ការធ្វើ​ទារុណកម្ម​លើ​ពលរដ្ឋ​ខ្មែរក្រោម ពី​រដ្ឋាភិបាល​វៀតណាម​ត្រូវបាន​បង្ហាញ​

0 74

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​ព្រះសង្ឃ​ខ្មែរក្រោម​ដែល​ធ្លាប់​ត្រូវបាន​រដ្ឋាភិបាល​វៀតណាម​ចាប់​ផ្សឹក និង​ដាក់គុក​ធ្វើ​ទារុណកម្ម​នៅ​កម្ពុជា ក្រោម ត្រូវបាន មន្ត្រីសភា​សហ​រដ្ឋា​មេ​រិ​ក និមន្ត​ឲ្យ​ចូល​ថ្លែង​អំពី​ការធ្វើ​ទារុណកម្ម​របស់​រដ្ឋាភិបាល​បក្ស​កុ​ ម្មុយ និ​ស្ត​វៀតណាម មកលើ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម ដោយ​គ្រាន់តែ​ពលរដ្ឋ​ខ្មែរក្រោម​ទាំងនោះ បញ្ចេញ មតិ​តិចតួច​ទាក់ទិន​នឹង​សិទ្ធិសេរីភាព​របស់​ពួកគេ ។ ការ​ថ្លែង​នេះ ធ្វើឡើង​នៅក្នុង​អាគារ​រដ្ឋសភាជាតិ សហរដ្ឋអាមេរិក កាលពី​ថ្ងៃ ព្រហស្បតិ៍ ទី ១៦ ខែមករា ដែល​ត្រូវ​នឹង​យប់​ថ្ងៃទី ១៧ ខែមករា ម៉ោង​នៅ កម្ពុជា​ក្រោម ម្សិលមិញ​នេះ ស្រប​ពេលដែល​ក្រុម​សកម្មជន​សិទ្ធិមនុស្ស បានប្រកាស​បើក​យុទ្ធនាការ ដើម្បី​បញ្ឈប់​ការធ្វើ​ទារុណកម្ម​អ្នកទោស​នៅក្នុង​ប្រទេស​វៀតណាម និង​ការចាប់​បញ្ជូន​ពលរដ្ឋ​ខ្មែរក្រោម ពី ប្រទេស​កម្ពុជា​ទៅ ឲ្យ​រដ្ឋាភិបាល​វៀតណាម ។​

ព្រះតេជព្រះគុណ យ័ញ តូន អតីតព្រះសង្ឃខ្មែរក្រោម ដែលត្រូវបានវៀតណាម ចាប់ផ្សឹក និងដាក់គុក នៅក្នងពន្ធនាគារយួន កាលពីឆ្នាំ ២០០៧ បង្ហាញរូបថតព្រះសង្ឃខ្មែរក្រោម ៣ អង្គផ្សេងទៀត ដែលទើបតែត្រូវបានវៀតណាមចាប់ដាក់គុក ។ រូបថត ម៉ែន គឹម សេង l VOA
ព្រះតេជព្រះគុណ យ័ញ តូន អតីតព្រះសង្ឃខ្មែរក្រោម ដែលត្រូវបានវៀតណាម ចាប់ផ្សឹក និងដាក់គុក នៅក្នងពន្ធនាគារយួន កាលពីឆ្នាំ ២០០៧ បង្ហាញរូបថតព្រះសង្ឃខ្មែរក្រោម ៣ អង្គផ្សេងទៀត ដែលទើបតែត្រូវបានវៀតណាមចាប់ដាក់គុក ។ រូបថត ម៉ែន គឹម សេង l VOA

