UN ចេញមុខសម្ដែងការព្រួយបារម្ភ​ អំពីការសងសឹករបស់អាជ្ញាធរវៀតណាម​ មកលើសកម្មជនសិទ្ធិមនុស្ស

0 206

ដោយ ស៊ឺន ចែងចើន

ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ (UN) ​បាន​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​ ​នៅ​ប្រទេស​វៀតណាម​ ​ដែល​គ្រប់គ្រង​ដោយ​របប​ឯក​បក្ស​ក្រុង​ហាណូយ​ ​បន្ទាប់ពី​ក្រុមប្រឹក្សា​នេះ​ ​បាន​បើកសម័យប្រជុំ​លើក​ទី​ ​៤​៩​ ​នៃ​ ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ ​កាលពី​ថ្ងៃ​ទី​ ​៧​ ​ខែ​មីនា​ ​នៅ​ទីក្រុង​ហ្សឺណែវ​ ​ប្រទេស​ស្វ៊ី​ស​ ​។​ ​ចំណែក​គណៈប្រតិភូ​វៀតណាម​ ​អះអាង​ ​ថា​ ​បាន​យកចិត្តទុកដាក់​ដល់​ការធានា​ ​និង​លើក​ក​ម្ពស់​ការគោរព​សិទ្ធិមនុស្ស​ ​នៅ​គ្រប់ជ្រុងជ្រោយ​ ​។

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី​ ​មី​ឆែល​ ​ប៉ា​ហ្សេ​លែ​ត​ (​M​i​c​hell​e​ B​ache​let​) ។ រូបថតៈ UN/Jean Marc Ferr
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី​ ​មី​ឆែល​ ​ប៉ា​ហ្សេ​លែ​ត​ (​M​i​c​hell​e​ B​ache​let​) ។ រូបថតៈ UN/Jean Marc Ferr

​ថ្លែង​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​ ​និង​ការ​ធ្វើ​បច្ចុប្បន្នភាព​ផ្ទាល់មាត់​ ​ដោយ​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ ​លោកស្រី​ ​មី​ឆែល​ ​ប៉ា​ហ្សេ​លែ​ត​ (​M​i​c​hell​e​ B​ache​let​) ​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​ ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ ​រួម​ទាំង​វៀតណាម​ផង​ ​បាន​និយាយ​ថា​ ​ការិយាល័យ​របស់​លោកស្រី​ បាន​ទទួល​របាយការណ៍​គួរឲ្យ​ទុកចិត្ត​បាន​ ​អំពី​ការ​រំលោភបំពាន​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ ​ដែល​បាន​កើតឡើង​ ​ឥតឈប់ឈរ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ ​នៃ​ ​ប្រ​ប្រទេស​កុម្មុនិ​ស្ត​ ​នៅ​អាស៊ី​អាគ្នេយ៍​នេះ​ ​។​ ​

លោកស្រី​ ​មី​ឆែល​ ​ប៉ា​ហ្សេ​លែ​ត​ ​លើកឡើង​ក្នុង​សេចក្ដីថ្លែង​ការណ៍​ ​ថា​ ​លោកស្រី​មាន​ក្តី​កង្វល់​ ​ចំពោះ​ការ​កាត់ទោស​នា​ពេល​ថ្មីៗ​ ​នេះ​ ​មកលើ​សកម្មជន​ការពារ​សិទ្ធិមនុស្ស​មួយ​ចំនួន​ ​ដោយ​ចោទប្រកាន់​ទាក់ទង​នឹង​ការងារ​សិទ្ធិមនុស្ស​របស់​ពួកគេ​ ​។​ ​លោកស្រី​ ​មី​ឆែល​ ​ប៉ា​ហ្សេ​លែ​ត​ ​បញ្ជាក់​បែប​នេះ​ ​ដោយ​យោង​ទៅលើ​របាយការណ៍​មួយ​ ​ដែល​ផ្ញើ​ទៅ​ការិយាល័យ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ ​ស្តីពី​ការសងសឹក​ ​។​ ​

