គណបក្សប្រឆាំងសម្រេចមិនចូលរួមបោះឆ្នោតនាយករដ្ឋមន្ត្រីសុំធ្វើកំណែទំរង់ក្រោយការបោះឆ្នោត
វិបត្តិនយោបាយអូសបន្លាយនៅតែមាននៅពេលទីក្រុងបាងកក ប្រឈមការជួបជុំធ្វើការប្រឆាំងតវ៉ាធំៗ ដែលជាលទ្ធផលវានឹងធ្វើឲ្យរដ្ឋធានីថៃជាប់គាំងខ្លាំងដល់កំរិតមិនធ្លាប់ឃើញពីមុនមក ។

ទោះជាពួកគណបក្សប្រជាធិបតេយ្យបានសម្រេចចិត្តមិនចូលរួមការបោះឆ្នោតថ្ងៃ ២ ខែកុម្ភៈ ពួកគេបានសន្យាថានឹងមិនរារាំងដំណើរការបោះឆ្នោតឡើយ ។
ក្នុងពេលជាមួយគ្នា នាយករដ្ឋមន្ត្រីចាំផ្ទះបានប្រញាប់ប្រញាល់ចេញមកផ្តល់សំណើមួយ ដោយថាបើសិនជាគណបក្សភឿថៃជាប់ឆ្នោត ខ្លួននឹងដាក់ចេញកំណែទំរង់ហើយនឹងកោះធ្វើការបោះឆ្នោតនៅមួយឆ្នាំក្រោយ ។
តែសំណើនេះត្រូវបានមេបាតុកម្ម ស៊ូថេប ធឿកស៊ូបាន ទាត់ចោលភ្លាមដោយលោកបាននិយាយថា មហាបាតុកម្មនៅថ្ងៃអាទិត្យនេះនឹងដាក់សម្ពាធលើលោកស្រី យីងលក្សណ៍ និងរដ្ឋាភិបាលចាំផ្ទះ របស់លោកស្រីមួយកម្រិតទៀត ។
ស៊ូថេប កំពុងទាមទារឲ្យ យីងលក្សណ៍ និងរដ្ឋាភិបាលរបស់លោកស្រីលាឈប់ពីតួនាទីចាំផ្ទះ ដើម្បីបើកផ្លូវឲ្យក្រុមប្រឹក្សាប្រជាជនរបស់លោកបង្កើតច្បាប់ និងបញ្ញត្តិកំណែទំរង់មុនមានការបោះឆ្នោតមួយអាចធ្វើឡើង ។
ថ្លែងក្នុងទូរទស្សន៍ចេញពីខេត្តកាឡាស៊ីន កាលពីរសៀលម្សិលមិញ លោកស្រី យីងលក្សណ៍ បាននិយាយថារដ្ឋាភិបាលយល់ស្របជាមួយនឹងការអំពាវនាវឲ្យមានការកែទំរង់ទូទៅ ដរាបណាការបោះឆ្នោត និងកំណែទំរង់ប្រព្រឹត្តទៅរួមគ្នា។
លោកស្រីបានបញ្ជាក់ថា កំណែទំរង់ជាតិនឹងត្រូវធ្វើឡើងដោយយន្តការសភា និងរដ្ឋាភិបាល។ “តាមពិតការបោះឆ្នោតមានភាពចាំបាច់សំរាប់កំណែទំរង់ទាំងនេះ ដោយសារយើងត្រូវការផ្នែកនីតិបញ្ញត្តិដើម្បីធ្វើជាស្នូលមួយនៃកម្លាំងជំរុញកំណែទំរង់ “។
ដើម្បីធានាចំពោះសាធារណជនថារដ្ឋាភិបាល និងសភាថ្មីនឹងយកកំណែទំរង់ជាអាទិភាព លោកស្រីបានអំពាវនាវឲ្យគ្រប់គណបក្សនយោបាយដែលចូលរួមបោះឆ្នោត និងភាគីពាក់ព័ន្ធដទៃទៀតចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីបង្កើត ក្រុមប្រឹក្សាកែទំរង់មួយឡើង។
គណបក្សភឿថៃ កាលពីថ្ងៃម្សិលមិញក៏បានបញ្ជាក់ថា “បើគណបក្សឈ្នះឆ្នោត ខ្លួននឹងប្រគល់អំណាចទៅប្រជាជនដរាបណាដំណើការកែទំរង់នេះបានចប់សព្វគ្រប់ ។ ដំណើរការនេះត្រូវរំពឹងថានឹងចំណាយពេល ១ ឆ្នាំ”៕