តុលា​ការ​វៀត​ណាម​ ​កាត់​ទោស​ជនជាតិ​ហ្មុង​ពីរនាក់​ ឲ្យ​ជាប់ពន្ធនាគារ​អស់មួយ​ជីវិត​ ពី​បទ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​​

0 272

ដោយ ស៊ឺន ចែងចើន

តុលាការ​មួយ នៅ​ប្រទេស​វៀតណាម​ នៅ​ថ្ងៃ​ទី ១៨ ខែមីនា ប្រកាស​សាលក្រម​សម្រេច​ផ្តន្ទា​ទោស​បុរស​ជនជាតិ​ភាគតិច​ហ្មុង (Hmong) ២ នាក់​ ដាក់​ពន្ធនាគារ​អស់មួយ​ជីវិត នៅ​ក្នុង​សំណុំរឿង បង្កើតចលនា​ផ្តួល​រំលំ​រដ្ឋាភិបាល​​កុម្មុយនិស្ត​វៀតណាម​ ។

The jury pronounces sentences on the defendants. VNA
The jury pronounces sentences on the defendants. VNA

មនុស្ស​ពីរនាក់​ ដែល​ត្រូវ​បានផ្តន្ទា​ទោស គឺ​ឈ្មោះ ស៊ុង អាស៊ី​ង (Sùng A Sính) កើត​ឆ្នាំ ១៩៨២ និង​ ឡូវ អាឡែន​ (Lầu A Lềnh) កើត​ឆ្នាំ ១៩៧០ ។ ពួកគេ​​ទាំង​ពីរត្រូវ​បានចោទ​ប្រកាន់​ពី​បទ មេក្លោង​បង្កើត​តំបន់អបគមន៍​ និង​ជា​អ្នក​អូសទាញ​មនុស្ស​ផ្សេងទៀត ឲ្យ​ចូល​រួម​ក្នុង​ផែនការ​រៀបចំ​បង្កើត​រដ្ឋឯករាជ្យ «ហ្មុង​» នៅស្រុក មឿង​ញ៉ែ (Mường Nhé) នៃ​ខេត្ត​ដៀង​បៀង (Điện Biên) ចាប់​ពីខែសីហា ឆ្នាំ​ ២០១៨ ដល់​ខែមីនា ឆ្នាំ ២០១៩ ។ ចំណែក​ឯ ឡូវ អាឡែន ក៏​ត្រូវ​បាន​កាត់​ទោស​ក្នុង​បទល្មើស​ផ្សេងទៀត​ ឲ្យ​ជាប់គុក ៧ ឆ្នាំ ពី​បទធ្វើ​ការ​ឃោសនា​ប្រឆាំង នឹង​រដ្ឋអំណាច​វៀតណាម ។ សរុប​ទោ​សត្រូវ​ជាប់ពន្ធនាគារ អស់មួយ​ជីវិត ។

តុលាការ​ប្រជាជន​ខេត្ត​ដៀង​បៀង​ ក៏​បានផ្តន្ទា​ទោស​ជនជាតិ​ហ្មុង​ជាប់ពាក់ព័ន្ធ​ផ្សេងទៀត ដាក់​ពន្ធនាគារ​ចន្លោះ​ពី ២៤ ខែទៅ ២០ ឆ្នាំ ពី​បទ​លាក់បាំង​ជន​ឧក្រិដ្ឋជន និង​ធ្វើសកម្មភាព ងើបឡើង​ប្រឆាំង នឹង​រដ្ឋអំណាច ។

ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​ បើតាម​ការ​ចុះផ្សាយ​របស់​កាសែត​ក្នុង​ស្រុក ឲ្យ​ដឹងថា ឡូវ អាឡែន បានចូល​រួម​ក្នុង​ច​ល​នាមួយ​ ដើម្បី​ទាមទារ​បង្កើត​រដ្ឋឯករាជ្យ «ហ្មុង​» និង​ធ្វើ​ការ​ឃោសនា​ប្រឆាំង​ នឹង​រដ្ឋ​ភិបាល​វៀតណាម តាំង​ពីឆ្នាំ ២០១០ មក ហើយត្រូវ​បានតុលាការ​វៀតណាម ​កាត់​ទោស​ កំបាំងមុខ ក្រោយ​ពីរូប​គេ​ បានរត់គេច​ខ្លួន​រស់​នៅ​ក្រៅ​ប្រទេស​អស់មួយ​រយៈ​ពេល​រួចមក ។

The jury finds that their acts are dangerous to the society and sufficient to form the crimes of acting for the subversion of the people’s administration, propaganda against the state of the Socialist Republic of Vietnam, and covering criminals. VNA
The jury finds that their acts are dangerous to the society and sufficient to form the crimes of acting for the subversion of the people’s administration, propaganda against the state of the Socialist Republic of Vietnam, and covering criminals. VNA

