សមណ​និស្សិត​ខ្មែរក្រោម​នៅ​ប្រទេស​ថៃ ចាត់តាំង​ពិធីបុណ្យ​អកអំបុក​

172

ដោយ សឺ​ង ថា​យ ធន l VOKK

​នៅ​ថ្ងៃពេញបូណ៌មី ខែកត្តិក ឆ្នាំ មមី ឆស័ក ពុទ្ធសករាជ ២៥៥៨ ត្រូវ​នឹង ថ្ងៃ​សៅរ៍ ទី ៦ ខែវិច្ឆិកា ឆ្នាំ ២០១៤ សមណ​និស្សិត​ខ្មែរក្រោម ដែល​កំពុង​សិក្សា​ក្នុងប្រទេស​ថៃ បាន​ចាត់តាំង​ពិធីបុណ្យ​អកអំបុក លយប្រទីប​សំពះ​ព្រះ​ខែ នា​សកល​វិទ្យាល័យ មហា​ចុ​ឡា​ឡុង​ករ​ណ៍​រាជ​វិទ្យាល័យ ចាប់តាំងពី​ម៉ោង ៥ ល្ងាច ដោយមាន​ការចូលរួម​ពី​តំណាង​សកល​វិទ្យាល័យ សមណ​និស្សិត សិស្សានុសិស្ស ពលរដ្ឋ​ខ្មែរក្រោម និង​ថៃ ប្រមាណ​ជាង ២០០​អង្គ​-​រូប ក្រោម​ប្រធានបទ​បណ្ដែតប្រទីប​អាស៊ាន ។​

សមណនិស្សិតខ្មែរក្រោមបង្ហោះគោមនៅក្នុងពិធីបុណ្យអកអំបុកនៅថៃ ។
សមណនិស្សិតខ្មែរក្រោមបង្ហោះគោមនៅក្នុងពិធីបុណ្យអកអំបុកនៅថៃ ។

ជា​កិច្ច​ចាប់ផ្ដើម​នៃ​កម្មវិធី​ដោយ​ដង្ហែ​ប្រទីប​ប្រទក្សិណ​ជុំវិញ​ស្រះ បួងសួង​សុំ​សេចក្ដីសុខ​តាម​ទំនៀម​ខ្មែរក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម ។​

​បន្ទាប់ពី​ប្រទីប​បាន​តម្កល់​នៅលើ​ទី​វេទិកា អ្នក​ចូលរួមបាន​ចាត់តាំង​ប្រារព្ធ​កម្មវិធី​ទៅតាម​កិច្ច​និយម​ព្រះពុទ្ធសាសនា មាន​នមស្ការ​ព្រះ​រតនត្រ័យ សមាទានសីល និង​អារាធនា​ព្រះសង្ឃ​ចំរើន​ព្រះ​បរិត្ត ជាដើម ។​

​ព្រះតេជព្រះគុណ ត្រឹង វ៉ាំ​ង ដង ប្រធាន​តំណាង​និស្សិត​ខ្មែរក្រោម ឈ្មោះ​មូលនិធិ​ពុទ្ធិកសិក្សា​ខ្មែរ​ថេរវាទ​វៀតណាម​ខាងត្បូង មាន​ថេរ​ដីកា​អំពី​ប្រវត្តិ នៃ​ពិធីបុណ្យ​អកអំបុក សំពះ​ព្រះ​ខែ និង លយប្រទីប ថា ៖

“​ប្រារព្ធ​ចំពោះ​ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ​នៃ​យើង ដែល​ព្រះអង្គ​បាន​និមន្ត​ទៅ​ឆ្នេរ​ស្ទឹង​នម្ម​ទា មាន​ស្ដេច​នាគ​បាន​អារាធនា​ព្រះអង្គ​និមន្ត​ទៅ​ភព​នាគ ដូច្នេះ​ពេលដែល​ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ​នៃ​យើង ដែល​បានទទួល​អារាធនា​របស់​ស្ដេច​នាគ ពេលដែល​ព្រះអង្គ​និមន្ត​ត្រឡប់មកវិញ ស្ដេច​នាគ​ក៌​បាន​សុំ​ស្នើ​ដល់​ព្រះសម្មាសម្ពុទ្ធ​ថា ចង់បាន​សក្ការបូជា​ចាក​អំពី​ព្រះសម្មាសម្ពុទ្ធ បើ​ព្រះអង្គ​និមន្ត​ទៅហើយ​អត់​មានអី​ធ្វើ​សក្ការបូជា ទើប​ព្រះអង្គ​ប្រថាប់​នូវ​ព្រះបាទ​គឺ​ជើង​នៅ​ឆ្នេរ​ស្ទឹង​នម្ម​ទា ដើម្បី​ជាទី​សក្កា​រះ​ដល់​ស្ដេច​នាគ​” ។​

​មុន​បញ្ចប់​កម្មវិធី បានរៀបចំ​គ្រឿង​សក្ការបូជា​ថ្វាយ​ព្រះ​ខែ​មាន អំបុក ចេក ដូង ដំឡូង​ត្រាវ រួច​ធ្វើ​ពិធី​អកអំបុក​ដល់​កុមារា កុមារី បង្ហោះគោម លយប្រទីប​ជា​កិច្ចបញ្ចប់​កម្មវិធី​បុណ្យ ។​