​តាម​របាយការណ៍​ស្តីពី «​ការធ្វើ​ទារុណកម្ម និង​ការធ្វើ​ទុក​បុក​ម្នេញ​អ្នកទោសនយោបាយ​បាយ និង​ជំនឿ​សាសនា​នៅ​ប្រទេស វៀតណាម​» ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ក្នុង​មន្ទីរ​រដ្ឋសភាជាតិ​សហរដ្ឋអាមេរិក ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធនា ការ នេះ បាន​លើកយក​ករណី នៃ​ការធ្វើ​ទារុណកម្ម​អ្នកទោស​ដោយ​ការ​ឆក់​ខ្សែភ្លើង ការ​វាយតប់ ការ​ជ្រមុជ​ទឹក និង​ការដាក់ ឃុំ​ក្នុង​គុក​ងងឹត​ជាដើម ។ របាយការណ៍​នេះ​ក៏បាន​លើកឡើង​ពី​ករណី​សិក្សា​លើ​សកម្មជន​សិទ្ធិ​ដីធ្លី​ខ្មែរក្រោម ផងដែរ ។​

ព្រះតេជព្រះគុណ យ័​ញ តូន បច្ចុប្បន្ន​គង់នៅ​រដ្ឋ ផែន​ស៊ី​វេ​នៀ សហរដ្ឋអាមេរិក ធ្លាប់​ត្រូវបាន​អាជ្ញាធរ​វៀតណាម​ចាប់​ដាក់ ពន្ធនាគារ​រយៈពេល ៤ ឆ្នាំ កាលពី​ឆ្នាំ ២០០៧ បាន​ថ្លែង​ប​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា ក្រោម​ថា ចំណុច​សំខាន់ ដែល​ព្រះអង្គ​បាន លើក​យកទៅ​បង្ហាញ​នៅក្នុង​រដ្ឋសភា​សហរដ្ឋ​អាមេរិក​នោះ គឺ ការធ្វើ​ទារុណកម្ម​របស់​រដ្ឋាភិបាល វៀតណាម​លើ​ព្រះកាយ របស់​ព្រះ អង្គ​ផ្ទាល់ ព្រមទាំង​ពលរដ្ឋ និង​ព្រះ សង្ឃ​ខ្មែរក្រោម​ដទៃទៀត ក្នុង​ព្រឹត្តិការណ៍ ០៨ កុម្ភៈ ឆ្នាំ ២០០៧ និង​ព្រឹត្តិ ការណ៍ នៅ វត្ត​ព្រៃ ជាប់ និង វត្ត​តាសេក​ក្នុង ឆ្នាំ ២០១៣ កន្លងទៅនេះ ។​

​ព្រះតេជព្រះគុណ យ័​ញ តូន បាន​មាន​ថេរ​ដីកា​ថា​៖

“​អាត្មា​ក៏បាន​លើកឡើង​វិញ​ព្រះតេជព្រះគុណ លី ចិន្ដា ហើយ​និង​ពុទ្ធបរិស័ទ​មួយចំនួន នៅ​វត្ត​ព្រៃ​ជាប់ ខេត្ត ឃ្លាំង ដែឡ​ត្រូវ​រដ្ឋអំណាច​កុ​ម្មុយ​និ​ស្ត​យួន​ឲ្យ​ជាប់ពន្ធនាគារ​ពីមួយ​ឆ្នាំ​រហូត​ទៅដល់ ១០ ខែ អំពី​ទោស​ដែល​គាំ ទ្រ​ព្រះសង្ឃ​ក្នុង​វត្ត​បើក​សាលារៀន ហើយ​និង​គាំទ្រ​ព្រះតេជព្រះគុណ លី ចិន្ដា ដែល​តវ៉ា​ឲ្យ​មាន​សិទ្ធិ​សិរី ភាព​ក្នុងការ​បង្ហាត់​បង្រៀនអក្ស​រ​ជាតិ​របស់ខ្លួន​” ។​

