សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម គ្រោង​ផ្តល់​អាហារូបករណ៍ ឲ្យ​ព្រះសង្ឃ និង​និស្សិត​ខ្មែរក្រោម​

0 1,044

ដោយ ស៊ឺន ចែងចើន|VOKK

សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម នៅ​ព្រឹក​ថ្ងៃទី ១៩ សីហា ខាងមុខនេះ នឹង​រៀបចំ​ពិធី​ប្រគល់​អាហារូបករណ៍​ដល់​ព្រះសង្ឃ និង​និស្សិត​ខ្មែរក្រោម ដើម្បី​បន្ត​ការសិក្សា​នៅតាម​មហាវិទ្យាល័យ​នានា ក្នុងប្រទេស​កម្ពុជា និង​នៅ​បរទេស ។​

ថតរូបអនុស្សាវរីយ៍ ក្នុងថ្ងៃចែកអាហារូបករណ៍ដល់សមណនិស្សិត និងនិស្សិតក្រីក្រ របស់សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម នៅថ្ងៃទី ១៣ សីហា ២០១៧ ។ រូបថតៈ ស៊ឺន ចែងចើន
ថតរូបអនុស្សាវរីយ៍ ក្នុងថ្ងៃចែកអាហារូបករណ៍ដល់សមណនិស្សិត និងនិស្សិតក្រីក្រ របស់សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម នៅថ្ងៃទី ១៣ សីហា ២០១៧ ។ រូបថតៈ ស៊ឺន ចែងចើន

​ថ្លែងប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ព្រះតេជព្រះគុណ សឺ​ន សុ​ផា​រិន្ទ មាន​ពុទ្ធដីកា​ថា សមណ​និស្សិត និង​និស្សិត​ខ្មែរក្រោម​ដែល​ទទួលបាន​អាហារូបករណ៍​សិក្សា​បន្ត នៅក្នុង​ប្រទេស​កម្ពុជា និង​ក្រៅប្រទេស ពី​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម នៅ​ឆ្នាំ ២០១៨ នេះ មាន​ចំនួន ២១ អង្គ និង​រូប ។​

​ព្រះតេជព្រះគុណ សឺ​ន សុ​ផា​រិន្ទ មាន​ពុទ្ធដីកា​ថា គោលបំណង​នៃ​ការផ្តល់​អាហារូបករណ៍​នេះ គឺ​ដោយ​មើលឃើញ​ពី​កង្វះខាត​ថវិកា​ក្នុងការ​សិក្សា​រៀនសូត្រ​របស់​សមាជិក​-​សមាជិកា សិស្ស​-​និស្សិត ដែលជា​សមាជិក​របស់​ខ្លួន កំពុង​រៀន​នៅតាម​បណ្តា​មហាវិទ្យាល័យ ក្នុង និង​ក្រៅប្រទេស ។ ព្រះតេជព្រះគុណ​មាន​ពុទ្ធដីកា​បន្តថា ដើម្បី​រួមចំណែក​អភិវឌ្ឍ​ធនធានមនុស្ស​ខ្មែរក្រោម និង​ជាការ​ផ្តល់ឱកាស​ឲ្យ​ព្រះសង្ឃ និង​និស្សិត​ខ្មែរក្រោម មានឱកាស​ទទួលបាន​នូវ​ការអប់រំ​ខ្ពង់ខ្ពស់ និង​ស្របទៅតាម​ទស្សនវិស័យ​អភិវឌ្ឍន៍​ធនធានមនុស្ស និង​គោលបំណង​រួមចំណែក​កសាង​សង្គមជាតិ​ខ្មែរក្រោម របស់​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​ពាក្យស្លោក​របស់ខ្លួន​ថា «​ធនធានមនុស្ស ជា​មូលដ្ឋានគ្រឹះ​នៃ​កា​រកស​សាង​សង្គម​» ។​

