មន្ត្រី​រាយការណ៍​ពិសេស​ផ្នែក​វប្បធម៌​នៃ​អង្គការសហប្រជាជាតិ​ពិនិត្យ​ការអនុវត្ត​កិច្ច​រក្សា​វប្បធម៌​នៅ​វៀតណាម​

0 98

​ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​

​មន្ត្រី​រាយការណ៍​ពិសេស​ផ្នែក​វប្បធម៌ នៃ​អង្គការសហប្រជាជាតិ (United Nations Special Rapporteur) អ្នកស្រី Farida Shaheed នឹង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម ចាប់ពី​ថ្ងៃទី ១៨ ដល់ ២៩ ខែវិច្ឆិកា នេះ ដើម្បី​ពិនិត្យមើល​នូវ​ការ​អនុវត្តតាម​កិច្ចព្រមព្រៀង​របស់​អាជ្ញា​ធរ​វៀតណាម ក្នុងការ សន្យា និង​ធានាថា រាល់​ជនជាតិ​ទាំងអស់​មាន​សិទ្ធិ​រក្សា​វប្បធម៌​របស់​ពួកគេ​នៅក្នុង​ប្រទេស​វៀតណាម ។​

លោកស្រី Farida Shaheed ។
លោកស្រី Farida Shaheed ។

​យោងតាម​អត្ថបទ​ដែល​បាន​ចុះផ្សាយ​នៅលើ​គេហទំព័រ​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ លោកស្រី Farida Shaheed បាន​ថ្លែងថា “​ផ្ដើមចេញពី​ផលប៉ះពាល់​នៃ​វិស័យ​ទេសចរណ៍ ស្ដីពី​សិទ្ធិ​វប្បធម៌  ប្រវត្តិសាស្ត្រ និង​វិមាន​អនុស្សា​វរិ​យ៍ ជាដើម ខ្ញុំ​នឹង​វាយតម្លៃ​បាន​នូវ​រាល់​បញ្ហា​ការ អនុវត្ត​ស្ដីពី​សិទ្ធិ វប្បធម៌​នៅ​វៀតណាម​” ។

លោកស្រី​បាន​បន្តទៀតថា គាត់​មាន “​គម្រោង​ជួបចរចា​ជាមួយ​ភាគី​ទាក់ទិន​ដែល​អនុវត្ត​បានល្អ និង ឧបសគ្គ​ដែល​បានកើត​ឡើង​ពី​ការទទួលបាន​នូវ​ការចូល​រួមរក្សា​វប្បធម៌​នៅក្នុង​ជីវភាព​ប្រចាំថ្ងៃ ក្នុងនោះ មាន​សិទ្ធិ​ទទួលបាន​នូវ​ការកម្សាន្ត​សិល្បៈ  សេរីភាព​នៃ​ការបញ្ចេញ​ស្នាដៃ​សិល្បៈ និង​គំនិត​ច្ឆៃ​ប្រឌិត ដើម្បី បង្ហាញ​ពី​អត្តសញ្ញាណ​នៃ​មនុស្ស​ម្នាក់ ក៏ដូចជា​ការចូលរួម​រក្សា​កេរដំណែល​វប្បធម៌​” ។​

​នេះ​ជា​ដំណើរ​ស្វែងយល់​ជាក់ស្ដែង​ជា​លើកដំបូង​សម្រាប់​អ្នកជំនាញ​ឯករាជ្យ​ម្នាក់ ដែល​បាន​ចាត់តាំង ឡើង ដោយ​គណៈកម្មការ​សិទ្ធិមនុស្ស នៃ​អង្គការសហប្រជាជាតិ ដើម្បី​ពិនិត្យមើល​នូវ​ការអនុវត្ត និង ឧបសគ្គ សម្រាប់​ការអនុវត្ត​រក្សា​វប្បធម៌ ហើយ​ជម្រុញ​ឲ្យ​មានការ​អនុវត្ត​ក្នុង​ការរក្សា​វប្បធម៌រ​បស់​ពួកគេ ។

