សេចក្តី​ថ្លៃ​ង​ការណ៍ អំពី​ជម្លោះដីធ្លី​រវាង​ព្រះសង្ឃ​នៃ​វត្ត​ខ្មែរ​មួយ​នៅ​ដែនដី​កម្ពុជា​ក្រោម និង​ក្រុមគ្រួសារ​ជនជាតិ​យួន​

267

លេខាធិការដ្ឋាន

លេខៈ ​​​០១០-១៧/SKKKO

សេចក្តីថ្លែងការណ៍

លេខាធិការដ្ឋាន គឺជា​សម្ព័ន្ធ​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន ១១ នៅ​ព្រះរាជាណាចក្រ​កម្ពុជា យើងខ្ញុំ​បាន​សិក្សា​ស្រាវជ្រាវ អង្កេត និង តាមដាន​គ្រប់​ហេតុការណ៍​ទាំងអស់ ដោយមាន​ការយកចិត្ត​ទុកដាក់​បំផុត ទៅលើ​ករណី វិវាទ​ដីធ្លី​មួយ ដែល​បាន​កើតឡើង​រវាង​ប្រជាជន​វៀតណាម និង ព្រះសង្ឃ​ព្រះពុទ្ធសាសនា​ខ្មែរ វត្ត​មុនី​រង្សី មេ​ពាំង ដែល​ឋិត​នៅ​ភូមិ​មេ​ពាំង ឃុំ​ឫស្សីស្រុក ស្រុក​កំពង់​ស្ពាន ខេត្ត​ព្រះ​ត្រពាំង (Ap4, XaPhongPhu, HuyenCauKe, Tinh TraVinh)​។​

​តាម​ការសិក្សា​ស្រាវជ្រាវ​របស់​ក្រុមការងារ​នៃ​លេខាធិការដ្ឋាន វត្ត​មុនី​រង្សី មេ​ពាំង គឺជា​វត្ត​ព្រះពុទ្ធសាសនា​ខ្មែរ (​ថេរវាទ​) ដែល​បាន​កសាងឡើង​អំឡុង​សតវត្សរ៍​ទី​១៨​នៃ​គ្រឹះសករាជ​។ ក្រោយពេល​នៃ​ការសាងសង់​នោះ ប្រហែល​ជានា​សម័យ​កាលនោះ ដោយ​ស្ថានភាព​ពុំ​អំណោយផល​ទៅតាម​ជំនឿ​របស់​ពុទ្ធបរិស័ទ គណៈកម្មការ ពុទ្ធបរិស័ទ ក៏បាន​បន្លាស់​ទីតាំង​វត្ត​ពី​៤ ទៅ ៥ ដង ទៅ​ទីកន្លែង​ដទៃ​។ ចំពោះ​ទីតាំង​ទី​ ៥ ដែលជា​ទីតាំង​ចុងក្រោយ​នៃ​ការកសាង វត្ត​មុនី​រង្សី មេ​ពាំង សព្វថ្ងៃនេះ ត្រូវបាន​កសាង​ក្នុង​ឆ្នាំ​១៨៥១ ​។

