គណបក្សប្រឆាំង​ ២​ គាំទ្រ​ការ​ប្រារព្ធ​ខួប​ ៧០​ ឆ្នាំ​ នៃ​ការបាត់បង់​ដែនដី​កម្ពុជាក្រោម​

0 350

ដោយ ស៊ឺន​ចែងចើន

គណបក្ស​សង្រ្គោះ​ជាតិ​ ចាត់ទុក​ទឹកដី​កម្ពុជាក្រោម​ គឺជា​ទឹកដី​របស់​ខ្មែរ​ ទោះបីជា​អស់​រយៈពេល​ ៧០​ ឆ្នាំ​កន្លងទៅ​ហើយ​ ដែល​អាណានិគម​បារាំង​បាន​កាត់​ដី​កម្ពុជាក្រោម​ នេះ​ ទៅ​ឲ្យ​អាណានិគម​វៀតណាម​ត្រួត្រា​រហូតដល់​សព្វថ្ងៃ​នេះ​ ក៏ដោយ​ ។

នៅព្រឹកថ្ងៃអង្គារ ទី ០៤ ខែមិថុនា ពលរដ្ឋខ្មែរកម្ពុជាក្រោមបានប្រារព្ធខួបលើកទី ៧០ នៃទិវាកាន់ទុក្ខជាតិនៃការបាត់បង់ទឹកដីនេះ និងធ្វើពិធីរាប់បាត្រឆ្លង ដោយមានព្រះសង្ឃចំនួន ១៩៤៩ អង្គ ដូចរាល់ឆ្នាំ នៅក្រោមអធិបតីភាព សម្ដេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ដែលជាព្រះរាជតំណាងព្រះមហាក្សត្រខ្មែរ ។ រូបភាពៈ សារព័ត៌មាន ព្រៃនគរ
នៅព្រឹកថ្ងៃអង្គារ ទី ០៤ ខែមិថុនា ពលរដ្ឋខ្មែរកម្ពុជាក្រោមបានប្រារព្ធខួបលើកទី ៧០ នៃទិវាកាន់ទុក្ខជាតិនៃការបាត់បង់ទឹកដីនេះ និងធ្វើពិធីរាប់បាត្រឆ្លង ដោយមានព្រះសង្ឃចំនួន ១៩៤៩ អង្គ ដូចរាល់ឆ្នាំ នៅក្រោមអធិបតីភាព សម្ដេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ដែលជាព្រះរាជតំណាងព្រះមហាក្សត្រខ្មែរ ។ រូបភាពៈ សារព័ត៌មាន ព្រៃនគរ

នៅក្នុង​សេ​ចក្តីង្លែង​ការណ៍​ របស់​គណបក្ស​សង្រ្គោះ​ជាតិ​ ដែល​ចេញផ្សាយ​ នៅ​ថ្ងៃទី​ ៤ ខែមិថុនា​ម្សិលមិញ​នេះ​ បញ្ចាក់​ថា​ រយៈពេល​ ៧០​ ឆ្នាំ​ កន្លងទៅ​នេះ​ ប្រជារាស្រ្ត​ខ្មែរ​ មិន​អាច​បំភ្លេច​ទឹកដី​កម្ពុជាក្រោម​ ឡើយ​ ហើយ​គណបក្ស​ប្រឆាំង​មួយ​នេះ​ នឹង​នៅជា​មួយ​បងប្អូន​ជន​រួម​ឈាម​ចា​និច្ច​ ទោះបីជា​ ខ្មែរក្រោម​ ខ្មែរ​កណ្តាល​ ខ្មែរលើ​ គឺជា​ខ្មែរ​តែមួយ​ ។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ អ្នកស្រី​ មូរ​ សុខ​ហួរ​ បាន​ថ្លែងប្រាប់​វិទ្យុ​អាស៊ី​សេរី​ បើ​គណបក្ស​សង្រ្គោះ​ជាតិ​ឈ្នះ​ឆ្នោត​កាន់កាប់​រដ្ឋាភិបាល​ នៅតែ​ទាមទារ​ឲ្យ​មាន​សិទ្ធិស្វ័យសម្រេច​ឲ្យ​ពលរដ្ឋខ្មែរ​ក្រោម​ និង​ទាមទារ​ឲ្យ​ប្រទេស​កុម្មុយនិស្ត​វៀតណាម​ ប្រគល់​ទឹកដី​កម្ពុជាក្រោម​ មក​ឲ្យ​កម្ពុជា​ ដើម្បី​ត្រួតត្រា​វិញ​ ។

