ដំណើរ​ឆ្ពោះទៅ​លាតត្រដាង​ការពិត​អំពី​ករណី​រំលោភបំពាន​សិទ្ធិមនុស្ស​លើ​ជនជាតិដើម​ខ្មែរក្រោម​

0 841

ដោយ ថាច់ ប្រីជា គឿន​

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា KKF បាន​បញ្ជូន​ប្រតិភូ​មួយក្រុម​ចូលរួម​ប្រជុំ​នៅក្នុង​កិច្ចប្រជុំ​លើក​ទី ១២៥ នៃ គណៈកម្មការ​សិទ្ធិមនុស្ស របស់ អង្គការសហប្រជាជាតិ (UNHRC) ស្ដីពី កិច្ចព្រមព្រៀង​អន្តរជាតិ​លើ​សិទ្ធិ​ស៊ីវិល និង នយោបាយ (ICCPR) នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វិ​ស ដើម្បី​លាតត្រដាង​ការពិត​អំពី​ការ​ណី​រំលោភបំពាន​សិទ្ធិមនុស្ស​លើ​ជនជាតិដើម​ខ្មែរក្រោម នៅពេលដែល​ប្រទេស វៀតណាម ឡើង​ឆ្លើយបំភ្លឺ​ចំពោះ គណៈកម្មការ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហ​ប្រជា​តិ អំពី​ការអនុវត្ត​របស់ខ្លួន ចំពោះ កិច្ចព្រមព្រៀង​ស្ដីពី​សិទ្ធិ​ស៊ីវិល និង នយោបាយ ។ កិច្ចប្រជុំ​លើក​នេះ ប្រព្រឹត្តទៅ​រយៈពេល ៤ សប្ដាហ៍ គឺ​ចាប់ពី​ថ្ងៃទី ៤ ដល់ ២៩ ខែមីនា ឆ្នាំ ២០១៩ នៅ​អគារ Palais Wilson នៃ ការិយាល័យ​អគ្គស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស នាទី​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វិ​ស ដោយ គណៈកម្មការ​សិទ្ធិមនុស្ស ធ្វើ​សវនាការ​សួរដេញដោល​ចំពោះ ប្រទេស​ហត្ថលេខី​មួយចំនួន ដូចជា ប្រទេស Niger, Angola, Estonia, Saint Vincent Grenadines, Eritrea និង វៀតណាម ។

​សម្រាប់​សវន​ការសួរដេញដោល​លើ​ប្រទេស​វៀតណាម ធ្វើឡើង​រយៈពេល ២ ថ្ងៃ ក្នុង​មួយថ្ងៃ ៣ ម៉ោង ត្រូវបាន​ទូរទស្សន៍​ផ្សាយ​ផ្ទាល់​នៅលើ​គេហទំព័រ​អង្គការសហប្រជាជាតិ ចាប់ពី​ម៉ោង ៩ យប់ ថ្ងៃទី ១១ និង ម៉ោង ៣ រសៀល ថ្ងៃទី ១២ ខែមីនា ម៉ោង​នៅ​កម្ពុជា​ក្រោម ។ ក្នុង​សវនាការ​នេះ ប្រទេស​វៀតណាម​ត្រូវ​ឆ្លើយបំភ្លឺ​នៅ​ចំពោះមុខ គណៈកម្មការ​សិទ្ធិមនុស្ស នៃ​អង្គការសហប្រជាជាតិ នូវ​ការអនុវត្ត​ចំពោះ​កិច្ចព្រមព្រៀង​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ស៊ីវិល និង​នយោបាយ រួមមាន បញ្ហា ជនជាតិដើម​, ជនជាតិភាគតិច​, ច្បាប់​រឹតបន្តឹង​ប្រព័ន្ធ​អិន​ធើ​ណិ​ត​, ទោស​ប្រហារជីវិត​, អ្នកទោសនយោបាយ​, ការបង្ក្រាប​បាតុកម្ម​, ការចាប់​មនុស្ស​ដោយ​គ្មាន​ដីកា​បង្គាប់​, នគរបាល​ធ្វើ​ទារុណកម្ម​ប្រជាជន និង សេរីភាព​សាសនា ជាដើម ។​