​រីឯ​ទី​តាំងទី ​៤ គឺជា​ទីតាំង​ដី​ដែល​កំពុងមាន​វិវាទ នៅ​ទី​នោះបាន​បន្សល់​ទុកជា​ភស្តុតាង​រហូតដល់​សព្វ​ថ្ងៃ គឺ​សាលា​អ្នកតា​មួយ ដែល​សាលា​នេះ​ត្រូវបាន​កសាង​ក្នុង​សតវត្សរ៍​ទី​១៨ មុន​ឆ្នាំ​១៨៥១ ដែល​កាលណោះ វត្ត​មុនី​រង្សី មេ​ពាំង កំពុងមាន​ទី​តាំ​នៅ​ទី​នោះឡើយ ហើយ​សាលា​អ្នកតា​នោះ​គឺ​ត្រូវបាន​កសាងឡើង​ដោយ​ពុទ្ធបរិស័ទ​ខ្មែរ ដើម្បី​ជាទី​សក្ការៈបូជា​ទៅតាម​ជំនឿ រហូតមកដល់​បច្ចុប្បន្ន​នេះ ដែលមាន​បងប្អូន​ពល​រដ្ឋ​ខ្មែរ​រាប់ពាន់នាក់ នៅ​ទី​នោះមក​ប្រារព្ធ​ពិធី​តាម​ជំនឿ ទំនៀមទម្លាប់ ប្រពៃណី ខ្មែរ​ជា​រៀងរាល់ឆ្នាំ​។ ការសិក្សា​ស្រាវជ្រាវ​បានបង្ហាញ​ឱ្យឃើញថា ភស្តុតាង​មួយទៀត ដែលជា​សាក្សី​រស់ នោះ​គឺ​ពុទ្ធបរិស័ទ​ខ្មែរ​ប្រមាណ​រាប់ពាន់​គ្រួសារ ដែល​ពួកគាត់​បានបញ្ជាក់​តៗ​គ្នា​ថា ទីតាំង​វិវាទ​នោះ គឺជា​ដី​របស់​វត្ត ដោយ​ពួកគាត់​បានដឹង​ដំណាល​ត​ពី​ជីដូន​ជីតា ឪពុកម្តាយ​របស់​ពួកគាត់ ហើយ​បាន​យល់ព្រម​ផ្តិតមេដៃ​ធ្វើជា​សាក្សី​ផងដែរ​។ នៅក្នុង​លិខិត​ជំហរ​មួយ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចុះ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៧ បាន​ជូន​ចំពោះ​ប្រធាន​រដ្ឋ​វៀតណាម ដើម្បី​អំពាវ​ឱ្យ​សង​ដី​មក​វត្ត​វិញ​។ កថាខណ្ឌ​មួយ​បានសរសេរថា “​អំឡុង​ឆ្នាំ​១៩៩៣ និង ឆ្នាំ​១៩៩៤ មានគ្រួសារ​ជនជាតិ​យួន​មួយចំនួន​បានមក​ស្នើសុំ​ដី​វត្ត​ស្នាក់នៅ​បណ្តោះអាសន្ន ហើយ​បាន​សន្យាថា​នឹង​សង​មកវិញ​នៅពេលដែល​វត្ត​ត្រូវការ ដោយ​ពួកគេ​មិនទាន់បាន​សង​ដី​វត្ត​ផង ស្រាប់តែ​ក្រោយមក ក៏​ឃើញ​មាន​មួយ​គ្រួសារ ដែលមាន​ឈ្មោះ ផាង វ៉ាំ​ង​កួរ ដែល​អាជ្ញាធរ​មូលដ្ឋាន​វៀតណាម​បានចេញ​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​ទៅវិញ​” ចំណុច​នេះ​ផងដែរ ផ្អែក​តាម​ការស្រាវជ្រាវ និង​ចំលើយ​សាក្សី​បាន​បំភ្លឺ​ឱ្យដឹងថា ដើមឡើយ​ក្រុមគ្រួសារ​ឈ្មោះ ផាង វ៉ាំ​ង កួរ មិន​ដែលមាន​វត្តមាន​នៅ​លើដី​វត្ត​នោះទេ​។​

យោងតាម​គេហទំព័រ http://congantravinh.gov.vn ដែល​បា​ចេញផ្សាយ​នៅ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៧ បាន​បញ្ជាក់ថា​៖ លោក គីម ង៉ុ​ក ថៃ អនុប្រធាន និង ថ្នាក់ដឹកនាំ​មន្ទីរ​ស្ថាប័ន​ខេត្ត​ថ្នាក់ដឹកនាំ​ស្រុក​ស្រុក​កូវកែ គណៈកម្មាធិការ​បក្ស​, ព្រះ​មេគណ​ខេត្ត​ព្រះ​ត្រពាំង ព្រះពុទ្ធសាសនា​ខ្មែរ​ថេរវាទ ប្រធាន​សមាគម​ព្រះសង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ស្រុក​កូវកែ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​ក្រុមប្រឹក្សា​គ្រប់គ្រង ដើម្បី​ដោះស្រាយ​នូវ​រាល់​បញ្ហា និង​សំណើ​របស់​វត្ត និង​ពុទ្ធបរិស័ទ​ជើងវត្ត ពាក់ព័ន្ធ​នឹង​ជម្លោះដីធ្លី​ដែលមាន ប័ណ្ណ​សម្គាល់​សិទ្ធិ​ប្រើប្រាស់​លេខ ៦៥ របស់លោក ផាង វ៉ាន់ កួរ រស់នៅ​ក្នុងភូមិ​ដូចគ្នា​។ គណៈកម្មាធិការ​នេះ បាន​គាំទ្រ​ការដោះស្រាយ​និង​ផ្តល់​សិទ្ធិ​ប្រើប្រាស់​ក្បាលដី​លេខ ៦៣ ដី​មាន​ទំហំ ២៣៦៨ មែត្រ​ក្រឡា សម្រាប់​សកម្មភាព​សាសនា​។ លោក គឹម ង៉ុ​ក ថៃ បានបញ្ជាក់​សេចក្ដីណែនាំ​ស្តីពី​នីតិវិធី​សំរាប់​ការចុះបញ្ជី​សម្រាប់​ការចេញ​វិញ្ញាបនបត្រ​នៃ​ការប្រើប្រាស់​ដី​ដែលមាន​លេខ​សម្គាល់​៦៣​។ សម្រាប់​ក្បាលដី​លេខ ៦៥ គណៈកម្មាធិការ​ប្រជាជន​ស្រុក​កូវកែ​បានផ្តល់​វិញ្ញាបនបត្រ​នៃ​ការប្រើ​សិទ្ធិ​ដីធ្លី​ទៅឱ្យ​គ្រួសារ​លោក ផាង វ៉ាំ​ង កួរ នៅ​ថ្ងៃទី​១៨ ខែ​០៦ ឆ្នាំ​១៩៩៦ និង​ការធ្វើ​តេស្ត​របស់​ក្រសួង​ធនធាន និង បរិស្ថាន​បាន​កំណត់ថា​កម្មសិទ្ធិរ​ប​ស់លោក ផាង វ៉ាន់ កួរ គឺ​ត្រឹមត្រូវ​តាមច្បាប់ ដូច្នេះ​គណៈ​កម្ម​ធិ​ការ​ប្រជាជន​ខេត្ត​មិនអាច​ធ្វើតាម​សំណើ​របស់​វត្ត​បានឡើយ​។ ទោះជា​យ៉ាងនេះ​ក៏ដោយ តាម​ការស្រាវជ្រាវ សាក្សី​បានឱ្យដឹងថា ការចេញ​ប័ណ្ណកម្មសិទ្ធិ​នោះ ដោយ​ភាគី​ទាំង​ខាង​អាជ្ញាធរ ទាំង​ភាគី​ទំនាស់ មិនបាន​ចុះមក​វាស់វែង​ព្រំដី ឬ ក៏មាន​សាក្សី​ដឹងឮ​ឡើយ​។ សាក្សី​បាន​បន្តទៀតថា នោះ​ជា​រឿង​ឃុបឃិត​រវាង​អាជ្ញាធរ និង គ្រួសារ​របស់ ផាង វ៉ាំ​ង កួរ​ ។​