ជាមួយគ្នា​នេះ​ ​លោកស្រី​ ​មី​ឆែល​ ​ប៉ា​ហ្សេ​លែ​ត​ ​បន្ត​ជំរុញ​ឱ្យ​រដ្ឋាភិបាល​វៀតណាម​ ​ធានា​ថា​ ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ ​សិទ្ធិ​ក្នុង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី​ ​និង​សិទ្ធិ​ក្នុង​ការ​បង្កើត​សមាគម​ ​ជា​សេរីភាព​មូលដ្ឋាន​របស់​ពលរដ្ឋ​គ្រប់រូប​ ​ដែល​ត្រូវ​បាន​គោរព​ក្នុង​បរិយាកាស​ ​ដោយ​គ្មាន​ការបៀតបៀន​ ​ការ​បំភិតបំភ័យ​ ​ការ​គំរាមកំហែង​ ​និង​ការសងសឹក​ ​។

​ទោះជាយ៉ាងណា​ ​រដ្ឋមន្ត្រីការបរទេស​វៀតណាម​ ​លោក​ ប៊ុ​យ​ ​ថា​ញ់​សឺ​ន​ (Bù​i​ ​Than​h​ Sơn) ​ដែល​ជា​ប្រ​ធា​គណៈប្រតិភូ​ជាន់ខ្ពស់​វៀតណាម​ ​លើកឡើង​ ​ក្នុង​សេចក្ដីថ្លែង​ការណ៍​របស់​ខ្លួន​ ​នា​សម័យប្រជុំ​លើក​ទី​ ​៤​៩​ ​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ ​កាលពី​ថ្ងៃ​ទី​ ​២​ ​ខែ​មីនា​ ​ថា​ ​វៀតណាម​ ​បាន​ត្រៀម​ជាស្រេច​ ក្នុងកិច្ចសហប្រតិបត្តិការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ ​ដើម្បី​លើក​ក​ម្ពស់​គោលការណ៍​នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​ ​និង​ច្បាប់អន្តរជាតិ​ ​បង្កើន​ប្រសិទ្ធ​ភាព​នៃ​សកម្មភាព​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ ​តាមរយៈ​ការសន្ទនា​ ​កិច្ច​សហប្រតិបត្តិការ​ ​និង​ការគោរព​គ្នា​ទៅវិញទៅមក​ ​។​

​លោក​ ប៊ុ​យ​ ​ថា​ញ់​សឺ​ន​ ​អះអាង​ថា​ ​វៀតណាម​យកចិត្តទុកដាក់​ដល់​ការធានា​នូវ​ការគោរព​តាម​ស្តង់​ដារ​អន្តរជាតិ​នៃ​គោលការណ៍​សិទ្ធិមនុស្ស​ ​ដោយ​ផ្តល់​អាទិភាព​ដល់​ការ​ការពារ​សិទ្ធិ​របស់​ក្រុម​ងាយ​រងគ្រោះ​ ​សមភាព​យេ​ន​ឌ័​រ​ ​ធានា​សិទ្ធិមនុស្ស​ក្នុង​ការដោះស្រាយបញ្ហា​សកល​ ​ជាពិសេស​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ ​។​ ​រដ្ឋមន្ត្រីការបរទេស​រូប​នេះ​ ​បញ្ជាក់​បន្ថែម​ ​ថា​ ​វៀតណាម​ ​ក៏បាន​ផ្តល់​អាទិភាព​លើ​ការ​លើក​ក​ម្ពស់​សិទ្ធិ​ទទួល​បានសុខ​មាល​ភាព​ក្នុង​បរិ​បទ​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺរាតត្បាត​កូ​វី​ដ​-​១​៩​ ​និង​ជំងឺឆ្លង​ផ្សេងៗ​ ​សិទ្ធិ​ទទួល​បានការ​ងារ​សមរម្យ​ ​ដែល​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ (S​D​G​s) ​សិទ្ធិ​ទទួល​បាន​ការអប់រំ​ប្រកបដោយ​គុណភាព​ ​ផ្អែកលើ​សមធម៌​នៃ​ឱកាស​ ​និង​លទ្ធភាព​ទទួល​បាន​ ​។​