​ដើម្បី​ឆ្លើយបំភ្លឺ​ចំពោះ​សវន​ការ​នេះ ប្រទេស​វៀតណាម បាន​បញ្ជូន​ប្រតិភូ​របស់ខ្លួន​ចំនួន ២៤ រូប តំណាង ១១​ក្រសួង និង​ស្ថាប័ន ដែល​ពាក់ព័ន្ធ ដឹកនាំ​ដោយ លោក ង្វៀង ខាន់ ង៉ុ​ក (Nguyen Khanh Ngon) អនុរដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ។ ក្រសួង និង​ស្ថាប័ន ទាំង ១១ នោះ រួមមាន តុលាការ​កំពូល​, ការិយាល័យ​ស៊ើបអង្កេត​ជាន់ខ្ពស់​, កា​រិ​យ័យ​រដ្ឋាភិបាល​, ក្រសួងការបរទេស​, នគរបាល​, ក្រសួងយុត្តិធម៌​, ក្រសួង​ពលកម្ម​-​យុទ្ធជន​ពិការ និង សង្គម​, ក្រសួង​ព័ត៌មាន និង ឃោសនាការ​, គណៈកម្មការ​ជនជាតិ និង គណៈ​កម្ម​សាសនា​រដ្ឋាភិបាល ។​

​តាម​កំណត់​របស់​កិច្ចព្រមព្រៀង ប្រទេស​ជា​សមាជិក ត្រូវមាន​កាតព្វកិច្ច​ធ្វើ​របាយការណ៍​ឆ្លើយបំភ្លឺ នៅ​ចំពោះមុខ គណៈកម្មការ​សិទ្ធិមនុស្ស នៃ អង្គការសហប្រជាជាតិ អំពី​ការអនុវត្ត​លើ​កិច្ចព្រមព្រៀង​នៅក្នុង​ប្រទេស​របស់ខ្លួន តាម​កាលកំណត់ ៤ ឆ្នាំ ម្ដង និង​ធ្វើ​របាយការណ៍ នៅពេលណា​មានការ​ចំ​បាច់​ពី គណៈកម្មការ​សិទ្ធិ មនុស្ស ។​

​ចាប់តាំងពី​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ នៅ​ឆ្នាំ ១៩៨២ ប្រទេស​វៀតណាម បាន​ឡើង​ឆ្លើយបំភ្លឺ​ចំនួន ៣ លើក គឺ លើកទីមួយ​នៅ​ឆ្នាំ ១៩៩០ លើក​ទី​ពីរ​នៅ​ឆ្នាំ ២០០២ និង លើក​ទី​បី​នៅ​ឆ្នាំ ២០១៩ នេះ ។ តាមពិត​ប្រទេស​វៀតណាម ត្រូវ​ឡើង​ឆ្លើយបំភ្លឺ នៅ​ឆ្នាំ ២០០៤ តាម​ការកោះហៅ​របស់ គណៈកម្មការ​សិទ្ធិមនុស្ស តែ​ខ្លួន​មិនបាន​អនុវត្តតាម ហើយ​បាន​គេចវេះ​ដោយ​គ្មាន​មូលហេតុ​រហូតមកដល់​ឆ្នាំ ២០១៩ នេះ ។

​តាមរយៈ​ការធ្វើ​សា​វន​ការ​ពិនិត្យមើល​របាយការណ៍​នេះ គណៈកម្មការ​សិទ្ធិមនុស្ស នៃ អង្គការសហប្រជាជាតិ នឹង​វាយតម្លៃ​នូវ​កម្រិត​នៃ​ការអនុវត្ត​លើ កិច្ចព្រមព្រៀង​សិទ្ធិ​ស៊ីវិល និង​នយោបាយ នៃ ប្រទេស​នីមួយៗ និង​បង្ហាញ​ឲ​ឃើញ​នូវ​កង្វះខាត​ក្នុងការ​ទទួលបាន​សិទ្ធិ​នៅក្នុង​ប្រទេស​ទាំងនោះ ដែល​មិន​ឆ្លើយតប​តាម​បទដ្ឋាន នៃ កិច្ចព្រមព្រៀង ហើយ គណៈកម្មការ​សិទ្ធិមនុស្ស បានផ្ដល់​អនុសាសន៍​ជួយ​ដល់​ប្រទេស​ទាំងនោះ ឲ​កែលម្អ​នូវ​ស្ថានភាព​សិទ្ធិមនុស្ស ។​

