កម្មវិធីសិក្សាផ្នែកពុទ្ធិកសិក្សា នៅដែនដីកម្ពុជាក្រោម
ដោយ ស៊ឺន ចែងចើន និង ថាច់ ប្រីជា គឿន | VOKK
ប្រជាពលរដ្ឋខ្មែរក្រោមរាប់លាននាក់នៅឯដែនដីកម្ពុជាក្រោម ដែលភាគច្រើនគោរព និងប្រតិបត្តិព្រះពុទ្ធសាសនា បានថែរក្សាតួនាទីរបស់វត្តអារាម ដែលជាមជ្ឈមណ្ឌលវប្បធម៌ និងអប់រំអក្សរសាស្ត្រខ្មែរ បានយ៉ាងខ្ជាប់ខ្ជួន ។
ខ្មែរក្រោម ដែល ៩៨% ជាអ្នកកាន់ព្រះពុទ្ធសាសនា និងស្ទើតែនៅគ្រប់ភូមិ ខ្មែរក្រោមតែងទីពឹងវត្តអារាម និងទៅលើព្រះសង្ឃ ដើម្បីគោរពប្រតិបត្តិ ។ វត្ត គឺជាមជ្ឈមណ្ឌលវប្បធម៌ ជាកន្លែង ដែលប្រជាពលរដ្ឋខ្មែរក្រោម ជួបជុំគ្នា និងគោរពបូជា និងជាកន្លែងសិក្សាអប់រំកូនចៅរបស់ប្រជាពលរដ្ឋខ្មែរក្រោម ។
ថ្វីត្បិតវិស័យសិក្សាអប់រំ នៅកម្ពុជាក្រោម មិនត្រូវបានរដ្ឋាភិបាលយួនលើកស្ទួយ និងយកចិត្តទុកដាក់ក្តី ។ ការសិក្សាអប់រំរបស់កូនចៅខ្មែរក្រោម នៅតែខ្នះខ្នែងពង្រឹងវិស័យអប់រំផ្នែកព្រះពុទ្ធសាសនា និងចំណេះដឹងទូទៅដោយខ្លួនឯង ។
ជាក់ស្តែង តាមរយៈការបើកសាលាពុទ្ធិកសិក្សា នៅតាមវត្តអារាមនីមួយៗ និងដោយមានការគាំទ្រយ៉ាងពេញទំហឹង ក្នុងការចូលរួមជ្រោមជ្រែងឧបត្តម្ភ ពីពុទ្ធបរិស័ទជើងវត្តផងនោះ ក៏បានបើកសាលាពុទ្ធិកសិក្សាឡើង សម្រាប់បណ្ដុះបណ្ដាលអក្សរសាស្ត្រខ្មែរ និងផ្នែកភាសាបាលី ដល់កុលបុត្រខ្មែរក្រោម ដែលបានចូលមកបួសជាព្រះសង្ឃ និងសិក្សាទាំងផ្លូវពុទ្ធចក្រ និងអាណាចក្រ ដើម្បីបងន្តវេនថែរក្សា និងលើកកម្ពស់ការសិក្សាអក្សរសាស្ត្រជាតិខ្មែរ នៅកម្ពុជាក្រោម ។
ជារៀងរាល់ឆ្នាំ ឲ្យតែដល់ខែវិសាខ ដែលត្រូវ នឹងខែឧសភានៃឆ្នាំសកល ចូលមកដល់ គឺនៅតាមវត្តអារាមនានា ក្នុងខេត្តព្រះត្រពាំង និងបណ្តាខេត្តដទៃៗ ទៀត នៅដែនដីកម្ពុជាក្រោម ចាប់ផ្តើមបើកកម្មវិធីជួបជុំរវាងសមណសិស្ស-សិស្ស និងគ្រូបង្រៀន ដើម្បីបើកបវេសនកាលឆ្នាំសិក្សាថ្មី ដែលចាប់ពីកម្រិតថ្នាក់វិជ្ជាខេមរភាសា កម្រិតពុទ្ធិកមធ្យមសិក្សាបឋមភូមិ និងពុទ្ធិកមធ្យមសិក្សាទុតិយភូមិ ។
ដោយឡែក នៅខេត្តព្រះត្រពាំងវិញ កម្មវិធីរៀនផ្នែកពុទ្ធិកសិក្សា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់គណៈមន្ត្រីសង្ឃខ្មែរក្រោម នៅថ្នាក់ស្រុក និងថ្នាក់ខេត្ត តម្រូវឲ្យសិក្សារយៈពេល ៩ ខែ គឺចាប់ពីថ្ងៃ ១ រោចខែវិសាខ រហូតដល់ខែបុស្ស នៃចន្ទគតិរៀងរាល់ឆ្នាំ ។