​សេចក្តីថ្លែងការណ៍​ជាស​កល​ស្តីពី​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ មាត្រា​១៧ ចែងថា “​មនុស្ស​គ្រប់រូប​មាន​សិទ្ធិ​ជា​ម្ចាស់​កម្មសិទ្ធិ ទោះជា​បុគ្គល ឬ​សមូហភាព​ក្តី​។ គ្មាន​ជនណាម្នាក់ ត្រូវគេ​ដកហូត​កម្មសិទ្ធិ​របស់​ខ្លូន​តាមតែ​អំពើ​ចិត្ត​បានឡើយ​។​” សេចក្តីប្រកាស​ជា​សកល​របស់​អង្គការ សហប្រជាជាតិ​ស្តីពី​សិទ្ធិ​ជនជាតិដើម មាត្រា​១១ ចែងថា “​ជនជាតិភាគតិច មាន​សិទ្ធិ​ប្រតិបត្តិ និង​ធ្វើ​ឲ្យ​រស់​ឡើងវិញ​នូវ​ប្រពៃណី​និង​ទំនៀមទម្លាប់​នៃ​វប្បធម៌​របស់ខ្លួន រួមទាំង​សិទ្ធិ​ក្នុងការ​ថែរក្សា​ការពារ​និង​អភិវឌ្ឍ ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​វប្បធម៌​របស់ខ្លួន ដែលមាន​ពី​អតីតកាល បច្ចុប្បន្ន និង​អនាគត ដូចជា​តំបន់​បុរាណវិទ្យា​និង​តំបន់​ប្រវត្តិសាស្ត្រ បុរាណវត្ថុ រចនាបថ ពិធីបុណ្យ បច្ចេកវិទ្យា សិល្បៈ​ទស្សនីយភាព​និង​ការសម្ដែង​សិល្បៈ និង​អក្សរសាស្ត្រ​”​។ មាត្រា​២៦ និង មាត្រា​២៧ បានចែង​ក្នុង​ខ្លឹមសារ​ថា “​ជនជាតិដើម​ភាគតិច​មាន​សិទ្ធិ​គ្រប់គ្រង​លើ​ប្រភពធនធាន និង​ប្រើប្រាស់ និង​អភិវឌ្ឍន៍​លើដី​ដែល មាន​តាម​ប្រពៃណី​របស់​ពួកគេ​។ រដ្ឋ​ត្រូវ​ទទួលស្គាល់​ស្របច្បាប់ ហើយ​និង​ផ្តល់​កិច្ច ការពារ​ប្រភពធនធាន​ទាំងនេះ ដោយ​ឯករាជ្យ មិន​លំអៀង និង ប្រកបដោយ​តម្លាភាព ដោយ​គោរព​ទទួលស្គាល់​ច្បាប់ ប្រពៃណី ទំនៀមទម្លាប់ និង​ប្រព័ន្ធ​នៃ​ការកាន់កាប់​ដី​សម្រាប់​ជនជាតិដើម ដើម្បី​ទទួលស្គាល់ និង​ធ្វើការ​វិនិច្ឆ័យ​សិទ្ធិ​នៃ​ជនជាតិដើម ចំពោះ​ដី ដែនដី និង​ប្រភពធនធាន ដោយ​រាប់បញ្ចូល​ទាំង​អ្វីដែល​ពួកគេ​បាន កាន់កាប់​មកជា​ប្រពៃណី ឬក៏​តាំងនៅ​ឬ​ប្រើប្រាស់​”​។