​នៅ​ព្រឹក​ថ្ងៃទី ១១ ខែមីនា នៅក្នុង កិច្ចប្រជុំ​បិទទ្វារ អ្នកជំនាញ ទាំង ១៨ រូប នៃ គណៈកម្មការ​សិទ្ធិមនុស្ស របស់​អង្គការសហប្រជាជាតិ​ស្ដាប់​មតិ​របស់​អង្គការក្រៅរដ្ឋាភិបាល ដែល​បានដាក់​របាយការណ៍​ជូន​គណៈ​កម្ម ការ​សិទ្ធិមនុស្ស មុន​ថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០១៩ ។ របាយការណ៍​ចំនួន ២០ ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស នៅ វៀតណាម​បានដាក់​ទៅ គណៈកម្មការ​សិទ្ធិមនុស្ស តែមាន​អង្គការ​ចំនួន ១៥ ប៉ុណ្ណោះ ដែល​បាន​ថ្លែងការណ៍ នៅក្នុង​កិច្ចប្រជុំ​នេះ ។ តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏ត្រូវ​បាន​អធិបតី នៃ អង្គប្រជុំ​អញ្ជើញ​ឡើង​អាន​នូវ សេចក្ដីថ្លែងការណ៍​រប​ស់​ខ្លួន ផងដែរ ។ លោក ស៊ឺន ហ៊ួ​រ ជា​អគ្គលេខាធិការ នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​តំណាង​ប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម អាន​នូវ​សេចក្ដីថ្លែងការណ៍ ស្ដីពី​បញ្ហា​សិទ្ធិមនុស្ស​របស់​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម ជម្រាប​ដល់​អង្គការ​ប្រជុំ​ឲ​បាន​ជ្រាប ។​

​យោងតាម​ញត្តិ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​បានផ្ដល់​អនុសាសន៍​ទៅ គណៈកម្មការ​សិទ្ធិមនុស្ស ដើម្បី​យកទៅ​ឲ​ប្រទេស​វៀតណាម ត្រូវ​អនុវត្តតាម កិច្ចព្រមព្រៀង​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ស៊ីវិល និង នយោបាយ (ICCPR) សម្រាប់​ជនជាតិដើម​ខ្មែរក្រោម មានដូចជា​៖

