ពិធីប្រណាំងគោ នៅខេត្តមាត់ជ្រូក នៃដែនដីកម្ពុជាក្រោម ស្រូបទេសចររាប់ពាន់នាក់
ប្រភព VNS (Viet Nam News) រាយការណ៍បន្ថែម ដោយ ស៊ឺន ចែងចើន
ពិធីប្រណាំងគោ ដែលជាប្រពៃណីពលរដ្ឋខ្មែរក្រោម ជុំវិញភ្នំពពាល ខេត្តមាត់ជ្រូក បានក្លាយជាព្រឹត្តិការណ៍ដ៏មានប្រជាប្រិយភាព មិនថាប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរនោះទេ ។ ពិធីប្រណាំងគោឆ្នាំ ២០១៨ នេះ ប្រារព្ធឡើង នៅថ្ងៃទី ១៤ និង ១៥ ខែតុលា ក្រោយបញ្ចប់រដូវបុណ្យសែនដូនតារបស់ពលរដ្ឋខ្មែរក្រោម ដោយមានគោចំនួន ២៥ គូ មកពីទូទាំងស្រុកតិញប៊ៀន ចូលរួមប្រណាំងយ៉ាងស្វិតស្វាញ ។
ជាស្រុកជនបទដាច់ស្រយាលនៅខេត្តមាត់ជ្រូក ដែលបច្ចុប្បន្នរដ្ឋភិបាលវៀតណាម ប្តូរឈ្មោះទៅជាខេត្តអាងយ៉ាង នៃតំបន់ដីសណ្ដទន្លេមេគង្គ ។ តិញញប៊ៀន ត្រូវបានប្រជាជនកម្ពុជា ស្គាល់ថា ជាអតីតស្រុកក្របៅ នៃទឹកដីកម្ពុជាក្រោម ។
ស្ថិតនៅចម្ងាយប្រមាណ ១២៥ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ការធ្វើដំណើរទៅមករវាងប្រទេសកម្ពុជា និងអតីតៈទឹកដីកម្ពុជាក្រោម ឬវៀតណាមខាងត្បូង ត្រូវបានចាត់ទុកជាវិថីទេសចរណ៍ដ៏ពេញនិយម ។
ចំពោះព្រឹត្តិការណ៍ប្រណាំងគោឆ្នាំនេះ មានភ្ញៀវទេសចររាប់ពាន់នាក់ អ្នកថតរូបអាជីព រួមទាំងប្រជាជនក្នុងស្រុក បាននាំគ្នាមកទស្សនាពិធីបុណ្យប្រពៃណី ដែលបច្ចុប្បន្នមិនត្រឹមតែសម្រាប់ពលរដ្ឋខ្មែរក្រោម ប៉ុណ្ណោះទេ ថែមទាំងជាឱកាសដ៏សប្បាយរីករាយសម្រាប់គ្រប់ជាតិសាសន៍មកទស្សនា និងលេងកម្សាន្តទៀតផង ។
យោងតាមព្រះសង្ឃចាស់ៗ គង់នៅអារាមក្បែទីលានប្រណាំងគោនោះ ឲ្យដឹងថា ការប្រណាំងគោមានប្រភពចេញពីទឹកចិត្តស្រឡាញ់ការងារ និងគំនិតបើកចិត្តទូលាយរបស់ប្រជាជនខ្មែរ ។ កម្មវិធីនេះ មានប្រវត្តិជាច្រើនឆ្នាំមកហើយ នៅពេលដែលយុវជនជនបទនាំគ្នាយកគោមកភ្ជួរដីនៅតាមវាលស្រែជុំវិញវត្តអារាម ។ ព្រះអង្គបន្តថា កាលពីដើមឡើយកម្មវិធីប្រណាំងគោបែបនេះ គឺត្រូវរៀបចំឡើងដោយក្រុមព្រះសង្ឃខ្មែរក្រោម បន្ទាប់ពីមានការចូលរួមជួយភ្ជួររាស់ដីស្រែវត្ត ។ ពួកគេបាននឹកឃើញពីការរៀបចំការប្រណាំងគោ ដើម្បីជាការកម្សាន្តផង និងបង្កើតបរិយាកាសប្រកួតប្រជែងបង្កើនសមត្ថភាពធ្វើស្រែផង ។
ក្រោយមកទៀត ព្រះសង្ឃ ក៏ចាប់ផ្ដើមផ្ដល់នូវរង្វាន់លើកទឹកចិត្តតិចតួច ដើម្បីជំរុញការប្រកួតបែបនេះជាហូរហែ ដែលធ្វើឲ្យការប្រណាំងគោបានក្លាយទៅជាព្រឹត្តិការណ៍ដ៏គួរឲ្យទន្ទឹងរង់ចាំប្រចាំឆ្នាំ សម្រាប់អ្នកស្រុកក្របៅ នៃខេត្តមាត់ជ្រូក ។
