អ្នកជំនាញ​អង្គការសហប្រជាជាតិ​ដាក់​សំណួរ​ទៅ​វៀតណាម ​រឿង​រំលោភ​សិទ្ធិមនុស្ស​ខ្មែរក្រោម

0 1,841

ដោយ យន់ សាមៀន | RFA Khmer

មន្ត្រី​ជំនាញ​អង្គការសហប្រជាជាតិ សំដែង​ក្តី​បារម្ភ​ពី​របាយការណ៍​ ដែល​រដ្ឋាភិបាល​វៀតណាម បាន​រំលោភ​សិទ្ធិមនុស្ស និង​សិទ្ធិ​ជា​មូលដ្ឋាន​ផ្សេងទៀត របស់​ជនជាតិ​ដើម​ខ្មែរ​កម្ពុជា​ក្រោម​ ។ ពួកគេ​សំណូមពរ​ឲ្យ​វៀតណាម ​គោរព​កាតព្វកិច្ច​របស់​ខ្លួន​ ដែល​ជា​សមាជិក ​នៃ ​ក្រុមប្រឹក្សា​សិទ្ធ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ ។

A general view during the 23th Session of the Human Rights Council. 27 May 2013. Photo by Jean-Marc Ferr
A general view during the 23th Session of the Human Rights Council. 27 May 2013. Photo by Jean-Marc Ferr

អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ស្តីពី​សិទ្ធិ​ជនជាតិ​ដើម វប្បធម៌ អប់រំ និង​សេរីភាព​សាសនា ក្រុមការងារ​ប្រឆាំង​នឹង​ការ​ឃុំខ្លួន តាម​ទំនើងចិត្ត បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម​ បកស្រាយ​ចំពោះ​ការចោទប្រកាន់​ពី​ការរំលោភ​សិទ្ធិ​មនុស្ស​របស់​ពលរដ្ឋ​ខ្មែរក្រោម ដែល​ជា​ជនជាតិ​ដើម​ ។ លិខិត​រួម​របស់​អ្នកជំនាញ​អង្គការ​សហប្រជាជាតិ​ ចុះ​កាលពី​ដើម​ខែ​តុលា ដែល​វិទ្យុ​អាស៊ីសេរី​ទើប​ទទួលបាន​សរសេរ​ផ្ញើ​ទៅ​រដ្ឋាភិបាល​វៀតណាម​ថា អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​ចង់​ទាញ​ការ​ចាប់អារម្មណ៍​របស់​រដ្ឋាភិបាល​វៀតណាម ចំពោះ​ព័ត៌មាន ដែល​វៀតណាម​បរាជ័យ​ទទួលស្គាល់​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ជនជាតិ​ដើម​ខ្មែរក្រោម ដែល​កំពុង​រស់នៅ​លើ​តំបន់​ដី​សណ្ដ​ទន្លេមេគង្គ​ ។ អ្នកជំនាញ​បន្ត​ថា ពួកគេ​ក៏​ទទួល​បាន​សេចក្តី​រាយការណ៍​ ពី​ការ​រំលោភបំពាន សិទ្ធិ​សេរី​ផ្នែក​បញ្ចេញមតិ ការចូលរួម​ប្រជុំ សុខភាព ម្ហូបអាហារ ផ្ទះសម្បែង បរិស្ថាន ការ​រំលោភបំពាន​សេរីភាព​សាសនា ភាសា និង​វប្បធម៌ ។

