សារ​របស់​អធិបតី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក្នុងឱកាស​ខួប ៦៦ ឆ្នាំ នៃ​ទិវា ៤ ម​ថុ​នា

155

សូម​ថ្វាយបង្គំ​ព្រះសង្ឃ​គ្រប់​អង្គ ជាទី​សក្ការៈ​!

​សូម​គោរព​បងប្អូន​ខ្មែរ​-​ខ្មែរក្រោម​ទាំងអស់ ជាទីគោរព ស្រឡាញ់​!

​ជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃទី ៤ មិថុនា នេះ ខ្មែរក្រោម​នៅ​គ្រប់ទិសទី​ជុំវិញ​ភពផែនដី បាន​ស្រុះគ្នា ប្រារព្ធ​ពិធី​កាន់ទុក្ខ​នៃ​ទិវា​រំឭក​ខួប​នេះ គឺជា​ថ្ងៃ​រំឭក​នូវ​ការឈឺចាប់​មួយ​របស់​ខ្មែរ​យើង ។ ដើម្បី​តប ស្នង នូវ​គុណូបការៈ នៃ​បុព្វការី​ជន​ខ្មែរ​យើង​គ្រប់​ជំនាន់ និង​ប្រាប់​ដល់​កូនចៅ​ជំនាន់​ក្រោយ ឲ្យ​បាន ដឹង បាន​យល់ គឺ ៦៦ ឆ្នាំ​ហើយ ដែល​បងប្អូន​ខ្មែរក្រោម​ដ៏​សែន​ស្រណោះ​របស់​យើង ត្រូវ​រស់នៅ ក្រោម​នឹម​អាណានិគម​ថ្មី គឺ​យួន​សេរី​និង​យួន​កុ​ម្មុយ​និ​ស្ត ដែល​បាន​ធ្វើទុក្ខបុកម្នេញ មកលើ​បងប្អូន យើង​គ្មាន​ពេល​ល្ហែ ។​

លោក ថាច់ វៀន អធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម ។ រូបថត ថាច់ ប្រីជា គឿន
លោក ថាច់ វៀន អធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម ។ រូបថត ថាច់ ប្រីជា គឿន

ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ប្រធានាធិបតី​បារាំង ឈ្មោះ វ៉ែន​សង់ អូ​រិ​យោល (Vincent Auriol) បានប្រកាស​ច្បាប់​លេខ ៤៩-៧៣៣ មាន​សេចក្តី​ទាំងស្រុង​ដូចតទៅ​នេះ​៖

យោងតាម​មតិ​ពី​រដ្ឋសភា នៃ​សហភាព​បារាំង​សេះ​, រដ្ឋសភា និង​ក្រុមប្រឹក្សា នៃ​សាធារណរដ្ឋ បារាំង​បានសម្រេច ហើយ​អនុម័ត​ដោយ​រដ្ឋសភា​នៃ​សាធារណរដ្ឋ​បារាំង ប្រធានាធិបតី​ន​សាធារណ​រដ្ឋ​ប្រកាស​ច្បាប់​ដូចតទៅ​នេះ​៖

មាត្រា​១-​ក្នុង​ក្របខណ្ឌ​មាត្រា ​៦០ ​នៃ​សាធារណរដ្ឋ​បារាំង​សេះ និង​តាម​មតិ​របស់​សភា​កូ​ស័ងស៊ីន ​នា​សម័យប្រជុំ​ថ្ងៃទី ២៣ មេសា ១៩៤៩ លក្ខន្តិកៈ​ដែនដី​កូស័ងស៊ីន ត្រូវបាន​កែប្រែ តាម មាត្រា​ដូចខាងក្រោម​៖

មាត្រា​២-​ដែនដី​កូស័ងស៊ីន ត្រូវបាន​ត​ភ្ជាប់​ទៅជា​រដ្ឋ​ចំណុះ​របស់​យៀ​ក ណា​ម យោងតាម សេចក្តីប្រកាស​រួម ចុះ​ថ្ងៃទី ៥ មិថុនា ១៩៤៨ និង​សេចក្តី ប្រកាស​របស់​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ បារាំង ចុះ​ថ្ងៃទី ១៩ សីហា ១៩៤៨ ។ ដែនដី​កូស័ងស៊ីន ឈប់​ស្ថិតនៅក្នុង​លក្ខន្តិកៈ ជា​ដែនដី ឯនាយ សមុទ្រ របស់​បារាំង​ទៀតហើយ​។​

