ស្រ្តីខ្មែរក្រោមដំបូងគេ ចូលប្រកួត​កបវរកញ្ញាចក្កវាឡកម្ពុជា ជ្រើសរើសនិមិត្តសញ្ញា «​រាហូ​ចាប់​ចន្ទ​»​ ជា «​ឈុត​តំណាង​ជាតិ​»​​

0 337

ដោយ ស៊ឺន ចែងចើន

ព្រឹត្តិការណ៍​ប្រកួត​បវរកញ្ញា​ចក្កវាឡ​កម្ពុជា​ ​ឆ្នាំ​ ​២​០​២​១​ ​បាន​ចាប់ផ្តើម​ធ្វើការ​ប្រកួត​របស់​ខ្លួន​ហើយ​ ​នៅ​លើ​កញ្ចក់ទូរទស្សន៍​បាយ័ន​ ​នៅ​ថ្ងៃ​ទី​ ​២​១​ ​ខែ​តុលា​ ​ស​ប្តាហ៍​នេះ​ ​ចាប់ពី​វេលា​ម៉ោង​ ​៨​ ​ដល់​ ​១​១​ ​យប់​ ​។​ ​នៅ​ក្នុង​វគ្គ​ប្រកួត​បឋម​នៃ​កម្មវិធី​ប្រជែង​សម្រស់​ ​និង​សមត្ថភាព​នារី​ដ៏​ធំ​ប្រចាំ​ប្រទេស​កម្ពុជា​ ​Miss​ ​Universe​ ​Cam​bo​d​i​a​ 2021 ​ដោយ​បង្ហាញមុខ​បេ​ក្ខ​នារី​លេចធ្លោ​ចុងក្រោយ​ទាំង​ ​១​៩​ ​រូប​ ​ក្រោយ​ពី​សម្រិតសម្រាំង​របស់​គណ​:​កម្មការ​ ​។​ ​សម្រាប់​ការ​ប្រកួត​ ​Miss​ ​Universe​ ​Cam​bo​d​i​a​ 2021 ​ឆ្នាំនេះ​ ​មាន​ភាព​ខុសប្លែក​ពី​បណ្ដា​ឆ្នាំមុន​ ​ៗ​ ​ប្លែក​! ​ដ្បិត​មាន​បេ​ក្ខ​នារី​ជា​ខ្មែរក្រោម​ ​មកពី​ដែនដី​កម្ពុជាក្រោម​ ​ដំបូង​គេ​ ​បាន​ដាក់ពាក្យ​ចូលរួម​កម្មវិធី​ប្រកួត​បវរកញ្ញា​ចក្រ​វា​ឡ​កម្ពុជា​ ​២​០​២​១​ ​ដើម្បី​ក្លាយ​ជា​តំណាង​ប្រទេស​ទៅ​ប្រកួត​លើឆាកអន្តរជាតិ​ ​។​ ​

​កម្មវិធី​ប្រឡង​បវរកញ្ញា​ចក្រវាលក​ម្ពុ​ជា​ ​២​០​២​១​ ​បាន​ចាប់ផ្តើម​ដំណើរការ​កម្ម​វី​ធី​ប្រកួតប្រជែង​របស់​ខ្លួន​ ​ដោយមាន​បេ​ក្ខ​នារី​ ​១​៩​ ​រូប​មកពី​បណ្ដា​ខេត្ត​ក្រុង​ទូទាំង​ប្រទេស​កម្ពុជា​ ​ដាក់ពាក្យ​ចូលរួម​ប្រកួត​ ​ដើម្បី​ដណ្តើម​មកុដ​ ​និង​អ្នកតំណាង​ឲ្យ​ប្រទេស​កម្ពុជា​ ​ទៅ​ប្រជែង​នៅ​លើឆាកអន្តរជាតិ​ ​។​ ​ក្នុងចំណោម​បេក្ខភាព​ត្រៀម​ដណ្តើម​ជ័យ​លា​ភី​បវរកញ្ញា​ឯក​ ​កម្មវិធី​ដ៏​ធំមួយ​នេះ​ ​បេ​ក្ខ​នារី​ម្នាក់​មកពី​ដែនដី​កម្ពុជាក្រោម​ ​គឺ​ ​កញ្ញា​ ​ឆន​ ​ស្រី​ណេ​ត​ ​កំពុង​ធ្វើឲ្យ​មហាជន​ភ្ញាក់ផ្អើល​ ​និង​ផ្ទុះ​ការ​សរសើរ​ពី​សម្រស់​ ​និង​សមត្ថភាព​របស់​នាង​ ​។​

