ចម្លើយថា “កម្ពុជាក្រោមជាទឹកដីរបស់វៀតណាម” ជាយូរមកហើយ ជាការដាស់សតិអ្នកដឹកនាំខ្មែរគ្រប់រូប
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
អ្នកសេរអត្ថបទកំណត់ហេតុនៅលើគេហទំព័រប្លក់ផ្ទាល់ខ្លួនម្នាក់ នៅក្នុងប្រទេសកម្ពុជា បានចុះ ផ្សាយអត្ថបទជាបន្តបន្ទាប់ទាក់ទងនឹងដែនដីកម្ពុជាក្រោម ដើម្បីឆ្លើយតបនឹងសម្ដីរបស់មន្ត្រីស្ថានទូត វៀតណាមប្រចាំកម្ពុជា ដែលបានថ្លែងថា ដែនដីកម្ពុជាក្រោម ជាទឹកដីរបស់ប្រទេសវៀតណាម ជាយូរយារណាស់មកហើយ និងថា បារាំងមិនបានកាត់ដែនដីកម្ពុជាក្រោមឲ្យវៀតណាមទេ ព្រោះវៀតណាមបាន កាន់កាប់ដែនដីកម្ពុជាក្រោម មុនពេលបារាំងចូលមកធ្វើអាណានិគម ។ ការសរសេរអត្ថបទនេះ ខណៈ ដែលជម្លោះពាក្យសម្ដីរវាងមន្ត្រីនាំពាក្យស្ថានទូតវៀតណាម ប្រចាំកម្ពុជា និងអង្គការសមាគមខ្មែរកម្ពុជាក្រោម ជុំវិញការខ្វែងគំនិតគ្នាទៅលើបញ្ហាប្រវត្តិសាស្ត្រដែនដីកម្ពុជាក្រោម ។ ជម្លោះពាក្យសម្ដីនេះបាន កើតឡើង តាមរយៈសារព័ត៌មាន បន្ទាប់ពីអង្គការសមាគមខ្មែរកម្ពុជាក្រោម នៅប្រទេសកម្ពុជា ប្រារព្ធខួប ៦៥ ឆ្នាំ នៃបាត់បង់ទឹកដីកម្ពុជាក្រោម នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១៤ កន្លងទៅនេះ ។

លោក សៀង សុភ័ក្ត្រ ម្ចាស់គេហទំព័រប្លក់ “ស្រែខ្មុក” ដែលមានអាសយដ្ឋាន www.sopheak.word press.com នៅក្នុងខែមិថុនា កន្លងទៅនេះ បានសរសេរអត្ថបទដែលទាក់ទងនឹងជម្លោះពាក្យសម្ដីនេះជា បន្តបន្ទាប់ ។ ម្ចាស់អត្ថបទប្លក់បានចាត់ទុកសម្ដីរបស់មន្ត្រីស្ថានទូតវៀតណាមប្រចាំកម្ពុជាថា ជាការ បំភ្លៃប្រវត្តិសាស្ត្រ ហើយក៏ជាការដាស់សតិអារម្មណ៍របស់មេដឹកនាំខ្មែរគ្រប់ជំនាន់ ឲ្យដឹងពីមនោគមន៍ វិជ្ជាដ៏ពិសពុលរបស់ជនជាតិយួន ផងដែរ ។