ថ្លែងទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្ស​ លោក ប៊ុយ ថាញ់សឺន ក៏បាន​ប្រកាស ថា វៀតណាម​ត្រៀមខ្លួន​រួចជាស្រេច​ហើយ ក្នុងការឈរឈ្មោះជាបេក្ខភាព​ ​សម្រាប់​មុខតំណែង​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ ​សម្រាប់​អាណត្តិ​ ​២​០​២​៣​-​២​០​២​៥​ ​។​ ​នេះ​ជា​លើក​ទី​ ​២​ ​ហើយ​ ​ដែលប្រទេស​​វៀតណាម​ ​ដាក់ពាក្យ​សុំ​ចូល​ជា​សមាជិក​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ ​ដែល​មាន​ទីតាំង នៅ​ទីក្រុង​ហ្សឺណែវ​ ​ប្រទេស​ស្វ៊ី​ស​ ​។

ទិដ្ឋភាពទូទៅក្នុងសម័យប្រជុំ​លើក​ទី​ ​២៣​ ​នៃ​ ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ ​កាលពី​ថ្ងៃ​ទី​ ២​៧​ ​ខែ​ឧសភា ឆ្នាំ ២០១៣​ ​នៅ​ទីក្រុង​ហ្សឺណែវ​ ​ប្រទេស​ស្វ៊ី​ស​ ​។​ រូបថតៈ UN/Jean Marc Ferr
ទិដ្ឋភាពទូទៅក្នុងសម័យប្រជុំ​លើក​ទី​ ​២៣​ ​នៃ​ ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ ​កាលពី​ថ្ងៃ​ទី​ ២​៧​ ​ខែ​ឧសភា ឆ្នាំ ២០១៣​ ​នៅ​ទីក្រុង​ហ្សឺណែវ​ ​ប្រទេស​ស្វ៊ី​ស​ ​។​ រូបថតៈ UN/Jean Marc Ferr

​ទាក់ទង​នឹង​រឿង​សិទ្ធិមនុស្ស​នេះ​ដែរ​ ​ផ្ទុយពី​ការ​លើកឡើង​របស់​រដ្ឋាភិបាល​វៀតណាម​ ​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ក្រៅ​រដ្ឋាភិបាលជាតិ​ ​និង​អង្គការ​អន្តរជាតិ​ជាច្រើន​ ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ ​មើលឃើញថា​ស្ថានភាព​គោរព​សិទ្ធិមនុស្ស​ ​នៅ​ប្រទេស​វៀតណាម​ ​បាន​ធ្លាក់​ដុនដាប​ខ្លាំង​ ​ដោយសារ​សិទ្ធិពលរដ្ឋ​ ​ត្រូវ​បាន​រឹតត្បិត​ ​និង​ស្ថិតនៅ​ក្នុង​ស្ថានភាព​រំលោភ​សិទ្ធិមនុស្សយ៉ាង​ធ្ងន់ធ្ងរ​ ​នៅ​ក្រោយពេល​រដ្ឋាភិបាល​វៀតណាម​ ​បើក​យុទ្ធនាការ​ប​ង្រ្កា​ប​លើ​សកម្មជន​សិទ្ធិមនុស្ស​ ​និង​អ្នកប្រឆាំង​នយោបាយ​ ​។