​មានឈ្មោះ​ដើម​ ​សឺ​ន​ ​ស៊ី​ណេ​ត​ ​និង​ឈ្មោះ​ ​ ​ឆន​ ​ស្រី​ណេ​ត​ ​ដាក់នៅ​ពេល​នាង​មកដល់​ប្រទេស​កម្ពុជា​ ​កញ្ញា​វ័យ​ ​២​៤​ ​ឆ្នាំ​ ​សម្រស់​ដងខ្លួន​ស្រអែម​រូប​នេះ​ ​ត្រូវ​គេ​មើលឃើញ​ថា​ ​ជា​បេក្ខភាព​លេចធ្លោ​ម្នាក់​ ​ក្នុង​ចំណោម​បេក្ខភាព​ជាច្រើន​នាក់​ទៀត​ ​ដែល​ចូលរួម​ក្នុង​ការ​ប្រកួត​ឆ្នាំនេះ​ ​។​

​ជា​គ្រូបង្រៀន​ក្បាច់​ហាត់ប្រាណ​តាម​ក្លិ​ប​ ​និង​ជាតា​រា​ម៉ូដែល​ឯករាជ្យ​ (​Free​lance​) ​កញ្ញា​ ​ឆន​ ​ស្រី​ណេ​ត​ ​ដែល​មាន​ស្រុកកំណើត​ ​នៅ​ភូមិ​មេ​រង​ ​ឃុំ​ដើម​ជ្រៃ​ ​ស្រុក​ផ្នោ​ដាច់​ ​ខេត្ត​ព្រះត្រពាំង​ (​កម្ពុជាក្រោម​) ​បាន​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​អស់​រយៈពេល​ជិត​ ​៣​ ​ឆ្នាំ​ ​និង​អាច​និយាយ​បាន​ ​៤​ ​ភាសា​ ​គឺ​ភាសាខ្មែរ​ ​វៀតណាម​ ​ថៃ​ ​និង​អង់គ្លេស​ ​។

​ងាក​មក​ចាប់​អាម​រ​ម្មណ៍ ​កម្មវិធី​វគ្គ​ជម្រុះ​បឋម​នៃ​ ​Miss​ ​Universe​ ​Cam​bo​d​i​a​ 2021 ​វិញ​ ​។​ ​ការ​បើកឆាក​ប្រកួត​សម្រស់​របស់​កម្ពុជា​ ​ថ្ងៃ​ដំបូង​ ​លើ​វិញ្ញាសា​ ​ឈុត​តំណាង​ជាតិ​ ​ឈុត​រាត្រីសមោសរ​ ​និង​ឈុត​ហែលទឹក​ ​ដើម្បី​ជ្រើស​យក​បេ​ក្ខ​នារី​រូប​ណា​ ​ដែល​មាន​ភាព​លេចធ្លោ​ ​សម្រាប់​ឈាន​ទៅដល់​វគ្គ​ផ្ដាច់​ព្រ័​ត្រ​ ​។​ ​ជា​ការ​កត់​សម្គាល់​ទៅលើ​វិញ្ញាសា​ ​«​ឈុត​តំណាង​ជាតិ​»​ ​នោះ​ ​គេ​សង្កេតឃើញ​កញ្ញា​ ​ឆន​ ​ស្រី​ណេ​ត​ ​បាន​គ្រង​ឈុត​ស​ម្លៀ​ក​បំពាក់​ ​ដែល​ជា​និមិត្តសញ្ញា​ជាតិ​របស់​ខ្មែរក្រោម​ ​នៅ​ទូទាំង​ពិភពលោក​ ​នោះ​គឺ​ ​សញ្ញា​ ​«​រាហូ​ចាប់​ចន្ទ​»​ ​ដែល​ជា​ជំនឿ​ ​នៅ​ក្នុង​សង្គម​ខ្មែរក្រោម​ តាំង​ពី​យូរយារ​ណាស់​មក​ហើយ ​។

