ខ្មែរក្រោម ​ថ្កោលទោស​ចំពោះ​ករណី​ទាហាន​យួន​ដើមកំណើត​ខ្មែរក្រោម​ម្នាក់​ ត្រូវ​ស្លាប់​ដោយ​អាថ៌កំបាំង​ នៅក្នុង​បន្ទាយទាហាន​

0 935

ដោយ​ ថាច់​ ប្រីជា​ គឿន​

សព​របស់​ទាហាន​យួន​ដើមកំណើត​ខ្មែរក្រោម​ម្នាក់​ ដែល​ត្រូវ​ស្លាប់​ដ៏​ចម្រូងចម្រាស​នៅក្នុង​បន្ទាយទាហាន​យួន​នោះ​ ត្រូវ​បាន​គ្រួសារ​សព​យក​ទៅ​បូជា​ហើយ​ បន្ទាប់ពី​បាន​ធ្វើពិធី​បុណ្យឈាបនកិច្ច​ទៅតាម​ទំនៀមទម្លាប់​ប្រពៃណី​ជាតិខ្មែរ​ និង​ពុទ្ធសាសនា​ នៅ​គេហដ្ឋាន​របស់​សព​អស់​រយៈពេល​ ៤ ថ្ងៃ​កន្លងមក​ ។ សព​យុវជន​ ហ្វិ​ញ ចុង​ ត្រូវ​បាន​គ្រួសារ​សព​ដង្ហែ​ទៅ​បូជា​នៅ​ វត្ត​ចម្ប៉ី​សោភ័ណ​ ហៅ​ វត្ត​ត្រោក​កើត​ ជាវ​ត្ត​ពុទ្ធសាសនា​ខ្មែរ​មួយ​ឋិតនៅ​ជិត​ផ្ទះ​គ្រួសារ​សព​ នា​ឃុំ​កំពង់ទូក​ ស្រុក​កំពង់ធំ​ ខេត្ត​ព្រះត្រពាំង​ នៅ​ថ្ងៃទី​ ២ ខែធ្នូ​ ឆ្នាំ​ ២០១៩​ នេះ​ ។ ទោះបី​សាកសព​ត្រូវ​បាន​គេ​យក​ទៅ​បូជា​ហើយ​យ៉ាងណាក៏ដោយ​ តែ​ការពិត​នៅ​ពីក្រោយ​ករណី​ស្លាប់​នេះ​នៅ​មិនទាន់​មាន​ពន្លឺ​នៅឡើយ​ ។ ករណី​យុវជន​ខ្មែរក្រោម​ម្នាក់​ដែល​ត្រូវ​យួន​ចាប់ទៅ​ធ្វើទាហាន​ ហើយ​ត្រូវ​ស្លាប់​ដោយ​វះ​ពោះ​ពុះ​ក្បាល​ជាំ​រាល​ពេញ​ប្រាណ​នេះ​ ត្រូវ​អ្នកប្រើ​បណ្ដាញ​សង្គម​ Facebook​ និង​ពលរដ្ឋខ្មែរ​ក្រោម​ថ្កោលទោស​សមត្ថកិច្ច​យួន​ និង​ដាក់​ការសង្ស័យ​ថា​ នេះ​ជា​ករណី​ស្លាប់​ដោយ​ត្រូវ​គេ​ធ្វើទារុណកម្ម​ ។

សពយុវជន​ខ្មែរក្រោម​ វិញ​ ជុង​ ត្រូវបានឪពុកម្តាយនាំយកមកតម្កល់នៅផ្ទះរបស់ខ្លួន ដើម្បីធ្វើបុណ្យតាមប្រពៃណី ។
សពយុវជន​ខ្មែរក្រោម​ វិញ​ ជុង​ ត្រូវបានឪពុកម្តាយនាំយកមកតម្កល់នៅផ្ទះរបស់ខ្លួន ដើម្បីធ្វើបុណ្យតាមប្រពៃណី ។

