ទឹម សា​ខន អតីត​ចៅអធិការ​វត្តភ្នំ​ដិ​ន​ខាងជើង​ធ្វើ​ឲ្យ​ល្បីឈ្មោះ​ខ្មែរក្រោម​

281

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​

​ទឹម សា​ខន ជា​អតីត​ព្រះចៅអធិការ​វត្តភ្នំ​ដិ​ន​ខាងជើង ស្រុក​គិរីវង់ ខេត្តតាកែវ នៃ​ប្រទេស​កម្ពុជា ដែល មាន​ដើមកំណើត ជា ខ្មែរក្រោម នៅ​ស្រុក​ស្វាយ​ទង ខេត្ត​មាត់ជ្រូក ត្រូវបាន​សម្ដេច​សង្ឃ​ខ្មែរ ទេព វង្ស និង ន​ន្ទ ង៉ែត ចាប់​ស​ម្រា​ត់​ស្បង់​ចីវរ ហើយ​បាន បញ្ជូន ទៅ​ដាក់គុក​យួន​នៅ​កម្ពុជា​ក្រោម កាលពី​ឆ្នាំ ២០០៧ ចោទ​ពីបទ​ថា​ព្រះអង្គ​ធ្វើ​ឲ្យ “​បែកបាក់​សាមគ្គីភាព​វៀតណាម​និង​កម្ពុជា​” ។

ការចាប់​ព្រះសង្ឃ​ខ្មែរក្រោម​អង្គ​នេះ​បញ្ជូនទៅ​ដាក់គុក​យួន បានធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម ទូទាំង​ពិភពលោក​ក្ដៅក្រហាយ ក្រោក​ឡើង បាតុកម្ម ជំទាស់​ការរំលោភ​សិទ្ធិ​មនុស្ស​ពី​សំណាក់​រដ្ឋាភិបាល​ខ្មែរ និង​យួន​ជា​បន្ត បន្ទាប់ ។ ចំណែក សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ព្រម ទាំង​ពលរដ្ឋ​ខ្មែរ​ទូទាំង​ពិភពលោក បានឃើញ​កាន់តែច្បាស់​នូវ​ទង្វើ “​អាយ៉ងយួន​” របស់​រដ្ឋាភិបាល​កម្ពុ​ជា ក្រោម​ការដឹកនាំ​របស់ លោក ហ៊ុន សែន ។​

លោក ទឹម សាខន នៅក្នុងតុលាការខេត្តមាត់ជ្រូក នៃរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០០៧ ។
លោក ទឹម សាខន នៅក្នុងតុលាការខេត្តមាត់ជ្រូក នៃរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០០៧ ។

​លោក ទឹម សា​ខន កើត​ឆ្នាំ ១៩៦៨ នៅ​ភូមិ​ខ្លា​គ្រហឹម (An Bình) ឃុំ​ពោធិ (Ba Trúc) ស្រុក ស្វាយ​ទង  ខេត្ត​មាត់ ជ្រូក ។  ឆ្នាំ ១៩៧៨ គ្រួសារ​ត្រូវបាន របប ប៉ុល ពត ជម្លៀស​ឲ្យ​ទៅ​រស់នៅ នៅ​ស្រុក គិរីវង់ ខេត្តតាកែវ ប្រទេស​កម្ពុជា ។ ឆ្នាំ ១៩៩០ បាន     ត្រឡប់មក បួស​នៅ វត្ត ដូន​ពីរ ស្រុក​ស្វាយ​ទង ខេត្ត​មាត់ជ្រូក រហូតដល់​ចុងឆ្នាំ ១៩៩០ បាន​ត្រឡប់​ទៅ​ស្នាក់នៅ វត្តភ្នំ​ដិ​ន      ខាងជើង ស្រុក​គិរីវង់ ខេត្ត តាកែវ វិញ ។ ឆ្នាំ ១៩៩៣ ត្រូវបានតែងតាំង​ជា​ព្រះចៅអធិការ​វត្តភ្នំ​ដិ​ន​ខាងជើង ស្រុក​គិ​រិ​វង់ ខេត្តតាកែវ រហូតដល់​ថ្ងៃ​ចាប់​ផ្សឹក ។