​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ ​យូ​មែន​ ​រ៉ៃ​ត៍ ​វ៉​ច្ឆ (​Human Right​s ​Watch​) ​លើកឡើង​ថា​ ​មាន​សកម្មជន​សិទ្ធិមនុស្ស​យ៉ាងតិច​ ​១​៤​៥​ ​នាក់​ ​ត្រូវ​បាន​រដ្ឋាភិបាល​វៀតណាម​ ​ចាប់ខ្លួន​ដាក់​ពន្ធ​នាគា​រ​ ​។​ ​ដោយឡែក​ ​នៅ​ក្នុង​ឆ្នាំ​ ​២​០​២​១​ កន្លងទៅ​​នេះ​ ​ទីក្រុង​ហាណូយ​ ​បាន​កាត់ទោស​ ​និង​ដាក់​គុកយ៉ាងហោចណាស់​មនុស្ស​ ​៣​១​ ​នាក់​ ​ដែល​ភាគច្រើន​នៃ​ពួកគេ​ ​គ្រាន់តែ​ប្រើប្រាស់សិទ្ធិបញ្ចេញមតិ​ ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បណ្តាញ​សង្គម​ ​និង​អ្នកដែល​មាន​និន្នាការ​ផ្ទុយពី​រដ្ឋាភិបាល​ ​។

​កាលពី​ថ្ងៃ​ទី​ ​១​៤​ ​ធ្នូ​ ​តុលាការ​មួយ​ក្នុង​ទីក្រុង​ហាណូយ​នៃ​ប្រទេស​វៀតណាម​ ​បាន​កាត់ទោស​ស្ត្រី​អ្នកកាសែត​ដ៏​ល្បី​ម្នាក់​ឈ្មោះ​ ​ផា​ម​ ដ្វ​ង​ត្រាង​ (​P​ham​ ​Do​an​ ​T​rang​) ​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​ ​៩​ ​ឆ្នាំ​ ​ពី​បទ​ធ្វើសកម្មភាព​ប្រឆាំង​នឹង​រដ្ឋ​វៀតណាម​ ​។​ ​នេះ​ ​គឺជា​ការ​កាត់ទោស​ដាក់​ពន្ធ​នាគា​រ​ថ្មី​ចុងក្រោយ​ ​លើ​អ្នក​សារ​ព័ត៌មាន​ ​នៅ​ក្នុង​ប្រទេស​វៀតណាម​ ​។

​​ករណី​ស្រដៀងគ្នា​នេះ​ ​ក៏​កើតមានឡើង​ ​ចំពោះ​ពលរដ្ឋ​ខ្មែរក្រោម​ផង​ដែរ​ ​។​ ​កាលពី​ឆ្នាំ​ ​២​០​២​១​ ​កសិករ​ខ្មែរក្រោម​ ​៣​ ​រូប​ ​រួម​មាន​ ​លោក​ ហ្វិ​ន​ វ៉ាំ​ង​ឌែ​ប​ ​លោក​ ​តៀន​ ​ដាម​ ​និង​លោក​ ​តៀន​ ​ណាម​ ​ត្រូវ​បាន​តុលាការ​វៀតណាម​ ​នៅ​ខេត្ត​ក្រមួនស​ ​កាត់ទោស​ដាក់​ពន្ធ​នាគា​រ​ចន្លោះ​ពី​ ​៩​ ​ខែ​ ​ទៅ​ ​២​ ​ឆ្នាំ​ ​ក្រោម​បទ​ចោទ​ពាក់ព័ន្ធ​នឹង​ការ​ ​«​ប្រើ​អំពើ​ហិង្សា​មក​លើ​កងកម្លាំង​សមត្ថកិច្ច​ ​និង​បទ​ប្រឆាំង​នឹង​អាជ្ញាធរ​សាធារណៈ​»​ ​។​ ​ការ​ផ្តន្ទាទោស​នេះ​ ​ត្រូវ​បាន​ធ្វើឡើង​ ​បន្ទាប់ពី​ពួកគេ​ ​ចូលរួម​តវ៉ា​ទាមទារ​ធ្វើស្រែ​ នៅលើ​ដី​កេរ​ដូនតា​ ​ដែលមានផ្ទៃដី​សរុប​ ​ជាង​ ​៣​.​០​០​០​ ​ហិកតា​ ​ដែល​ជា​កម្មសិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរក្រោម​ ​ចំនួន​ ​១​៤​៥​ ​គ្រួសារ​ ​កាលពី​ថ្ងៃ​ទី​ ​៥​ ​ខែ​ឧសភា​ ​ឆ្នាំ​ ​២​០​២​០​ ​។​