  • ​វៀតណាម ត្រូវតែ គោរព​នូវ “​សិទ្ធិ​សម្រេច វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” របស់​ជនជាតិដើម​ខ្មែរក្រោម យោងតាម​មាត្រា​ទី ១ ។​
  • វៀតណាម​ត្រូវតែ​ធានា​នូវ​ការអនុវត្ត សិទ្ធិ​នេះ ដោយ​គ្មាន​ការប្រកាន់​ពូជសាសន៍​លើ​ខ្មែរក្រោម យោងតាម មាត្រា ទី ២ ។​
  • វៀតណាម​ត្រូវតែ​គោរព​នូវ​សិទ្ធិ សេរីភាព​ក្នុងការ​ប្រតិបត្តិ​សាសនា​របស់​ជនជាតិដើម​ខ្មែរក្រោម យោងតាម មាត្រា​ទី ១៨ និង ២៧ ។ ចំណុច​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​បញ្ជាក់ថា ខ្មែរក្រោម ជា​អ្នក​គោរព ប្រតិបត្តិ​តាម​ពុទ្ធសាសនា​ថេរវាទ មាន​វត្ត​អារាម​ប្រមាណ​ជាង ៤០០ វត្ត​នៅ​កម្ពុជា​ក្រោម តែ​គ្មាន អង្គការ ឬ ស្ថាប័ន​ពុទ្ធសាសនា​ឯករាជ្យ​របស់ខ្លួន​ឡើយ ។ ផ្ទុយទៅវិញ ព្រះសង្ឃ​ខ្មែរក្រោម ត្រូវ​រស់នៅ​ក្រោម​ការ បញ្ជា និង លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​ពី​សំណាក់ សមាគម​ពុទ្ធសាសនា​វៀតណាម ដែល​ដឹកនាំ​ដោយ​ព្រះ សង្ឃ​មហាយាន​ជនជាតិ​យួន ទៅវិញ ។​
  • ​វៀតណាម ត្រូវតែ​គោរព​នូវ​សិទ្ធិ​ក្នុងការ​បញ្ចេញ​ទស្សនៈ និង មតិ ព្រមទាំង​សិទ្ធិ​ក្នុងការ​បង្កើត​សមាគម របស់​ជនជាតិដើម​ខ្មែរក្រោម យោងតាម​មាត្រា ទី ១៩, ២១ និង ២២ ។ ចំណុច​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម បាន​បញ្ជាក់ថា ពលរដ្ឋ​ខ្មែរក្រោម​រាប់លាន​នាក់​នៅ​កម្ពុជា​ក្រោម គ្មាន​សេរីភាព ក្នុងការ​បញ្ចេញមតិ​ឡើយ ។ គ្មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​របស់ខ្លួន​សូម្បី​តែមួយ ដូចជា វិទ្យុ ទូរទស្សន៍ និង កាសែត ជា​ភាសា​ខ្មែរ​ដើម្បី​និយាយ​អំពី​ការពិត​របស់​ខ្មែរក្រោម តែ​កម្មវិធី​ផ្សាយ​ទាំងនេះ​នាពេល​បច្ចុប្បន្ន នៅ​កម្ពុជា​ក្រោម សុទ្ធតែជា​របស់​រដ្ឋ​ធ្វើឡើង​ដើម្បី ឃោសនា​អំពី​គោលនយោបាយ​របស់​បក្ស​កុ​ម្មុយ​និ​ស្ត យួន​តែប៉ុណ្ណោះ ។ ព្រះ​តេជ​ព្រ​គុណ ថាច់ ធឿន និង លីវ នី នៅ​ខេត្ត​ឃ្លាំង ត្រូវ​ចាប់​ផ្សឹក និង​ដាក់គុក ចាប់តាំងពី ឆ្នាំ ២០០៣ មក ដោយ​គ្រាន់តែ​ផ្ដល់​បទសម្ភាសន៍​ដល់ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម (VOKK) នៅក្រៅ​ប្រទេស អំពី​ស្ថានភាព នៃ ការសិក្សា​អក្សរសាស្ត្រ​ខ្មែរ នៅ​វត្ត​របស់​ព្រះអង្គ តែប៉ុណ្ណោះ ។​

​ក្រៅពីនេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏បានផ្ដល់​អនុសាសន៍​ជា​សំនួរ​ទៅ​សមាជិក នៃ​គណៈកម្មការ​សិទ្ធិមនុស្ស នៃ​អង្គការសហប្រជាជាតិ​សួរ​ទៅ​ប្រទេស​វៀតណាម មាន ៨ ចំណុច ដូចជា​៖

