ខួប ២៧ ឆ្នាំ នៃ​ការបង្កើត​អង្គការ​ប្រជាជាតិ និង​ប្រជាជន​គ្មាន​តំណាង (UNPO)

0 534

ដោយ ស៊ឺន ចែងចើន| VOKK

នៅ​ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០១៨ សប្ដាហ៍​នេះ ជា ខួប ២៧ ឆ្នាំ នៃ​ការបង្កើត​អង្គការ​ប្រជាជាតិ ​និង​ប្រជាជន​គ្មាន​តំណាង (UNPO) ។ កាលពី​ឆ្នាំ ១៩៩១ តំណាង​ចំនួន ១៥ នៃ ប្រជាជន ​និង ប្រជាជាតិ មួយក្រុម​បាន​ជួបជុំគ្នា នាទី​ក្រុងឡាអេ នៃ​ប្រទេស​ហូ​ឡង់ ក្នុង​គោលបំណង​​តែមួយគត់ គឺ​ដើម្បី​បង្កើត​គោលនយោបាយ​មួយ​សម្រាប់​ក្រុមមនុស្ស ដែល​មិនត្រូវ​បានទទួល​ស្គាល់​ដោយ​អង្គការសហប្រជាជាតិ ។

ចាប់តាំងពី​ពេលនោះ​មក UNPO បានធ្វើការ​ដោយ​មិន​​ខ្លាច​នឿយហត់ ដើម្បី​ផ្តល់នូវ​វេទិកា​អន្ដរជាតិ​សម្រាប់​ជនជាតិដើម និង​ជនជាតិភាគតិច រដ្ឋ​ដែល មិនបាន​គេ​ទទួលស្គាល់ និង​ដែនដី​ដែល​ត្រូវគេ​កាន់កាប់ ដើម្បី​គាំទ្រ​ការតស៊ូ​របស់​ក្រុម​ប្រជាជន​ទាំងនេះ ក្នុងការ​ការពារ​សិទ្ធិ​នយោបាយ​សង្គម និង​វប្បធម៌​របស់​ពួកគេ ។ ជាពិសេស UNPO ជា​ស្ពាន សម្រាប់​ចម្លង​ឲ្យ​សមាជិក​របស់ខ្លួន​មានឱកាស​បញ្ចេញ​សំឡេង នៅលើ​ឆាក​អន្តរជាតិ ។​

​យោងតាម​សេចក្ដីរាយការណ៍​របស់​អង្គការ UNPO ចេញផ្សាយ​នៅក្នុង​ឱកាស​ខួប ២៧ ឆ្នាំ នៃ​ការ បង្កើត​អង្គការ​របស់ខ្លួន​បាន​បញ្ជាក់ថា សព្វថ្ងៃ UNPO មាន​សមាជិក​ជាង ៤០ នៅ​ជុំវិញ​ពិភព លោក ក្នុងនោះ មាន​ខ្មែរក្រោម​ជា​សមាជិក​មួយ ផងដែរ ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ចូល​ជា សមាជិក នៃ​អង្គការ UNPO នៅ​ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០១ ។​

​សេចក្ដីរាយការណ៍​ដដែល បាន​បញ្ជាក់ថា សព្វថ្ងៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​សមាជិក​មួយ​ក្នុង ចំណោម​សមាជិក នៃ​គណៈកម្មការ​នាយក ទាំង ១១ រូប របស់​អង្គការ​មួយ​នេះ ។​

Leave A Reply

Your email address will not be published.