ត្រឿង ធី ម៉ៃ ពីបវរកញ្ញាខ្មែរក្រោម ឆ្នាំ ២០០៧ មកជាបវរកញ្ញា ខ្មែរ ៥០% យួន ៥០% នៅរុស្ស៊ី ឆ្នាំ ២០១៣
ដោយ ថាច់ ប្រីជា គឿន I សារព័ត៌មាន ព្រៃនគរ
បេក្ខភាពបវរកញ្ញាតំណាងឲ្យប្រទេសវៀតណាមម្នាក់ បានទៅប្រកួតបវរកញ្ញាចក្រវាលពិភពលោកនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ដែលមានដើមកំណើតនៅរាជធានីភ្នំពេញ នាង ត្រឿង ធី ម៉ៃ នៅពេលថ្មីៗនេះ បានផ្ដល់បទសម្ភាសជាមួយ វិទ្យុសំឡេងសហរដ្ឋអាមេរិក VOA ជាភាសាខ្មែរ នាងរីករាយដែលបានកើតជាកូនកាត់ខ្មែរ ៥០% និងយួន ៥០ % ។ សម្ដីនេះ វាផ្ទុយនឹងអ្វីដែលនាងបានអះអាងកាលពីឆ្នាំ ២០០៧ នៅក្នុងកម្មវិធីប្រកួតបវរកញ្ញាជនជាតិភាគតិចទូទាំងប្រទេសវៀតណាមថា នាងជាខ្មែរក្រោម ។

នាង ត្រឿង ធី ម៉ៃ បវរកញ្ញាដែលមានឈ្មោះជាភាសាខ្មែរថា រស្មី បាននិយាយភាសាខ្មែរមិនសូវច្បាស់ថា នាងបានបាត់បង់ឪពុកតាំងពីអាយុ ៦ ឆ្នាំមក ។ តាំងពីពេលនោះមក នាងបានហែលឆ្លងទុក្ខលំបាករាប់មិនអស់ ។ ឆ្លើយនឹងសំណួររបស់អ្នកសម្ភាសថា តើនាងនឹងធ្វើអ្វីប្រសិនបើជាប់ជាបវរកញ្ញាចក្រវាលពិភពលោក ២០១៣ ? ស្រីស្រស់វ័យ ២៥ ឆ្នាំរូបនេះ បានរំឭកថា នាងធំធាត់ឡើងក្នុងចំណោមពលរដ្ឋ ខ្មែរក្រោម នៅខេត្តពលលាវ ដែលភាសាយួនហៅថា បាកលីវ (Bac Lieu) ហើយគ្រួសារនាងក៏ស្ថិតក្នុងជីវភាពដ៏លំបាកផងដែរ ។ ប្រសិនបើនាងជាប់ជយលាភី នៃកម្មវិធីប្រកួតប្រជែងខាងលើ នាងនឹងជម្រុញ និងលើកយកទុក្ខលំបាករបស់ស្ត្រីកម្ពុជា និងវៀតណាមឲ្យពិភពលោកបានដឹងបានឮ ។
នាង ម៉ៃ ក៏បានសម្ដែងការសោកស្ដាយផងដែរដោយមិនអាចគ្រងសំលៀកបំពាក់ខ្មែរចូលរួមក្នុងកម្មវិធីខាងលើ ព្រោះបេក្ខភាពម្នាក់អាចស្លៀកសំលៀកបំពាក់បានតែបីប្រភេទប៉ុណ្ណោះគឺទី ១ សំលៀកបំពាក់តំណាងប្រទេសចូលរួមប្រកួត ទី ២ សំលៀកបំពាក់រាត្រីសមោសរ និងទី ៣ ឈុតប៊ីគីនី ។
ជាប់លេខ ២ ក្នុងពិធីប្រកួតបវរកញ្ញាជនជាតិទាំង ៥៤ នៅវៀតណាម ឆ្នាំ ២០០៧៖
កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០០៧ បវរកញ្ញា ត្រឿង ធី ម៉ៃ ដែលតាំងខ្លួនថាជា ខ្មែរក្រោម នោះ បានជាប់ចំណាត់លេខ ២ នៅក្នុងពិធីប្រកួតបវរកញ្ញាជនជាតិភាគតិចទូទាំងប្រទេសវៀតណាម ដែលបានរៀបចំ នៅមជ្ឈមណ្ឌលវប្បធម៌ និងឃោសនាការ នា ទីក្រុងដាឡាក ( TP.Đà Lạt ) ហើយនាងបានទទួលរង្វាន់ ប្រាក់ចំនួន ៣០ លានដុង (ប្រហែល ១៥០០ ដូល្លារអាមេរិក ) ដែលធ្វើឲ្យនាងល្បីរហូតមកសព្វថ្ងៃ ។
