ពិធី​បុណ្យអុំទូក​ ​នៅ​ខេត្ត​ឃ្លាំង​ រយៈពេល​ ​២​ ​ថ្ងៃ​ ​​បិទ​បញ្ចប់​ដោយមាន​ពលរដ្ឋ​ខ្មែរក្រោម​ ​និង​ភ្ញៀវ​ទេសចរណ៍​ ​រាប់​ម៉ឺន​នាក់​បាន​ចូលរួម​ទស្សនា​

0 162

ដោយ ស៊ឺន ចែងចើន

​រយៈពេល​ ​២​ ​ថ្ងៃ​ ​នៃ​ ​ពិធី​បុណ្យអុំទូក​ ​បណ្ដែតប្រទីប​ ​អកអំបុក​ ​និង​សំពះព្រះខែ​ ​ដែល​រៀបចំ​ឡើង​ ​នៅ​ទីក្រុង​ឃ្លាំង​ ​នៃ​ ​ខេត្ត​ឃ្លាំង​ ​នៅ​ថ្ងៃ​ទី​ ​៧​ ​ដល់​ថ្ងៃ​ទី​ ​៨​ ​ខែវិច្ឆិកា​ ​ឆ្នាំ​ ​២​០​២​២​ ​នេះ​ ​ប្រព្រឹត្តទៅ​យ៉ាង​រលូន​ ​ត្រចះត្រចង់​ពោរពេញ​ទៅ​ដោយ​សម្រែក​ហ៊ោ​រ​កញ្ជ្រៀវ​ ​សប្បាយរីករាយ​ ​ពីសំណាក់​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ ​និង​ភ្ញៀវ​ទេសចរណ៍​បរទេស​ ​រាប់​ម៉ឺន​នាក់​ ​រួម​ជាមួយនឹង​ក្រុម​កីឡាករ​ ​កីឡា​ការិនី​ ​ចំណុះ​ទូក​ទាំងអស់​ ​។​

ក្រុមទូកង មកពីខេត្តនានា នៅដែនដីកម្ពុជាក្រោម ជុំគ្នានៅដងទន្លេ​ម៉ាស់​ស្ប៉េរ៉ូ (​M​asp​e​ro) ​ឬ​ទន្លេ​បាសាក់​ ​ឋិតនៅ​ក្នុង​សង្កាត់​ទី​ ​៨​ ​ទីក្រុង​ឃ្លាំង​ ​នៃ​ ​ខេត្ត​ឃ្លាំង​ កាលពីថ្ងៃទី ៧​ ​ដល់​ថ្ងៃ​ទី​ ​៨​ ​ខែវិច្ឆិកា​ ​ឆ្នាំ​ ​២​០​២​២ ។ រូបៈ THANH VAN
ក្រុមទូកង មកពីខេត្តនានា នៅដែនដីកម្ពុជាក្រោម ជុំគ្នានៅដងទន្លេ​ម៉ាស់​ស្ប៉េរ៉ូ (​M​asp​e​ro) ​ឬ​ទន្លេ​បាសាក់​ ​ឋិតនៅ​ក្នុង​សង្កាត់​ទី​ ​៨​ ​ទីក្រុង​ឃ្លាំង​ ​នៃ​ ​ខេត្ត​ឃ្លាំង​ កាលពីថ្ងៃទី ៧​ ​ដល់​ថ្ងៃ​ទី​ ​៨​ ​ខែវិច្ឆិកា​ ​ឆ្នាំ​ ​២​០​២​២ ។ រូបៈ THANH VAN

​ព្រឹត្តិការណ៍​ប្រណាំងទូក​ង​ ​ប្រព្រឹត្តទៅ​រយៈពេល​ ​២​ ​ថ្ងៃ​ ​នៅ​ដងទន្លេ​ម៉ាស់​ស្ប៉េរ៉ូ (​M​asp​e​ro) ​ឬ​ទន្លេ​បាសាក់​ ​ឋិតនៅ​ក្នុង​សង្កាត់​ទី​ ​៨​ ​ទីក្រុង​ឃ្លាំង​ ​នៃ​ ​ខេត្ត​ឃ្លាំង​ ​ក្នុង​ឆ្នាំ​ ​២​០​២​២​ ​នេះ​ ​មាន​ទូក​ដែល​មក​ចូលរួម​ប្រកួតប្រជែង​ ​ទាំង​ទូកង​ផ្នែក​បុរស​ ​និង​នារី​ ​ចំនួន​ ​៥​៤​ ​ក្រុម​ទូក​ង​ ​នៅ​ក្នុង​ ​និង​ក្រៅ​ខេត្ត​ចូលរួម​ ​ក្នុង​នោះ​ ​មាន​ទូកអុំ​ផ្នែក​បុរស​ចំនួន​ ​៤​៥​ ​ក្រុម​ទូក​ ​និង​ ​៩​ ​ក្រុម​ជាទូក​ផ្នែក​នារី​ ​។​ ​ចំណែក​ខេត្ត​ផ្សេងៗ​ ​ក្រៅពី​ខេត្ត​ឃ្លាំង​ជា​ម្ចាស់ផ្ទះ​ ​ដែល​មក​ចូលរួម​អុំ​ប្រណាំង​រួម​មាន​ ​ខេត្ត​ព្រះត្រពាំង​ (​T​r​a​ ​V​in​h​) ​ខេត្ត​លង់​ហោ​ (​V​in​h​ ​Long​) ​ខេត្ត​ហូ​វ​យ៉ាង​ (​H​a​u ​G​i​an​g​) ​ខេត្ត​ក្រមួនស​ (K​i​e​n ​G​i​an​g​) ​ខេត្ត​ព​លលា​វ​ (B​a​c ​Lieu​) ​និង​ខេត្ត​ទឹកខ្មៅ​ (​Ca​ ​Ma​u) ​ដោយ​សរុប​អត្តពលិក​ចូលរួម​ជិត​ ​៦​ ​ពាន់​នាក់​ ​។​