ក្នុងរយៈពេល ៩ ខែ នៃការសិក្សាផ្នែកពុទ្ធិក ដែលសមណសិស្ស-សិស្សត្រូវរៀននេះ គណៈមន្ត្រីសង្ឃ នៅក្នុងខេត្តព្រះត្រពាំង បានតម្រូវឲ្យវត្តនីមួយៗ ដែលបើកថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិទី ១ រហូតដល់ថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិទី ៣ ឬចាប់ពីថ្នាក់ទី ៦ ដល់ទី ១២ រៀបចំកម្មវិធីប្រលង ៣ លើក គឺប្រលងត្រីមាស នៅពេលព្រះសង្ឃចូលវស្សា ប្រលងឆមាស ពេលព្រះសង្ឃចេញវស្សា និងប្រលងបញ្ចប់ថ្នាក់ នៅក្នុងខែបុស្ស និងមាឃ រៀងរាល់ឆ្នាំ ។
ប៉ុន្តែ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ កម្មវិធីប្រឡងនៅថ្នាក់ស្រុក ដែលចាប់ពីថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិទី ១ ដល់ទី ៣ ឬថ្នាក់បាលីទី ១ ដល់ទី ៣ គឺត្រូវបានរៀបចំឲ្យមានការប្រឡងរួមបញ្ចប់ថ្នាក់ទូទាំងស្រុកនីមួយៗ ។ លើកលែងតែថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិទី ៤ ឬថ្នាក់បាលីរង និងថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិទី ៣ ឬថ្នាក់គរុកោសល្យទី ៣ ត្រូវរៀបចំប្រឡងរួមយ៉ាងទៀតងទាត់ ក្រោមការចាត់តាំងរបស់សមាគមព្រះសង្ឃថ្នាក់ខេត្ត ។
នៅក្នុងខែបុស្ស ពុទ្ធសករាជ ២៥៦១ ត្រូវ នឹងខែមករា គ្រឹស្តសករាជ ២០១៨ កន្លងទៅនេះ ជារដូវកាល ដែលគណៈកម្មការសង្ឃខ្មែរថ្នាក់ស្រុក និងថ្នាក់ខេត្តនៃខេត្តព្រះត្រពាំង បានរៀបចំកម្មវិធីប្រឡងបញ្ចប់កម្មវិធីសិក្សារបស់សមណសិស្សទូទាំងស្រុក និងខេត្ត ដែលបានសិក្សារយៈពេល ៩ ខែ នៅក្នុងឆ្នាំសិក្សា ២០១៧ ។
កម្មវិធីប្រឡងរួមបញ្ចប់ថ្នាក់ទូទាំងស្រុក ក្រោមការចាត់តាំងរបស់សមាគមសង្ឃស្រុកទាំង ៨ រួមមាន៖ ស្រុកកំពង់ស្ពាន ស្រុកផ្នោដាច់ ស្រុកថ្កូវ ស្រុកញ្ចោង ស្រុកកន្លង់ ស្រុកមាត់សមុទ្រ ស្រុកកំពង់ធំ និងទីរួមខេត្ត ។ ស្រុក នីមួយៗ បានរៀបចំកម្មវិធីប្រឡងរួម នៅក្នុងមណ្ឌលប្រឡងនៅក្នុងវត្តណាមួយ ដែលបានទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងការទទួលសមណសិស្ស និងសិស្សមកពីវត្តនានាទូទាំងស្រុក ។