នៅក្នុងពិធីប្រកួរបវរកញ្ញា កាលពី ឆ្នាំ ២០០៧ នោះ មានបេក្ខជនចំនួន ១.៥០០ រូប មកពីមហា វិទ្យាល័យផ្សេងៗគ្នា នៅក្នុងប្រទេសវៀតណាម ដែលតំណាងឲ្យជនជាតិទាំង ៥៤ នៃប្រទេសវៀតណាម ក្នុងនោះ ត្រឿង ធី ម៉ៃ ឈរឈ្មោះជាបេក្ខជនតំណាងឲ្យខ្មែរក្រោម ខណៈនោះ នាងមិនបានបញ្ជក់ថា ខ្លួនជាខ្មែរ ៥០% និង ជាយួន ៥០% ឡើយ ។
ជាជនជាតិយួនក្លែងខ្លួនជាខ្មែរមែនឬ?
ក្រោយពី នាង ម៉ៃ បានជាប់ជាបវរកញ្ញា លេខ ២ នោះមក មានបញ្ហាប្តឹងផ្តល់ពីសំណាក់ជនជាតិយួន មួយចំនួន និងមានការចោទប្រកាន់ពីសំណាក់សហគមន៍ជនជាតិយួនថា “នាងជាជនជាតិយួន (dân tộc Kinh) បានក្លែងបន្លំប្រវត្តិរូបខ្លួនធ្វើជាខ្មែរក្រោម (dân tộc Khmer)” ដើម្បីទទួលជ័យលាភីជាបវរកញ្ញាជនជាតិប្រចាំប្រទេសវៀតណាម ។

កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០០៧ កាសែតរដ្ឋនៃបក្សកុម្មុយនិស្តវៀតណាមឈ្មោះ អាងណិន (An Ninh) បានចេញផ្សាយអត្ថបទមួយលាតត្រដាងការពិត នៃការបន្លំប្រវត្តិរូបរបស់បវរកញ្ញា ត្រឿង ធី ម៉ៃ ដោយដាក់ចំណងជើងថា “រឿងពិតនៃការបន្លំប្រវត្តិរូបរបស់បវរកញ្ញាលេខ ២ ត្រឿង ធី ម៉ៃ” ។ អត្ថបទ កាសែតនេះ បានដកស្រង់សម្តីរបស់អ្នកស្រី ត្រឿង ធី ម៉ី តៀង ( Trương Thị Mỹ Tiền ) ដែល ត្រូវជាម្តាយរបស់ ត្រឿង ធី ម៉ៃ បានអះអាងប្រាប់កាសែត VN EXPRESS ថា ពូជពង្សវង្សត្រកូល របស់គាត់តាំងពីដើមមកជាជនជាតិខ្មែរ ហើយគាត់បានរៀបការជាមួយ លោក ត្រឿង វណ្ណា (Trương Vanna) ក៏ជាជនជាតិខ្មែរដែរ រួចក្រោយមកបានកើត ម៉ៃ នៅទីក្រុងភ្នំពេញ ។
អ្នកស្រី តៀង បានប្រាប់កាសែតអាងណិនរបស់បក្សកុម្មុយនិស្តវៀតណាមថា ព្រោះខ្វះការយល់ដឹងទើបនៅពេលធ្វើសំបុត្រកំណើត បញ្ជីរគ្រួសារ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិវៀតណាម គាត់បានដាក់ ថា គ្រួសារគាត់ជាជនជាតិយួន (dân tộc Kinh) ខណៈដែលលិខិតផ្លូវការ ដូចជាអត្តសញ្ញាណបណ្ណ សញ្ជាតិវៀតណាមរបស់ពលរដ្ឋខ្មែរក្រោមនៅកម្ពុជាក្រោមគេដាក់ថា “ជនជាតិខ្មែរ” (dân tộc Khmer) ។