​ជាមួយ​ស​ម្លៀ​ក​បំពាក់​តំណាង​ជាតិ​ដ៏​ពិសិដ្ឋ​ ​រួម​នឹង​រូប​សម្រស់​ដ៏​ស្រស់​ស្អាត​ ​ដើរ​បង្ហាញ​ម៉ូដ​ ក្នុងព្រឹត្តការណ៍ប្រកួតសម្រស់នោះ ​គេ​ក៏​សង្កេតឃើញ​ ​ប​វ​កញ្ញា​ចក្រវាល​តំណាង​ឲ្យ​កម្ពុជាក្រោម​ ​កញ្ញា​ ​ឆន​ ​ស្រី​ណេ​ត​ ​ធ្វើ​បាន​ល្អ​បំផុត​ ​ទាំង​កាយវិការ​ ​និង​ទឹកមុខ​នៅ​លើ​ឆាក​ ​ប្រកបដោយ​ភាព​ជឿជាក់​បំផុត​ ​។

​ថ្លែងប្រាប់​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ ​និង​សារ​ព័ត៌មាន​ ​ព្រៃនគរ​ ​នារី​ខ្មែរក្រោម​ ​កើត​ក្នុង​គ្រួសារ​កសិករ​ ​ដែល​មាន​សមាជិក​ ​៥​ ​នាក់​ ​បង្ហាញ​ពី​គោលបំណង​ដ៏​ធំបំផុត​ ​ដែល​បណ្តាលឲ្យ​វត្តមាន​របស់​នាង​ក្នុង​កម្មវិធី​ ​Miss​ ​Universe​ ​Cam​bo​d​i​a​ 2021 ​នេះ​ ​គឺ​ចង់​បង្ហាញ​ថា​ ​ខ្លួន​ក្នុងនាម​ជា​ជនជាតិ​ដើម​ម្ចាស់​ស្រុក​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​ហើយ​តាមរយៈ​វេទិកា​ដ៏​ធំ​មួយ​នេះ​ ​ក៏​ជា​ឱកាស​ ​ដើម្បី​នាង​បង្ហាញ​ឲ្យ​ពិភពលោក​បាន​ស្គាល់​កាន់តែ​ច្បាស់​ថា​ ​«​ខ្មែរក្រោម​ ​ជា​នរណា​»​ ​ផង​ ​។

​កញ្ញា​ ​ឆន​ ​ស្រី​ណេ​ត ៖ គោលបំណង​ ​ដែល​ណេ​ត​ដាក់ពាក្យ​ចូល​ប្រកួត​ក្នុង​កម្មវិធី​ ​Miss​ ​Universe​ ​Cam​bo​d​i​a​ 2021 ​គឺ​ណេ​ត​ចង់ឲ្យ​ខ្មែរក្រោម​យើង​ ​មានឈ្មោះ​នៅ​លើ​វេទិកា​ដ៏​ធំ​មួយ​នេះ​ ​។​ ​ហើយ​មួយទៀត​នោះ​ ​គឺ​ណេ​ត​ចង់​បង្ហាញ​ឲ្យពី​ព​ភ​លោក​ដឹងថា​ ​ខ្មែរក្រោម​យើង​ជា​នរណា​ ​ហើយ​នៅ​ទីណា​ ​និង​មួយទៀត​ ណេ​ត​ចង់​បង្ហាញ​ ​ពី​សមត្ថភាព​ខ្លួនឯង​ ​ហើយ​ប្រើ​សំឡេង​បវរកញ្ញា​មួយ​ហ្នឹង​ ​ដើម្បី​ជួយ​ដល់​សង្គមជាតិ

នៅពេលសួរថា មូលហេតុអ្វី បានជានាងជ្រើសរើសយកនិមិត្តសញ្ញា «​រាហូ​ចាប់​ចន្ទ​»​ ជា «​ឈុត​តំណាង​ជាតិ​»​​? ។ កញ្ញា ឆន ស្រីណេត ឆ្លើយ​តប​យ៉ាង​ដូច្នេះ ។