ចំពោះវិញ្ញាសា ដែលសមណសិស្ស បានសិក្សានៅក្នុងថ្នាក់នីមួយៗ នៅថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិទីឆ្នាំទី ១ ដល់ទី ៣ ឬថ្នាក់បាលីទី ១ ដល់ទី ៣ ហើយត្រូវបានលើកយកមកប្រឡងនោះ មានចំនួន ១២ វិញ្ញាសា គឺសរសេរតាមអានខ្មែរ តែងសេចក្ដីខ្មែរ អនុពុទ្ធប្បវត្តិ សាសនាគឺអ្វី គាថាធម្មបទ ព្រះវិន័យ ធម្មវិភាគ វេយ្យាករណ៍បាលី អង់គ្លេស ភាសាខ្មែរ ប្រែលោតប្រយោគធម្មបទដ្ឋកថា គណិតវិទ្យា (សាលាពុទ្ធិកមធ្យមសិក្សាបឋមភូមិ នៅស្រុកខ្លះមាន ១៣ វិញ្ញាសា ពោល គឺបន្ថែម ១ វិញ្ញាសា វៀតណាម ប្រែខ្មែរ) ។
នៅថ្ងៃទី ២៧ ខែមករា ២០១៨ នេះ គណៈមន្ត្រីសង្ឃ គណៈកម្មការមេប្រយោគ គ្រូបង្រៀន និងបេក្ខសមណសិស្ស-សិស្សទាំង ២ ថ្នាក់ នៃសាលាពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ៤ ឬថ្នាក់បាលីរង និងសាលាពុទ្ធិកមធ្យមសិក្សាទុតិយភូមិឆ្នាំទី ៣ ឬថ្នាក់គរុកោសល្យទី ៣ នៅទូទាំងខេត្តព្រះត្រពាំង ដែលបាននិមន្តមកសិក្សា នៅតាមវត្តអារាមនានា ក្នុងខេត្តមួយនេះ បានមកជួបជុំគ្នា នៅវត្តពោធិគិរីវង្សារាម (ស្វាយសៀមថ្មី) និគមថ្កូវ ដើម្បីចូលរួមក្នុងកម្មវិធីប្រឡងរួមបញ្ចប់ថ្នាក់ខេត្ត ដែលកំពុងតែប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃ ១១ កើត ដល់ថ្ងៃ ១៣ កើត ខែមាឃ ឆ្នាំរការ នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវ នឹងថ្ងៃទី ២៧ ខែមករា ដល់ថ្ងៃទី ២៩ ខែមករា គ.ស ២០១៨ ក្រោមការចាត់តាំងរបស់អាគារសិក្សាធិការនៃគណៈមន្ត្រីសង្ឃថ្នាក់ខេត្ត ។
នៅក្នុងរបាយការណ៍ របស់គណៈកម្មការរៀបចំកម្មវិធីប្រឡងផ្នែកពុទ្ធិកសិក្សាថ្នាក់ខេត្តមួយនេះ បានបង្ហាញឲ្យដឹងថា សមណសិស្សទាំង ២ ថ្នាក់ ដែលបានចូលប្រឡងរួមបញ្ចប់ថ្នាក់ ក្នុងឆ្នាំសិក្សាពុទ្ធសករាជ ២៥៦១ នេះ សរុបទាំងអស់មានចំនួន ៤១៧ អង្គ និងរូប ក្នុងនោះ ក៏មានមានយុវ័ន យុវតី ចូលរួមប្រឡងផងដែរ ។ ចំណែកគណៈកម្មការមេប្រយោគ ដែលបាននិមន្ត និងអញ្ជើញមកពីវត្តនានា ដើម្បីកែវិញ្ញាសា និងសម្រេចលទ្ធផលប្រឡង មានចំនួន ២៥៨ អង្គ និងរូប ។
រីឯវិញ្ញាសា សម្រាប់ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ៤ មានចំនួន ១២ ដែរ គឺព្រះវិន័យ តែងសេចក្ដី សរសេរតាមអាន ធម្មបទ វេយ្យាករណ៍បាលី ភាសាខ្មែរ ព្រះគាថា ព្រះអភិធម្ម ទស្សនៈពុទ្ធសាសនា អង់គ្លេស ទូរេនិទាន គណិតវិទ្យា និងថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិឆ្នាំទី ៣ មានចំនួន ១០ វិញ្ញាសា គឺសរសេរតាមអាន ព្រះបាតិមោក្ខ បរមាធិប្បាយ សាសនាសកលលោក កំណាព្យខ្មែរ ភាសាខ្មែរ សម្ព័ន្ធ មង្គលត្ថទីបនី អង់គ្លេស គណិតវិទ្យា ។
