ក្រសួងការបរទេសសហរដ្ឋអាមេរិកចេញរបាយការណ៍ទស្សនកិច្ចទៅកាន់វៀតណាមរបស់លោក Kerry
សឺង វិចិត្រ VOKK – ក្រសួងការបរទេសសហរដ្ឋអាមេរិកទើបបានចេញប្រកាសមួយស្ដីអំពីលទ្ធផលនៃដំណើរទស្សនកិច្ចទៅកាន់វៀតណាម ពីថ្ងៃ ១៤ ដល់ថ្ងៃ ១៦ ខែ ធ្នូ របស់ លោករដ្ឋមន្ត្រីក្រសួងការបរទេស Kerry ។

ដំណើរទស្សនកិច្ចនេះ ត្រូវបានគេមើលឃើញថា “នាំមកនូវការផ្លាស់ប្ដូរដ៏ធំធេងមួយក្នុងទំនាក់ទំនងរវាងវៀតណាម និងសហរដ្ឋអាមេរិកក្នុងរយៈពេលកន្លងនេះ” ។
ប្រាំចំណុចសំខាន់បានក្រសួងការបរទេសសហរដ្ឋប្រកាសរួមមាន ស្ថាបនាសមត្ថភាពខាងដឹកជញ្ជូនតាមនាវា សហការសេដ្ឋកិច្ច បញ្ហាមួយចំនួនអំពីការផ្លាស់ប្ដូរអាកាសធាតុ និងបរិស្ថាន សហការក្នុងការអប់រំ និង ជំរុញឲ្យមានការគោរពសិទ្ធមនុស្ស ។
របាយការណ៍នេះ ក៏បានឲ្យដឹងដែរថា ទស្សនកិច្ចនេះ ដើម្បីជម្រុញឲ្យមានសហការគ្រប់វិស័យដែលលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា និង លោកប្រធានរដ្ឋវៀតណាម ត្រឿង តឹង សាង បានប្រកាសកាលពីខែ កក្កដា កន្លងនេះ ។
ទំនាក់ទំនងជាដៃគូថ្មីនេះបាន “ជំរុញគំនិតពង្រឹងទំនាក់ទំនងរវាងអាមេរិក និងវៀតណាម ហើយបានសង្កត់ធ្ងន់ការប្ដេជ្ញាមានរយៈពេលយូររបស់អាមេរិកសម្រាប់គោលនយោបាយស្វែងរកតុល្យភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិកឡើងវិញ”។
លោករដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបានប្រកាសសន្យាជាដំបូងថានឹងឧបត្ថម្ភប្រាក់ប្រមាណ ៣២.៥ លានដុល្លារ លើវិស័យតំបន់ និងទ្វេភាគីថ្មី ដើម្បីអភិវឌ្ឍសមត្ថភាពដឹកជញ្ជូនតាមនាវានៅតំបន់អាស៊ីអាគ្នេយ៍ ។
សហរដ្ឋអាមេរិកគម្រោងចំណាយ ១៨ លានដុល្លារ ក្នុងគម្រោងថ្មីនេះ សម្រាប់វៀតណាម «ដើម្បីឧបត្ថម្ភការលើកកម្ពស់សមត្ថភាពសម្រាប់ក្រុមល្បាតលើសមុទ្រ ដើម្បីជម្រុញការចាប់ផ្ដើមសកម្មភាពរុករកនិងសង្គ្រោះ គ្រប់គ្រងគ្រោះមហន្តរាយ និងសកម្មភាពកេងប្រវ័ញ្ច ចាប់ផ្ដើមការហ្វឹកហាត់ និងកែលម្អទូកល្បាតល្បឿនលឿន ប្រាំគ្រឿងសម្រាប់ប៉ូលិសនាវាវៀតណាម »។
មេដឹកនាំអាមេរិកធ្លាប់បានប្រកាសថា ខ្លួនមិនបានគាំទ្រភាគីណាមួយក្នុងទំនាស់សមុទ្រចិនខាងត្បូងទេ ។
បន្ទាប់ពីវៀតណាម លោករដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបានទៅកាន់ ហ្វីលីព្ពីន នៅទីនេះ លោកបានប្រកាសថា នឹងឧបត្ថម្ភដៃគូដ៏យូរអង្វែងនេះចំនួន ៤០ លានដុល្លារ ដើម្បីជួយក្រុងម៉ានីលការពារដែនសមុទ្ររបស់ខ្លួន ។