កញ្ញា​ ​ឆន​ ​ស្រី​ណេ​ត៖ ​មូលហេតុ​ ​ដែល​ណេ​ត​ជ្រើសរើស​យក​ឈុត​តំណាង​ជាតិ​ជា​រ​ហូ​ចាប់​ចន្ទ​ហ្នឹង​ ​គឺ​ណេ​ត​ចង់​បង្ហាញ​ពី​ ​ក្តី​សង្ឃឹម​ ​ការ​ស្រឡាញ់​ ​និង​ក្តី​នឹក​រ​ឭ​ក​រវាង​បងប្អូន​ខ្មែរយើង​ ​។​ ​ក្តី​សង្ឃឹម​ហ្នឹង​ ​ចង់និយាយ​ថា​ ​បើ​ទោះបីជា​យើង​ ​កំពុង​រស់នៅ​ក្នុង​ទី​ភព​ងងឹត​ក៏ដោយ​ ​ក៏​យើង​នៅតែ​មាន​ក្តី​សង្ឃឹម​ថា​ ​នឹង​នៅ​មាន​ពន្លឺ​ ​ហើយ​ក្តី​ស្រឡាញ់​ ​ក្តី​នឹក​រ​ឭ​ក​ហ្នឹង​ ​ចង់និយាយ​ថា​ ​បងប្អូន​ខ្មែរយើង​ ​ទោះ​នៅ​ទីណា​ក៏ដោយ​ ​ក៏​នៅតែ​មាន​បេះដូង​ជាខ្មែរ​ ​ហើយនឹង​ឈាម​ខ្មែរ​ ​ចេះ​ស្រឡាញ់​គ្នា​ ​ចេះ​សាមគ្គី​គ្នា​ ​។​ ​អ៊ីចឹង​! ណេ​ត​ចង់​បង្ហាញ​ឈុត​នេះ​ ​នៅ​លើ​វេទិកា​មួយ​នេះ​ ​។

លោក​ ​ថា​ច់ ​បូ​រិន​ ​ហៅ​ ​ទឹកគ្រឿង​ ​អ្នក​ច្នៃ​ម៉ូត​ជូន​បេក្ខភាព​ ​កញ្ញា​ ​ឆន​ ​ស្រី​ណេ​ត​ ​ឲ្យដឹង​ថា​ ​គោលបំណង​សំខាន់​ ​ដែល​លោក​រចនា​ឈុត​ស​ម្លៀ​ក​បំពាក់​ ​ដែល​ជា​អត្តសញ្ញាណ​ជាតិ​ ​គឺ​ចង់​ដាស់​សតិអារម្មណ៍​ទៅដល់​មហាជន​ ​ឲ្យ​ងាក​មក​យកចិត្តទុកដាក់​ទៅលើ​ពលរដ្ឋ​ខ្មែរក្រោម​ ​មិនថា​ពួកគេ​រស់នៅ​ទីណា​ឡើយ​ ​គឺ​នៅតែ​គោរព​ ​និង​រក្សា​នូវ​វប្បធម៌​ខ្មែរ​ ​ពិធីបុណ្យ​ប្រពៃណី​ជាតិ​ ​រក្សា​បាន​នូវ​វត្ត​ព្រះពុទ្ធសាសនា​ ​អក្សរសាស្ត្រ​ សិល្បៈ ​ស​ម្លៀ​ក​បំពាក់​ ​ដូច​ពលរដ្ឋ​ខ្មែរ​ ​នៅ​កម្ពុជា​ ​ដែរ​ ​។

លោក​ ​ថា​ច់ ​បូ​រិន ៖ សម្លៀ​ក​បំពាក់​ហ្នឹង​ ​ខ្ញុំ​ចង់​បង្ហាញ​ឡើង​ ​ដើម្បីឲ្យ​គេ​ស្គាល់​យើង​ជា​ខ្មែរក្រោម​ ​។​ ​មួយទៀត​! ​ចង់​បង្ហាញ​ថា​ ​ខ្មែរក្រោម​ ​ទោះ​យើង​នៅ​ទីណា​ ​ក៏​យើង​នៅតែ​ជាខ្មែរ​ ​យើង​ទៅដល់​ទីណា​ ​ក៏​យើង​នៅតែ​ស្រឡាញ់​នូវ​វប្បធម៌​របស់​ខ្លួនឯង​ ​ស្រឡាញ់​បងប្អូន​ជាតិសាសន៍​តែមួយ​ ​។​ ​និយាយ​អំពី​ពណ៌​ ​នៅ​លើស​ម្លៀ​ក​បំពាក់​វិញ​ ​យើង​ប្រើ​ពណ៌​ស​ ​និង​ពណ៌​ខ្មៅ​ ​គឺ​បង្ហាញ​ពី​ភាព​ងងឹត​ ​និង​ពន្លឺ​ ​ជាមួយ​ក្តី​សង្ឃឹម​ ​។​ ​ទោះ​យើង​រស់នៅ​ក្នុង​ស្ថានការណ៍​បែប​ណា​ ​នៅ​ក្នុង​សង្គម​បែប​ណា​ ​ក៏​យើង​នៅតែ​មាន​សេចក្តីសង្ឃឹម​ទៅមុខ​ជានិច្ច​ ​។

