លទ្ធផលនៃមហាសន្និបាតរបស់ សហគមន៍ព្រះសង្ឃខ្មែរកម្ពុជាក្រោមពិភពលោក
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
សហហគមន៍ព្រះសង្ឃខ្មែរកម្ពុជាក្រោមពិភពលោក ទើបតែបានបញ្ចប់មហាសន្និបាតរបស់ខ្លួន ដែលបាន ប្រព្រឹត្តិទៅរយៈពេល ២ ថ្ងៃ គឺនៅថ្ងៃទី ២៨ និង ២៩ ខែមីនា នៅទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក ដោយបានបង្កើតជា សមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោមថ្មីមួយទៀត នៅអាមេរិកខាងជើង និងប្រទេសកាណាដា ។ មហាសន្និបាតដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព ព្រះតេជព្រះគុណ គី ចន្ថា និង ព្រះតេជព្រះគុណ ធីធី ធម្មោ នាយករងនៃសហគមន៍ព្រះសង្ឃខ្មែរកម្ពុជាក្រោមពិភព និងថ្នាក់ដឹកនាំ សហព័ន្ធខ្មែរកម្ពុជាក្រោមមួយចំនួន បានសម្រេចបង្កើតសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោមមួយដែលមាន ឈ្មោះថា “សមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោមអាមេរិកខាងជើង” ក្នុងទិសដៅដើម្បីធ្វើសកម្មភាពផ្សេងៗ ទាក់ទងនឹងសង្គម និងព្រះពុទ្ធសាសនាខ្មែរក្រោម ស្របនឹងផែនការរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។ ព្រះ តេជព្រះគុណ ធីធី ធម្មោ បានទទួលទទួលតំណែងថ្មីមួយទៀតជាប្រធាន នៃ គណៈសង្ឃកម្មការសង្ឃថ្មី ដែលទើបតែបានបង្កើតថ្មីមួយនេះ ។

បន្ទាប់ពីបានបញ្ចប់អង្គមហសន្និបាត ព្រះតេជព្រះគុណ នាថសីលោ ត្រឹង ថាច់ យុង ដែលទើបតែបាន ទទួលនាទីជាលេខាធិការនៃ “សមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោមអាមេរិកខាងជើង” មួយនេះ បានប្រាប់ វិទ្យុសំឡេងកម្ពុជាក្រោម អំពីលទ្ធផលនៃមហាសន្និបាតថា៖
(សំឡេង ១)
តាមការបញ្ជាក់ពី ព្រះតេជព្រះគុណ ត្រឹង ថាច់ យុង សមសភាពគណៈកម្មការថ្មីដែលទើបតែបានបង្កើត នេះ រួមមាន ព្រះតេជព្រះគុណ ត្រឹង គីចន្ថា នៅរដ្ឋផ្លរីដា ជាអធិបតី, ព្រះតេជព្រះគុណ ធីធី ធម្មោ នៅប្រទេសកាណាដា ជាប្រធាន, ព្រះតេជព្រះគុណ ថាច់ ហាន់ អនុប្រធានទី ១, ព្រះតេជព្រះគុណ ជា កុសល នៅរដ្ឋញីវ ជឺស៊ី សហរដ្ឋអាមេរិក អនុប្រធានទី ២, ព្រះតេជព្រះគុណ នាថសីលោ ត្រឹង ថាច់ យុង នៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក ជាលេខាធិការ ទី ១ និងព្រះតេជព្រះគុណ យ័ញ តូន នៅ រដ្ឋផែន ស៊ីលវ៉េញ៉ា សហរដ្ឋអាមេរិក ទទួលបន្ទុកខាងទំនាក់ទំនងសាធារណៈ ។
(សំឡេង ២)
មហាសន្និបាតនេះ មិនមានការចូលរួមពី ព្រះតេជព្រះគុណ លីវ ពៅ ជានាយកសង្ឃ នៃសហគមន៍ព្រះ សង្ឃខ្មែរកម្ពុជាក្រោមពិភពលោក ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី ទេ ដោយព្រះតេជព្រះគុណ នាថសីលោ ត្រឹង ថាច់ យុង បានបញ្ជាក់ថា មានការអារាធនានិមន្តដើម្បីចូលរួមមហាសន្និបាតនេះដែរ តែព្រះអង្គមិនអាចនិមន្តមកបាន ដោយសារបញ្ហាសុខភាព ។
(សំឡេង ៣)
តាមសេចក្ដីសម្រេចរបស់កិច្ចប្រជុំដំណាច់ឆ្នាំរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានប្រព្រឹត្តទៅនៅ ទីក្រុង Long Beach រដ្ឋ California សហរដ្ឋអាមេរិក កាលពីខែធ្នូ ឆ្នាំ ២០១៤ បានបញ្ជាក់ថា សហព័ន្ធ ខ្មែរកម្ពុជាក្រោមនឹងរៀបចំកិច្ចប្រជុំសង្ឃមួយនៅវត្តពុទ្ធិកៈខ្មែរ នាទីក្រុង Las Vegas ដើម្បីបង្កើតជាសមា គមសង្ឃខ្មែរក្រោមមួយនៅអាមេរិក ក្រោមការរៀបចំរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម មិនមែនជា មហាសន្និ បាតរបស់ សហគមន៍ព្រះសង្ឃខ្មែរកម្ពុជាក្រោមពិភពលោក ដែលដឹកនាំដោយ ព្រះតេជព្រះគុណ លីវ ពៅ នោះទេ ។
វិទ្យុសំឡេងកម្ពុជាក្រោម នៅមិនទាន់សុំការបំភ្លឺពីព្រះតេជព្រះគុណ លីវ ពៅ សង្ឃនាយក នៃសហគមន៍ ព្រះសង្ឃខ្មែរកម្ពុជាក្រោមពិភពលោក អំពីការយល់ឃើញរបស់ព្រះអង្គ ទាក់ទិងនឹងលទ្ធផល នៃមហាសន្និ បាតនេះ នៅឡើយ ៕
Comments are closed.