​ចាប់​ផ្សឹក​បញ្ជូនទៅ​ដាក់គុក​យួន​នៅ​កម្ពុជា​ក្រោម​៖

​នៅ​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០០៧ លោក ទឹម សា​ខន ក្នុងនាម​ជា​ព្រះចៅអធិការ​វត្តភ្នំ​ដិ​ន​ខាងជើង ត្រូវបាន​មន្ត្រី​សង្ឃ និង អាជ្ញាធរ​ខ្មែរ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ចាប់​ផ្សឹក ហើយ​ញាត់​ចូល​ឡាន​រួច បាន បញ្ជូនទៅ​ញាត់​គុក​យួន​នៅ​កម្ពុជា​ក្រោម ភ្លាមៗ​យ៉ាង​តក់ក្រហល់ ។

​ការចាប់​ផ្សឹក​នេះ​ធ្វើឡើង​បន្ទាប់ពី សម្ដេច​សង្ឃនាយក​ខ្មែរ     ន​ន្ទ ង៉ែត បានចេញ​លិខិត​មួយ ច្បាប់​ចុះ ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០០៧ ស្នើ​ទៅ​សម្ដេច​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស ក្នុងការ “​ផ្សឹក ភិក្ខុ ទឹម សា​ខន ជា​ព្រះចៅអធិការ​វត្តភ្នំ​ដិ​ន​ខាងជើង ឃុំ​ភ្នំ​ដិ​ន ស្រុក​គិរីវង់  ខេត្តតាកែវ​” ។​

​យោងតាម​លិខិត​នេះ​ដដែល​បានបញ្ជាក់​អំពី​មូលហេតុ​នៃ​ការចាប់​ផ្សឹក​ព្រះចៅអធិការ​វត្តភ្នំ​ដិ​នខា​ង  ជើង ទឹម សា​ខន ថា ៖

“​បាន​ប្រព្រឹត្ត​ខុស នឹង​វិន័យ​ព្រះពុទ្ធសាសនា ដែល​ធ្វើ​ឲ្យ​បែកបាក់​សាមគ្គី​ជាតិ​-​អន្តរជាតិ ជាពិសេស ប្រទេស​ទាំងពីរ កម្ពុជា​-​វៀតណាម យក​ទី​អាវាស​វត្ត​ធ្វើជា​ទីបញ្ជាការ​សម្រាប់ បម្រើ​ចលនា​ឃោសនា  ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិន័យ  និង​សេចក្ដីថ្លៃថ្នូ​ព្រះពុទ្ធសាសនា​” ។

​ការចោទប្រកាន់​ពី​រដ្ឋាភិបាល​វៀតណាម​ទាក់ទិន​នឹង​រឿង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​៖

​យោងតាម​អត្ថបទ​មួយ​របស់​កាសែត​រដ្ឋ​យួន​ឈ្មោះ “​កុង​អាង​ញ៉ឹង​យ៉ឹ​ង​” (Cong An Nhan Dan) ចេញ ផ្សាយ ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០០៨ ដោយមាន​ភ្ជាប់​ជាមួយ​រូបថត លោក ទឹម សា​ខន ដែល កំពុង​សួរ ចម្លើយ​ដោយ​ឆ្មាំ​គុក​យួន​ផង​នោះ បាន​ពណ៌នា ថា ការចាប់ លោក ទឹម សា​ខន ដាក់គុក​នេះ វា​មាន ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅក្រៅ​ប្រទេស ។ កាសែត​នេះ បាន​ពណ៌នា​នូវ​ចំណុច​មួយចំនួន  ដូចជា​៖

នៅ​ខែមេសា ឆ្នាំ ២០០៥ ព្រះតេជព្រះគុណ ទឹម សា​ខន ត្រូវបាន​លោក ចៅ រៀប និង លោក ត្រឹង ម៉ាន់​រិន្ទ ជា​គណៈកម្មការ​នាយក​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក តែងតាំង​ឲ្យ​ធ្វើជា​អនុប្រធាន​សមាគម​ព្រះ​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ទីក្រុង​ភ្នំពេញ និង​ជា​ប្រធាន សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ស្រុក​គិរីវង់ ខេត្ត តាកែវ ។

ពលរដ្ឋខ្មែរក្រោមនៅវត្តសាមគ្គីរង្សី ទីក្រុងភ្នំពេញ បាតុកម្មដោយមានកាន់រូប ព្រះតេជព្រះគុណ ទឹម សាខន ដើម្បីទាមទារឲ្យដោះលែង ព្រះតេជព្រះគុណ ទឹម សាខន កាលពីខែសីហា ឆ្នាំ ២០០៧ ។ រូបថត HRW
ពលរដ្ឋខ្មែរក្រោមនៅវត្តសាមគ្គីរង្សី ទីក្រុងភ្នំពេញ បាតុកម្មដោយមានកាន់រូប ព្រះតេជព្រះគុណ ទឹម សាខន ដើម្បីទាមទារឲ្យដោះលែង ព្រះតេជព្រះគុណ ទឹម សាខន កាលពីខែសីហា ឆ្នាំ ២០០៧ ។ រូបថត HRW