​នៅ​ក្នុង​ឆ្នាំ​ ​២​០​២​១​ ​នេះ​ដដែល​ ​ពោល​ ​គឺ​ ​នៅ​ថ្ងៃ​ទី​ ​១​៤​ ​ខែ​តុលា​ ​ពលរដ្ឋ​ខ្មែរក្រោម​ម្នាក់ទៀត​ ​លោក​ ​ថា​ច់ ​រ៉ី​ន​ ​ក៏​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ ​នៅ​ខេត្ត​ព្រះត្រពាំង​ ​ចូល​ទៅ​ចាប់ខ្លួន​ដល់​ក្នុង​ផ្ទះ​ ​រួច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ ​និង​សួរ​ចម្លើយ​ ​ដោយ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​បទល្មើស​ជាច្រើន​ ​មាន​ដូចជា​ ​ការប្រើប្រាស់​សិទ្ធិ​សេរីភាព​ ​ដើម្បី​ប្រឆាំង​នឹង​ផលប្រយោជន៍​រដ្ឋ​ ​ស្ថាប័ន​ ​និង​បុគ្គល​ ​ការ​មួលបង្កាច់​ខុស​ពី​ការពិត​ ​អំពី​ប្រវត្តិ​សា​ស្រ្ត​នៃ​ទឹកដី​ខ្មែរ​កម្ពុជាក្រោម​ ​ដែល​វៀតណាម​ហៅថា​ ​ដែនដី​ភូមិភាគ​និរតី​ ​ឬ​ភាគ​ខាងត្បូង​នៃ​ប្រទេស​វៀតណាម​ ​និង​កាត់ត​ច្នៃប្រឌិត​រូបភាព​ ​ធ្វើឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​ ​និង​សេចក្ដីថ្លៃថ្នូរ​របស់​អតីត​មេដឹកនាំ​កុម្មុ​យ​នី​ស្ដ​វៀតណាម​ ​លោក​ ហូ ​ជី​មិញ​ ​។​ ​បច្ចុប្បន្ន​លោក​ ​ថា​ច់ ​រ៉ី​ន​ ​កំពុង​ត្រូវ​បាន​ជាប់ឃុំឃាំង​បណ្តោះអាសន្ន​អស់​រយៈពេល​ជាង​ ​៥​ ​ខែ​មក​ហើយ​ ​តែ​អាជ្ញាធរ​វៀតណាម​ ​នៅ​មិនទាន់​កំណត់​កាលបរិច្ឆេទ​ជាក់លាក់​ ​បញ្ជូន​គាត់​ទៅ​តុលាការ​ ​ដើម្បី​ជំនុំ​ជម្រះ​លើ​សំណុំរឿង​ចោទប្រកាន់​មក​លើ​រូប​គាត់​ ​នៅឡើយ​ទេ​ ​។

​បន្ថែម​ពីលើ​នេះ​ ​ក្នុង​អំឡុង​ពេល​ ​២​ ​ខែ​ដើម​ឆ្នាំ​ ​២​០​២​២​ ​របប​ក្រុង​ហាណូយ​ ​បាន​បន្ត​បង្កើន​យុទ្ធនាការ​បង្ក្រាប​លើ​សកម្មជន​តស៊ូ​មតិ​ខ្មែរក្រោម​ ​ដោយសារតែពួកគេ​ប្រើប្រាស់​បណ្ដាញ​សង្គម​ ​ដើម្បី​បញ្ចេញមតិ​ ​និង​ផ្សព្វផ្សាយ​ឯកសារ​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​ ​នៃ​ ​ទឹកដី​កម្ពុជាក្រោម​ ​។​