​ជា​លទ្ធផល​ ​ចំណាត់ថ្នាក់​លេខ​ ​១​ ​ទូកង​ ​ផ្នែក​បុរស​ ​បាន​ទៅលើ​ទូកង​ ​មកពី​ ​វត្ត​ពេជ្រ​មង្គល​ ​នៅ​ទីរួមខេត្ត​ជ្រោយ​ញ​ ​លេខ​ ​២​ ​បាន​ទៅលើ​ទូកង​ ​មកពី​ ​វត្ត​មុនី​សោភ័ណ​ (​ពងទឹក​ចាស់​) ​និង​ទូកង​ ​មកពី​ ​វត្ត​រេ​ន្ទ​រង្សី​ (​អុង​ខ​) ​ទទួល​បាន​ជ័​យា​ភី​លេខ​ ​៣​ (​ទូកង​លេខ​ ​២​ ​និង​លេខ​ ​៣​ ​មកពី​ស្រុក​ពងទឹក​ដូចគ្នា​) ​។​

​សម្រាប់​ទូកង​ផ្នែក​នារី​វិញ​ ​ចំណាត់ថ្នាក់​លេខ​ ​១​ ​បាន​ទៅលើ​ទូកង​ ​មកពី​វត្ត​អូ​រជុំ​អារាម​ (​ព្រែក​ចេក​) ​នៅ​ស្រុក​ពងទឹក​ ​លេខ​ ​២​ ​បាន​ទៅលើ​ទូកង​ ​មកពី​ ​វត្ត​បទុម​រង្សី​ (​ទំនប់​) ​នៅ​ស្រុក​កំពង់ធំ​ ​និង​ទូកង​ ​មកពី​ ​វត្ត​សិរី​គង្គា​ (​គ្រញូង​) ​នៅ​ស្រុក​អំពាច​វែង​ ​ខេត្ត​ក្រមួនស​ ​ទទួល​បាន​ជ​​យា​ភី​លេខ​ ​៣​ ​។​

ចំពោះ ចំណាត់ថ្នាក់ជយលាភី​ពាន​រង្វាន់​ ​នៃ ​ការ​ប្រណាំងទូក​ ង នៅ​កម្ពុជាក្រោម​ ឆ្នាំ​ ២០២២​ នេះ​ សម្រាប់​ក្រុម​ជើងឯក​ទូក​បុរស​ ទទួល​បាន​ប្រាក់​រង្វាន់​ជា​ទឹកប្រាក់​ចំនួន​ ២០០​ លាន​ដុង រង្វាន់​លេខ​ ២ ចំនួន​ ១៥០​ លាន​ដុង រង្វាន់​លេខ​ ៣ ចំនួន​ ១០០​ លាន​ដុង​ រង្វាន់​លេខ​ ៤ ចំនួន​ ៨០​ លាន​ដុង​ ។ សម្រាប់​ជើងឯក​ទូក​នារី​ ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន​ ១៥០​ លាន​ដុង​ រង្វាន់​លេខ​ ២ ចំនួន​ ១០០​ លាន​ដុង រង្វាន់​លេខ​ ៣ ចំនួន​ ៨០​ លាន​ដុង​ និង​រង្វាន់​លេខ​ ៤ ចំនួន​ ៥០​ លាន​ដុង​ ។ បន្ថែម​ពីលើ​នេះ​ គណៈកម្មាធិការ​រៀបចំ​កម្មវិធី​បុណ្យអុំទូក​ ក៏បាន​ផ្តល់​ប្រាក់​រង្វាន់លើកទឹកចិត្ត​ ចាប់ពី​ ២ ដល់ ៨ លាន​ដុង​ ទៅ​ដល់​ក្រុម​ទូក​លេខ​ ១ និង​ លេខ​ ២ សម្រាប់​ក្រុម​ជម្រុះ​របស់​គូប្រកួត​នី​មួយ​ៗ រហូតដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ ។