អត្ថបទមួយមានចំណងជើងថា “បំភ្លៃប្រវត្តិសាស្ត្រ” ដែលម្ចាស់ប្លក់ “ស្រែខ្មុក” បានសរសេរ ហើយចុះ ផ្សាយនៅថ្ងៃទី ៨ ខែមិថុនា ពីរថ្ងៃ បន្ទាប់ ពី លោក ត្រឹង វ៉ាំង ថុង (Tran Van Thong ) អ្នកនាំពាក្យស្ថានទូតវៀតណាម ប្រចាំកម្ពុជាបានប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០១៤ ថា “…កម្ពុជាក្រោម ជាទឹកដីរបស់វៀតណាមតាំងពីយូរយារណាស់មកហើយ…” ។ ឆ្លើយតបនឹងសម្ដីមន្ត្រី ស្ថានទូតវៀតណាមរូបនេះ ម្ចាស់ប្លក់បានរិះគន់វៀតណាមថា ពិភពលោកនឹងសើចចំអកឲ្យជនជាតិយួន ដែលហ៊ានបំភ្លៃប្រវត្តិសាស្ត្រដោយមិនចេះអៀនខ្មាស់ ។
អត្ថបទនេះបានសរសេរថា៖
“ក្នុងនាមជាជនជាតិខ្មែរមួយរូប វាពិតជាគួរឲ្យចុកចាប់ណាស់ ហើយរឹតតែឈឺចាប់ទៅទៀតនៅពេលដែលរដ្ឋាភិបាលខ្មែរបច្ចុប្បន្ន មិនមានការតបតអ្វីបន្តិចសោះ បើទោះបីជាបានដឹងថាសម្ដីរបស់អ្នកនាំពាក្យស្ថានទូតរូបនេះ គឺជាសម្ដីមិនពិត បំភ្លៃប្រវត្តិសាស្ត្រ និងមើលងាយបុព្វបុរសខ្មែរជាពន់ពេក ។
ប្រសិនបើ វៀតណាមនិយាយថា ទឹកដីកម្ពុជាក្រោម ឬបច្ចុប្បន្នយួនភាគខាងត្បូងនោះ ជារបស់វៀតណាមតាំងពីដូនតាមក មានតែគ្មានទេអាណាចក្រចាម្ប៉ា ដែលពិភពលោកបានដឹងបានឮថាមានកំណើតនៅភាគកណ្ដាលវៀតណាមបច្ចុប្បន្ននេះ ផងដែរ។ វាគ្មានទេដែលថា វៀតណាមមាននៅភាគខាងជើង ទុកចន្លោះកណ្ដាលឲ្យអាណាចក្រចាម្ប៉ា និងមួយផ្នែកទៀតនៅភាគខាងត្បូង ឬ ទឹកដីកម្ពុជាក្រោមនោះ ជារបស់ប្រទេសវៀតណាមនោះ ។
នរណាៗក៏បានដឹងដែរថា បុព្វបុរសយួនបានចាប់ផ្ដើមគំនិតវាទទីនិយម យកប្រទេសចាម្ប៉ាទាំងមូលបាត់ បន្ទាប់មកប្រើកលល្បិចដដែលៗលេបយកកម្ពុជាក្រោមរបស់ខ្មែរទៅបាត់ នេះមិនចាំបាច់និយាយដល់ ភ័ស្តុតាងនានា ដែលនៅបន្សល់ទុករាប់មិនអស់នៅអតីតដែនដីកម្ពុជាទាំងនោះផងទេ។
វាគួរឲ្យឈឺចុកចាប់ណាស់ ក្រៅពីមិនបានទទួលស្គាល់ថាទឹកដីដែលខ្លួនកំពុងរស់នៅ រកស៊ីមានបានសព្វថ្ងៃនេះ ជាអតីតកម្មសិទ្ធិរបស់អ្នកដទៃនោះ ថែមបកមកវិញ ហ៊ានប្រឌិតថាជារបស់ខ្លួនតាំងពីដូនតាមកទៀត ។ ការបំភ្លៃប្រវត្តិសាស្ត្រដ៏គួរឲ្យខ្មាស់អៀនបែបនេះពីសំណាក់ជនវៀតណាម បានត្រឹមតែធ្វើឲ្យពិភពលោកសើចចំអកតែប៉ុណ្ណោះ ។ សម្រាប់ជនជាតិខ្មែរវិញ គ្រប់គ្នាយល់ច្បាស់ណាស់ពីសន្ដាននៃជនជាតិ (យួន) នេះ” ។
ដាស់តឿនសតិអារម្មណ៍មេដឹកនាំខ្មែរ៖