លិខិត​រួម​របស់​អ្នកជំនាញ​អង្គការសហប្រជាជាតិ សរសេរ​ថា ខ្មែរក្រោម​បាន​រស់នៅ​លើទឹក​ដី​កំណើត​ដី​សណ្ដ​ទន្លេមេគង្គ​រាប់ពាន់​ឆ្នាំ​មក​ហើយ ​។ ខ្មែរក្រោម ប្រើប្រាស់​ភាសា​ខ្មែរ និង​ជា​ជនជាតិ​ដើម ដែល​មាន​ចំនួន​ច្រើន​ជាងគេ នៅ​វៀតណាម​។ ចាប់​តាំងពី​ឆ្នាំ​ ១៩៧៥​ មក វៀតណាម បាន​ចាប់ផ្តើម​រឹបអូស​ដី​កសិកម្ម​ខ្មែរក្រោម ឲ្យ​ជនជាតិ​វៀតណាម ដែល​មក​តាំងទី​លំនៅ​លើ​ដែនដី​កម្ពុជា​ក្រោម យ៉ាង​គំហុក ​។ អ្នកជំនាញ​អង្គការ​សហប្រជាជាតិ​កត់​សំគាល់​ថា ទោះបី​វៀតណាម​បោះឆ្នោត​គាំទ្រ​សេចក្តី​ប្រកាស​ជា​សាកល​ ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម កាលពី​ឆ្នាំ ២០០៧​ ក្តី វៀតណាម ​មិន​បាន​ធ្វើ​ច្បាប់​ជាក់លាក់​ណាមួយ​ ស្ដីពី​ជនជាតិ​ដើមឡើយ ហើយវៀតណាម ក៏​មិន​បាន​ប្រើ​ពាក្យ «​ជនជាតិ​ដើម​» ដើម្បី​សំគាល់​លើ​ជនជាតិ​ដើម ចំនួន​ ៥៤ រួម​ទាំង​ខ្មែរក្រោម ​ផង​ដែរ ​។ វៀតណាម​ បន្ត​ប្រើប្រាស់​ច្បាប់​សន្តិសុខ​អ៊ីនធឺណិត ដើម្បី​ធ្វើទុក្ខបុកម្នេញ​សេរី​បញ្ចេញមតិ​តាម​បណ្ដាញ​អ៊ីនធឺណិតរបស់​ពលរដ្ឋ​វៀតណាម និង​ខ្មែរក្រោម​ ។ មាន​យុវជន​ខ្មែរក្រោម​ ជាច្រើន​នាក់ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ​ចាប់ខ្លួន​តាម​ទំនើងចិត្ត សួរចម្លើយ ឃុំខ្លួន និង​កាត់ទោស​ដោយសារតែ​ការប្រើប្រាស់​សិទ្ធិ​សេរីភាព​សំដែង​មតិ ។

អ្នកជំនាញ​អង្គការ​ប្រជាជាតិ សំដែង​ក្តី​បារម្ភ​ជាពិសេស​លើ​ករណី​វៀតណាម ឃាត់ខ្លួន​យុវជន​ខ្មែរក្រោម លោក យឿង ខាយ និង លោក ថាច់ កឿង ដែល​សកម្ម​ធ្វើ​ការងារ​ផ្នែក​សិទ្ធិមនុស្ស និង​សិទ្ធិ​ជនជាតិ​ដើម​ ។ ពួកគេ​ត្រូវ​បាន​វៀតណាម ឃុំខ្លួន សួរចម្លើយ​អស់​ជាច្រើន​ម៉ោង និង​បង្ខំ​ឲ្យ​សារភាព​ទោស ដែល​ពួកគេ​មិនបាន​ប្រព្រឹត្ត​ ។ ករណី​ពិសេស​មួយទៀត គឺ​ករណី លោក ថាច់ រីន ដែល​ត្រូវ​វៀតណាម​ ចាប់​ដាក់​ពន្ធនាគារ​រយៈ​ពេល ៦​ ខែ ពី​បទ​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​អតីត​មេដឹកនាំ​វៀតណាម លោក ហូ ជី មិញ និង​លោក​រឿង​ផ្សព្វផ្សាយ ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម និង​ចែករំលែក​ចំណេះដឹង​ផ្នែក​សិទ្ធិ​ជនជាតិ​ដើម សិទ្ធិមនុស្ស និង​គោលដៅ​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព (SDG) របស់​អង្គការ​សហប្រជាជាតិ ​។ អ្នកជំនាញ​អង្គការសហប្រជាជាតិ​ថា វៀតណាម​មិនបាន​ផ្តល់​ការ​កាត់ទោស​ដោយ​យុត្តិធម៌​ដល់​លោក ថាច់ រីន និង​មិន​អនុញ្ញាត​ឲ្យ​លោក​ជួប​ក្រុម​គ្រួសារ និង​មេធាវី ។