​លោក ថាច់ បូរិន អ្នក​ច្នៃ​ម៉ូត និង​ ​កញ្ញា​ ​ឆន​ ​ស្រី​ណេ​ត​ ក្នុងព្រឹត្តិការណ៍ Miss​ ​Universe​ ​Cam​bo​d​i​a​ 2021 ។ រូបៈ ផ្តល់ឲ្យ

អ្នកមានភាពប៉ិនប្រសប់ ក្នុងការ​បង្កើត ​និង​ច្នៃ​ម៉ូត ស​ម្លៀ​ក​បំពាក់​ប្រពៃណី និងបុរាណ​ដ៏​ប្រណិត​ អាយុ ៣០ ឆ្នាំ ​ដែលមាន​ឪពុក​ម្តាយ​ជាខ្មែរ​មក​ពី​ខេត្តព្រះត្រពាំង ដែនដី​កម្ពុជាក្រោម ប៉ុន្តែ​ លោក​មានកំណើត​កើតជា​ នៅក្នុង​ប្រទេស​កម្ពុជា រូប​នេះ ​ ​ឲ្យដឹងទៀត​ថា​ មូលហេតុ​ដែល​នាំឲ្យ​លោក​​​មាន​គំនិតច្នៃប្រឌិត​រចនា​ឈុត​តំណាង​ជាតិ​កម្ពុជាក្រោម​ ​ដោយ​រួម​ប​ញ្ជូ​ល​ជាមួយ​ ​និង​ទ្រង់ទ្រាយ​ក្បូរ​ក្បាច់​អនេកអន័គ្ឃ​យ៉ាងល្អ​ពិចិត្រ​ ​នៃ​គ្រឿង​លំអ​កាយ​ ​ប្រកបដោយ​ភាព​រស់រវើក​របស់​សិល្បៈ​ខ្មែរ​ ​គឺ​ប្រតិដ្ឋ​ឡើង​តាម​លំនាំ​នៃ​រឿងនិទាន​ ​«​រាហូ​ចាប់​ចន្ទ​»​ ​។​ ​បើ​តាម​លោក​ លោក ថាច់ បូរិន​ ​«​រាហូ​ចាប់​ចន្ទ​»​ ​ត្រូវ​បាន​ប្រើ​ជា​និមិត្តសញ្ញា​នៃ​បងប្អូន​ខ្មែរក្រោម​ ​ក្នុង​ន័យ​សាមគ្គីភាព​ ​និង​ការ​ស្រឡាញ់​រាប់អាន​ ​ចំពោះ​ជាតិសាសន៍​ដទៃ​ ​បីដូច​ជា​បងប្អូនបង្កើត​ ​នៅ​ទូ​ទាំងសកល​លោក​ ​។​ ​លោក​ ​ថា​ច់ ​បូ​រិន​ ​បាន​ដាក់ឈ្មោះ​ឈុតសម្លៀកបំពាក់ប្រពៃណី​តំណាង​ឲ្យ​ជាតិ​កម្ពុជាក្រោម​ ​នោះ​ថា​ ​«​ពន្លឺ​សង្ឃឹម​ក្រោម​នឹម​អសុរិន្ទ​»​ ។

លោក ថាច់ បូរិន ៖ ​បាទ​! ​ទីមួយ​ ​រាហូ​ចាប់​ចន្ទ​ ​គឺជា​និមិត្តសញ្ញា​ ​នៃ​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​អ៊ីចឹង​ ​វា​ជា​តំណាង​ឲ្យ​ខ្មែរក្រោម​ ​ទាំងអស់​ ​។​ ​ហើយ​ម្យ៉ាងទៀត​! ​យើង​ត្រូវ​បង្ហាញ​ជាមុន​សិន​ ​ថា​ ​យើង​ជា​នរណា​ ​ទើប​ឲ្យ​គេ​ស្គាល់​ពី​យើង​ថា​ ​យើង​មាន​អ្វីខ្លះ​ ​។​ ​ជាពិសេស​បង្ហាញ​ឲ្យ​ពិភពលោក​ស្គាល់​ ​ថា​ ​ខ្មែរក្រោម​ជា​នរណា​? ​។​ ​បាទ​! ​ក្នុង​កម្មវិធី​ហ្នឹង​ ​គឺ​ឃើញ​មាន​បងប្អូន​ខ្មែរយើង​ ​មាន​អ្នកគាំទ្រ​ច្រើន​ ​ពួកគាត់​បង្ហាញ​ពី​ក្តី​ស្រឡាញ់​ ​និង​អាណិត​មក​លើ​យើង​ច្រើន​ ​។​ ​ព្រោះថា​ ​ពេល​បវរកញ្ញា​យើង​ចេញទៅ​ ​គឺ​មាន​អ្នក​ទះដៃ​គាំទ្រ​ច្រើន​មែនទែន​ ​។