លោក ថាច់ ង៉ុ​ក ថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ថា ទម្រង់​នៃ​ការធ្វើ​ទារុណកម្ម ចំពោះ អ្នកទោស​ខ្មែរក្រោម គឺ​របៀប​ជា​គំនុំ​ពូជសាសន៍ ហើយ​មាន​លក្ខណៈ​ខុសពី​អ្នកទោស​ជនជាតិ​យួន ដោយ លោក ថាច់ ង៉ុ​ក ថាច់ បាន​លើក​នូវ​ឧ​ទា​រណ៍​ជាក់ស្ដែង ចំពោះ​ករណី​ដែល វៀតណាម​បានធ្វើ​ទារុណកម្ម​លើ ព្រះតេជព្រះគុណ លី ចិន្ដា នៃ​វត្ត​ព្រៃ​ជាប់ ថា ក្រុម​សមត្ថកិច្ច​បាន​វាយ ដំ​លើ​រាងកាយ​ព្រះសង្ឃ ដូចជា​សត្រូវ​សួរ​ពូជ ហើយ​គ្មាន​បុគ្គល​ណា​ម្នាក់​ទទួល ខុសត្រូវ​ឡើយ ។​

លោក ថាច់ ង៉ុ​ក ថាច់ បាន​ថ្លែងថា​៖

“​ជាថ្មី​គឺ​វត្ត​ព្រៃ​ជាប់ និង​វត្ត​តាសេក មាន​បី ដូចជា មួយ លី ចិន្ដា ចាប់​លោកសង្ឃ​វាយ​ជា របៀប​គំនុំ​ដូចជា សត្រូវ​សួ​ពូជ ស៊ីសាច់​ហិត​ឈាម គឺ​មិនទាន់​ដឹងខុសដឹងត្រូវ​ផង គឺ​វាយ​លោក​ឲ្យ​ផ្សឹក ហើយ​វាយ​លោក ច្រក​បាវ ។ អាហ្នឹង​វា​ខុស​ជាមួយនឹង​អ្នក​ដែល​មានទោស វា​ជា​របៀប​គំនុំ របៀប​ប្រកាន់ ។ ដល់​ព្រះ​តេជ ព្រះ​គុណ លីវ នី ព្រះតេជព្រះគុណ ថាច់ ធឿន និង​យុវជន​ពីរ​អ្នក​ហ្នឹង​ក៏​ដូចគ្នា​ដែល គឺ​ឥតមាន​សួរ​សុខ សួរ​ត្រូវ​អ្វី​ទេ វា​ចេះតែ​វាយ មិនដឹងថា​ខុសត្រូវ​យ៉ាងម៉េច ហើយ​យកទៅ​ច្រក​គុក លាក់​មិន​ឲ្យ​ឪពុកម្ដាយ និង​គ្រួសារ​ដឹង​” ។​

វៀតណាម​នឹង​មិនអាច​បន្តសកម្មភាព ធ្វើ​ទារុណកម្ម​លើ​ពលរដ្ឋ​ខ្មែរក្រោម បាន​ទៀត​ទេ ខណៈដែល​ពិ​ព​ភ លោក សព្វថ្ងៃ កាន់តែ​បើកទូលាយ​ដោយ​បច្ចេក​ព័ត៌មានវិទ្យា ដែល លោក ថាច់ ង៉ុ​ក ថាច់ បញ្ជាក់ថា រាល់​សកម្មភាព រំលោភសិទ្ធិ​មនុស្ស របស់ រដ្ឋាភិបាល​វៀតណាម មិនអាច​លាក់បាំង​ពិភពលោក បាន​ទៀត ឡើយ ។ លោក​សម្ដែង​សុទិដ្ឋិនិយម​ថា វៀតណាម នឹង​បញ្ឈប់​ការធ្វើ​ទារុណកម្ម​លើ​ខ្មែរក្រោម ដោយមាន សម្ពាធ​ពី​សហគមន៍​អន្តជាតិ ព្រោះ​វៀតណាម​ជា​ប្រទេស ហត្ថលេខី នៃ​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិ មនុស្ស និង​សិទ្ធិ​ជនជាតិដើម ហើយ​កាលពី​ថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០១៣ វៀតណាម បាន​ចុះហត្ថលេខា លើ​អនុសញ្ញា​របស់​អង្គការសហប្រជាជាតិ ប្រឆាំងនឹង​ការធ្វើ​ទារុណកម្ម ហៅ​កាត់​ថា UNCAT ។​