កាសែតនេះ បានបន្តទៀតថា ពួកគេបានទៅសម្ភាសន៍ លោក តូ វ៉ាំង ម៉ិន (Tô Văn Minh) នគរបាល តំបន់ទទួលបន្ទុកមូលដ្ឋាន ដែលគ្រួសារ ម៉ៃ រស់នៅអចិន្ត្រៃយ៍ កាលពីឆ្នាំ ២០០៧ បានបញ្ជាក់ថា៖ «គ្រួសារអ្នកស្រី ត្រឿង ធី ម៉ី តៀង បានបញ្ជូនមកនៅ សង្កាត់ទី ៧ ខ័ណ្ឌ ភូញឹង ទីក្រុងព្រៃនគរនេះ ( Phường 7 Quận Phú Nhận TP.HCM) តាំងពីឆ្នាំ ១៩៧៥ ម្ល៉េះ តាមអនុក្រិត្យលេខ ២៨ ។ យោងតាមបញ្ជីគ្រួសារ អ្នក ស្រី តៀង និង ម៉ៃ បានដាក់ថា កំណើតនៅខេត្តមាត់ជ្រូក (An Giang) បានរស់នៅបណ្តោះអាសន្នលក្ខណៈជាអនិកជនយួននៅប្រទេសកម្ពុជា ។ តែឆ្នាំ ២០១៣ នេះ នាង ម៉ៃ បានប្រាប់ VOA ភាសាខ្មែរថា នាងកើតនៅភូមិព្រៃជាប់ ខេត្តពលលាវ ទៅវិញ ។
យោងតាមលិខិតដាក់ពាក្យសុំចូលប្រកួត «បវរកញ្ញាខាងបង្ហាញម៉ូតនៅប្រទេសវៀតណាមឆ្នាំ ២០០៧» ត្រឿង ធី ម៉ៃ បានសរសេរត្រង់ចំណុចឈ្មោះឪពុករបស់ខ្លួនថា ឈ្មោះ ត្រឹង តឹម ផាត ( Trần Tâm Phát) ហើយបានស្លាប់ មិនមែនឈ្មោះ ត្រឿង វណ្ណា ជាជនជាតិខ្មែរដូចអ្នកស្រីតៀងបាននិយាយនោះទេ ។
កាសែតយួនបានលើកជាសំនួរចោទថា ប្រសិនបើ ត្រឿង ធី ម៉ៃ ជាកូនស្រីរបស់អ្នកស្រី ត្រឿង ធី ម៉ី តៀង មែននោះ ហេតុម្តេចបានជា ម៉ៃ មិនស្គាល់សូម្បីតែឈ្មោះឪពុករបស់ខ្លួនជា ត្រឿង វណ្ណា ឬ ត្រឹង តឹម ផាត ???
ក្រោយពីបានលេចឮថា ម៉ៃ បានបន្លំប្រវត្តិរូបធ្វើជាខ្មែរក្រោម មក អ្នកស្រី តៀង បានផ្តល់បទសម្ភាសន៍ ប្រាប់កាសែតវៀតណាមក្នុងស្រុកមួយចំនួនថា ដោយខ្វះចំណេះដឹង បានជាគាត់ធ្វើលិខិតស្នាមផ្លូវការ ផ្សេងៗដាក់ថា ជាជនជាតិយួន (Dan Toc Kinh) ។ តែក្រោយពី «បានដឹង» គាត់កំពុងតែចាប់ផ្តើមកែប្រវត្តិរូបកូនស្រីរបស់គាត់ពីជនជាតិយួនទៅជាទៅជាជនជាតិខ្មែរវិញ ?
កាសែតយួនបានបន្តដាក់សំនួរក្នុងលក្ខណៈចំអកឲ្យគ្រួសារអ្នកស្រី តៀង ម្ដាយរបស់ ម៉ៃ ថា «ឧបមាថា បើសិនជាគ្មានការប្រឡងបវរកញ្ញាជនជាតិនៅប្រទេសវៀតណាមទេ មិនដឹងថា ពេលណា ទើបអ្នកស្រី តៀងគិតគូរដល់ការ «សងមកវិញ » នូវជនជាតិពិតប្រាកដដល់កូនស្រីរបស់ខ្លួន ៕