ក្រោយមក នៅថ្ងៃទី ២៦ ខែមិថុនា គេហទំព័រដដែលបានចុះផ្សាយអត្ថបទមួយទៀតមានចំណងជើងថា “ចម្លើយរបស់វៀតណាម គឺជាការដាស់សតិអ្នកដឹកនាំខ្មែរគ្រប់រូប” បន្ទាប់ពីមន្ត្រីស្ថានទូតវៀតណាម ថ្លែងប្រាប់វិទ្យុអាស៊ីសេរីម្ដងទៀតថា “វៀតណាមខាងត្បូង គឺជារបស់វៀតណាម តាំងពីយូរណាស់មកហើយ” ។ អត្ថបទនេះ ម្ចាស់ប្លក់បានដាស់ស្មារតីកូនខ្មែរ ជាពិសេស មេដឹកនាំខ្មែរនៅកម្ពុជាគ្រប់រូបថា ត្រូវតែប្រកាសអាសន្នឲ្យបានឆាប់បំផុតអំពីបញ្ហាជនអន្តោប្រវេសន៍យួនដែលកំពុងតែហូរចូលកម្ពុជាខុសច្បាប់រៀងរាល់ ថ្ងៃ ព្រោះថា ថ្ងៃក្រោយ វៀតណាមនឹងប្រកាសថា ជនជាតិយួនមករស់នៅលើទឹកដីកម្ពុជា ជាយូរមក ហើយ ។ ទំបំផុត វៀតណាមអាចនិយាយថា កម្ពុជា ជាទឹកដីរបស់វៀតណាមជាយូរមកហើយដែរ ។
អត្ថបទនេះ បានសរសេរយ៉ាងនេះថា៖
“រឿងរ៉ាវដែលតំណាងប្រទេសវៀតណាមនៅកម្ពុជានិយាយពីអតីតដែនដីកម្ពុជាក្រោម នៅមិនទាន់ស្ងប់ នៅឡើយទេខណៈសមាគមខ្មែរកម្ពុជាក្រោម ប្រកាសនឹងធ្វើបាតុកម្ម ឯរដ្ឋាភិបាលខ្មែរស្ងាត់បាត់ដូចគេ ចុក ។ ចំពោះរឿងរ៉ាវប្រវត្តិសាស្ត្រនេះកើតចេញពីការនិយាយបំផ្លើសប្រវត្តិសាស្ត្រ ពីសំណាក់តំណាងប្រទេសវៀតណាមនៅកម្ពុជាថាទឹកដីកម្ពុជាក្រោមជារបស់វៀតណាមតាំងពីយូរមកហើយនោះ ។
ឪអ្វីដែលគួរយកចិត្តទុកដាក់ពីសំណាក់អ្នកដឹកនាំខ្មែរទាំងបច្ចុប្បន្ន និងទាំងអនាគតនោះគឺថា សម្ដីរបស់អ្នកតំណាងប្រទេសវៀតណាមនេះ គួរត្រូវបានពិចារណា ហើយគួរប្រែក្លាយជាការដាស់តឿនសតិអារម្មណ៍ពីមនោគមន៍វិជ្ជាដ៏ពិសពុលនៃជនជាតិវៀតណាមដែលមានមកលើប្រទេសជិតខាង ។
ទស្សនៈដែលថាមានជនជាតិខ្លួនរស់នៅច្រើនយូរឆ្នាំ ហើយចុងក្រោយបំផុតក៏គិតថាទឹកដីនោះជា របស់ខ្លួន គឺជាល្បិច និងមហិច្ឆតា ដែលជនជាតិវៀតណាមប្រើប្រាស់ដដែលជាដដែលមកលើអាណាចក្រចម្ប៉ា និងកម្ពុជាក្រោមនៅទីបំផុត ។ ប្រការនេះ ការបន្តជនអន្តោប្រវេសន៍វៀតណាមមកពាសពេញប្រទេសកម្ពុជាសព្វថ្ងៃដោយខុសច្បាប់គឺជាអាសន្នមួយដែលគួរត្រូវបានប្រកាសឲ្យបានឆាប់រហ័ស ដ្បិត នៅទីបំផុតទៅវៀតណាមប្រាកដជាមិនបានទទួលស្គាល់ទេ ជាក់ស្ដែងដូចក្នុងករណីកម្ពុជាក្រោមដ៏កម្សត់របស់យើងមួយនេះ ។ រឿងរ៉ាវកម្ពុជាក្រោមមិនមែនជាល្បែងដែលអ្នកនយោបាយខ្មែរយកមកប្រកួតប្រជែងគ្នាឡើយ តែវាជារឿងអនាគតនៃខ្មែរគ្រប់រូប” ។