លោក ថាច់ ង៉ុ​ក ថាច់​៖

“​ទីមួយ រដ្ឋាភិបាល​យួន​បានធ្វើ​ខ្លួន​ជា​គំរូ​ល្អ បាន​ចូល​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​រួចហើយ ដូច្នេះ ហើយ បានជា​រដ្ឋាភិបាល​យួន​ចុះហត្ថលេខា​រាល់​លើក​អំពី​ច្បាប់​សិទ្ធិមនុស្ស​ទាំងអស់ ត្រូវតែ​អនុវត្ត បើ​មិន​អនុវត្ត គឺ​ប្រទេស​ដទៃទៀត​គេ​នឹង​ឃ្លាំមើល​ការអនុវត្ត​របស់​យួន​នោះដែរ ។ អញ្ចឹង​ហើយ​ខ្ញុំ​ជឿថា អនាគត​នឹ ង​មានការ ធូរស្បើយ ។ ទី​ពីរ​ទៀត រដ្ឋាភិបាល​យួន​មិនអាច​លាក់បាំង​នូវ​អ្វី ដែល​ខ្លួន រំលោភ​ទៅលើ​បងប្អូន​ខ្មែរក្រោម មិន ថា​ខ្មែរក្រោម​ទេ ទាំង​ជនជាតិ​ដទៃទៀត រួមទាំង​ជនជាតិ​វៀតណាម នោះ​ផង ព្រោះ​មនុស្ស​ដែល​គេ​ឃ្លាំមើល ទាំងយប់​ទាំង​ថ្ងៃ ។ ចំណុច​ទី​បី​សូម​បន្ថែម រដ្ឋាភិបាល​វៀតណាម ជា ប្រទេសមួយ​ដែល​ត្រូវការ​ជំនួយ ត្រូវការ សេដ្ឋកិច្ច​” ។​

លោក គ្រី​ស្តូ​ភើ ស្មី​ត (Christopher Smith) តំណាងរាស្ត្រ​សហរដ្ឋអាមេរិក ប្រចាំ​រដ្ឋ ញី​វ​ជឺ​ស៊ី (New Jersey) បាន​ថ្លែងថា សហ រដ្ឋ​អាមេរិក នឹងមិន​អនុគ្រោះ​ដល់​ប្រទេស​វៀតណាម​ទេ ប្រសិនបើ​វៀតណាម នៅតែ​មិន​ធ្វើ​ឲ្យ​ប្រសើ រ​ខាង​ការគោរព​សិទ្ធិ មនុស្ស ។ លោក​បន្តថា អ្វីដែល​សភា​សហរដ្ឋអាមេរិក អាចធ្វើ​ទៅបាន​នោះ គឺ​បង្កើត​ច្បាប់​មួយ ដើម្បី​ដាក់ទណ្ឌកម្ម ផ្នែក​សេដ្ឋ កិច្ច​ដល់​វៀតណាម ។​

​លោក គ្រី​ស្តូ​ភើ ស្មី​ត ថ្លែងថា ៖

«​ដូច​លោក​បាន​ជ្រាប​ហើយ​ថា ខ្ញុំ​ជា​អ្នកដឹកនាំ​បង្កើត​ច្បាប់​មួយ ដើម្បី​ប្រឆាំង​ការជួញដូរ​មនុស្ស​នៅ​វៀត ណា​ម ក្នុង​ឆ្នាំ ២០០០ ដែល​យើង​បាន​រកឃើញថា វៀតណាម​ជា​ប្រទេសមួយ​ដែល​រំលោភសិទ្ធិ​កម្មករ មាន​អំពើ​ជួញ ដូរ មនុស្ស និង​ការធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ ហើយ​ដែល​សហគមន៍​អន្តរជាតិ​ឲ្យ ចំណាត់ថ្នាក់ លេខ ៣ ជា​ប្រទេស ដែល​អាក្រក់​បំផុត​ក្នុង​ការរំលោភ​សិទ្ធិមនុស្ស​»​។​