គួរ​ជម្រាប​ជូន​ថា​ ​ក្នុង​ព្រឹត្តិការណ៍​វគ្គ​ជម្រុះ​បឋម​ ​Miss​ ​Universe​ ​Cam​bo​d​i​a​ 2021 ​កាលពី​ថ្ងៃ​ទី​ ​២​១​ ​ខែ​តុលា​ ​នេះ​ ​កញ្ញា​ ​ឆន​ ​ស្រី​ណេ​ត​ ​ទទួល​បាន​ពានរង្វាន់​ ​«​Beauty​ o​f​ ​Face​»​ ​ផង​ដែរ​ ​។​

​ទាក់ទង​នឹង​និមិត្តសញ្ញា​ ​«​រាហូ​ចាប់​ចន្ទ​»​ ​នេះ​ដែរ​! ​តើ​សញ្ញា​ ​«​រាហូ​ចាប់​ចន្ទ​»​ ​មាន​ប្រវត្តិ​ ​និង​អត្ថន័យ​យ៉ាងណា​ ​នៅ​ក្នុង​ជំនឿ​របស់​ខ្មែរក្រោម​? ​តើ​ពលរដ្ឋ​ខ្មែរក្រោម​ ​បាន​យក​សញ្ញា​នេះ​ ​មក​ធ្វើជា​និមិត្តសញ្ញា​របស់​ខ្លួន​ ​តាំងពី​ពេលណា​មក​? ​។​

បើ​យោង​តាម​ព្រឹត្តិ​ប​ត្រ​ ​«​កម្ពុជាក្រោម​»​ ​លេខ​ ​១​ ​ចេញផ្សាយ​ ​ឆ្នាំ​ ​១​៩​៨​៤​ ​ដោយ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​នៅ​សហរដ្ឋអាមេរិក​ ​បាន​ចុះផ្សាយ​នូវ​អត្ថន័យ​នៃ​សញ្ញា​ ​«​រាហូ​ចាប់​ចន្ទ​»​ ​ដែល​បាន​ទទួលស្គាល់​ ​ដោយ​មហាសន្និបាត​ខ្មែរ​កម្ពុជាក្រោម​ ​ថ្ងៃ​ទី​ ​១​១​ ​ខែ​សីហា​ ​ឆ្នាំ​ ​១​៩​៨​៤​ ​ថា​ ​៖​ ​«​រូប​សញ្ញា​នេះ​ ​យក​តាម​ខ្លោងទ្វារ​ចូល​ទៅកាន់​ទីស្នាក់ការ​ ​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ប្រចាំ​ខេត្ត​ឃ្លាំង​»​ ​។​

​ខ្លឹមសារ​ដើម​នៃ​សេចក្ដី​អនុម័ត​នេះ​ ​បាន​បញ្ជាក់​ថា​ ​៖​ «​រឿងព្រេង​ខ្មែរ​ដំណាល​ថា​ ​រាហូ​ ​និង​ ​ចន្ទ​ ​ជា​បងប្អូនបង្កើត​ ​តែ​ត្រូវ​រស់នៅ​ឆ្ងាយ​ពី​គ្នា​ ​។​ ​តាម​ការ​ព្រាងទុក​ ​រាហូ​ ​និង​ ​ចន្ទ​ ​ត្រូវ​វិល​ជួបគ្នា​ក្នុង​មួយ​ឆ្នាំ​ម្ដង​ ​។​ ​ពេល​ជួបគ្នា​ម្ដងៗ​ ​រាហូ​តែងតែ​ ​ចាប់​ចន្ទ​មក​ញាំញី​ឱបរឹត​ ​ដើម្បីឲ្យ​ស្បើយ​នូវ​ការ​អាឡោះអាល័យ​ ​ហើយ​ពេល​ខ្លួះ ​រហូតដល់​ចង់​ចាប់​ចន្ទ​មក​លេប​ទុក​ទៀត​ផង​ ​ដោយហេតុ​មិន​ចង់ឲ្យ​បែកគ្នា​តទៅទៀត​»។​