មាត្រា​៣- ក្នុងករណី​ដែល ត្រូវ​កែប្រែ​លក្ខន្តិកៈ របស់​រដ្ឋ​យៀកណាម ដែនដី​កូស័ងស៊ីន​ត្រូវ​ចាត់​ទុកជា កម្មវត្ថុ នៃ​ការសំរេចចិត្ត​របស់​ស​ភា​ខាងលើ ដូច​បានចែង​នៅក្នុង​មាត្រា ៧៥ នៃ​រដ្ឋធម្មនុញ្ញ ​(ចំពូក ​៨ ​នៃ​សភា​បារាំង​សេះ )​។​

ច្បាប់​នេះ ត្រូវបាន​អនុវត្ត​ដូចជា​ច្បាប់​រដ្ឋ ។​

ធ្វើ​នៅ​ទូ​លូ ថ្ងៃទី​៤ មិថុនា ១៩៤៩

ហត្ថលេខា​

វែ​នស​ង់ អូ​រិ​យ៉ូ​ល (​ប្រធានាធិបតី​)

ហត្ថលេខា​

ហង់​រី កឿ​យ (​នាយករដ្ឋមន្ត្រី​)

ហត្ថលេខា​

ប៉ូល កូ​ស្តិ៍ ផ្លូ​រ៉េ​ត៍ (​រដ្ឋមន្ត្រី​ដែនដី​បារាំង ឯនាយសមុទ្រ​)

ដូចជា​យើងទាំងអស់គ្នា​បាន​ជ្រាប​ស្រាប់​ហើយ​ថា​ដែនដី​កូស័ងស៊ីន ឬ កម្ពុជា​ក្រោម មាន​ទំហំ ៦៩ ពាន់ គីឡូម៉ែត្រ​ក្រឡា នៅ​តំបន់​ដីសណ្ត​ទន្លេមេគង្គ ។ អាណានិគម​យៀកណាម​គ្រប់​សម័យកាល គេ​ខំ​រក​គ្រប់​មធ្យោបាយ ដើម្បី​កេង​បន្លំ និង​កែច្នៃ បង្វែរ​ដាន​ប្រវត្តិសាស្ត្រ ហើយ​បិទបាំង​នូវ​ភ័ស្តុតាង ដើម្បី​បដិសេធ​នូវ​ភាពជា​ម្ចាស់​ទឹកដី​របស់​ខ្មែរក្រោម​យើង ។​

