អាជ្ញាធរ​វៀតណាម ​ឃាត់ខ្លួន​យុវជន​ខ្មែរ​ក្រោម ​២ នាក់ បន្ទាប់​ពី​ពួកគេ វិល​ត្រលប់​ពី​កម្ពុជា​វិញ

0 163

ដោយ យ៉ង ចាន់តារា | RFA Khmer

អាជ្ញាធរ​វៀតណាមឃាត់ខ្លួន​សកម្មជន​ខ្មែរ​ក្រោម​ ២ នាក់ និង​ដកហូត​លិខិត​ឆ្លងដែន​របស់​ពួកគាត់ នៅ​ព្រំដែន​អន្តរជាតិ​ស្រុក​ក្របៅ ខេត្ត​មាត់ជ្រូក ដែល​វៀតណាម​ហៅថា ស្រុក​ទិញបៀន (Tinh Bien) និង​ខេត្ត​អានយ៉ាង (An Giang) ក្រោយ​ពី​ពួកគាត់ វិល​ត្រឡប់​ពី​ប្រទេស​កម្ពុជា ចូល​ទៅ​ស្រុក​កំណើត​នៅ​កម្ពុជាក្រោម​វិញ ។ មូលហេតុ​ដែល​វៀតណាម ​រឹបអូស​យក​លិខិត​ឆ្លងដែន ដោយសារ​សមត្ថកិច្ច​វៀតណាម ចោទប្រកាន់​យុវជន​ទាំង ២ នាក់​ថា ធ្វើខុស​នឹង​បម្រាម​របស់​រដ្ឋាភិបាល​វៀតណាម ដែល​ហាម​មិន​ឲ្យ​ផ្ដល់​ព័ត៌មាន ឬ​ទាក់ទង​នឹង​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ​នៅ​ក្រៅ​ប្រទេស ។

យុវជន យឿង ខាយ ពេលមកមកប្រទេសកម្ពុជា ។ រូបៈ ហ្វេសប៊ុក យឿង ខាយ
យុវជន យឿង ខាយ ពេលមកមកប្រទេសកម្ពុជា ។ រូបៈ ហ្វេសប៊ុក យឿង ខាយ

អាជ្ញាធរ​វៀតណាម​បាន​ឃាត់ខ្លួន​យុវជន​ខ្មែរ​ក្រោម​២នាក់ ចាប់​ពី​ម៉ោង៧ព្រឹក រហូត​ដល់​ម៉ោង៥រសៀល កាលពីថ្ងៃទី៨ ខែធ្នូ ដោយសារ​ពួកគាត់ បាន​ធ្វើដំណើរ​កម្សាន្ត​នៅ​កម្ពុជា​អស់​ជាង​ដប់​ថ្ងៃ។

យុវជន​ខ្មែរ​ក្រោម ដែល​សកម្ម​ក្នុង​ការ​ផ្សព្វផ្សាយ​សិទ្ធិ​ជនជាតិ​ដើម​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម លោក យឿង ខាយ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅព្រឹកថ្ងៃទី៩ ខែធ្នូ ថា សមត្ថកិច្ច​វៀតណាម​នៅ​ខេត្ត​ឃ្លាំង សហការ​ជាមួយ​សមត្ថកិច្ច​ខេត្ត​មាត់ជ្រូក និង​មន្ត្រី​ប៉ូលិស​ភូមិភាគ​ខាង​ត្បូង​របស់​វៀតណាម បាន​ឃាំង​ខ្លួន​លោក​សាកសួរ​រឿង​ដែល​លោក​មក​កម្ពុជា​ជួប​ជាមួយ​សកម្មជន​ខ្មែរ​ក្រោម​ដទៃ​ទៀត ហើយ​សមត្ថកិច្ច​ហាម​មិន​ឲ្យ​លោក​ទាក់ទង​សកម្មជន​ខ្មែរ​ក្រោម​នៅ​ក្រៅ​ប្រទេស។ លោក​បន្ត​ថា អាជ្ញាធរ​បាន​សួរចម្លើយ​លោក​ប្រើ​សម្ដី​លួងលោម​ថា ឈប់​ឲ្យ​លោក​ធ្វើ​សកម្មភាព​ប៉ះពាល់​ដល់​រដ្ឋាភិបាល និង​សម្ដី​គំរាមកំហែង​ថា បើ​មិន​ព្រម​ឈប់​ប៉ូលិស​នឹង​ចាប់​ដាក់​ពន្ធនាគារ ពី​បទ​ធ្វើ​ឲ្យ​អសន្តិសុខ​ក្នុង​ប្រទេស ហើយ​បាន​រឹបអូស​លិខិត​ឆ្លងដែន​របស់​លោក៖

«អូវា​សួរ​ទៅ​កម្ពុជា​ហ្នឹង​ជួប​អ្នកណា ហើយ​ទៅ​ថៃ​ជួប​អ្នកណា ហើយ​ដើរ​លេង​ទៅ​ណា​ខ្លះ​អ៊ីចឹង​ណា​បង។ អា​ហ្នុង​គេ​ហាម​ដែរ​គេ​ថា ហាម​មិន​ឲ្យ​យើង​មក និយាយ​រួម​ជួប​គេ​ហាម​មិន​ឲ្យ​យើង​ជួប​អ្នក​ព័ត៌មាន ដូច​បង យាង សុធារិន្ទ និង​បង ថាច់ ចន្ទ្រា អ៊ីចឹង គេ​ហាម​យើង​មិន​ឲ្យ​ជួប​ដូចជា អ៊ំ តាំង សារៈ គេ​ហាម​យើង​មិន​ឲ្យ​ជួប​អ៊ីចឹង គេ​ដក​ប៉ាស្ព័រ​យើង​ឡើង»

