ខួប ២២ ឆ្នាំ នៃ​ការបង្កើត​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

0 1,060

ដោយ ថាច់ ប្រីជា​ គឿន l VOKK

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹងធ្វើ​ពិធី​រាត្រីសមោសរ ដើម្បី​រំឭក​ខួប ២២ ឆ្នាំ នៃ​ការបង្កើត​សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម ៤ សីហា ១៩៩៦ – ៤ សីហា ២០១៨ ។ ពិធី​នេះ ធ្វើ​នៅ​ទីក្រុង Long Beach រដ្ឋ California នៅ​ថ្ងៃទី ៣ ខែសីហា រៀបចំ​ដោយ លោក កៀង រ​ម្មណី ជា​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម ប្រចាំ​រដ្ឋ California ភាគខាងត្បូង និង​លោក ថាច់ ជីវ ជា​ប្រធាន​សាខា​ព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម ប្រចាំ​ទីក្រុង Long Beach ។ ថ្នាក់ដឹកនាំ និង​សមាជិក នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹងចូលរួម​ពិធី​នេះ ដើម្បី​ថ្លែង​អំពី​ប្រវត្តិ នៃ​ការតស៊ូ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក្នុងការ​ស្វែងរក សិទ្ធិសេរីភាព និង​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង ជូន​ពលរដ្ឋ​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម ។​

សន្និបាត បង្កើត​សហព័ន្ធខ្មែរ​កម្ពុជា​ក្រោម ៤ សីហា ១៩៩៦ នៅ​ទីក្រុង Toronto នៃ​ប្រទេស​កាណាដា ។ រូបថតៈ លោក តោ គឹម ថុង
សន្និបាត បង្កើត​សហព័ន្ធខ្មែរ​កម្ពុជា​ក្រោម ៤ សីហា ១៩៩៦ នៅ​ទីក្រុង Toronto នៃ​ប្រទេស​កាណាដា ។ រូបថតៈ លោក តោ គឹម ថុង

​យោងតាម​សៀវភៅ លក្ខន្តិកៈ និង​បទ​បញ្ញា​ត្តិ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​ទើបតែ​បាន បោះពុម្ព នៅក្នុង​ឆ្នាំ ២០១៨ នេះ បាន​បញ្ជាក់ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​ហៅ​កាត់​ជា​ភាសា អង់គ្លេស​ថា KKF បាន​បង្កើតឡើង​នៅ​ថ្ងៃទី ៤ ខែសីហា ឆ្នាំ ១៩៩៦ នៅក្នុង​មហាសន្និបាត​សកល លើក​ទី ៥ នៃ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ទីក្រុង Toronto នៃ​ប្រទេស​កាណាដា ដោយបាន​ប្ដូរ​ពី​សភា​កម្ពុជា​ក្រោម មកជា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។​

​ការតស៊ូ​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​បង្កើត​នូវ​បាវចនា​របស់ខ្លួន​ថា ជាតិ សាសនា និង​មាតុភូមិ និង ទង់ជាតិ​មាន​ឆ្នូត​បណ្ដោយ​បី​ពណ៌ គឺ ខៀវ លឿង និង​ក្រហម ជា​និមិត្តរូប និង​ជា គ្រឿង​សម្គាល់​នូវ​អត្ដ​លក្ខណ៍ សម្រាប់​ប្រើប្រាស់​ជា​កិត្តិយស នៃ​ប្រជាជាតិ​ខ្មែរក្រោម​ទូទាំង​ពិភពលោក ។

​យោងតាម​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានបញ្ជាក់​អំពី​អត្ថន័យ នៃ​ទង់ជាតិ​កម្ពុជា​ក្រោម ថា មាន​បី​ឆ្នូត ដែលមាន​ទំហំ​ស្មើគ្នា និង​មាន​ពណ៌​ផ្សេងគ្នា ហើយ​មាន​ខ្នាត​ទទឹង​ពីរភាគបី បណ្តោយ​បី​ភាគបី ។ ឆ្នូត​ពណ៌​ខៀវ​នៅ​ខាងលើ ជា​និមិត្តរូប​នៃ​សិទ្ធិសេរីភាព​និង​ប្រជាធិបតេយ្យ​ដែល ជា​សិទ្ធិ​ខ្ពស់​ជាងគេ​បំផុត ។ ឆ្នូត​ពណ៌​លឿង​នៅ​ចំ​កណ្តាល ជា​និមិត្តរូប​នៃ​ជាតិ​សាសន៍​របស់​ខ្មែរក្រោម ដែល​ស្រឡាញ់​សន្តិភាព​និង​យុត្តិធម៌ ។ ឆ្នូត​ពណ៌​ក្រហម​នៅ​ខាងក្រោម ជា​និមិត្តរូប នៃ​វីរភាព អង់អាច​ក្លាហាន របស់​វីរជន​ខ្មែរក្រោម ដែល​ហ៊ាន​បូជាជីវិត​ខ្លួន​ដើម្បី​ជាតិរស់ ។​

​ចាប់តាំងពី ឆ្នាំ ១៩៨៥ មក សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានធ្វើ​មហាសន្និបាត​សកល នៃ​ខ្មែរ​កម្ពុជា​ក្រោម ទូទាំង​ពិភពលោក ចំនួន ១០ លើក ដើម្បី​បោះឆ្នោត​ជ្រើសរើស​គណៈកម្មការ​ដឹក​នាំ និង​ពិភាក្សា​អំពី​យុទ្ធសាស្ត្រ​ថ្មីៗ ព្រមទាំង​ធ្វើ​វិសោទនកម្ម​នូវ​លក្ខន្តិកៈ​ជាដើម ឲ្យ​ស្របទៅតាម​ស្ថាន ភាព​សង្គម និង​នយោបាយ​របស់​របស់​ខ្មែរក្រោម និង​ពិភពលោក ។​

​ចំពោះ​គោលដៅ នៃ​ការតស៊ូ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​បញ្ជាក់ថា ខ្លួន នឹងធ្វើ​ការតស៊ូ​ទាម​ទាម​ឱ្យ​រដ្ឋាភិបាល​យួន​គោរព​សិទ្ធិមនុស្ស សិទ្ធិ​រស់នៅ​ដោយ​សុវត្ថិភាព សិទ្ធិ​រក្សា​សាសនា វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និង​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង របស់​ខ្មែរក្រោម ដែលជា​ជនជាតិដើម នៅលើ​ដែនដី​កម្ពុជា​ក្រោម ស្របតាម​សេចក្ដីប្រកាស​ជា​សកល​របស់​អង្គការសហប្រជាជាតិ ស្ដីពី​សិទ្ធិមនុស្ស និង សិទ្ធិ​ជនជាតិដើម ដែល​វៀតណាម​ជា​ប្រទេស​ហត្ថលេខី ៕

Leave A Reply

Your email address will not be published.