អ្នកជំនាញ​អង្គការ​ប្រជាជាតិ បាន​ទុក​រយៈពេល ៦០ ​ថ្ងៃ ឲ្យ​វៀតណាម​ឆ្លើយ​សំណួរ​មួយចំនួន​ ដែលវៀតណាម​ត្រូវ​គេ​ចោទប្រកាន់​ពី​ការរំលោភ​សិទ្ធិមនុស្ស ជនជាតិ​ដើម​ខ្មែរក្រោម​ ។ ពួកគេ​ក៏​ចង់​ឲ្យ​វៀតណាម បង្ហាញ​ភស្តុតាង​ទាំងឡាយ ដែល​បញ្ជាក់​ថា ជនជាតិ​ដើម​ខ្មែរក្រោម យល់ព្រម​នឹង​រដ្ឋាភិបាល​វៀតណាម មុននឹង​រដ្ឋាភិបាល​កាត់​ដី​ខ្មែរក្រោម​ ឲ្យ​ធ្វើជា​ដី​សម្បទាន​សេដ្ឋកិច្ច បង្ហាញ​ពី​វិធានការ ដែល​វៀតណាម​បាន​ធ្វើ​ ដើម្បី​ការពារ​កុំ​ឲ្យ​អាជ្ញាធរ​វៀតណាម ចាប់​ឃុំ​ខ្មែរក្រោម​តាម​ទំនើងចិត្ត បង្ហាញ​វិធានការ​អនុញ្ញាត​ឲ្យ​ខ្មែរក្រោម អាច​បង្ហាញ​ពី​អត្តសញ្ញាណ​ជា​ជនជាតិ​ដើម ចូលរួម​សកម្មភាព​វប្បធម៌ ប្រើប្រាស់​ភាសា​ដើម ទទួល​បាន​ការអប់រំ និង​ប្រតិបត្តិ​សាសនា​ដោយ គ្មាន​ការភ័យខ្លាច​ ។ អ្នកជំនាញ​អង្គការ​ប្រជាជាតិ​ថា ក្នុង​ពេល​រង់ចាំ​ចម្លើយ​របស់​វៀតណាម​នេះ រដ្ឋាភិបាល​វៀតណាម ត្រូវ​ចាត់វិធានការ​ចាំបាច់​ ដើម្បី​បញ្ឈប់​ការ​រំលោភបំពាន ហើយ​ប្រសិនបើ​ការ​រំលោភបំពាន​នោះ ​នៅតែ​បន្ត​មាន រដ្ឋាភិបាល​ត្រូវ​ចាត់​វិធានការ​ប្រឆាំង​ជនល្មើស​ទាំងនោះ​ ។ ទោះបីជា​យ៉ាងណា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ឲ្យ​ដឹង​ថា វៀតណាម​មិន​បាន​ចាត់​វិធានការ​ទប់ស្កាត់ ការ​កោះហៅ​ខ្មែរក្រោម​ទៅ​សំឡុត​បំភ័យ​រឿង​ប្រើប្រាស់​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ឡើយ​ ។ កាលពី​សប្តាហ៍​មុន​វៀតណាម​ បាន​កោះហៅ​ពលរដ្ឋ​ខ្មែរក្រោម​ម្នាក់ ដែល​ឲ្យ​ផ្ទះ​របស់លោក​ សម្រាប់​ពលរដ្ឋ​ខ្មែរក្រោម​ ប្រមូល​ផ្តុំ​គ្នា​ធ្វើ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ ។

ពាក់ព័ន្ធ​នឹង​លិខិត​របស់​អ្នកជំនាញ​អង្គការ​សហប្រជាជាតិ​នេះ ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះ​ភិក្ខុ សឺង យ៉ឹងរតនា មាន​ថេរដីកា​ថា លិខិត​ស្នើសុំ​វៀតណាម​ ពន្យល់​ពី​ការ​រំលោភ​សិទ្ធិមនុស្ស នឹង​អាច​ដាស់តឿន​វៀតណាម​ កុំ​ឲ្យ​បន្ត​រំលោភសិទ្ធិ​មនុស្ស​បន្ថែម​ទៀត ។