ខ្មែរក្រោម​ ​នៅ​ដែនដីកម្ពុជាក្រោម​ ​តែងតែ​ប្រា​រ​ព្វ​ពិធីបុណ្យ​អកអំបុក​ ​ប្រណាំងទូក​ ​លយប្រទីប​ ​សំពះព្រះខែ​ ​និង​បង្ហោះ​គោម​ ​នៅ​តាម​វត្តអារាម​ ​និង​ទី​ក​ម្សាន្ត​នានា​ ​ជារៀងរាល់​ឆ្នាំ​ ​ទៅតាម​ប្រពៃណី​ជាតិ​ ​មិនដែល​អាក់ខាន​ឡើយ​ ​បើ​ទោះបីជា​បច្ចុប្បន្ននេះ​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​កំពុង​រស់នៅ​ក្រោម​ការ​គ្រប់គ្រង​របស់ប្រទេស​វៀតណាម​ ​ក៏ដោយ​ ​។​

​ពលរដ្ឋ​ខ្មែរក្រោម​ ​បាន​នាំគ្នា​បញ្ជូន​ទូកង​ ​នៅ​តាម​វត្ត​ ​ទៅ​អុំ​ប្រណាំង​គ្នា​ ​នៅ​ទីតាំង​ពីរធំៗ​ ​គឺ​ទន្លេ​បាសាក់​ ក្នុង​ខេត្ត​ឃ្លាំង​ ​និង​ទន្លេ​កំពង់​ ​នៅ​ទីក្រុងព្រះត្រពាំង​ ​។​ ​ក្រៅពី​នេះ​ ​នៅ​ខេត្ត​ក្រមួនស​ ​ក៏មាន​រៀបចំ​ពិធី​ប្រណាំងទូក​ង​ផង​ ​ដោយមាន​ក្រុម​ទូកង​ ​នៅ​ក្នុង​ខេត្ត​មួយ​នេះ​ ​មិន​តិច​ជាង​ ​២​០​ ​ទូក​ ​ចូលរួម​អុំ​ប្រកួត​ ​។​

​សូម​បញ្ជាក់​ថា​ ​ទូក​ ​ង​ ​ដែល​អុំ​ប្រណាំង​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​ត្រូវ​បាន​រចនា​ឡើង​ ​សុទ្ធតែ​ជា​ប្រភេទ​ទូក​វែង​ ​ចំណុះ​ជាង​ ​៥​០​ ​នាក់​ ​និង​លាប​ពណ៌​ទូក​ ​ដោយមាន​ក្បូរ​ក្បាច់រចនា​យ៉ាងល្អ​ប្រណិត​ ​ដូច​ទូកង​ប្រណាំង​ ​នៅ​ប្រទេស​កម្ពុជា​ដែរ​ ​។​ ​ចំណែក​ឈ្មោះ​ទូក​វិញ​ ​ត្រូវ​បាន​ខ្មែរក្រោម​ប្រសិទ្ធិនាម​ ​ឲ្យ​ដូច​ឈ្មោះ​វត្ត​ ​ឬ​ឈ្មោះ​ស្រុក​ (​និគម​) ​របស់​ពួកគេ​ ​។​ ​ប៉ុន្តែ​ ​ឈ្មោះ​ទូកង​ទាំងនោះ​ ​ខ្លះសរសេរ​ម្ខាង​ជា​អក្សរខ្មែរ​ ​និង​ម្ខាងទៀត​ ​ជា​ភាសា​វៀតណាម​ ​។​

​បន្ថែម​ពីលើ​កម្មវិធី​ក​ម្សាន្ត​ផ្សេងៗ​ ​នៅ​ពេលថ្ងៃ​ ​ដើម្បី​អប​អរសាទរ​ពិធី​អកអំបុក​ ​មាន​ដូចជា​សកម្មភាព​ប្រកួតប្រជែងកីឡា​រួម​មាន​ ​ប្រណាំងទូក​ ​ង​ ​លេង​បាល​ទះ​ ​បាល​ទាត់​ ​និង​ល្បែង​លេង​ប្រជាប្រិយ​ ​មាន​ជាអាទិ៍​ ​វាយ​ឆ្នាំ​ដី​ ​រុញ​ដំបង​ ​លោត​ការុង​ ​ទាញព្រ័ត្រ​ ​និង​មហោស្រព​ម្ហូបអាហារ​ ​។​ ​ចំណែក​ ​នៅ​ពេលយប់​វិញ​ ​ពលរដ្ឋ​ខ្មែរ​នាំគ្នា​សំដែង​សិល្បៈ ​ក្បូន​ដង្ហែ​ផ្កា​របស់​វត្ត​នានា​ ​និង​លយប្រទីប​ ​។​ ​ដោយឡែក​ ​នៅ​យប់​ ​១​៥​ ​កើត​ ​ខែ​កត្តិក​ ​គឺជា​ពេល​សំពះព្រះខែ​ ​និង​អកអំបុក​ ​។​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​នាំគ្នា​ធ្វើពិធី​បង្អក​អំបុក​ ​ចេក​ដំបូង​ ​គ្នា​ទៅវិញទៅមក​ ​ហើយ​សំពះព្រះខែ​ ​នៅ​តាម​វត្តអារាម​ ​និង​មានការ​បង្ហោះ​គោម​ផង​ ​៕

សូមចុចទស្សនារូបភាពច្រើនទៀត…

Leave A Reply

Your email address will not be published.