​សកម្មជន​សិទ្ធិមនុស្ស​ ​និង​សិទ្ធិ​ការងារ​ទាំងនោះ​ ​រួម​មាន​ ​យុវជន​ ​ថា​ ច់ ​កឿង​ ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ ​ស្រុក​ផ្នោ​ដាច់​ ​ក្នុង​ខេត្ត​ព្រះត្រពាំង​ ​កោះហៅ​ទៅ​សួរ​ចម្លើយ​ ​នៅ​ថ្ងៃ​ទី​ ​២​៦​ ​ខែ​ ​មករា​ ​ឆ្នាំ​ ​២​០​២​២​ ​ដោយ​ចោទប្រកាន់​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ ​ក្រោយពេល​រូបលោក​បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​ផ្សព្វផ្សាយ​ដំណើរ​របស់​លោក ​រួម​ទាំង​ ​ព្រះសង្ឃ​ ​និង​ពលរដ្ឋ​ ​ប្រមាណ​ ​២​០​ ​នាក់​មកពី​ស្រុក​ចំនួន​ ​៥​ ​នៅ​ខេត្ត​ព្រះត្រពាំង​ ​ដើម្បី​ប្រមែប្រមូល​ថវិកា​កសាង​សាលាឆទាន​ ​នៅ​ខេត្ត​លង់​ហោរ​ ​កាលពី​ថ្ងៃ​ទី​ ​២​៤​ ​ខែ​មករា​កន្លងទៅ​ ​។​ ​នៅ​ក្នុង​ថ្ងៃ​ដដែល​នោះ​ដែរ​ ​អាជ្ញាធរ​វៀតណាម​ ​នៅ​ខេត្ត​ឃ្លាំង​ ​បាន​សហការ​ជាមួយ​នគរបាល​ខេត្ត​ទួល​តា​មោក​ ​ចាប់ខ្លួន​យុវជន​ ឡឹ​ម​ ​វាំង​ហុង​ ​យកទៅ​សួរនាំ​ ​ជុំវិញ​ការ​រក្សា​សៀវភៅ​ ​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ​ ​ស្ដីពី​ ​សិទ្ធិ​ជនជាតិ​ដើម​ ​និង​ឧបករណ៍​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​ចំនួន​ទៀត​ ​ដែល​បោះពុម្ពផ្សាយ​ជា​ភាសាខ្មែរ​ ​និង​វៀតណាម​ ​។​ ​អាជ្ញាធរ​វៀតណាម​ ​បាន​ព្រមាន​ចាប់ខ្លួន​លោក​ដាក់​ពន្ធ​នាគា​រ​ ​បើ​នៅតែ​បោះពុម្ព​ ​និង​ចែកចាយ​សៀវភៅ​ ​ឬ​ឯកសារ​កតិកាសញ្ញា​អន្តរជាតិ​នានា​បន្តទៅ​ទៀត​ ​។​ ​នៅ​ថ្ងៃ​ទី​ ​៤​ ​ខែកុម្ភៈ​ ​យុវជន​ យឿ​ង​ ខា​យ​ ​ត្រូវ​អាជ្ញាធរ​វៀតណាម​ ​ក្នុង​ខេត្ត​ឃ្លាំង​ឃាត់ខ្លួន​ ​ដោយសារតែ​លោក​រិះគន់​រឿង​ធ្វើទុក្ខបុកម្នេញ​ ​និង​ករណី​រំលោភ​សិទ្ធិមនុស្ស​ខ្មែរក្រោម​ ​នៅ​តាម​បណ្ដេញ​សង្គម​ ​។​ ​ចំណែក​ ​នៅ​ថ្ងៃ​ទី​ ​១​៨​ ​កុម្ភៈ​ ​យុវជន​ ​យ័​ញ​ ​សេត​ ​ដែល​សកម្ម​ខាង​ផ្នែក​វប្បធម៌​ ​ក៏​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ ​នៅ​ខេត្ត​ឃ្លាំង​ ​ចាប់​ឃុំ​ខ្លួន​ ​ដោយ​គ្មាន​ដីកា​តុលាការ​ ​។​ ​ការ​ឃាត់ខ្លួន​នេះ​ ​ធ្វើឡើង​ ​បន្ទាប់​អាជ្ញាធរ​វៀតណាម​ ​បាន​ចោទប្រកាន់​ ​លោក​ ​យ័​ញ​ ​សេត​ថា​ ​ជាប់​ពាក់ព័ន្ធ​នឹង​យុវជន​ យឿ​ង​ ខា​យ​ ​។​ ​នៅ​ខេត្ត​ឃ្លាំង​ដដែល​ ​អាជ្ញាធរ​វៀតណាម​ ​ក្នុង​ខេត្ត​នេះ​ ​នៅ​ថ្ងៃ​ទី​ ​២​៤​ ​កុម្ភៈ​ ​បន្ត​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរក្រោម​ម្នាក់ទៀត​ ​ឈ្មោះ​ ​តាំង​ ធ្វី ​យកទៅ​សាកសួរ​នាំ​អស់ជាច្រើន​ថ្ងៃ​ ​ដោយ​ចោទប្រកាន់​ថា​ ​លោក​​​មាន​ពាក់ព័ន្ធ​នឹង​យុវជន​ខ្មែរក្រោមម្នាក់​ ​ឈ្មោះ​ យឿ​ង​ ខា​យ​ ​ដែល​វៀតណាម​ចោទ​ថា​ ​ពួកគេ​កំពុង​ធ្វើសកម្មភាព​ក្បត់ជាតិ​ ​។​

