យុវតី​ខ្មែរក្រោម​ពីររូប​បានទទួល​អាហារូបករណ៍​រៀន​ជំនាញ​ខាង​សិល្បៈ ពី​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ នៅ​ប្រទេស​កម្ពុជា​

0 575

​យុវតី​ខ្មែរក្រោម ២ រូប នៅ​ខេត្ត​ព្រះ​ត្រពាំង ទើបតែ​បានទទួល​អាហារូបករណ៍​រៀន​ខាង​ជំនាញ​សិល្បៈ ពី​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា ។ យុវតី​ទាំង ២ រូបនោះ គឺ​នាង សួង ស្រីរ័ត្ន អាយុ ២០ ឆ្នាំ និង​នាង ណា រី អាយុ ១៩ នៅ​ភូមិ​ដំបង​ពាក់ ស្រុក​ថ្កូវ ខេត្ត​ព្រះ​ត្រពាំង បានទទួល​អាហារូបករណ៍​រៀន​ខាង​ឧបករណ៍​ពិណ ។

កញ្ញា សួង ស្រីរ័ត្ន
កញ្ញា សួង ស្រីរ័ត្ន

យោងតាម​គេហទំព័រ​សារព័ត៌មាន Sabay បាន​សម្រង់​សម្តី​អ្នកសម្របសម្រួល​ជាន់ខ្ពស់​នៃ​កម្មវិធី​សិល្បៈ​ក្នុង​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ នាង យ៉ុ​ន សុខន បាន​បញ្ជាក់ថា ការផ្ដល់​អាហារូបករណ៍​នេះ​បើក​ជា​រៀងរាល់ឆ្នាំ ក្នុង​មួយឆ្នាំ​ជ្រើសរើស​បានតែ ១០ នាក់​ប៉ុណ្ណោះ ។ អ្នកដាក់ពាក្យ​អាច​ស្នើសុំ​រៀន​ជំនាញ​សិល្បៈ និង​មិនមែន​សិល្បៈ ជា​ជំនាញ​ផ្សេងៗ ដែល​ខ្លួន​ពេញចិត្ត ។ នាង​បញ្ជាក់ថា ដើម្បី​អាច​ទទួលបាន​អាហារូបករណ៍​នេះ បេក្ខជន​ត្រូវ​បង្ហាញ​ពី​ឆន្ទៈ​របស់ខ្លួន​ឱ្យបាន​ច្បាស់លាស់​ក្នុង​ការរៀន​ជំនាញ​ដែល​ខ្លួន​ស្នើ ។ ការប្រកាស​ផ្ដល់​អាហារូបករណ៍​លើក​នេះ ធ្វើឡើង​នៅ​ថ្ងៃទី ១៤ ខែកញ្ញា​កន្លងទៅនេះ ដោយមាន​សិស្ស​ដាក់ពាក្យ ចន្លោះ​ពី ៥០ ទៅ ១៥០ នាក់ ហើយ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​បាន​វាយតម្លៃ និង​ជ្រើសរើស​តែ ១០ រូប​តែប៉ុណ្ណោះ ។​

កញ្ញា ណា រី
កញ្ញា ណា រី

​យោងតាម សារព័ត៌មាន Sabay ដដែល​បញ្ជាក់ថា ស្រីរ័ត្ន និង ណា​រី មកពី​ដែនដី​កម្ពុជា​ក្រោម​រៀន​សិល្បៈ​នេះ គឺ​ស្នាក់អាស្រ័យ​នៅផ្ទះ​ជាមួយ​បងប្អូន​នៅ​ភ្នំពេញ ដោយមាន​ព្រះសង្ឃ​ខ្មែរ ក្រោម ត្រូវជា​បងប្អូនជីដូន​មួយ​ជួយ​ផ្គត់ផ្គង់​ថវិកា​មួយចំនួន ។ នាង​ថា នាង​ស្រលាញ់​ឧបករណ៍​ពិណ និង​ដោយ​មើលឃើញថា នៅក្នុង​ភូមិ​នៃ​ខេត្ត​ព្រះ​ត្រពាំង​របស់ខ្លួន​មិនសូវមាន​អ្នកលេង​ភ្លេង ជាពិសេស​ឧបករណ៍​ពិណ ៕

Leave A Reply

Your email address will not be published.