​ព្រះតេជព្រះគុណ ទឹម សា​ខន បាន​បញ្ជូន​ឯកសារ​ជាច្រើន ទៅ​កម្ពុជា​ក្រោម ដូចជា​ព្រឹត្តិបត្រ “​កម្ពុជា ក្រោម​” ដែល​បាន ផលិត​ដោយ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ជាង ៥០០ ច្បាប់ និង VCD ជាង ៣០០ បន្ទះ ស្ដីអំពី​ការដែល​រដ្ឋាភិបាល​វៀត​ណា​ម រំលោភសិទ្ធិ​ពលរដ្ឋ​ខ្មែរក្រោម ដូចជា យក​ដីធ្លី​ខ្មែរក្រោម ទៅ​ចែក​ឲ្យ​ជនជាតិ​យួន ជាដើម ។

​ព្រះតេជព្រះគុណ ទឹម សា​ខន បាន​ទាក់ទង​ទៅ​មនុស្ស​មួយចំនួន​នៅ​ខេត្ត​មាត់ជ្រូក ដូចជា លោក ចៅ ឥន្ទ ចៅ ស៊ើ​ង​, នាង យ៉េ និង នាង ភី នៅ​ស្រុក​ពោធិ (An Cư) និង ស្រុក​ក្របៅ (Tịnh Biên) ឲ្យ​ធ្វើជា​អ្នកដឹកនាំ​ក្រុម​បាតុកម្ម ។

​ព្រះតេជព្រះគុណ ទឹម សា​ខន បាន​បញ្ជា​ឲ្យ​អ្នកយកការណ៍​ពី​យួន ដើម្បី​យក​ព័ត៌មាន​រឿង​ប្តឹងផ្តល់ ករណី​ដីធ្លី​របស់​ពលរដ្ឋ ខ្មែរក្រោម ហើយ​យក​ឯកសារ​រឿង​ទាំងនោះ​ផ្ញើ​ទៅ​លោក ចៅ រៀប និង លោក ត្រឹង ម៉ាន់​រិន្ទ នៅ​សហរដ្ឋអាមេរិក មេ​ដឹក នាំ​សហព័ន្ធ​ខ្មែរ     កម្ពុជា​ក្រោម តវ៉ា​ទៅ​អង្គការ​សហ ប្រជាជាតិ  ។ ល ។​

តុលាការ​វៀតណាម​កាត់​ទោស​ឲ្យជាប់​គុក ១ ឆ្នាំ ៖

​នៅ​ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០០៧ ព្រះតេជព្រះគុណ ទឹម សា​ខន  ត្រូវបាន​តុលាការ​ប្រជាជន​បក្ស កុ​ម្មុយ​និ​ស្ត​វៀតណាម កាត់ទោស​ឲ្យ​ជាប់គុក ១ ឆ្នាំ ពីបទ “​បំផ្លាញ​សាមគ្គី​ជាតិ​” តាម​មាត្រា ៨៧ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ប្រទេស​វៀតណាម ។  មាន​សេចក្ដីរាយការណ៍​មក​ថា សវនាការ​នេះ ព្រះ​តេជ ព្រះ​គុណ ទឹម សា​ខន មិនមាន​មេធាវី​ការពារ​ក្ដី​ទេ ។  អង្គការ​ឃ្លាំមើល សិទ្ធិមនុស្ស (Human Right Watch) បាន​លើកឡើងថា ការដែល​តុលាការ​វៀតណាម​កាត់ទោស​ព្រះតេជព្រះគុណ ទឹម សា​ខន នេះ  វា​បង្ហាញ​ពី​អត្តចរិត​នយោបាយ​រប​ស់​រដ្ឋាភិបាល​វៀតណាម និង​កម្ពុជា ដើម្បី​ទប់ស្កាត់​ការ​ងើប​តវ៉ា ដោយ​សន្តិវិធី របស់ ក្រុម​ជនជាតិដើម​ខ្មែរក្រោម​នៅក្នុង​ប្រទេស​ទាំងពីរ ។​