  • ហេតុអ្វី​វៀត ណា​ម​នៅតែ​មិន​ទទួលស្គាល់​ខ្មែរក្រោម​ជា​ជនជាតិដើម ដែលមាន​វត្ត​មាននៅ ដែនដី​កម្ពុជា ក្រោម និង​នៅក្នុង​ប្រទេស​វ​ឪ​ត​ណា​ម ។ យោងតាម​កថាខណ្ឌ​ទី ៣២ នៃ របាយការណ៍​របស់​ប្រទេស វៀតណាម​បាន​បញ្ជាក់ថា “​គ្មាន​ជនជាតិដើម ឬ គ្មាន​បញ្ហា​ជនជាតិដើម​ដែល​បាន​រកឃើញ​នៅក្នុង​ប្រទេស វៀតណាម​ទេ​” ?
  • ហេតុអ្វី​វៀតណាម​មិន​អនុញ្ញាត​ឲ្យ​ខ្មែរក្រោម​កំណត់​អត្តសញ្ញាណ​របស់​ពួកគេ​ថា ជា​ជនជាតិដើម​ជំនួស​ឲ្យ ជនជាតិភាគតិច ?
  • ហេតុអ្វី​វៀតណាម​មិន​អនុញ្ញាត​ឲ្យ​ខ្មែរ ហៅ​ឈ្មោះ​ភូមិ ស្រុក និង ខេត្ត​នៅ​កម្ពុជា​ក្រោម ជា​ភាសា​ខ្មែរ ។​
  • គួរ​រំឭក​ទៅ​វៀតណាម​ផង​ថា សេរីភាព​សាសនា គឺជា​សេរីភាព មិនមាន​ជា​ឯកសិទ្ធិ​ដែល​ផ្ដល់​ដោយ​រដ្ឋា​ភិ បាល​ទេ ?
  • តើ​ធ្វើយ៉ាងណា​ដើម្បី​វៀតណាម​ធានា​ឲ្យ​បាន​ថា ខ្មែរក្រោម មាន​សេរីភាព​ពេញលេញ​ក្នុង​ការគោរព​ប្រតិបត្តិ ពុទ្ធសាសនា ដោយ​គ្មាន​ការភ័យខ្លាច ព្រោះថា នាពេល​បច្ចុប្បន្ន ព្រះចៅអធិការ​នៃ​វត្ត​នីមួយៗ នៅ​កម្ពុជា ក្រោម ត្រូវ​តែងតាំង​ដោយ សមាគម​ពុទ្ធសាសនា​វៀតណាម ?
  • តើ​វៀតណាម​មាន​គំរោង​កែលម្អ “​ច្បាប់​សេរីភាព​សាសនា​” ដើម្បី​ឲ្យ​ខ្មែរក្រោម​មាន​សេរីភាព​ក្នុងការ​បង្កើត សមាគម​ពុទ្ធសាសនា​ឯករាជ្យ​របស់ខ្លួន ដោយ​គ្មាន​ការគ្រប់គ្រង​ពី​ព្រះសង្ឃ​មហាយាន​យួន​ដែរ​ឬ ទេ ?
  • ពេលណា ទើប​វៀតណាម អនុញ្ញាត​ឲ្យ​ខ្មែរក្រោម មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯកជន​ជា​ភាសា ខ្មែរ ដូចជា ទូរទស្សន៍ វិទ្យុ និង កាសែត ជាដើម នៅ​ដែនដី​កម្ពុជា​ក្រោម ?
  • តើ​វៀតណាម​អាច​កែប្រែ​ច្បាប់​សន្តិសុខ​លើ​ប្រព័ន្ធ​អិន​ធើ​ណិ​ត ដោយ​អនុវត្តតាម​មាត្រា​ទី ១៩ នៃ កិច្ចព្រមព្រៀង​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ស៊ីវិល និង នយោបាយ​បានដែរ​ឬទេ ?

​នៅ​ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០១៩ ជា​ថ្ងៃទី​ពីរ នៃ​កិច្ចប្រជុំ អ្នកស្រី ត្រឹង នូវ ង៉ុ​ក អាន់ (Tran Nu Ngoc Anh) ជា​តំណាង ក្រសួង​ជនជាតិ​របស់​ប្រទេស​វៀតណាម បាន​ឆ្លើយបំភ្លឺ​ចំពោះ គណៈកម្មការ​សិទ្ធិមនុស្ស នៃ អង្គការសហប្រជាជាតិ ថា នៅ​ប្រទេស​វៀតណាម នៅ​វៀតណាម គ្មាន​ជនជាតិដើម​ទេ ដោយមាន​ជនជាតិ​ទាំងអស់​ចំនួន ៥៤ រួមរស់​ជាមួយគ្នា ក្នុងនោះ “​យួន​” ឬ “​កិ​ញ​” ជា​ជនជាតិ​ភាគច្រើន នៅសល់ ៥៣ ជនជាតិ​ផ្សេងទៀត ជា​ជនជាតិភាគតិច ។​

