ការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ តាមសៀវភៅមហាសង្ក្រាន្ត
សង្ក្រាន្ត ចូលមកនៅថ្ងៃ ១៥កើត ខែចេត្រ ត្រូវនឹងថ្ងៃចន្ទ ទី១៤ ខែមេសា វេលាម៉ោង ៨ និង ០៧ នាទីព្រឹក។ ពេលនោះព្រះអាទិត្យចេញពីមីនរាសីទៅស្ថិតនៅឯមេសរាសីតាមផ្លូវគោវិថីគឺផ្លូវកណ្ដាល មានទេពធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាម គោរាគៈទេវី ជាបុត្រី ទី២ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា មកទទួលវេនបន្តពីទេវតាឆ្នាំចាស់ ទ្រង់ អម្ពរពណ៌លឿង លម្អព្រះកាណ៌ (ត្រចៀក) ដោយសៀតផ្កាអង្គារបុស្ស អភរណៈទ្រង់ពាក់ កែវមុក្តា ភក្សាហារទ្រង់សោយ តេលំ (ប្រេង) ព្រះហស្តស្តាំទ្រង់កាន់ ព្រះខ័ន ព្រះហស្តឆ្វេងទ្រង់ ឈើច្រត់ ទ្រង់គង់លើខ្នង ព្យាគ្យូៈ (សត្វខ្លា) ជាពាហនៈ ។
កម្មវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
ពិធីផ្សេងៗ ដែលប្រជាជនខ្មែររៀបចំតាមប្រពៃណីមានដូចតទៅ៖ ពេលមុនចូលឆ្នាំគេនាំគ្នាប្រុងប្រៀប រកស្បៀងអាហារ សម្អាតផ្ទះសម្បែង រែកទឹកដាក់ពាងរកអុសទុក និងកាត់សម្លៀកបំពាក់ថ្មីៗជាដើម ។ ថ្ងៃចូលឆ្នាំមកដល់គេរៀបគ្រឿងសក្ការបូជាទទួលទេវតាថ្មី។ ចំណែកផ្ទះសម្បែងគេតុបតែងរំលេចដោយភ្លើងទៀន អំពូលអគ្គិសនីខ្សែតូចៗ ចម្រុះពណ៌ ឬចង្កៀងគោមគ្រប់ពណ៌។
ពិធីបុណ្យចូលឆ្នាំ ៣ ថ្ងៃ នោះគឺ៖
ថ្ងៃចន្ទ ១៥ កើត ខែចេត្រ ត្រូវនឹងថ្ងៃ ទី១៤ ខែមេសា ជាថ្ងៃចូលឆ្នាំថ្មី វេលាម៉ោង ៨ និង ៧ នាទីព្រឹកជាថ្ងៃចូលឆ្នាំ មមី ឆស័ក (ថ្ងៃមហាសង្ក្រាន្ត)។
ថ្ងៃអង្គារ ១ រោច ខែចេត្រ ត្រូវនឹងថ្ងៃ ទី១៥ ខែមេសា ជាវារៈវនប័ត។
ថ្ងៃពុធ ២រោច ខែចេត្រ ត្រូវនឹងថ្ងៃ ទី១៦ ខែមេសា ជាវារៈឡើងស័កគម្រប់ជាសង្ក្រាន្ត ៣ថ្ងៃ ដោយបរិបូរណ៍និងចូល ឆ្នាំមមី ឆស័ក ចុល្លសករាជ ១៣៧៦ និងមហាសករាជ ១៩៣៦ តរៀងទៅ។
តាមទម្លាប់ពីដើមនៅថ្ងៃ ទី១ គេយកចង្ហាន់ទៅប្រគេនភិក្ខុទាំងឡាយនៅតាមវត្តអារាម។ ពេលល្ងាចគេនាំគ្នាជញ្ជូនខ្សាច់សាងវាលុកចេតិយនៅជុំវិញព្រះវិហារ ឬនៅជុំវិញដើមពោធិ៍ណាមួយនៅក្នុងវត្តនោះ។ នៅពេលព្រលប់ គេប្រគេនភេសជ្ជៈដល់ភិក្ខុទាំងឡាយ និមន្តភិក្ខុសូត្រចម្រើនព្រះបរិត្ត និងសម្ដែងធម្មទេសនា។
នៅថ្ងៃ ទី២ កូនចៅជូនអំណោយជាសម្លៀកបំពាក់ នំចំណី លុយកាក់ដល់អ្នកមានគុណ មានឪពុកម្តាយ ជីដូនជីតាជាដើម។ ជួនកាលគេធ្វើទានដល់អ្នកក្រីក្រទៀតផង។ ពេលរសៀលគេនាំគ្នាទៅពូនភ្នំខ្សាច់ទៀត ហើយសូត្រធម៌អធិស្ឋានភ្នំខ្សាច់ដែលគេសន្មតទុកដូចចូឡាមណីចេតិយ ហើយនិមន្តភិក្ខុទាំងឡាយបង្សុកូលចេតិយបញ្ជូនមគ្គផលដល់វិញ្ញាណក្ខន្ធបងប្អូនដែលបានចែកឋាន។