​ចេញពី​ពន្ធនាគារ​៖

​ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ​២០០៨ តុលាការ​យួន​បានចេញ​ដីកា​សម្រេច​ឲ្យ​ព្រះតេជព្រះគុណ ទឹម សា​ខន បាន​ចេញពី​ពន្ធនាគារ ហើយ​ឋិត​នៅក្រោម​ការតាមដាន របស់​សមត្ថកិច្ច​វៀត​ណា​ម​ដដែល ។ ការ ដោះ លែង នេះ បន្ទាប់ពី​ព្រះតេជព្រះគុណ ទឹម សា​ខន បាន​ជាប់គុក​យួន​អស់ ១ ឆ្នាំ ដូច​អ្វី ដែល​តុលាការ​វៀតណាម​បានសម្រេច ។​

​ភៀសខ្លួន​ចេញពី​កម្ពុជា​ក្រោម​ទៅ​ប្រទេស​ថៃ​៖

នៅ​ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០០៩ ត្រូវបាន​រដ្ឋាភិបាល​អ​នុ​ញ្ញាត​ឲ្យ​ទៅ​សួរ សុខទុក្ខ​គ្រួសារ របស់ខ្លួន នៅ​ឃុំ​ភ្នំ​ដិ​ន ស្រុក​គិរីវង់ នៃ​ខេត្ត   តាកែវ  ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ បន្ទាប់ពី​គាត់​បាន ចេញពី ពន្ធ នាគារ ។

នៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០១០ លោក ទឹម សាខន សាងផ្នួសឡើងវីញ នៅវត្តខ្មែរសុរិយារង្សី នាទី ក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិក ជាមួយ ព្រះតេជព្រះគុណ យ័ញ តូន (ទី ៣ ខាងស្ដាំ) និងព្រះតេជព្រះគុណ គឹម មឿន ព្រះសង្ឃដែលជាប់ពន្ធនាគារក្នុងព្រឹត្តិការណ៍ ៨ កុម្ភៈ ។
នៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០១០ លោក ទឹម សាខន សាងផ្នួសឡើងវីញ នៅវត្តខ្មែរសុរិយារង្សី នាទី ក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិក ជាមួយ ព្រះតេជព្រះគុណ យ័ញ តូន (ទី ៣ ខាងស្ដាំ) និងព្រះតេជព្រះគុណ គឹម មឿន ព្រះសង្ឃដែលជាប់ពន្ធនាគារក្នុងព្រឹត្តិការណ៍ ៨ កុម្ភៈ ។

​ក្រោយមក លោក ទឹម សា​ខន បាន​ភៀសខ្លួន​ទៅសុំ​សិទ្ធិ​ជ្រកកោន​នៅ​ការិយាល័យ ឧត្ដមស្នងការ​អង្គ ការ​សហប្រជាជាតិ ទទួលបន្ទុក​ជនភៀសខ្លួន​នៅ​ប្រទេស​ថៃ ហើយ​ត្រូវបាន​អង្គការ​មួយ​នេះ បញ្ជូនទៅ​តាំងទី​លំនៅ​នៅ​ប្រទេស​សុ​យ​អែ​ត ។​

លោក ទឹម សាខន នៅការិយាល័យអង្គការឃ្លាំមើល សិទ្ធិមនុស្ស (Human Rights Watch) ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក ក្រោយពេលបានមកតាំងទីលំនៅ ប្រទេសទីបីហើយបានបួសឡើងវិញ ។
លោក ទឹម សាខន នៅការិយាល័យអង្គការឃ្លាំមើល សិទ្ធិមនុស្ស (Human Rights Watch) ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក ក្រោយពេលបានមកតាំងទីលំនៅ ប្រទេសទីបីហើយបានបួសឡើងវិញ ។

​នៅ​ថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០១០ លោក ទឹម សា​ខន សាង​ផ្នួស​ឡើងវិញ ត្រូវបាន​សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម រៀបចំ​បំបួស​ឡើងវិញ នៅ​វត្ត​ខ្មែរ​សុរិយា​រង្សី នាទី ក្រុង Philadelphia រដ្ឋ Pennsylvania,  សហរដ្ឋអាមេរិក ជាមួយនឹង ព្រះសង្ឃ ២ អង្គ​ទៀត គឺ ព្រះតេជព្រះគុណ    យ័​ញ តូន និង​ព្រះតេជព្រះគុណ គឹម មឿ​ន អតីត​ព្រះសង្ឃ​ដែល​ធ្លាប់​ជាប់ពន្ធនាគារ​យួន​ក្នុង​ព្រឹត្តិការណ៍ ៨ កុម្ភៈ  នៅ​ខេត្ត​ឃ្លាំង ៕​

Comments are closed.