“វៀតណាម​មាន ៥៤ ជនជាតិ​ជា​បងប្អូន​រួមរស់​ជាមួយគ្នា និង​មិនបាន​កំណត់​អត្ថន័យ​ជនជាតិដើម​ទេ មកដល់ពេលនេះ អត្ថន័យ​ជនជាតិដើម នៅតែមាន​ការជជែក​គ្នា នៅក្នុង​វេទិការ​អង្គការសហប្រជាជាតិ ។ នៅ​ប្រទេស​អាស៊ី អាហ្វ្រិក បានលើកឡើង​បញ្ហា​នេះ នៅក្នុង​អង្គការសហប្រជាជាតិ ។ នៅ​វៀតណាម ដោយសារ​បញ្ហា​ប្រវត្តិសាស្ត្រ និង​លំនៅដ្ឋាន ពាក្យ​ជនជាតិ​ភាគច្រើន ជនជាតិភាគតិច និង​ជនជាតិភាគតិច​បំផុត បាន​ក្លាយជា​ពាក្យ​ពេញនិយម នៅក្នុង​លិខិត​រដ្ឋបាល​នៃ​រដ្ឋាភិបាល កម្មវិធី​វិទ្យាសាស្ត្រ និង​ប្រព័ន្ធ​ឃោសនា យល់ថា ជនជាតិ​ដែលមាន ចំនួន​តិច​ប្រៀបធៀប នឹង​ជនជាតិ ដែលមាន​ភាគច្រើន នៅក្នុង​ប្រទេស ដែលមាន​ច្រើន​ជនជាតិ ។ រដ្ឋាភិបាល​បានកំណត់​ក្រុម​ជនជាតិ កាលពី​ជាង ៤០ ឆ្នាំមុន ដោយមាន ៥៤ ជនជាតិ ក្នុងនោះ ជនជាតិ​មួយ ដែលមាន​ភាគច្រើន គឺ​ជនជាតិ​កិ​ញ (​យួន​) ឬ​ហៅថា ជនជាតិ​វៀត​ ។”

​កិច្ចព្រមព្រៀង​អន្តរជាតិ​ស្ដីពី សិទ្ធិ​ស៊ីវិល និង នយោបាយ (International Covenant on Civil and Political Rights) អក្សរ​កាត់​ជា​ភាសា​អង់គ្លេស​ថា ICCPR ជា​សន្ធិសញ្ញា​អន្តរជាតិ​មួយ ដែល មហាសន្និបាត​អង្គការសហប្រជាជាតិ បានអនុម័ត កាលពី ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ១៩៦៦ និង​បាន​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ១៩៧៦ ស្ដីពី សិទ្ធិ​ស៊ីវិល និង នយោបាយ របស់​មនុស្ស​ទូទៅ ។ រាល់​ប្រទេស​ហត្ថលេខី ត្រូវតែ គោរព​នូវ​សិទ្ធិ​ស៊ីវិល និង នយោបាយ របស់​បុគ្គល​ម្នាក់ៗ ក្នុងនោះ មាន​សិទ្ធិ​ក្នុងការ​រស់នៅ​, សិទ្ធិ​ក្នុង​ការគោរព សាសនា​, សិទ្ធិ​ក្នុងការ​បញ្ចេញមតិ និង សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង ជាដើម ។ កិច្ចព្រមព្រៀង​អន្តរជាតិ ស្ដីពី សិទ្ធិ​ស៊ីវិល និង នយោបាយ មាន ៦ ជំពូក និង ៥៣ មាត្រា ក្នុងនោះ មាត្រា​ទី ១ ត្រូវគោរព​នូវ សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង របស់​ប្រជាជាតិ​នីមួយៗ ។​

​ប្រតិភូ នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល ចូលរួម​ប្រជុំ​នៅក្នុង​កិច្ចប្រជុំ​នេះ រួមមាន លោក ម៉ៅ មុនី ជា​អនុប្រធាន នៃ​សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម​, លោក ស៊ឺន ហ៊ួ​រ ជា​អគ្គ លេខាធិការ​នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​, បណ្ឌិត Joshua Cooper ជាទី​ប្រឹក្សា នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​,​លោក ថាច់ វាសនា ជា​សមាជិក នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង ជាស​ហការី នៃ ទូរទស្សន៍ ព្រៃនគរ និង វិទ្យុ​សំឡេង​កម្ពុជា​ក្រោម (VOKK), ព្រះតេជព្រះគុណ សឺ​ង យ៉ឹ​ង រតនា ជា​ប្រធាន នាយកដ្ឋាន ព័ត៌មាន នៃ សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម និង​ជា​អភិបាល សារព័ត៌មាន ព្រៃនគរ​, ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន ជា​អនុប្រធាន នាយកដ្ឋាន​ព័ត៌មាន នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង ជា​និពន្ធ​នាយក នៃ សារព័ត៌មាន ព្រៃនគរ ៕

Leave A Reply

Your email address will not be published.