សំណុំរឿង​ចោទ​ប្រកាន់​ប្រឆាំង​ទៅ​លើក្រុម​ជនជាតិ​ភាគតិច​ហ្មុង​ ឲ្យ​ដឹងទៀតថា​ ចលនា​បះបោរ​របស់​ពួក​គេ ក្នុង​គោលបំណង​ទាមទារ​ស្វ័យភាព និង​សេរីភាព​ខាង​ជំនឿ​សាសនា​ ពោលគឺ គោលដៅ​របស់​ពួក​គេ ប្លន់​យកដីធ្លី ប្លន់​រដ្ឋអំណាច នៅស្រុក មឿង​ញ៉ែ​ និង​ជំនួស​មកវិញ​ដោយ​រដ្ឋឯករាជ្យ «ហ្មុង​» គ្រប់គ្រង​ដោយ​ជនជាតិ​ហ្មុង​ និង​មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​របស់​ខ្លួន រួមមាន ប៉ូលីស យោធា ភាសា ដាច់ដោយឡែក​របស់​ខ្លួន​ ជាដើម ។

គួរជម្រាប​ជូន​ថា កាល​ពីឆ្នាំ ២០១១ ជនជាតិ​ភាគតិច ហ្មុង ជាង​បីពាន់​នាក់​ បានប្រមូល​ផ្តុំគ្នា​ធ្វើ​បាតុកម្ម​ដ៏​កម្រ​មួយ នៅ​ខេត្ត​ឌៀនបៀន​ ខេត្ត​ដាច់ស្រយាល នៅ​ភាគពាយ័ព្យ​ប្រទេស​វៀតណាម ជាប់​ព្រំប្រទល់​ជា​មួយ នឹង​ប្រទេស​ចិន​ និង​ឡាវ ។ ប៉ុន្តែ ពួក​គេត្រូវ​បានទាហាន​វៀតណាម​បំបែក ដោយ​កម្លាំង​ហិង្សា ។ ការ​ធ្វើ​បាតុកម្ម​ក្នុង​ទ្រង់ទ្រាយ​ធំ​ដូច្នេះ​ ក៏​ធ្លាប់​ផ្ទុះ​ឡើង​ម្តង​រួចមក​ហើយដែរ កាល​ពីឆ្នាំ ២០០៤ ។ ចលនា​បាតុកម្ម​ទាំងពីរ​លើក​របស់​ក្រុម​ជនជាតិ​ភាគតិច​ហ្មុង ដែល​កម្រ​កើត​មាន​បំផុត​ ប​ណ្តា​ល​ឲ្យ​មាន​អ្នក​ស្លាប់ និង​បាត់ខ្លួន​រាប់​រយ​នាក់ ។

ក្រោម​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​វៀតណាម​ ពួក​ហ្មុង​ជា​ច្រើន​រយ​នាក់ ព្រមទាំង​ជនជាតិ​ភាគតិច​ផ្សេង​ៗ ទៀត​ បាននាំគ្នា​ភៀសខ្លួន ខ្លះទៅ​កាន់​ប្រទេស​ថៃ និង​ខ្លះទៀត​មក​ប្រទេស​កម្ពុជា​ ដើម្បី​បាន​ទៅរស់នៅ​សហរដ្ឋ​អាមេរិក ។ ចំណែក នៅ​ឆ្នាំ ២០០៤ ដោយ​មាន​ការ​បង្ក្រាប​ដ៏​សាហាវ ពួក​ម៉ុង ប្រមាណ ១៧០០ នាក់​ បានរត់​មកនៅ​កម្ពុជា ប៉ុន្តែ មួយ​ភាគធំ​មិនបាន​ទទួល​សិទ្ធិ​ទៅ​ជ្រកកោន​ នៅ​សហរដ្ឋ​អាមេរិក​ទេ ។

សូម​បញ្ជាក់​ផងដែរថា​ ក្រុមជនជាតិ​ភាគតិច​ហ្មុង អ្នក​កាន់​គ្រិស្តសាសនា ប្រូតេស្តង់​ មាន​គ្នា​ប្រមាណ​ជិត​មួយ​លាននាក់ (នៅ​វៀតណាម និង​នៅ​ប្រទេស​ឡាវ​) ។ ពួក​គេតែង​ទទួល​រងការធ្វើទុក្ខ​បុកម្នេញ ពីសំណាក់​របប​កុម្មុយនិស្ត​វៀតណាម​ និង​ឡាវ ព្រោះ​សំ​រាប់​អាជ្ញាធរ​ពីរ​ប្រទេស​នេះ ជនជាតិ​ភាគតិច​ម៉ុង​ ដែល​ធ្វើសកម្មភាព​ទ័ពព្រៃ គឺ​ជាពួក​ក្បត់​ជាតិ ធ្លាប់​បានចូល​ដៃ​ជា​មួយ​ នឹង​សហរដ្ឋ​អាមេរិក ក្នុង​សម័យ​សង្គ្រាម នៅ​វៀតណាម ឆ្នាំ ១៩៦៤-​១៩៧៥ ។ ចំណែក​ នៅ​ក្នុង​ប្រទេស​ឡាវ​វិញ ដើម្បី​បញ្ចេញ​សកម្មភាព​ប្រឆាំង​ នឹង​រដ្ឋាភិបាល​ក្រុង​វៀង​ចន្ទ ពួក​ម៉ុង​នេះ​ បានបង្ក​ភេរវកម្ម​បំផ្ទុះ​គ្រាប់​បែក​ជាបន្ត​បន្ទាប់ នៅ​ក្នុង​អំឡុងឆ្នាំ​ ២០០៣-​២០០៤ ៕

Leave A Reply

Your email address will not be published.