ចំណែក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ នៅ​ថ្ងៃទី​ ៤ មិថុនា​ ដដែល​នោះ​ ក៏បាន​ចេញ​សេចក្តី​ប្រកាស​គាំទ្រ​ការ​ប្រារព្ធ​កាន់ទុក្ខ​នៃ​ខួប​ ៧០​ ឆ្នាំ​នៃ​ការបាត់បង់​ទឹកដី​កម្ពុជាក្រោម​ ដែល​បារាំង​ បាន​ប្រគល់​ ទៅ​ឲ្យ​វៀតណាម​គ្រប់គ្រង​ នៅ​ថ្ងៃទី​ ៤ មិថុនា​ ១៩៤៩​ នោះ​ដែរ​ ។

គណបក្ស​នេះ​ បាន​សម្តែង​ការ​ឈឺ​ឆាប់​ ដែល​ពលរដ្ឋខ្មែរ​ក្រោម​ ក្លាយជា​ជនជាតិភាគតិច​ នៅ​លើទឹក​ដី​កំណើត​របស់​ខ្លួន​ យ៉ាង​ដូច្នេះ​ និង​បាន​ទាញ​ភ្ជាប់​នូវ​គោលនយោបាយ​ ដែល​មាន​ចែង​ក្នុង​សៀវភៅ​បៃតង​របស់​ខ្លួន​ ដោយ​លើកឡើង​ថា​ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ នៅតែ​រក្សា​ជំហរ​យ៉ាង​មុតមាំ​ ក្នុង​ការ​ធ្វើការ​សហប្រតិបត្តិ​ការ​ជាមួយ​វៀតណាម​ ដើម្បី​ធានា​ថា​ជនជាតិ​ដើម​ខ្មែរក្រោម​ មាន​សិទ្ធិ​សេរីភាព​គ្រប់គ្រាន់​ ជាពិសេស​សិទ្ធិ​ខាង​វប្បធម៌​ សាសនា​ ជំនឿ​ និង​សិទ្ធិពល​រដ្ឋ​ផ្សេង​ៗ ទៀត​ ព្រមទាំង​រៀបចំ​ឲ្យ​មាន​បេសកកម្ម​កុងស៊ុល​ បេសកកម្ម​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ ឲ្យបាន​ត្រឹមត្រូវ​ ក្នុង​តំបន់​ដែល​មាន​ពលរដ្ឋខ្មែរ​រស់នៅ​ផង​ដែរ​ ។

ការប្រកាស​គាំទ្រ​ និង​ទាមទារ​ទឹកដី​កម្ពុជាក្រោម​ត្រឡប់មកវិញ​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ និង​ងគណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នេះ​ គឺ​ធ្វើឡើង​ ស្រប​ពេល​ ដែល​អង្គារ​ សមាគម​ខ្មែរ​កម្ពុជាក្រោម​ ទាំង​ក្នុង​ និង​ក្រៅប្រទេស​ កំ​ពុង​ប្រា​រព្វ​ខួប​លើក​ទី​ ៧០​ ឆ្នាំ​ នៃ​ការបាត់បង់​ទឹកដី​កម្ពុជាក្រោម​ និង​ទាមទារ​ឲ្យ​ប្រទេស​វៀតណាម​ សង​ទឹកដី​មក​ឲ្យ​កម្ពុជា​វិញ​ ក្រោយពី​សភា​បារាំង​ និង​ប្រធានាធិបតី​បារាំង​ បាន​អនុម័ត​ប្រគល់​កម្ពុជាក្រោម​ ដែល​មាន​ ២១​ ខេត្ត​ ទៅ​ឲ្យ​វៀតណាម​គ្រប់គ្រង​ ដោយមាន​ការបាន​សម្រេច​ដាក់​ទឹកដី​កម្ពុជាក្រោម​ ឲ្យ​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​វៀតណាម​ កាលពី​ថ្ងៃទី​ ៤ ខែមិថុនា​ ឆ្នាំ​ ១៩៤៩​ ។

Leave A Reply

Your email address will not be published.