ព្រះ​ភិក្ខុ សឺង យ៉ឹងរតនា៖ «អាត្មា យល់ឃើញ​ថា សំណើ​របស់​អង្គការ​សហប្រជាជាតិ​ ដែល​បាន​បកស្រាយ​បំភ្លឺ​ នៃ ​ការរំលោភ​សិទ្ធិ​ពលរដ្ឋ​ខ្មែរក្រោម​ នៅ​លើ​ដែនដី​កម្ពុជា​ក្រោម​នេះ គឺ​អង្គការ​សហប្រជាជាតិ មាន​សក្ខីកម្ម​ច្បាស់លាស់​ណាស់​ទើបបាន​ផ្ញើ​ទៅ​រដ្ឋាភិបាល​វៀតណាម​ ឲ្យ​បកស្រាយ ​។ ដូច្នោះ​ គេ​មាន​ផលប្រយោជន៍​យ៉ាង​ធំធេង សម្រាប់​ពលរដ្ឋ​ខ្មែរក្រោម​ នៅ​លើ​ដែនដី​កម្ពុជា​ក្រោម»

រដ្ឋាភិបាល​វៀតណាម​ មក​ទល់​នឹង​ថ្ងៃទី ២៥ ធ្នូ មិន​ទាន់​ឆ្លើយតប​នឹង​លិខិត​របស់​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​នៅឡើយ​ទេ ។ សមាជិក​អង្គការ​សហប្រជាជាតិ​ បាន​បោះឆ្នោត ឲ្យ​វៀតណាម​ធ្វើជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​សម្រាប់​អាណត្តិ​បី ឆ្នាំ​ពី​ឆ្នាំ ​២០២៣ ដល់​ឆ្នាំ ​២០២៥ ​។ វៀតណាម បាន​សន្យា​នឹង​សហគមន៍​អន្តរជាតិ​ថា នឹង​គោរព​សិទ្ធិមនុស្ស មុន​សុំ​ធ្វើជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ ។ កាល​ពី​ពេល​ថ្មី​នេះៗ ក្រសួងការបរទេស​វៀតណាម បាន​បដិសេធ​របាយការណ៍​របស់​ក្រសួង​ការបរទេស​អាមេរិក ​ដែល​បាន​ដាក់​វៀតណាម ក្នុង​បញ្ជី​នៃ​ប្រទេស​ឃ្លាំមើល នៃ​ការរំលោភ​សិទ្ធិ​សាសនា​មនុស្ស​ធ្ងន់ធ្ងរ ។ វៀតណាម​ថា របាយការណ៍​នេះ គ្មាន​ការពិត និង​លំអៀង ។

ទោះបីជា​យ៉ាងណា របាយការណ៍​សិទ្ធិមនុស្ស​ឆ្នាំ ​២០២១ របស់​ក្រសួង​ការបរទេស​អាមេរិក ផ្សាយ​កាលពី​ខែមេសា​កន្លងទៅ​ក៏​រក​ឃើញ​ថា កាល​ពី​ឆ្នាំ ២០២១ មាន​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​កើតឡើង​នៅ​វៀតណាម​ ដូចជា ការ​សម្លាប់​មនុស្ស ការ​ធ្វើ​ទារុណកម្ម និង​អំពើ​ឃោរឃៅ​ខុសច្បាប់​បង្ក​ឡើង​ ដោយ​រដ្ឋាភិបាល​វៀតណាម និង​ភ្នាក់ងារ​រដ្ឋាភិបាល ​។ ការ​ឃុំ​ខ្លួន និង​ចាប់ខ្លួន​តាម​អំពើ​ចិត្ត​ប្រឆាំង​នឹង​អ្នកនយោបាយ​ការ​រឹតត្បិត​ការសំដែង​មតិ​ និង​សារព័ត៌មាន​ និង​ការប្រើប្រាស់​ពលកម្ម​កុមារ​ជាដើម ៕

Leave A Reply

Your email address will not be published.