ថ្ងៃ ទី៣ ពេលព្រឹក និមន្តភិក្ខុទាំងឡាយសូត្រឆ្លងភ្នំខ្សាច់ ។ ពេលល្ងាចនិមន្តភិក្ខុស្រង់ទឹក និងស្រង់ព្រះពុទ្ធរូប (តាមការនិយមនៃស្រុកខ្លះ)។ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ គេនាំគ្នាលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយជាច្រើន ដូចជា លេងបោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ចាប់កូនខ្លែងជាដើម និង មានរបាំត្រុដិ (ច្រើនមាននៅ ខេត្តបាត់ដំបង សៀមរាប) ជាពិសេសទៀតគឺរាំវង់ តែអាស្រ័យទៅតាមការនិយមចូលចិត្តរបស់មនុស្សម្នាក់ៗ។ អ្នកខ្លះនិយមនាំគ្នាដើរកម្សាន្តបន្ត អ្នកខ្លះនិយមធ្វើបុណ្យទានតាមវត្តអារាម។
គ្រឿងរណ្ដាប់ទទួលទេវតា៖
សម្រាប់គ្រឿងរណ្ដាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងមកត្រូវរៀបរានទទួលទេវតា នៅមុខផ្ទះសម្រាប់តាំងគ្រឿងពលីការផ្សេងៗ។ ត្រូវក្រាលសំពត់ពណ៌ស ហើយរៀបចំនូវគ្រឿងសក្ការបូជាទេវតាមានជាអាទិ៍ បាយសី ៩ ថ្នាក់មួយគូ បាយសី ៧ ថ្នាក់មួយគូ បាយសី ៥ ថ្នាក់មួយគូ បាយសី ៣ ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ (ទៀន ៥ ធូប ៥) លាច ៥ ផ្កា ៥ ដាក់លើជើងពានមួយគូ ចេកនួន ចេកណាំវ៉ា ជើងពានមួយគូ ផ្លែឈើ ១១ មុខរៀបដាក់ជើងពាន ១១ គូ ដូងឡៅមួយគូ ទឹកស្អាតពីរកែវ។ ឆ្នាំនេះគួររកប្រេង ដាក់ទទួលទេវតាផង ព្រោះជាភក្សាហាររបស់ទេពធីតា។ ស្រេចហើយនៅវេលាម៉ោងដែលទេពធីតាចុះមកត្រូវជួបជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំព្រះនមស្សការព្រះរតនត្រ័យ សមាទានសីល ហើយធ្វើការតាំងចិត្តឲ្យបានស្អាតបរិសុទ្ធជ្រះស្រឡះនូវមន្ទិលទាំងពួង តម្កល់ចិត្តរំពឹងគិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹងលុះចប់ពិធីទទួលទេវតា។
គួរបញ្ជាក់ថា បាយសី ៩ ថ្នាក់ ៧ ថ្នាក់ តំណាងឲ្យព្រះរាជា ព្រះបរមរាជវាំង។ ចំពោះប្រជារាស្ត្រគួរធ្វើ ៥ ថ្នាក់ចុះមក ឬរៀបត្រឹមគ្រឿងសក្ការបូជាដែលមានទៀន ៥ ធូប ៥ ស្លាធម៌ កូនចេកមួយគូក៏ល្អដែរ។ ចំពោះផ្លែឈើសម្រាប់ប្រជារាស្ត្រ គួររៀបចំឲ្យបានត្រឹម ៣ ឬ ៥ មុខជាការប្រសើរ គឺរៀបទៅតាមធនធានរបស់ខ្លួន។ នៅគ្រប់តង្វាយទាំងអស់ត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់តង្វាយ នៅលើជើងពាន និងលើបាយសីត្រូវដោតទៀនបំភ្លឺ។
ទំនាយឆ្នាំថ្មីមានបាតុភូតទឹកធំ និងធាតុអាកាសត្រជាក់ កេណ្ឌព្រះពិរុណសាស្ត្រ៖ ឆ្នាំនេះ ភពសៅរ៍ ជាអធិបតី នាំផ្លូវទៅសុំទឹកភ្លៀងពីស្តេចនាគ ហើយបាននាគ ៥ បង្អុរទឹកភ្លៀង ៤០០ មេដែលចែកចេញជា៖
-ចក្កវាឡ ១៦០ មេ
-ព្រៃហេមពាន្ត ១២០ មេ
-មហាសមុទ្រ ៨០ មេ
– ជម្ពូទ្វីប មនុស្សយើងមានចំនួន ៤០មេ បណ្ដាលឲ្យមានទឹកភ្លៀង ដើមឆ្នាំល្អ កណ្ដាលល្អ ចុងឆ្នាំភ្លៀងតិច។ ទំនាយទាយថា ទឹកទន្លេឆ្នាំនេះច្រើនលើសឆ្នាំទាំងពួង ទឹកធំណាស់។ ចំណែកការធ្វើស្រែ ដីទំនាបទទួលបានផលល្អ ដីទួលមានផលល្មមសមគួរ។ ឆ្នាំនេះទំនាយទាយថាធាតុអាកាសត្រជាក់ ។
ដកស្រង់ចេញពីមហាសង្ក្រាន្ត ឆ្នាំ មមី ឆស័ក ពុទ្ធសករាជ ២៥៥៨ ការផ្សាយរបស់គណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ ប្រពៃណីទំនៀមទម្លាប់ខ្មែរ និងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ នៃក្រសួង ធម្មការ និងសាសនា ៕