​ក្នុង​ដំណើរ​ទស្សនកិច្ច ១០ ថ្ងៃ នេះ មន្ត្រី​រាយការណ៍​ពិសេស ផ្នែក​វប្បធម៌​របស់​អង្គការសហប្រជាជាតិ  នឹង​ជួប​ជាមួយ​ភាគី​ទាក់ទិន​ដែល​ជាប់ទាក់ទង​នឹង​វប្បធម៌   មន្ត្រី​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម ស្ថាប័នរដ្ឋ​ថ្នាក់ជាតិ  ថ្នាក់មូលដ្ឋាន និង​អង្គការ​សង្គម​ស៊ីវិល ។

​លោកស្រី Shaheed បំពេញ​ទស្សនកិច្ច​នេះ តាម​ការអញ្ជើញ​របស់​រដ្ឋាភិបាល​វៀតណាម ឲ្យ​ទៅ​មើល​នូវ តំបន់​មួយចំនួន​ដូចជា ហាណូយ​, ទីក្រុង​ព្រៃនគរ​, ហោ​យ​អាង និង​តំបន់​ទេសចរណ៍​សា​ប៉ា ។​
​តាម​គម្រោង មន្ត្រី​រាយការណ៍​ពិសេស ផ្នែក​វប្បធម៌​របស់​អង្គការសហប្រជាជាតិ នឹងធ្វើ​សន្និសីទកាសែត មួយ នៅ​រដ្ឋធានី​ហាណូយ នា​ថ្ងៃ​សុក្រ ទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៣ នៅ​ការិយាល័យ UNDP ដើម្បី​ចែក រំលែក​នូវ​លទ្ធផល​ដែល​ខ្លួន​បាន​ត្រួតពិនិត្យ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ។

លោកស្រី Farida Shaheed  បានធ្វើការ​ជាង ២០ ឆ្នាំ ក្នុងការ​ជម្រុញ​ឲ្យ​មានការ​ការពារ​ដល់​វិស័យ រក្សា វប្បធម៌ តាម រយៈ​ធ្វើជា​គម្រោង​ដើម្បី​ជំនួយ​ដល់​ការការពារ​វប្បធម៌ សម្រាប់​ក្រុម​ជន​ដែល​ងាយ​រង ផលប៉ះពាល់ ដូចជា ស្ត្រី , កសិករ , សាសនា និង​ជនជាតិភាគតិច ។

សព្វថ្ងៃ ខ្មែរក្រោម ជា​ជនជាតិដើម​នៃ​ដែនដី​កម្ពុជា​ក្រោម ឬ ភាគខាងត្បូង​វៀតណាម ត្រូវបាន​រដ្ឋាភិបាល វៀតណាម ចាត់ទុកថា ជា​ជនជាតិភាគតិច​មួយ​ក្នុងចំណោម​ជនជាតិភាគតិច​ទាំង ៥៣ នៅក្នុង​ប្រ ទេស​វៀតណាម ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក តែង​ចេញ​សេចក្ដី រាយការណ៍​ជា​បន្តបន្ទាប់​ថា វៀតណាម​តែងតែ​រំលោភសិទ្ធិ​លើ​ពលរដ្ឋ​ខ្មែរក្រោម ក្នុងនោះ មានការ​ហាម ពលរដ្ឋ ខ្មែរក្រោម​អាន​ប្រវត្តិ​ដែនដី​កម្ពុជា​ក្រោម ជាដើម ។

​កាលពី​ឆ្នាំ ២០០៥ ព្រះតេជព្រះគុណ ថាច់ លី​ភោ នៅ​វត្ត​កំពង់​ក្សាយ ទី​រួម​ខេត្ត​ព្រះ​ត្រពាំង ត្រូវបាន​អាជ្ញា ធរ​ច​វៀតណាម ចាប់​ផ្សឹក​និង​ដាក់ពន្ធនាគារ ដោយ​គ្រាន់តែ​ព្រះសង្ឃ​អង្គ​នេះ បាន​ថតចម្លង​សៀវភៅ​ប្រវត្តិ កម្ពុជា​ក្រោម ដែលមាន​ចំណងជើង​ថា “​ទុក្ខ​ខ្មែរក្រោម​” ចែក​ដល់​ព្រ​សង្ឃ​អាន​នៅតាម​វត្ត​អារាម​នានា ៕

Leave A Reply

Your email address will not be published.