ពាក់ព័ន្ធ​នឹង​ការ​ឃាត់ខ្លួន​យុវជន​ខ្មែរក្រោម​ ​ជាបន្តបន្ទាប់​នេះ​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ ​កាលពី​ថ្ងៃ​ទី​ ​២​១​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ​២​០​២​២​ ​បាន​ចេញ​សេចក្ដីថ្លែង​ការណ៍​ ​ថ្កោលទោស​អាជ្ញាធរ​វៀតណាម​ ​ដែល​បន្ត​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរក្រោម​ ​ដោយសារពួកគេ​ហ៊ាន​សំដែង​មតិ​ទាមទារ​សិទ្ធិ​ជា​ជនជាតិ​ដើម​ ​។​ ​សហ​ព័ន្ធ​ខ្មែរក្រោម​ចោទប្រកាន់​ ​ថា​ ​វៀតណាម​ ​បាន​បន្ត​កោះហៅ​យុវជន​ខ្មែរក្រោម​ ​ទៅ​ធ្វើការ​វាយដំ​ ​និង​បង្ខំឲ្យ​សារភាព​ទទួល​កំហុស​ ​ចំពោះ​ទោស​ដែល​ពួកគេ​មិនបាន​ប្រព្រឹត្ត​ ​។​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​សំណូមពរ​ឲ្យ​សហគមន៍​អន្តរជាតិ​ ​អន្តរាគមន៍​ទៅ​វៀតណាម​ ​ឲ្យ​ឈប់​ធ្វើ​ទារុណកម្ម​ ​និង​សងសឹក​យុវជន​ខ្មែរក្រោម​ ​ហើយ​ត្រូវ​ងាក​ទៅ​គោរព​សន្ធិសញ្ញា​អន្តរជាតិ​ ​ដែល​វៀតណាម​ ​បាន​ផ្តល់​សច្ចាប័ន​ ​៕

Leave A Reply

Your email address will not be published.