​អធិប្បាយ​ ​៖​

​ចន្ទ​ ​៖​ ​ជា​និមិត្តរូប​នៃ​ខ្មែរ​កម្ពុជាក្រោម​ទាំងមូល​ ​ដែល​មាន​​​រូប​សម្ផស្ស​ឆោម​ល្អ​ភ្លឺ​ត្រចះត្រចង់​ ​ខ្ពស់ត្រដែត​ធ្វើឲ្យ​ជាតិសាសន៍​ដទៃ​គោរព​រាប់អាន​ ​។​

​រាហូ​ ​៖​ ​ជា​និមិត្តរូប​នៃ​ខ្មែរ​កម្ពុជាក្រោម​ ​ដែល​កំពុង​រស់នៅ​បរទេស​ទាំងអស់​ ​ហើយក៏​ជា​និមិត្តរូប​នៃ​កម្លាំង​សាមគ្គី​មួយ​យ៉ាង​មាំ​របស់​ខ្មែរ​កម្ពុជាក្រោម​ទូទៅ​ ​ហើយ​កំពុង​ចាប់​ចន្ទ​ ​យកមក​ឱប​ថ្នាក់ថ្នម​រក្សា​តរៀងទៅ​ ​។​

​រាហូ​ចាប់​ចន្ទ​ ​៖​ ​គឺជា​និមិត្តរូប​នៃ​ការ​ស្រឡាញ់​រាប់អាន​គ្នា​ ​ជិត​ស្និ​ទ​នឹងគ្នា​ស្គាល់​ធុរៈ​គ្នា​ ​លើកស្ទួយ​គ្នា​គ្រប់​កាលៈទេសៈ​ ​ជាពិសេស​ក្នុង​គ្រា​មានអាសន្ន​ហាក់​ ​បីដូច​ជា​បងប្អូនបង្កើត​»​ ​។​

​ទំនៀម​ខ្មែរ​ ​ដែល​នៅ​រាប់អាន​គំនូរ​រូប​រាហូ​មកដល់​សព្វថ្ងៃនេះ​ ​ព្រោះ​យល់ឃើញ​ថា​ ​«​រាហូ​ ​ជា​អ្នក​ខ្លាំងពូកែ​ ​មាន​អានុភាព​ច្រើន​»​ ​បានជា​គេ​គូរ​នៅ​ហោជាង​វិហារ​ ​ឬ​ ​ជញ្ជាំង​ប្រាសាទ​ ​ឬក៏​សាក់​នៅ​ជាប់នឹង​ខ្លួន​ផង​ ​គឺ​គេ​ចង់ឲ្យ​ខ្លួន​គេ​បាន​ពូកែ​ ​ដើម្បី​ការពារ​នូវ​ភយន្តរាយ​ទាំងឡាយ​ ​មាន​ខ្មោចបិសាច​ ​ជាដើម​ ​។​

ចំណែក​គំនិត​ខ្មែរក្រោម​ ​ដែល​បាន​អនុម័ត​ជា​ផ្លូវការ​យក​រូប​ ​«​រាហូ​ចាប់​ចន្ទ​»​ ​មក​ធ្វើជា​និមិត្តសញ្ញា​ជាតិ​នោះ​ ​ព្រោះ​យល់ឃើញ​ថា​ ​រាហូ​ ​និង​ ​ចន្ទ​ ​ជា​បងប្អូនបង្កើត​ ​មាន​សេចក្ដី​ស្រឡាញ់​រាប់អាន​គ្នា​ដោយ​ស្មោះ​ស្ម​គ្រ​ភក្ដីភាព​មិន​ប្រែប្រួល​ ​ប្រៀប​បាន​ ​នឹង​ប្រជាជាតិ​ខ្មែរក្រោម​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​និង​នៅ​ជុំវិញ​ ​ពិភពលោក​ ​តែងតែ​ស្រឡាញ់​រាប់អាន​គ្នា​ដោយ​ស្មោះ​ស្ម​គ្រ​ ​ចេះ​ជួយ​ដោះ​ទុក្ខធុរៈ​គ្នា​ ​និង​លើកស្ទួយ​គ្នា​គ្រប់​ ​កាលៈទេសៈ​ ​ជានិច្ច​និរន្ត​ ​។