អ្នកជំនាញ​ខាង​ផ្នែក​សិទ្ធិមនុស្ស​សម្រាប់​ប្រទេស​កម្ពុជា និង វៀតណាម អ្នកស្រី សា​រ៉ា ខូ​ម៍ (Sara Colm) បាន​ថ្លែងថា កន្លងមក កម្ពុជា បាន​រំលោភ លើ​អនុសញ្ញា​ស្ដីពី​ជនភៀសខ្លួន ដោយសារ​រដ្ឋាភិបាល​បាន​បញ្ជូន​ព្រះសង្ឃ​ខ្មែរក្រោម​មួយចំនួន ដែលជា សកម្មជន​សិទ្ធិមនុស្ស​ទៅ​ឃុំខ្លួន​នៅ​វៀតណាម ហើយ​វៀត ណា​ម បានធ្វើ​ទារុណកម្ម​អ្នក​ទាំងនោះ យ៉ាងធ្ងន់ធ្ងរ ។​

​អ្នកស្រី សា​រ៉ា ខូ​ម៍ បាន​ថ្លែងថា​៖

“​ជនភៀសខ្លួន​វៀតណាម​ខ្លះ ដែល​មក​ជ្រកកោន​នៅ​កម្ពុជា ប្រសិនបើ​ពួកគេ​សកម្ម​ខាង​ការរិះគន់ រដ្ឋា​ភិ បាល​វៀតណាម នោះ ពួកគេ​ប្រាកដជា​រង​នូវ​សម្ពាធ​ផ្សេងៗ រួមទាំង​ការ​ធ្វើទុក្ខបុកម្នេញ​រហូត​ដល់​មានការ ចាប់​បញ្ជូនទៅ​វៀតណាម វិញ​។ ជាក់ស្តែង ដូចជា​ករណី​ព្រះតេជព្រះគុណ ទឹម សា​ខន ដែល​គេ​បញ្ជូន​ខ្លួន ពី ខេត្តតាកែវ ទៅ​ឃុំខ្លួន​នៅ​វៀតណាម ហើយ​ម្នាក់ទៀត គឺ​លោក ឡេ ទ្រី តែ (Le Tri Tue) ដែលជា​មេដឹកនាំ កម្មករ នៅពេល​លោក​មកដល់​កម្ពុជា ក្នុង​ឆ្នាំ ២០០៧ ដើម្បី​សុំ​សិទ្ធិ​ជ្រក កោន​ផ្នែក នយោបាយ​នោះ ក៏ត្រូវ​បាន ចាប់ខ្លួន​បាត់ទៅ ហើយ​គ្មាន​ដំណឹង​ទាល់តែសោះ រហូតមកដល់ ពេលនេះ ។ ដូច្នេះ វា​បង្ហាញ​យ៉ាងច្បាស់​ថា កម្ពុជា មិនមែនជា​ឋានសួគ៌​ដ៏​មាន​សុវត្ថិ ភាព​ក្នុងការ​អនុវត្ត សិទ្ធិ បញ្ចេញ មតិ បានទេ ដោយ សារ​សមត្ថកិច្ច​កម្ពុជា អាច​ចាប់ខ្លួន​អ្នក​ទាំងនោះ​បញ្ជូនទៅ​វៀតណាម​វិញ ហើយ​វៀត ណា​ម នឹងធ្វើ​ទារុណ កម្ម​ធ្ងន់ធ្ងរ​” ។​

