ពិធីប្រឡងថ្នាក់ពុទ្ធិកសិក្សា ប្រចាំឆ្នាំ ពុទ្ធសករាជ ២៥៦១ នៅខេត្តព្រះត្រពាំង
ដោយ ថាច់ ប្រីជា គឿន | VOKK
នៅក្នុងខែបុស្ស ពុទ្ធសករាជ ២៥៦១ ត្រូវនឹងខែមករា គ្រឹស្តសករាជ ២០១៨ នេះ ជារដូវមួយដែល គណៈកម្មការសង្ឃខ្មែរថ្នាក់ស្រុក និងខេត្ត នៃខេត្តព្រះត្រពាំង ដែលមានឈ្មោះថា សមាគមព្រះ សង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ រៀបចំកម្មវិធីប្រឡងបញ្ចប់កម្មវិធីសិក្សារបស់សមណសិស្ស ទូទាំងខេត្ត ដែលបានសិក្សារយៈពេល ៩ ខែ នៅក្នុងឆ្នាំ សិក្សា ២០១៧ កន្លងទៅនេះ ។
ពិធីប្រឡងនេះ ចែកចេញជាពីរផ្នែក គឺ ផ្នែកទីមួយ ក្រោមការចាត់តាំងរបស់សមាគមសង្ឃស្រុក ចាប់ពីថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិទី ១ ដល់ ៣ ឬ ថ្នាក់បាលីទី ១ ដល់ ទី ៣ និង ផ្នែកទីពីរ ក្រោមការរៀបចំរបស់សមាគមសង្ឃខេត្ត ចាប់ពីថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិទី ៤ ឬ ថ្នាក់ បាលីរង ដល់ថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិទី ៣ ឬ ថ្នាក់ទី ១២ ។
ផ្នែកទី ១ ក្រោមការចាត់តាំងរបស់សមាគមសង្ឃស្រុកទាំង ៨ រួមមាន ស្រុកកំពង់ស្ពាន ស្រុកផ្នោ ដាច់ ស្រុកថ្កូវ ស្រុកញ្ចោង ស្រុកកន្លង់ ស្រុកមាត់សមុទ្រ ស្រុកកំពង់ធំ និងទីរួមខេត្ត ។ ស្រុក នីមួយៗបានរៀបចំកម្មវិធីប្រឡងរួមនៅក្នុងមណ្ឌលប្រឡងនៅក្នុងវត្តមួយ ដែលបានទទួលធ្វើជា ម្ចាស់ផ្ទះ ទទួលសមណសិស្ស និងសិស្សមកពីវត្តនានាទូទាំងស្រុក ។
ឆ្នាំនេះ គេឃើញមានសិស្សជាយុវជន យុវនារី និងព្រះសង្ឃរាប់រយបានចូលរួមប្រឡងយកវិញ្ញាបន បត្របញ្ចប់ថ្នាក់សិក្សា បន្ទាប់ពីពួកគេបានសិក្សានៅតាមវត្តអារាមនានាអស់រយៈពេល ៩ ខែមកនេះ ។
កម្មវិធីសិក្សាថ្នាក់ពុទ្ធិកសិក្សា នៅខេត្តព្រះត្រពាំង ជាកម្មវិធីសិក្សាមួយ ផ្ដោតលើការរៀនអក្សរ សាស្ត្រខ្មែរ និងភាសាបាលី ត្រូវបានសមាគមសង្ឃខ្មែរនៅក្នុងខេត្តមួយនេះ បង្កើតឡើងជាយូរមក ហើយ ដើម្បីបណ្ដុះបណ្ដាលដល់ពលរដ្ឋ និងព្រះសង្ឃខ្មែរក្រោមបានសិក្សារៀន សូត្រទាំងផ្នែក ពុទ្ធចក្រ និង អាណាចក្រ ៕