អាស្រ័យហេតុនេះ​ការ​រំឭក​ថ្ងៃ ៤ មិថុនា ជាការ​សំខាន់​ណាស់​សំរាប់​យើងទាំងអស់គ្នា​ជា​ខ្មែរ ។ ពិធី​រំឭក​ខួប​ទី ៦៦ នៃ​ទិវា​បាត់បង់​នូវ​អ្វីៗ​គ្រប់យ៉ាង ហើយក៏​ជា​ថ្ងៃ​ប្រកាស​យ៉ាង មហោឡារិក ឱយ​មតិ​ជាតិ និង​អន្តរជាតិ​បាន​ដឹងបាន​យល់ថា កូនចៅ​ពូជ​ជិនវង្ស​នេះ ប្តេជ្ញា​បំរះននាល តស៊ូ​មិន​រាថយ ហើយ​ហ៊ាន​បូជា​កាយ ថ្វាយ​ជីវិត ដើម្បី​ការពារ​នូវ​កម្ម​សិទ្ធ​ជា​វិជ្ជមាន​របស់​ដូន តា​យើង គឺ​សិទ្ធិ​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី​កម្ពុជា​ក្រោម ជានិច្ច ។ ក្នុងការ​តស៊ូ​នេះ សូមមេត្តា​កុំ​ភ្លេច រាប់​បងប្អូន​នារី​ឫុ​ស្រីៗ​ផង ព្រោះថា ដូនតា​ខ្មែរក្រោម​យើង មានគំនិត​ដុះ​ស្លែ​ថា ស្រីៗ គ្រាន់ តែ​ជា​មេផ្ទះ នៅ​ជុំវិញ​ចង្ក្រាន​បាយ ថែទាំ​កូនចៅ ។​ល​។​និង​ល​។ នៅក្នុង​គ្រួសារ នីមួយៗ បើ​ស្វាមី ទៅ​តស៊ូ ឬ ក៏​ចេញទៅ​បំរើ​ជាតិ ក៏ត្រូវ​មានការ​គាំទ្រ​និង​កម្លាំងចិត្ត ពី​ភរិយា​ដែរ ទើប​មាន ប្រសិទ្ធិភាព ។ អាស្រ័យហេតុនេះ ស្រីៗ​ជា​កត្តា​មួយ ក្នុងការ​រំដោះជាតិ​យើង​ឱយ​រួច​ពី​នឹម អាណានិគម ដោយហេតុថា សម័យនេះ ជា​សម័យ​អិន​ធើ​ណែ​ត សម័យ​ហ្វេ​ស្ស​ប៊ុ​ក សម័យ​ត្រចៀក​ទិព្វ ភ្នែក​ទិព្វ ។​ល​។ យុវជន យុវតី​យើង នៅ​គ្រប់​ទិស​គ្រប់​ទី ជុំវិញ​ភពផែនដី ជាពិសេស​នៅ​រាជាណាចក្រ​កម្ពុជា និង​នៅ​កម្ពុជា​ក្រោម​ដ៏​សែន​ស្រណោះ​របស់​យើង បាន​ផុស​ឡើង ដូច​ផ្សឹ​ត​ត្រូវ​ទឹកភ្លៀង ក្នុងការ​បញ្ចេញ​នូវ​មោទនភាព​ជាតិ ការបង្ហាញ​នូវ​អត្តសញ្ញាណ​ជាតិ ការរក្សា នូវ ទំនៀមទម្លាប់​ប្រពៃណីជាតិ របស់​ខ្មែរ​យើង​គួរ​ជាទី​សង្ឃឹម ហាក់បីដូចជា​ពេលវេលា បានមក ដល់​ហើយ ។ គឺថា ការរំដោះ​ជាតិ​យើង មិនមែនជា​សុបិន​ទៀត​ទេ តែ​គឺជា កាតព្វកិច្ច របស់ យើងទាំងអស់គ្នា ដែលជា​កូន​ខ្មែរ​គ្រប់​អង្គ​និង​រូប ។​

៤ មិថុនា ជា​ថ្ងៃ​រំឭក​នូវ​ប្រវត្តិ​តស៊ូ អង់អាច ក្លាហាន របស់​វីរ​សមណៈ វីរបុរស វីរនារី​ខ្មែរ​គ្រប់​សម័យ កាល ដែល​បាន​ពលី​កម្ម​ជីវិត ដើម្បី​ការពារ​នូវ​កេរដំណែល ឱយបាន​គង់វង្ស​រហូត​មកដល់​សព្វថ្ងៃ ។​

៤ មិថុនា ជា​ទិវា​បង្កលក្ខណៈ​សាមគ្គី​ជាតិ ដើម្បី​បង្ក្រាប​នូវ​រាល់​មហិច្ឆតា​លេប​ទឹកដី​ខ្មែរ នាបច្ចុប្បន្ន និង​អនាគត មាន​យួន​និង​សៀម (​យៀកណាម​និង ថៃ​) ជាដើម ។​ល​។​

​ឆ្នាំនេះ ជា​ខួប​ទី ៦៦ (១៩៤៩-២០១៥) នៃ​ទិវា​បាត់បង់​កម្ពុជា​ក្រោម បងប្អូន​យើង​នៅ​គ្រប់ សាខា​សហព័ន្ធ​គ្រប់​សមាគម និង​វត្ត​អារាម​នានា សុទ្ធតែ​បាន​ប្រារព្ធ​ពិធី​នេះ គួរ​ជាទី​មោ​ទកៈ ។​

​ជាពិសេស បងប្អូន​យើង​នៅ​បណ្តា​ប្រទេស​នៃ​សហគមន៍​អឺ​រុ​ប បាន​ចូលរួម​ក្នុង​ពីនេះ គួរឱយ​ចាប់ អារម្មណ៍ ។​