កម្ពុជាក្រោមស្ថិតក្នុងបេះដូងកូនខ្មែរជានិច្ច៖
ទាក់ទង់នឹងការបំភ្លែប្រវត្តិសាស្ត្រកម្ពុជាក្រោម របស់មន្ត្រីស្ថានទូតវៀតណាមនេះ នៅថ្ងៃទី ២៨ ខែមិថុនា គេហទំព័រដដែលបានចុះផ្សាយអត្ថបទមួយទៀតមានចំណងជើងថា “ សម្រាប់ខ្មែរនោះ មិនមែន «សៃហ្កន» មិនមែន «ហូជីមិញ» តែជា «ព្រៃនគរ»” ដើម្បីបញ្ជាក់ពីទឹកចិត្តកូនខ្មែរថា ទឹកដី “កម្ពុជាក្រោម គឺស្ថិតក្នុងបេះដូងគេជានិច្ច” ហើយបានផ្ដាំឲ្យជនជាតិខ្មែរគ្រប់រូប ហៅទីក្រុងរបស់ខ្មែរនៅកម្ពុជាក្រោមថា «ក្រុងព្រៃនគរ» ជំនួសឲ្យហៅថា ក្រុងសៃហ្កន ឬ ក្រុងហូជីមិញ វិញ ។
អត្ថបទនេះបានសរសេរថា៖
“បើទោះបីថ្នាក់ដឹកនាំវៀតណាមខំបំភ្លៃប្រវត្តិសាស្ត្រពិភពលោកក៏ដោយ តែជាការពិតមិនអាចប្រកែកបាន អតីតដែនដីភាគខាងត្បូងរបស់វៀតណាមបច្ចុប្បន្ននេះ គឺជារបស់ខ្មែរយ៉ាងពិតប្រាកដ ហើយដែលមានទីប្រជុំជនធំបំផុត នោះគឺក្រុង «ព្រៃនគរ»។
គ្មាននរណាចង់ឲ្យទឹកដីដ៏ធំធេងមហាសាលនេះធ្លាក់ក្នុងកណ្ដាប់ដៃបរទេសទេ រាប់ទាំងមេដឹកនាំខ្មែរគ្រប់សម័យកាល តែការបាត់បង់ដែនដីកម្ពុជាក្រោម គឺជាមហិច្ឆតាលោភលន់ប្លន់យកទឹកដីគេ ពីសំណាក់ជនជាតិយួននេះទេតើហ៍? ណាស់ហើយ! មកដល់សម័យបច្ចុប្បន្ននេះវាប្រាកដណាស់ថា នឹងពិបាកទាមទារយកទឹកដីកម្ពុជាក្រោម មកវិញណាស់ ហើយវាក៏ប្រហែលជាពិបាកផងដែរក្នុងការបញ្ឈប់មហិច្ឆតារបស់វៀតណាម មិនឲ្យបញ្ឈប់គំនិតឈ្លានពានទឹកដីបរទេសបន្តទៀតដែរ ។ ប្រការនេះសម្រាប់កម្ពុជានោះ ការការពារទឹកដីដែលមានស្រាប់អាចជាកិច្ចការមួយមិនជាស្រួលប៉ុន្មានទេ ។
សម្រាប់មនុស្សដែលមានឈាមខ្មែរនោះ ទោះក្នុងទេសៈកាលៈណាក៏ដោយ កម្ពុជាក្រោម គឺស្ថិតក្នុងបេះដូងគេជានិច្ច ។ បើទោះបីជាកម្ពុជាក្រោម និងក្រុងព្រៃនគរ ធ្លាក់ក្នុងកណ្ដាប់ដៃរបស់វៀតណាមទៅហើយក្ដី មនោសញ្ចេតនាខ្មែរនៅឆ្លាក់ជាប់ឥតមានថ្ងៃបំភ្លេច ។ សម្រាប់ជនជាតិខ្មែរនោះ គួរហៅទីក្រុងបច្ចុប្បន្នថា «ក្រុងព្រៃនគរ» ជំនួសឲ្យហៅថា ក្រុងសៃហ្កន ឬ ក្រុងហូជីមិញ នោះ” ។