ក្រៅពីការប្រកួតប្រណាំងគោ នៅក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនប្រជាពលរដ្ឋខ្មែរក្រោម វត្តអារាមតាមស្រុកភូមិ នៅកម្ពុជាក្រោម ជារឿយៗ ក៏មានរៀបចំកម្មវិធីប្រកួតនានា ដូចជាការប្រណាំងទូក បុណ្យអកអំបុក និងបុណ្យសែនដូនតាតាមប្រពៃណីខ្មែរផង ។
យ៉ាងនេះក្តី ដោយមើលឃើញពិធីប្រណាំងគោនេះ ចេះតែរីករាលដាលធំធាត់ និងមានមនុស្សជាច្រើនចាប់អារម្មណ៍ និងអាចទទួលបានប្រាក់ចំណូលច្រើនផងនោះ ។ ពិធីប្រណាំងគោនេះ ត្រូវបានអាជ្ញាធរយួនក្នុងស្រុកទាំងពីរ (ស្វាយទង និងក្របៅ) ដណ្តើមឈរឈ្មោះជាអ្នករៀបចំកម្មវិធី ហើយប្តូរវេនគ្នាប្រារព្ធជារៀងរាល់ឆ្នាំ ។
តាមការអះអាងពីប្រជាពលរដ្ឋ ឲ្យដឹងថា បច្ចុប្បន្នពិធីប្រណាំងគោនេះ ត្រូវបានរដ្ឋាភិបាលកុម្មុយនិស្តយួនទទួលស្គាល់ថា ជាវិញ្ញាសាកីឡាថ្នាក់លំដាប់ប្រទេស ហើយឋិតក្រោមការគ្រប់គ្រង ដោយរដ្ឋាភិបាលទាំងស្រុង ។
ជារឿយៗ នៅពេលមានពិធីប្រណាំងគោម្តងៗ ពលរដ្ឋខ្មែរក្រោម តែងត្អួញត្អែថា បច្ចុបប្បន្នអាជ្ញាធរវៀតណាម ព្យាយាមបន្សាបប្រពៃណីខ្មែរក្រោម ខណៈដែលពិធីបុណ្យប្រណាំងគោរបស់ខ្មែរក្រោម នៅខេត្តមាត់ជ្រូកមួយនេះ តែងតែប្រារព្វ នៅចំថ្ងៃបុណ្យសែនដូនតា ឬបុណ្យភ្ជុំបិណ្ឌជារៀងរាល់ឆ្នាំ តែបច្ចុប្បន្នអាជ្ញាធរវៀតណាម បានរៀបចំឲ្យពលរដ្ឋខ្មែរក្រោម ប្រារព្វខុសរដូវ ដើម្បីទាញយកផលប្រយោជន៍ ពីពិធីបុណ្យប្រពៃណីមួយនេះ ។ ការណីនេះ ត្រូវបានព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ចាត់ទុកថា រដ្ឋាភិបាលវៀតណាម បានប្រើអំណាចមកជិះជាន់ និងគាបសង្កត់ពលរដ្ឋខ្មែរក្រោម ដោយបានលក់សំបុត្រចូលទស្សនា ក្នុងពិធីបុណ្យប្រណាំងគោ ដើម្បីកេញចំណេញលុយ ពីប្រជាជនខ្មែរក្រោមម្ចាស់ស្រុក និងភ្ញៀវបរទេស ។
តាមតួលេខជំរឿនឆ្នាំ ២០០៩ ពីរដ្ឋាភិបាលវៀតណាមថា ខ្មែរក្រោមមានប្រមាណតែ ១,២៦ លាននាក់ប៉ុណ្ណោះ ។ ប៉ុន្តែ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្រៅប្រទេស ប៉ាន់ប្រមាណថា បច្ចុប្បន្នមានពលរដ្ឋខ្មែរក្រោមប្រមាណជាង ៧ លាននាក់ កំពុងរស់នៅលើដែនដីកម្ពុជាក្រោម ក្រោមការគ្រប់គ្រងរបស់វៀតណាម ៕
រូបថតខ្លះៗ បង្ហាញពីសកម្មភាពប្រណាំងគោ នៅស្រុកក្របាវ ខេត្តមាត់ជ្រូក កម្ពុជាក្រោម