​ក្នុង​ស្មារតី​ជាតិ​ដ៏​បរិសុទ្ធ និង​ក្នុង​ឧ​ត្ត​ម​គតិ​ជាតិ​ដ៏​ខ្ពង់​ខ្ពស់បំផុត ក្នុង​មោទនភាព​ជា​កូន​ខ្មែរ​ធ្លាប់ ថ្កើងថ្កាន និង​មាន​អតីតកាល​ល្អ​បវរ ហើយ​និង​ក្នុង​ឆន្ទៈ​ដ៏​មោះមុត​បំផុត សូម​ព្រះ​គុណ​គ្រប់​អង្គ អស់ លោក លោកស្រី យុវ័ន យុវតី​ទាំងឡាយ មេត្តាជួយ​ឧបត្ថម្ភ​គាំទ្រ ទាំង​កាយ វាចា ចិត្ត និង​ធនធាន តាម​លទ្ធភាព ដែល​អាចជួយ​បាន ដោយ​មិន​រើសអើង​ថា ខ្មែរលើ ខ្មែរក្រោម ខ្មែរ​កណ្តាល​គឺ​ខ្មែរ​តែមួយ ដើម្បី​ជំរុញ​ឱយ​អង្គការ​សហព័ន្ធ​ឬ​នាវា​កម្ពុជា​ក្រោម មានលទ្ធភាព ក្នុងការ​អនុវត្ត​នូវ សិទ្ធិ​សំរេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង មាន​ប្រសិទ្ធិភាព ហើយ​ទទួលជោគជ័យ ជូន​បងប្អូន​រួម​ជាតិខ្មែរ​ក្រោម ដ៏​សែន​ស្រណោះ​របស់​យើង នៅ​កម្ពុជា​ក្រោម មាន​សិទ្ធិសេរីភាព​គ្រប់ បែបយ៉ាង ដូចជា​មនុស្សជាតិ​ក្នុង​លោក នា​សតវត្សរ៍​ទី​ម្ភៃ​មួយ នេះ​ផង​ចុះ ។​

​តាងនាម​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម សូម អំពាវនាវ​ដល់​សាខា​សហព័ន្ធ​-​សមាគម​និង​វត្ត អារាម​ខ្មែរក្រោម​នានា ទូទាំង​សកល ក្រោយពី​ប្រារព្វ​ពិធី​នេះ​ចប់សព្វគ្រប់ សូមកុំ​ភ្លេច​ធ្វើ​វិភាគទាន ដល់ សហព័ន្ធ (KKF) ខ្លះៗ​ផង ជាពិសេស វិទ្យុ​សំឡេង​កម្ពុជា​ក្រោម (vokk.net) និង​យុវជន​សហព័ន្ធ (KKF YOUTH) ដែលជា​ទំពាំង​ស្នង​ប្ញ​ស្សី​របស់​ខ្មែរ​យើង​ទៅ​អនាគត ។​

​តាំង​នាម​អធិបតី​សហព័ន្ធ​និង​សមាជិក​សមាជិកា​គណៈកម្មកា​រ​នាយក​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ​សូម​ថ្លែង​នូវ​អំណរ​ព្រះ​គុណ​និង​អរគុណ​ជា​អតិបរមា​ចំពោះ​ទំ​វើ​ដ៏​ថ្លៃថ្លា​ដែល​ព្រះ​គុណ​គ្រប់​អង្គ​អស់លោក លោកស្រី ក្មួយៗ​យុវ័ន​យុវតី គ្រប់ទិសទី បាន​បំពេញ​តួនាទី ជា​កូនចៅ​ខ្មែរ មាន​មោទនភាព ជាតិ​គួរឱយ គោរព និង​សូមឱយ​បានទទួល​នូវ​ពុទ្ធពរ​៥​ប្រការ​កុំបី​ខកខាន​ឡើយ ។​

​សូមមេត្តា​ទទួល​នូវ​ការគោរព​រាប់អាន​ដ៏​ស្មោះ​ពី​ខ្ញុំព្រះករុណា​ខ្ញុំបាទ ។​

ធ្វើ​នៅ​ក្រុងប៉ារីស ប្រទេស​បារាំង ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១៥

​អធិបតី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

​ហត្ថលេខា​

​លោក ថាច់ វៀង​

Comments are closed.