កម្ពុជាក្រោមជារបស់វៀតណាមយូរហើយ៖
សូមបញ្ជាក់ថា កាលពីថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០១៤ ពីរថ្ងៃបន្ទាប់ពលរដ្ឋខ្មែរក្រោមនៅទីក្រុងភ្នំពេញ បានប្រារព្ធខួប ៦៥ ឆ្នាំ ថ្ងៃបារាំងកាត់ដែនដីកូស័ងស៊ីន ឬ ដែនដីកម្ពុជាក្រោម ឲ្យវៀតណាមនោះ លោក ត្រឹង វ៉ាំង ថុង អ្នកនាំពាក្យស្ថានទូតវៀតណាមប្រចាំកម្ពុជា បានថ្លែងប្រាប់វិទ្យុអាស៊ីសេរីថា៖
“បារាំងមិនបានកាត់ទឹកដីខ្មែរកម្ពុជាក្រោមឲ្យវៀតណាមទេ តែកម្ពុជាក្រោម ជាទឹកដីរបស់វៀតណាម តាំងពីយូរយារណាស់មកហើយ ព័ត៌មានបាត់បង់ទឹកដី គ្មានអ្វីជាមូលដ្ឋានទេ គ្មានអ្វីជាភស្តុតាងទេ” ។
ក្រោយមក មន្ត្រីវៀតណាមរូបនេះដដែលបានថ្លែងបន្តទៀតថា៖
“ទឹកដីវៀតណាមភាគខាងត្បូង ដែលជាតំបន់មានបងប្អូនខ្មែររស់នៅ គឺ មុនពេលដែលបារាំងចូលមក ជាទឹកដីរបស់វៀតណាមទៅហើយ ។ ដូច្នេះ តំបន់ទឹកដីណាមបូវៀតណាមខាងត្បូង គឺជារបស់វៀតណាម តាំងពីយូរណាស់មកហើយ” ។
ខ្មែរក្រោមជាជនជាតិដើម៖
ទោះបី មន្ត្រីវៀតណាមបានបំភ្លៃ និងមន្ត្រីខ្មែរនៃគណបក្សប្រជាជនកម្ពុជាមិនហ៊ានចេញមុខការពារប្រវត្តិ សាស្ត្រយ៉ាងណាក៏ដោយ តែតាមឯកសារភស្តុតាងជាច្រើននៅកម្ពុជាក្រោមបញ្ជាក់ឲ្យឃើញថា ខ្មែរក្រោម ជាម្ចាស់ស្រុកនៃកម្ពុជាក្រោម ។ ភស្តុតាងទាំងនោះ មានវត្តអារាមជាដើម ដោយវត្តសម្បូររង្សី (សម្បួរ) ឋិត នៅក្នុងស្រុកកំពុងស្ពាន ខេត្តព្រះត្រពាំង បានស្ថាបនាឡើងក្នុង ព. ស. ៩១៦ គ. ស. ៣៧៣ បើគិតមកទល់នឹងឆ្នាំ ២០១៤ វត្តនេះ មានអាយុកាល ១៦៤១ ។ បើគិតតាមឆ្នាំកសាងវត្តសម្បួររង្សីនេះ និងតាមឯកសារប្រវត្តិសាស្ត្រយួនថា ស្ដេចត្រកូល ង្វៀង បានចូលមកសុំខ្ចីទឹកដីខ្មែរនៅម្ដុំព្រៃនគរ នាចុងសតវត្សរ៍ទី ១៧ ក្នុងឆ្នាំ ១៦៩៨ ដើម្បីធ្វើសង្គ្រាមជាមួយស្ដេចយួនត្រកូល ទ្រិន (Trinh) ភាគខាងជើង នោះ ឃើញថា ជនជាតិយួនបានចូលមកវាតទីដែនដីកម្ពុជាក្រោម ក្រោយខ្មែរក្រោមកសាងវត្តសម្បូររង្សី ១៣១៦ ឆ្នាំ ៕
Comments are closed.