​នៅក្នុង​ឆ្នាំ ២០១៨ នេះ សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ប្រគល់​អាហារូបករណ៍​ដល់​សម​ណ​និស្សិត​-​និស្សិត​ខ្មែរក្រោម ចំនួន ២១ អង្គ​/​រូប ដោយ​ក្នុង ១ អង្គៗ និង​ម្នាក់ៗ ទទួលបាន​ថវិកា​ចំនួន ២៥០$ ក្នុងនោះ ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ក្នុង ១ អង្គៗ និង​ម្នាក់ៗ ទទួលបាន​ថវិកា ៤០០$ ។​

​សូមបញ្ជាក់ថា នៅ​ដែនដី​កម្ពុជា​ក្រោម ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម មិន​ត្រូវបាន​រដ្ឋាភិបាល​វៀតណាម អនុញ្ញាត​ឲ្យ​សិក្សា​អក្សរសាស្ត្រ​ជាតិ​របស់ខ្លួន​ទូលំទូលាយ​ឡើយ ។ ដើម្បី​សិក្សា​បាន​ខ្ពង់ខ្ពស់ ព្រះសង្ឃ​ខ្មែរក្រោម​ភាគច្រើន សម្រេចចិត្ត​និមន្ត​ឡើងមក​ប្រទេស​កម្ពុជា ដើ​ម្ប​បន្ត​ស្វែងរក​មធ្យោបាយ​សិក្សា​ខ្លួនឯង ។​

​ជាមួយគ្នានេះដែរ ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ព្រះតេជព្រះគុណ សឺ​ន សុ​ផា​រិន្ទ បាន​អំពាវនាវ​ទៅកាន់​ម្ចាស់ជំនួយ​ទាំង​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស​ឲ្យ​បន្ត​គាំទ្រ​សកម្មភាព​របស់​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ជួយឧបត្ថម្ភ​ថវិកា សម្រាប់​បំពេញ​នូវ​តម្រូវ​ការងារ​ប្រចាំឆ្នាំ និង​មានលទ្ធភាព​អាច​រៀបចំ​ពិធី​ប្រគេន និង​ជូន​អាហារូបករណ៍​ដល់​សម​ណ​និស្សិត​-​និស្សិត​ក្រីក្រ ដែល​កំពុង​សិក្សា​នៅក្នុង​ប្រទេស និង​ការបញ្ជូន​សមណ​និស្សិត​ទៅ​បន្ត​ការសិក្សា​នៅឯ​បរទេស នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត ដើម្បី​បុព្វហេតុ​បណ្តុះបណ្តាល​ធនធានមនុស្ស និង​ការចូលរួមចំណែក​ក្នុងការ​កសាង​សម​ង្គ​ម​ជាតិ ។​​

​គួរ​ជម្រាបជូន​ថា សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ ២០០២ ក្នុង​គោលដៅ​រួមចំណែក​កសាង​សង្គមជាតិ តាមរយៈ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ។ ចាប់តាំងពី​ឆ្នាំ ២០០៧ រហូតមកដល់​ឆ្នាំ ២០១៧ សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម បាន​បញ្ជូន​សមណ​និស្សិត​-​និស្សិត​ខ្មែរក្រោម​ទៅ​បន្ត​ការសិក្សា​នៅក្រៅ​ប្រទេស រួមមាន​ប្រទេស​ថៃ និង​ប្រទេស​ឥណ្ឌា បាន​ចំនួន ១១ លើក ហើយ​សរុប​មាន​សមណ​និស្សិត​ចំនួន ១១៣ អង្គ ។ ចំណែក​ការផ្តល់​អាហារូបករណ៍ ៥០ ភាគរយ ដល់​សមណ​និស្សិត​-​និស្សិត​ក្រីក្រ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​វិញ គិត​ចាប់​តាំង​ឆ្នាំ ២០១០ រហូតមកដល់​បច្ចុប្បន្ន សរុប​មាន​ចំនួន ១៤៧ អង្គ និង​រូប ។​

Leave A Reply

Your email address will not be published.