រដ្ឋាភិបាលអាណានីគមយួនហាមព្រះតេជព្រះគុណ លីវ នី សាងផ្នួសឡើងវិញ
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
អាជ្ញាធរយួនបានចូលមកវត្តសេរីតាសេក រំលាយពិធីសាងផ្នួសឡើងវិញ របស់ព្រះតេជព្រះគុណ លីវ នី អតីតព្រះចៅអធិការវត្តសេរីតាសេក ដែលទើបតែបានរដ្ឋាភិបាលយួនដោះលែងចេញពីពន្ធនាគារ នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៧ កន្លងទៅនេះ បន្ទាប់ពីព្រះអង្គត្រូវរដ្ឋាភិបាលយួនចាប់ផ្សឹក និងដាក់គុក ៤ ឆ្នាំ កាលពីឆ្នាំ ២០១៣ ។

ព្រះតេជព្រះគុណ លីវ នី បានសរសេរលិខិតទៅប្រធាន ឃុំហ្វិញហាយ (Vĩnh Hải) ដើម្បីសុំការអនុញ្ញាត សាងផ្នួសឡើងវិញ នៅក្នុងវត្តសេរីតាសេក នៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០១៧ មុនថ្ងៃចូលវស្សា ប៉ុន្តែមិនមាន ការឆ្លើយតបពីអាជ្ញាធរយួន ឃុំវិញហាយ ឡើយ ។ នៅពេលដែល ព្រះតេជព្រះគុណ លីវ នី កំពុងតែរៀបចំ សាងផ្នួសឡើងវិញនៅក្នុងព្រះវិហារ អាជ្ញាធរយួនបានចូលមកស្រែករារាំងពិធីសាងផ្នួសថា “ត្រូវតែហាម ព្រះតេជព្រះគុណ លីវ នី បួសឡើងវិញជាដាច់ខាត” ។
ព្រះតេជព្រះគុណ បានថ្លែងទៅកាន់ទៅអាជ្ញាធរយួនថា ហេតុអ្វីបានជារដ្ឋាភិបាលយួនហាមព្រះអង្គសាង ផ្នួសដោយនិយាយមាត់ទទេ ហើយមិនមានលិខិតស្នាមផ្លូវការ ។
ព្រះតេជព្រះគុណ លីវ នី បានថ្លែងយ៉ាងនេះថា៖
នៅក្នុងជំពូក ២ មាត្រា ២៤ នៃរដ្ឋធម្មនុញ្ញ របស់ប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម បានចែងថា ៖ “១. មនុស្សគ្រប់រូបមានសិទ្ធិសេរីភាពលើជំនឿ សាសនា ឬ មិនកាន់សាសនា ។ គ្រប់សាសនាមានសិទ្ធិស្មើ គ្នានៅចំពោះមុខច្បាប់ ។ ២. រដ្ឋត្រូវគោរព និងការពារសរីភាពជំនឿ និង សាសនា ។ ៣. គ្មាននរណារំលោភ បំពានលើសេរីភាពជំនឿ និងសាសនា ឬ កេញប្រវញ្ចន៍លើសាសនា ដើម្បីបំពាន លើច្បាប់ បានឡើយ” ។
សូមជម្រាបថា ព្រះតេជព្រះគុណ លីវ នី ប្រសូត ឆ្នាំ ១៩៨៦ ជាអតីតព្រះចៅអធិការវត្តសេរីតាសេក ឋិតនៅ ក្នុងស្រុកជ្រោយញរ ខេត្តឃ្លាំង ត្រូវរដ្ឋាភិបាលយួនចាប់ផ្សឹក និងចាប់ខ្លួននៅ ថ្ងៃ ២១ ខែឧសភា ឆ្នាំ ២០១៣ នៅច្រកព្រំដែនកម្ពុជាវៀតណាម ខណៈដែលអ្នកទាំងនេះព្យាយាមភៀសខ្លួនចេញទៅប្រទេសកម្ពុជាជាមួយ នឹង ព្រះតេជព្រះគុណ ថាច់ ធឿន ប្រសូត ឆ្នាំ ១៩៨៥ ជាអតីតគ្រូសូត្រវត្តសេរីតាសេក និងពលរដ្ឋខ្មែរក្រោម ២ រូបគឺ លោក ថាច់ ភូមិរិទ្ធ និងលោក ត្រា វណ្ណថា ។
នៅថ្ងៃ ២៧ ខែកញ្ញា ២០១៣ តុលាការខេត្តឃ្លាំងសម្រេចផ្ដន្ទាទោស ព្រះតេជព្រគុណ លីវ នី ឲ្យជាប់គុក ៤ ឆ្នាំ ជាមួយនឹង ព្រះតេជព្រះគុណ ថាច់ ធឿន ជាប់គុក ៦ ឆ្នាំ, លោក ថាច់ ភូមិរិទ្ធ ៣ ឆ្នាំ និង លោក ត្រា វណ្ណ ថា ឲ្យជាប់ពន្ធនាគារ ២ ឆ្នាំ ពីបទ “ភៀសខ្លួនទៅប្រទេសក្រៅដើម្បីប្រឆាំងរដ្ឋាភិបាល” និង “ចាត់តាំងនាំមនុស្សរត់ចេញទៅបរទេស” ។
សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏លើកយកករណី ព្រះតេជព្រះគុណ លីវ នី និង ថាច់ ធឿន ទៅជម្រាបដល់ អ្នកជំនាញស្ដីពីសិទ្ធិជនជាតិដើម នៅក្នុងកិច្ចប្រជុំ EMRIP នៅក្នុងការិយាល័យអង្គការសហប្រជាជាតិ នា ទីក្រុងហ្សឺណែវ ប្រទេសស្វិស ផងដែរ ដើម្បីឲ្យអង្គការសហប្រជាជាតិដាក់គំនាបលើរដ្ឋាភិបាលយួនមាន គោរពសិទ្ធិមនុស្សខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ៕
Comments are closed.