កម្មវិធីប្រឡងនេះ នឹងប្រកាសលទ្ធផល និងមានប្រគេនរង្វាន់លើកទឹកចិត្តដល់សមណសិស្ស ពីគណៈកម្មការប្រឡង នៅរាត្រីថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០១៨ នេះ នាមណ្ឌលប្រឡងវត្តពោធិគិរីវង្សារាម (ស្វាយសៀមថ្មី) ដែលជាម្ចាស់ផ្ទះរៀបចំពិធីប្រលងរួមថ្នាក់ខេត្ត ។ គណៈកម្មការប្រឡងបានឲ្យដឹងថា រយៈពេល ៣ ថ្ងៃ ដែលព្រះសង្ឃកំពុងប្រឡងនេះ មានពុទ្ធបរិស័ទខ្មែរក្រោម នៅចំណុះជើងវត្តនានា បានចូលមក ចុះឈ្មោះធ្វើជារង្វាន់ទៅតាមលេខរៀង ចាប់ពីលេខ ១ ដល់លេខចុងបញ្ចប់ ដើម្បីឡើងវេទិកាប្រគេន ដល់សមណសិស្ស-សិស្ស នៅរាត្រីថ្ងៃដដែលនោះដែរ ។
យោងតាមបញ្ជីកំណត់ហេតុរបស់ព្រះតេជព្រះគុណ ថាច់ យួង ដែលជាសមាជិកគណៈកម្មការរៀបចំកម្មវិធីប្រឡងផ្នែកពុទ្ធិកសិក្សាផងនោះ បានបង្ហោះជាសាធារណៈ នៅលើបណ្តាញសង្គមហ្វេសប៊ុក កាលថ្ងៃទី ២៧ ខែមករា ឲ្យដឹងថា សិស្សានុសិស្ស ដែលរៀនផ្នែកពុទ្ធិកមធ្យមសិក្សាទូទាំងខេត្តព្រះត្រពាំង មាន ៧ ថ្នាក់ ដោយក្នុងនោះ ថ្នាក់ពុទ្ធិកម្យមសិក្សាបឋមភូមិ មាន ៤ ថ្នាក់ និងថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិ មាន ៣ ថ្នាក់ ។
នៅក្នុងបញ្ជីដដែល បានបញ្ចាក់ឲ្យដឹងទៀតថា ចំនួនបេក្ខសមណសិស្ស និងសិស្សទូទាំង ៨ ស្រុកនៃខេត្តព្រះត្រពាំង ដែលបានសិក្សាផ្នែកពុទ្ធិកមធ្យមសិក្សាបឋមភូមិទាំង ៣ ថ្នាក់ (បាលីទី ១ ដល់បាលីទី ៣) ក្នុងឆ្នាំសិក្សា ព.ស ២៥៦១ គ.ស ២០១៧-២០១៨ នេះ រួមមាន៖ ១. ស្រុកថ្កូវ សុរបរួមមានចំនួន ៧៣៥ អង្គ/រូប ២. ស្រុកកំពង់ស្ពាន សុរបរួមមានចំនួន ៣១៨ អង្គ/រូប ៣. ស្រុកកំពង់ធំ សុរបរួមមានចំនួន ៣២៨ អង្គ/រូប ៤. ស្រុកកន្លង់ សុរបរួមមានចំនួន ១៨ អង្គ/រូប ៥. ស្រុកមាត់សមុទ្រ សុរបរួមមានចំនួន ១៧៦ អង្គ/រូប ៦. ស្រុកកញ្ចោង សុរបរួមមានចំនួន ១៨៧ អង្គ/រូប ៧. ស្រុកផ្នោដាច់ សុរបរួមមានចំនួន ១៩២ អង្គ/រូប និងទីក្រុងព្រះត្រពាំង សុរបរួមមានចំនួន ៩០ អង្គ/រូប ។ ចំណែក បេក្ខសមណសិស្ស និងសិស្សផ្នែកពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ៤ (បាលីរង) ទូទាំងខេត្ត សុរបរួមមានចំនួន ៣២១ អង្គ/រូប ។ សម្រាប់បេក្ខសមណសិស្ស និងសិស្ស ផ្នែកពុទ្ធិកមធ្យមសិក្សាទុតិយភូមិឆ្នាំទី ១ (គរុកោសល្យទី ១) ទូទាំងខេត្ត សុរបរួមមានចំនួន ១៧៧ អង្គ/រូប ។ ពុទ្ធិកមធ្យមសិក្សាទុតិយភូមិឆ្នាំទី ២ (គរុកោសល្យទី ២) ទូទាំងខេត្ត សុរបរួមមានចំនួន ៩២ អង្គ/រូប ។ ពុទ្ធិកមធ្យមសិក្សាទុតិយភូមិឆ្នាំទី ៣ (គរុកោសល្យទី ៣) ទូទាំងខេត្ត សុរបរួមមានចំនួន ៩៨ អង្គ/រូប និងសរុបបេក្ខសមណសិស្ស និងសិស្សទាំង ៧ ថ្នាក់ មានចំនួន ២៧៣៥ អង្គ/រូប ដោយក្នុងនោះ ថ្នាក់ស្រុក មានសិស្សានុសិស្សសរុប ២០៤៤ អង្គ/រូប និងថ្នាក់ខេត្ត មានសិស្សានុសិស្សសរុប ៦៩១ អង្គ/រូប ។
កម្មវិធីសិក្សាថ្នាក់ពុទ្ធិកសិក្សា នៅខេត្តព្រះត្រពាំង ជាកម្មវិធីសិក្សាមួយ ផ្ដោតលើការរៀនអក្សរសាស្ត្រខ្មែរ និងភាសាបាលី ក្រោមការចាត់តាំងរបស់គណៈមន្ត្រីសង្ឃខ្មែរ នៅដែនដីកម្ពុជាក្រោម ដែលមានឈ្មោះថា “សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ” ។ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ បានបង្កើតឡើង នៅក្នុងឆ្នាំ ១៩៦៥ ដោយព្រះតេជព្រះគុណ សឺង វង់ (Son Vong) អតីតព្រះបាឡាតគណខេត្តព្រះត្រពាំង ។ សមាគមមួយនេះ ដើរតួនាទីបណ្ដុះបណ្ដាលវិស័យអប់រំដល់ពលរដ្ឋ និងព្រះសង្ឃខ្មែរក្រោម បានសិក្សារៀនសូត្រទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ។
សមាគមនេះ សព្វថ្ងៃ ស្ថិតនៅក្រោមការត្រួតត្រារបស់រណសិរ្សមាតុភូមិវៀតណាម (Mặt trận Tổ quốc Việt Nam) និងសមាគមពុទ្ធសាសនាវៀតណាម (Giáo hội Phật giáo Việt Nam) ដែលដឹកនាំដោយព្រះសង្ឃមហាយានជនជាតិយួន ។
ការសិក្សារបស់ព្រះសង្ឃ នៅតាមវត្តអារាមនានាក្នុងខេត្តព្រះត្រពាំងនេះ បានក្លាយទៅជាប្រពៃណីមួយទៅហើយ ដោយពុទ្ធបរិស័ទចំណុះជើងវត្តនីមួយៗ ជាអ្នកទំនុងបំរុងចង្ហាន់បាយបាត្រដល់សមណសិស្ស ដែលបាននិមន្តមកពីវត្តនានា ដើម្បីស្នាក់អាស្រ័យរៀនសូត្រ ជារៀងរាល់ឆ្នាំ ។ ចំណែកគ្រូបង្រៀនវិញ ក៏ជាព្រះសង្ឃ និងជាពុទ្ធបរិស័ទ នៅក្នុងចំណុះជើងវត្តនីមួយៗ ជាអ្នកបង្ក្រៀនស្មគ្រចិត្តបន្តវេនគ្នា ពីជំនាន់មួយទៅជំនាន់មួយផងដែរ ។ រីឯសមណសិស្សវិញ ពេលចេញពីរៀននៅម៉ោង ៩ កន្លះព្រឹក នឹងត្រូវនិមន្តចេញបិណ្ឌបាត្រ នៅតាមផ្ទះពុទ្ធបរិស័ទ ដែលវត្តបានចាត់ជាវេននីមួយៗ ដើម្បីបានចង្ហាន់មកទ្រទ្រង់ជីវិតិន្ទ្រីយ៍ឲ្យប្រព្រឹត្តទៅក្នុងការប្រតិបត្តិធម៌ និងសិក្សាអក្សរសាស្ត្រខ្មែររបស់ខ្លួន ។
