូម៉ែត្រការ៉េ ឬមានចំនួន ២១ ខេត្ត-ក្រុង ត្រូវបាន​បារាំង​ចុះហត្ថលេខាប្រគល់​ទៅ​ឱ្យ​ប្រទេសវៀតណាម ត្រួតត្រាបន្ត កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ នៅក្នុងអំឡុងពេល ដែលអាណានិគមបារាំងត្រួតត្រា​ដែនដីឥណ្ឌូចិន ។

ទោះជាយ៉ាងណាក៏ដោយ បើតាមឯកសារប្រ​វត្តិសាស្រ្តខ្មែរកម្ពុជាក្រោមមួយចំនួនឱ្យដឹងថា កម្ពុជាក្រោមនៅក្រោមការត្រួតត្រារបស់បារាំង ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម គឺមានសិទ្ធិស្មើគ្នាដូចជនជាតិវៀតណាមដែរ នៅក្នុងវិស័យអប់រំ ។ ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម មានសិទ្ធិសេរីភាពយ៉ាងទូលំទូលាយក្នុងការសិក្សាភាសា អក្សរសាស្រ្ត ប្រវត្តិសាស្រ្តជាតិខ្មែររបស់ខ្លួន ។ ព្រះសង្ឃខ្មែរក្រោម ដែលបញ្ចប់ការសិក្សា នៅដែនដីកម្ពុជាក្រោម នៅពេលនោះ ក៏ត្រូវបានរដ្ឋាភិបាលនៅប្រទេសកម្ពុជា ទទួលឱ្យចូលសិក្សានៅទីក្រុងភ្នំពេញ ។ លើសពីនេះ មន្រ្តីសង្ឃធំៗ នៅកម្ពុជាក៏តែងបាននិមន្តទៅទស្សនកិច្ច នៅកម្ពុជាក្រោម ដើម្បីជួបព្រះសង្ឃ និងពលរដ្ឋនៅទីនោះ ដើម្បីបង្ហាញនូវការយកចិត្តទុកដាក់របស់ព្រះសង្ឃ នៅកម្ពុជា ចំពោះខ្មែរក្រោម និងជជែកអំពីការរៀបចំប្រព័ន្ធសិក្សា នៅកម្ពុជាក្រោម ជាដើម ។

ពិសេសជាងនេះទៅទៀត អាគារពុទ្ធសាសនបណ្ឌិត្យរង ក៏ត្រូវបានសាងសង់ឡើងនៅក្នុងខេត្តឃ្លាំង ដែនដីកម្ពុជាក្រោម ដែលដើរតួនាទីជាមជ្ឈមណ្ឌលវប្បធម៌មួយនៅទូទាំងកម្ពុជាក្រោមទាំងមូល ។ អាគារពុទ្ធសាសនបណ្ឌិត្យរងនេះ ត្រូវបានសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានយាងទៅសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ ១៩៤២ ពោលគឺមួយឆ្នាំក្រោយពីអង្គបានឡើងគ្រងរាជ្យសម្បត្តិនៅកម្ពុជា ។ ចាប់តាំងពីសម័យអាណានិគមបារាំង រហូតដល់សម័យសង្គមរាស្រ្តនិយម តមកដល់សម័យសាធាណរដ្ឋខ្មែរ ព្រះសង្ឃខ្មែរក្រោមជាច្រើនរយអង្គត្រូវបានរដ្ឋាភិបាលកម្ពុជាផ្តល់អាហារូបករណ៍ឱ្យមកបន្តការសិក្សានៅប្រទេសកម្ពុជា ។

បែបនេះក្តី ចាប់តាំងពីក្រោយសម័យអាណានិគមបារាំង ជាពិសេសចាប់តាំងពីការឡើងកាន់អំណាចរបស់បក្សកុម្មុយនីស្តវៀតណាម នៅក្នុងឆ្នាំ ១៩៧៥ មក ការសិក្សាភាសាខ្មែរ នៅកម្ពុជាក្រោម ត្រូវបានរឹតត្បិត ព្រះសង្ឃខ្មែរក្រោមមួយចំនួន ត្រូវបានរដ្ឋាភិបាលធ្វើទុក្ខបុកម្នេញ ដោយសារការបំផុសចលនាសិក្សាភាសាខ្មែរ ។ ចំណែកការសិក្សាប្រវត្តិសាស្រ្តខ្មែរ ក៏ត្រូវបានហាមឃាត់ ។ ដោយសារតែរឹតត្បិតរបស់រដ្ឋាភិបាលវៀតណាម និងដោយបារម្ភខ្លាចបាត់បង់អក្សរសាស្រ្តជាតិខ្មែររបស់ខ្លួន នៅដែនដីកម្ពុជាក្រោមនេះហើយ ទើបព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម នៅក្នុងពេលបច្ចុប្បន្ន ខិតខំបង្ហាត់បង្រៀនភាសាខ្មែរនៅតាមទីវត្តអារាម បើទោះជាពួកគេមិនទទួលបាននូវប្រាក់បៀវត្សក៏ដោយ ៕

Leave A Reply

Your email address will not be published.