លោក យឿង ខាយ បន្ថែម​ទៀត​ថា លោក​នឹង​ដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ​ខេត្ត​ឃ្លាំង ដើម្បី​ស្នើសុំ​លិខិត​ឆ្លងដែន​វិញ ងាយស្រួល​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស ពេល​មាន​កិច្ចការ​ចាំបាច់។

ស្រដៀង​គ្នា​នេះ​ដែរ យុវជន​ខ្មែរ​ក្រោម​ម្នាក់​ទៀត ដែល​វៀតណាម​បាន​ឃាត់ខ្លួន​ដែរ​នោះ គឺ​លោក សា វី ប្រាប់​ថា អាជ្ញាធរ​នៅ​ព្រំដែន​ខេត្ត​មាត់ជ្រូក​បាន​ឃាត់ខ្លួន​លោក និង​លោក យឿង ខាយ អស់​ដប់​ម៉ោង ទើប​ដោះលែង​មក​ផ្ទះ​វិញ។ លោក ចាត់​ទុក​ថា ការ​ឃាត់ខ្លួន​នេះ គឺ​ជា​រឿង​រំលោភ​សិទ្ធិ​មនុស្ស ហើយ​លោក​ត្រូវ​ទៅ​បំភ្លឺ​នៅ​សាលាឃុំ​ទៀត៖

«អត់​ទេ​អា​ហ្នឹង​យើង​ទៅ​ប្រាប់​គេ​ដឹង​ថា យើង​មក​ស្រុក​មក​អី​លេង​អ៊ីចឹង​ហ្នឹង​ណា។ យើង​យក​អា​ក្រដាស​ហ្នឹង យក​ទៅ​ជម្រាប​គេ​ទៅ ឲ្យ​នគរបាល​ឃុំ​អ៊ីចឹង គេ​ដឹងឮ​អ៊ីចឹង​ទៅ»

ជុំវិញ​រឿង​នេះ​ដែរ អគ្គលេខាធិការ​សមាគម​ខ្មែរ​កម្ពុជាក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ និង​ជា​មេធាវី លោក សឺន ជុំជួន លើកឡើង​ថា ករណី​ដែល​វៀតណាម​រឹបអូស​លិខិត​ឆ្លងដែន​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម ជា​ទង្វើ​ផ្ទុយ​នឹង​ច្បាប់ ព្រោះ​មិន​ទាន់​មាន​ដីកា​ពី​តុលាការ​ក្នុង​ការ​ដកហូត។ លោក​បន្ត​ថា វៀតណាម​ធ្វើ​បែប​នេះ​គឺ​បិទ​សិទ្ធិ​ខ្មែរ​ក្រោម​មិន​ឲ្យ​ធ្វើ​ដំណើរ​ដោយ​សេរី​ទៅ​ក្រៅ​ប្រទេស ដែល​នេះ​ជា​ការ​បំពាន​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម។ លោក​បញ្ជាក់​ថា បើ​យុវជន​ខ្មែរ​ក្រោម​ដែល​វៀតណាម​ដកហូត​លិខិត​ឆ្លងដែន ហើយ​ចង់​ប្ដឹង​ទាមទារ​លិខិត​ឆ្លងដែន​វិញ ពួកគាត់​អាច​ប្ដឹង​ទៅ​តុលាការ​ខេត្ត​ដែល​ខ្លួន​រស់នៅ​បាន៖

«គាត់​អាច​ទាមទារ​មក​វិញ​បាន​ណា ការ​ដក​ហូត​ឯកសារ ការ​ដក​ហូត​លិខិត​ឆ្លងដែន ការ​ដកហូត​ទ្រព្យសម្បត្តិ​​អ្វីមួយ​របស់​បុគ្គល​ណា​មួយ វា​ត្រូវតែ​មាន​ការ​ឆ្លងកាត់​ការ​អនុញ្ញាត​ពី​ស្ថាប័ន​តុលាការ។ ការ​ដកហូត​គឺ​ជា​សមត្ថកិច្ច​របស់​តុលាការ ដែល​ជា​សមត្ថកិច្ច​នៅ​ក្នុង​ការ​រឹបអូស​យក ឬ​ដកហូត ឬក៏​រក្សា​ទុក​អី​ជាដើម»

បច្ចុប្បន្ន​យុវជន​ទាំង​ពីរ បាន​ទៅ​ដល់​ខេត្ត​ឃ្លាំង ជា​ស្រុក​កំណើត​របស់​ខ្លួន​វិញ​ហើយ ។ ការ​ដកហូត​លិខិត​ឆ្លងដែន​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​ពី​សំណាក់​អាជ្ញាធរ​វៀតណាម មិន​ត្រឹមតែ​ពេល​នេះ​ទេ។ កន្លង​មក​វៀតណាម​ក៏​បាន​រឹបអូស​លិខិត​ឆ្លងដែន ឬ​ប៉ាស្ព័រ(Passport) របស់​ព្រះសង្ឃ​ខ្មែរ​ក្រោម​មួយ​អង្គ​គឺ ព្រះភិក្ខុ ស៊ើង ទី កាលពី​ប៉ុន្មាន​ខែ​មុន​នេះ ៕

Leave A Reply

Your email address will not be published.