​សូមបញ្ជាក់ថា នេះ​ជា​លើកទីមួយ​ដែល​ព្រះសង្ឃ​សមណ​និស្សិត​ខ្មែរក្រោម បាន​ចូលរួម​រៀបចំ​ប្រារព្ធ​ពិធីបុណ្យ​អកអំបុក លយប្រទីប និង​សំពះ​ព្រះ​ខែ​ជាមួយ​គណៈកម្មការ​ចាត់​តាំង​បុណ្យ​របស់​សកល​វិទ្យាល័យ មហា​ចុ​ឡា​ឡុង​ករ​ណ៍​រាជ​វិទ្យាល័យ ដោយ​អនុញ្ញាត​ឲ្យ​ប្រារព្ធ​ទៅតាម​ទំនៀមទម្លាប់​ខ្មែរក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម ។​

​នៅ​កម្ពុជា​ក្រោម ចាប់តាំងពី​ឆ្នាំ ២០០៩ មក ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​មិនមាន​សិទ្ធិ​ធ្វើ​ពិធី​បង្ហោះគោម​ទេ ព្រោះ លោក នាយករដ្ឋមន្ត្រី​វៀតណាម ង្វៀង តឹង យ៉ុង បានចេញ​សម្រេច​មួយ​ចុះ ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០០៩ បាន​ហាម​ពលរដ្ឋ​វៀតណាម​ទូទាំងប្រទេស បង្ហោះគោម​គ្រប់​រូបភាព​តាម​អ្វីមួយ​ដែល​លោក​លើកឡើងថា ដើម្បី​បង្ការ​គ្រោះ​អគ្គិភ័យ ។ ក្រោយពី​សេចក្ដីសម្រេច​នេះ​ចេញមក ព្រះសង្ឃ និង ពលរដ្ឋ ខ្មែរក្រោម​បាន​អះ អាង​ថា រដ្ឋា​ភិ បាល​ធ្វើ​នេះ​ក្នុង​គោល​លុប បំបាត់​ប្រពៃណី​បង្ហោះគោម​របស់​ពួកគេ ដែល​ធ្លាប់មាន​តាំងពី​បុរាណកាល​មក នៅ​ដែនដី​កម្ពុជា​ក្រោម ។​

​ទោះបី​នាយក​ដ្ឋ​មន្ត្រី​វៀតណាម​ហាម​បង្ហោះគោម​យ៉ាងនេះ​ក្ដី តែ​ឆ្នាំនេះ​នៅ​យប់​ថ្ងៃ ១៥ កើត​ខែកត្តិក ក្នុង​កម្មវិធី អកអំបុក​ដែល​ប្រារព្ធ​នៅតាម​វត្ត​អារាម​នានា នៅ​ដែនដី​កម្ពុជា​ក្រោម គេ​ក៏​សង្កេតឃើញ​ព្រះសង្ឃ​នៅតែ​បង្ហោះគោម​ដដែល ក្នុងនោះ មាន​វត្ត​អូរ​ត្រាវ នៃ​ស្រុក​កញ្ចោង ខេត្ត​ព្រះ​ត្រពាំង ជាដើម ។ ការព្យាយាម​បង្ហោះគោម​ទាំង បំពាន​លើ​សេចក្ដីសម្រេច​របស់​នាយ​ក​រថ​ដ្ឋ​មន្ត្រី​វៀតណាម​បែបនេះ មកដល់ពេលនេះ គេ​នៅ​មិនទាន់​ឃើញ​រដ្ឋាភិបាល​វៀតណាម​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​លើ​ព្រះសង្ឃ​ដែល​បាន​បង្ហោះគោម​នៅឡើយ ។​

​នៅក្នុង​ប្រទេស​ថៃ ជាពិសេស នៅ​ខេត្ត​ឈាង​ហ្មៃ និង​ឈាង​រ៉ៃ ពលរដ្ឋ​ថៃ​បានធ្វើ​ពិធី​បង្ហោះគោម​នៅក្នុង​រដូវ​កឋិន នៅតាម​វត្ត​អារាម​នានា ដូច​ពលរដ្ឋ​ខ្មែរក្រោម​ដែរ និង​ជាពិសេស គោម​ត្រូវបាន​គេ​ផលិត​ហើយ​ដាក់​នៅតាម​ទីផ្សារ​សម្រាប់​ពលរដ្ឋ​ទិញ​យកទៅ​បង្ហោះ​ទៀតផង តែ​មិន​ត្រូវបាន​រដ្ឋាភិបាល​ប្រទេស​ថៃ​ហាមឃាត់​ឡើយ ៕​

 

ខាងក្រោមជារូបថតនៃពិធីបុណ្យអកអំបុករបស់សមណនិស្សិតខ្មែរក្រោមនៅសកលវិទ្យាល័យមហាចុឡាលុងករណ៍រាជវិទ្យាល័យ យប់ថ្ងៃពេញបូណ៌មី ខែកត្តិក ឆ្នាំ មមី ឆស័ក ពុទ្ធសករាជ ២៥៥៨ ត្រូវនឹង ថ្ងៃសៅរ៍ ទី ៦ ខែវិច្ឆិកា ឆ្នាំ ២០១៤៖

IMG_1119 IMG_1123 IMG_1124 IMG_1128 IMG_1140 IMG_1143

Comments are closed.