​យុទ្ធនាការ​លុបបំបាត់​ការធ្វើ​ទារុណកម្ម ដែល​បាន​ធ្វើឡើង​នៅ​រដ្ឋសភា​សហរដ្ឋអាមេរិក​នេះ មានការ​ចូល រួម​ក្រៅពី សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម ក៏មាន អង្គការ និង សមាគម ចំនួន ១៧ ផ្សេងទៀត ក្នុងនោះ មាន​អង្គ ការ​សិទ្ធិមនុស្ស​របស់​ក្រុម​ជន ជាតិ ម៉ុង​តា​ញ៉ា អង្គការ​ឃ្លាំង​មើល​សិទ្ធិមនុស្ស Human Rights Watch និង​ក្រុម​សមាគម​សិទ្ធិមនុស្ស​រប​ស់ជន​ជាតិ​យួន​នៅ ក្រៅប្រទេស ផងដែរ ។​

យោងតាម​របាយការណ៍​របស់ លោក គ្រី​ស្តូ​ភើ ស្មី​ត តំណាងរាស្ត្រ​សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹងថា យ៉ាងហោចណាស់ មាន​អ្នកទោស​មនសិការ​ជាង ៦០០ នាក់ ភាគច្រើន ជា​សកម្មជន​នយោបាយ សកម្មជន​សិទ្ធិមនុស្ស និង​សកម្មជន​សាសនា ដែល​កំពុង​រង​ការធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ ក្នុង​គុក​ងងឹត​នៅ​វៀតណាម ។​

កាលពី​ខែកញ្ញា ឆ្នាំ ២០១៣ ពលរដ្ឋ​ខ្មែរក្រោម នៅ​ខេត្ត​ឃ្លាំង ៨ រូប ក្នុងនោះ ព្រះសង្ឃ ២ អង្គ និង ពល រដ្ឋ ២ រូប នៃ​វត្ត សិរី​តាសេក និង អ្នកភូមិ​ព្រៃ​ជាប់ ៤ រូប​ផ្សេងទៀត ត្រូវបាន​តុលាការ​បក្សកុម្មុយនិស្ត​វៀត ណា​ម ផ្ដន្ទាទោស​ឲ្យ​ជាប់គុក ម្នាក់ៗ ពី ១០ ខែ ទៅ ៦ ឆ្នាំ ពីបទ “​បង្ក​អសន្តិសុខ​ទីសាធារណៈ​” តាម​មាត្រា ២៤៥ នៃ​ច្បាប់ព្រហ្មទណ្ឌ​របស់​ប្រទេស​វៀតណាម និង​ពី បទ “​ចាត់តាំង​នាំ​មនុស្ស​ចេញទៅ​ក្រៅ ប្រទេស​” និង “​ទទួល​ប្រាក់​ពី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ចាត់តាំង​ប្រ ឆាំង​រដ្ឋា ភិ​បាល​បក្សកុម្មុយនិស្ត វៀតណាម​” ។​

​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម គ្រោង​នឹងធ្វើ​បាតុកម្ម​នៅមុខ​ការិយាល័យ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស នៃ​អង្គការ សហប្រជាជាតិ នៅ​ទីក្រុង ស្សឺ​ណែវ ប្រទេស​ស្វិ​ស ក្នុង​ខែកុម្ភៈ ខាងមុខនេះ ដើម្បី​ជម្រុញ​ឲ្យ​សហគមន៍ អន្តរជាតិ ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល វៀតណាម ត្រូវគោរព​សិទ្ធិ​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម ។ ការធ្វើ​បាតុកម្ម​នេះ ស្រប​ពេលដែល​វៀតណាម​ចូល ឆ្លើយបំភ្លឺ​អំពី​ប្រវត្តិ​សិទ្ធិមនុស្ស​របស់ខ្លួន នៅ​ការិយាល័យ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស នៃ​អង្គការសហប្រជាជាតិ នាទី​ក្រុង​ស្សឺ​ណែវ ប្រទេស​ស្វិ​ស នៅ​ថ្ងៃទី ០៥ ខែកុម្ភៈ ខាងមុខនេះ ៕​

 

Leave A Reply

Your email address will not be published.