​ត្រឡប់ទៅ​ក្នុង​កម្មវិធី​ត្រៀម​ប្រឡង​វគ្គ​ផ្តាច់ព្រ័ត្រ​ ​Miss​ ​Universe​ ​Cam​bo​d​i​a​ 2021 ​ដែល​នឹង​ត្រូវធ្វើ​ឡើង​ ​នៅ​ថ្ងៃ​ទី​ ​២​៨​ ​ខែ​តុលា​ឆ្នាំ​ ​២​០​២​១​ ​នេះ​ ​ចាប់ពី​ម៉ោង​ ​៨​ ​យប់​ ​ដោយមាន​ការ​​ផ្សាយ​ផ្ទាល់​នៅ​លើ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ផង​នោះ​ ​។​ ​កញ្ញា​ ​ឆន​ ​ស្រី​ណេ​ត​ ​បញ្ជាក់​ថា​ ​នាង​នឹង​ខិតខំ​ហ្វឹកហាត់​ ​ពង្រឹង​សមត្ថភាព​ ​និង​ប្ដេជ្ញា​ចិត្ត​ធ្វើឲ្យ​បាន​ល្អ​ ​ដើម្បី​ដណ្ដើម​ជ័យ​លា​ភី​ ​ក្នុង​ការ​ប្រកួត​នេះ​ ​។​ ​កញ្ញា​ ​បាន​ថ្លែង​នូវ​អំណរគុណ​ ​ចំពោះ​ការ​គាំទ្រ​ខ្លួន​ ​នា​ពេល​កន្លងមក​ ​ហើយ​សង្ឃឹម​ថា​ ​ពួកគេ​នឹង​នៅតែ​បន្ត​ចូលរួម​បោះឆ្នោត​គាំទ្រ​នាង​ ​សម្រាប់​ពានរង្វាន់​ប្រកួត​កញ្ញាឯក​ចក្កវាឡ​កម្ពុជា​ឆ្នាំនេះ​ ​។

កញ្ញា​ ​ឆន​ ​ស្រី​ណេ​ត ៖ជាចុងក្រោយ​ ​គឺ​ណេ​ត​ ​មាន​ពាក្យ​ផ្តាំផ្ញើ​ទៅកាន់​ពុក​ម៉ែ​ ​បងប្អូន​ ​ទាំងអស់គ្នា​ ​មិនថា​ ​ខ្មែរក្រោម​ ​ខ្មែរលើ​ ​ខ្មែរ​កណ្តាល​ ​អី​ទេ​ ​គឺ​សូមឲ្យ​ពួកគាត់​ថែរក្សា​សុខភាព​ ​និង​ចៀស​ផុត​ពី​ជម្ងឺ​កូ​វី​ដ​-​១​៩​ ​។​ ​ហើយ​ថ្ងៃ​ទី​ ​២​៨​ ​ខែ​តុលា​ ​ហ្នឹង​ ​គឺជា​ថ្ងៃ​ផ្តាច់ព្រ័ត្រ​របស់​កម្មវិធី​បវរកញ្ញា​ចក្រវាល​កម្ពុជា​ឆ្នាំ​ ​២​០​២​១​ ​សូម​ពុក​ម៉ែ​ ​បងប្អូន​ទាំងអស់​ ​ដែល​បាន​តាមដាន​កម្មវិធី​ហ្នឹង​ ​សូមឲ្យ​ពួកគាត់​ជួយ​គាំទ្រ​ ​ជួយ​បោះឆ្នោត​ឲ្យ​ណេ​ត​ផង​ ​ដើម្បី​ទទួល​បាន​ជ័យ​លា​ភី​ក្នុង​ការ​ប្រកួត​មួយ​នេះ​ ​។​ [​ជាថ្មី​] ​ម្តងទៀត​! ​សូម​អរគុណ​ទៅដល់​បងប្អូន​ទាំងអស់គ្នា​ ​ដែល​បាន​គាំទ្រ​ ណេ​ត​ ​កន្លងមក​ ​សូមឲ្យ​ពួកគាត់​សុខសប្បាយ​ ​ហើយនឹង​សុខភាព​ល្អ​ ​។

Leave A Reply

Your email address will not be published.