​រដ្ឋធម្មនុញ្ញ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​បានធ្វើ​វិសោធនកម្ម​និង​បានអនុម័ត កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៣ ដោយ​រដ្ឋសភា​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នីតិកាល​ទី​១៣ (XIII) សម័យប្រជុំ​លើក​ទី​៦ ជំពូក​២ មាត្រា​១៤ ត្រង់​កថាខណ្ឌ​១ បាន​ចែងថា “​សិទ្ធិមនុស្ស​គ្រប់រូប សិទ្ធិ​ពលរដ្ឋ​ក្នុង​នយោបាយ សិទ្ធិ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌ ត្រូវបាន​ការទទួលស្គាល់ ការគោរព ការការពារ និង​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​និង​ច្បាប់ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​”​។

​ផ្អែក​ទៅតាម​អង្គហេតុ និង​មូលដ្ឋាន​ច្បាប់ ដូច​បាន​រៀបរាប់​មក​ខាងលើ ឆ្លៀត​ក្នុងឱកាស​ដែល ឯកឧត្តម នាយករដ្ឋមន្ត្រី សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ នៅ ព្រះរាជានាចក្រ​កម្ពុជា នា​ថ្ងៃទី​២៤-២៦ ខែមេសា ឆ្នាំ​២០១៧ នេះ លេខាធិការដ្ឋាន អង្គការ​សមាគម ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ស្នើ​ទៅដល់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែលមាន​ដូចខាងក្រោម​៖

១. រដ្ឋាភិបាល​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ពិនិត្យ និង សើរើ​ឡើងវិញ ចំពោះ​ការសម្រេច​របស់​អាជ្ញាធ​រ​ស្រុក​កំពង់​ស្ពាន (CauKe) និង របស់​គណៈកម្មការ​ប្រជាជន​ខេត្ត​ត្រា​វិញ ដោយ​ពិចារណា​ទៅលើ​អង្គហេតុ និង មូលដ្ឋាន​ច្បាប់ បាន​រៀបរាប់​ខាងលើ ទៅតាម​ការគួរ​។

២. រាល់​សេចក្តី​វិនិច្ឆ័យ ការសម្រេច​របស់​អាជ្ញា​ធរ​មូលដ្ឋាន​នៃ​ខេត្ត​ត្រា​វិញ ត្រូវតែ​ឈរលើ​គោលការណ៍​អព្យាក្រឹតភាព មិន​លំអៀង មិន​រើសអើង មិន​ប្រកាន់ពូជសាសន៍ អនុលោម​ទៅតាម​គោលការណ៍​សិទ្ធិមនុស្ស និង​សិទ្ធិ​ជនជាតិដើម ជនជាតិភាគតិច ដែលមាន​ចែង​នៅ​សេចក្តីថ្លែងការណ៍​របស់​អង្គការសហប្រជាជាតិ ស្តីពី​សិទ្ធិ​ជន​ជា​ជាតិ​ដើម​៕

រាជធានី​ភ្នំពេញ​,​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៧

ព័ត៌មានលំអិត សូមទាក់ទងតាមលេខ​ទូរស័ព្ទ​ដូចខាង​ក្រោម៖

  • ១. លោក សឺន ជុំជួន ប្រធានលេខាធិការដ្ឋាន និង ជានាយកកម្មវិធី​ ​សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ | ទូរស័ព្ទលេខ៖ (៨៥៥) ១១ ៧២៤ ៥៨៣
  • ២. លោក ថាច់ ឡែន ប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម | ទូរស័ព្ទលេខ៖ (៨៥៥) ១១ ៤៥១ ៦១៧
  • ៣. លោក គឹម ស៊ីសំណា​ មន្រ្តីសម្របសម្រួលលេខាធិការដ្ឋាន | ទូរស័ព្ទលេខ៖ (៨៥៥) ១១ ៦០១ ៣៣២​

ទាញយកឯកសារ PDF

Comments are closed.