សូមបញ្ជាក់ដែរថា នៅកម្ពុជាក្រោម បច្ចុប្បន្នមិនទាន់មានសាលាមហាវិទ្យាល័យ ឬសកលវិទ្យាល័យណាមួយ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដែលបង្កើតឡើងដោយពលរដ្ឋខ្មែរក្រោមម្ចាស់ស្រុក នៅឡើយទេ ។ ដូច្នេះ ព្រះសង្ឃខ្មែរក្រោមអង្គណា ដែលចង់បន្តការសិក្សាថ្នាក់មហាវិទ្យាល័យ ត្រូវតែនិមន្តចេញទៅប្រទេសកម្ពុជា ឬប្រទេសថៃថៃ ។ ចំណែកព្រះសង្ឃ ដែលចង់និមន្តទៅបន្តការសិក្សា នៅប្រទេសកម្ពុជា ត្រូវចុះឈ្មោះរៀនថ្នាក់អនុវទ្យាល័យ ឬវិទ្យាល័យសាឡើងវិញ ព្រោះវិញ្ញាបនបត្រថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិ ដែលចេញដោយអាគារធិការសិក្សានៃគណៈមន្ត្រីសង្ឃខ្មែរខេត្តព្រះត្រពាំង នៃដែនដីកម្ពុជាក្រោម មិនត្រូវបានទទួលស្គាល់ ដោយក្រសួងអប់រំជាតិរបស់ប្រទេសកម្ពុជាឡើយ ។ ផ្ទុយពីប្រទេសកម្ពុជា នៅឯប្រទេសថៃវិញ ក្នុងនាមជាប្រទេសមួយ ដែលមិនមែនជាជាតិខ្មែរឈាមខ្មែរដូចគ្នាផង តែសាកលវិទ្យាល័យរបស់គេ បានទទួលស្គាល់សមមូលវិញ្ញាបនបត្រ មកពីដែនដីកម្ពុជាក្រោម ហើយបានលើកទឹកចិត្តឲ្យសមណសិស្សខ្មែរក្រោមរាប់រយអង្គ មានឱកាសចូលបន្តការសិក្សានៅតាមមហាវិទ្យាល័យនានាយ៉ាងច្រើន ដូចជា មហាវិទ្យាល័យមហាចុឡាឡុងករណ៍រាជវិទ្យាល័យ ដែលមានមូលដ្ឋាននៅខេត្តអយុធ្យា និងទីក្រុងបាំងកក់ជាដើម ។
គួរជម្រាបជូនថា នៅកម្ពុជាក្រោម បច្ចុប្បន្នមានវត្តជាង ៥០០ វត្ត (ខេត្តព្រះត្រពាំង មានវត្តខ្មែរទាំងអស់ចំនួន ១៤៣ វត្ត) និងមានព្រះសង្ឃរាប់ម៉ឺនអង្គ កំពុងតែប្រតិបត្តិព្រះពុទ្ធសាសនា ប្រពៃណី ទំនៀនទម្លាប់ វប្បធម៌ អរិយធម៌ និងសិក្សាអក្សរសាស្ត្រជាតិខ្មែរ បានគង់វង្សតរហូតមកដល់ឥឡូវ ៕
ខាងក្រោមនេះ ជារូបថតខ្លះៗ នៃសកម្មភាព បេក្ខសមណសិស្ស និងយុវសិស្ស មកប្រលងរួម នៅវវត្តមហាពោធិវ័ន (តាថៀវ) និងវត្តពោធិបឹង (បឹង)៖ រូបថតៈ ដកស្រង់ចេញពីហ្វេសប៊ុករបស់ព្រះតេជព្រះគុណ ខ្មែរសុវណ្ណភូមិ ព្រះតេជព្រះគុណ ស៊ឺន រំដួល ព្រះតេជព្រះគុណ ថាច់ ណេ ព្រះតេជព្រះគុណ ថាច់ ធា និងលោក ភូមិន្ទ) ។