នៅ​ថ្ងៃទី​ ២៩​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ យុវជន​ខ្មែរក្រោម​ឈ្មោះ​ ហ្វិ​ញ ចុង​ (Huynh​ Chung​) អាយុ​ ១៩​ ឆ្នាំ​ នៅ​ ឃុំ​កំពង់ទូក​ ស្រុក​កំពង់ធំ​ ខេត្ត​ព្រះត្រពាំង​ ឬ ភាសា​យួន​ហៅថា​ ភូមិ​ហឿង​ពៅ​សេ​ (Huong​ Phu​ C) ឃុំ​ដា​ឡុក​ (Da​ Loc​) ស្រុក​ចូវ​ថាញ់​ (Chau​ Thanh​) ខេត្ត​ត្រា​វិញ​ (Tra​ Vinh​) ត្រូវ​ស្លាប់​ដោយមាន​ស្នាម​ជាំ​នៅ​លើ​ដងខ្លួន​ ហើយ​ត្រូវ​សមត្ថកិច្ច​យួន​យក​ទៅ​វះ​ពោះ​ និង​ក្បាល​ ដោយ​មិន​មានការ​អនុញ្ញាត​ពី​ម្ដាយ​ ឱពុក​ជនរងគ្រោះ​ឡើយ​ ។

រដ្ឋាភិបាល​យួន​មិនបាន​បកស្រាយ​ឲ្យបាន​ច្បាស់លាស់​អំពី​មូលហេតុ​នៃ​ការ​ស្លាប់​នេះ​ទេ​ បាន​ត្រឹមតែ​ហៅ​ម្ដាយ​ឱពុក​ទៅ​យក​សាកសព​កូន​មក​ផ្ទះ​វិញ​ ដោយ​បាន​ប្រាប់​ថា​ ​ជនរងគ្រោះ​ឈឺ​ និង​កំពុងតែ​សម្រាក​ ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ ។ ការណ៍​នេះ​ ត្រូវ​បាន​តំណាង​ទាហាន​យួន​បកស្រាយ​ប្រាប់​សាធារណជន​នៅ​គេហដ្ឋាន​របស់​សព​នៅ​ថ្ងៃទី​ ២៩​ ខែវិច្ឆិកា​ ថា​ ដើម្បីកុំឲ្យ​គ្រួសារ​សព​មានការ​តត់​ស្លុត​ សមត្ថកិច្ច​យួន​មិនបាន​ប្រាប់​ចំៗ​ទៅ​គ្រួសារ​សព​ថា​ ជនរងគ្រោះ​ ហ្វិ​ញ ចុង​ បាន​ស្លាប់​ហើយ​ទេ​ ដោយ​ប្រាប់​ពង្វាង​ថា​ ជន​រង​ គ្រោះ​ឈឺ​ទៅវិញ​ ។ តំណាង​នគរបាល​យួន​ដដែល​ក៏បាន​ថ្លែង​ថា​ គេ​នឹង​ពិនិត្យមើល​នូវ​លក្ខ​ខណ្ឌ​ផ្សេង​ៗក្នុង​ការ​ផ្ដល់​ជា​សំណង​ដល់​គ្រួសារ​សព​ទៅតាមច្បាប់​នៃ​ប្រទេស​វៀតណាម​ ។

ក្រុមទាហាន​យួន​បាន​ថ្លែង​ថា​៖ “យើងខ្ញុំ​ នឹង​គិតគូរ​ផ្ដល់​ជា​សំណង​ដល់​ ទាហាន​ ហ្វិ​ញ ចុង​ ទៅតាម​គោលនយោបាយ​របស់​រដ្ឋ​ និង​ គោលនយោបាយ​របស់​ទាហាន​ ។ ទាក់ទង​នឹង​បញ្ហា​ចិត្តសាស្ត្រ​ ទើប​ពេល​ទូរស័ព្ទ​មក​ផ្ទះ​ដើម្បី​ជូនដំណឹង​ដល់​គ្រួសារ​ ​;ដំបូង​យើង​ប្រាប់​ថា​ ប្អូន​ ហ្វិ​ញ ចុង​ ឈឺ​ ។ ទី​ពី​ប្រសិនបើ​ជូនដំណឹង​ថា​ ប្អូន​ ហ្វិ​ញ ចុង​ ស្លាប់​ភ្លាម​ៗ វា​នឹង​ធ្វើឲ្យ​គ្រួសារ​មានការ​រន្ធត់​យ៉ាង​ខ្លាំង​” ។

នៅចំពោះមុខ​ ក្រុមទាហាន​យួន​ និង​ អ្នកស្រុក​ សមាជិក​នៃ​ក្រុម​គ្រួសារ​សព​ចោទសួរ​ទៅ​តំណាង​ក្រុមទាហាន​យួន​ថា​ ហេតុអ្វី​សមត្ថកិច្ច​ហ៊ាន​យក​សាកសព​កូន​របស់​ខ្លួន​ទៅ​វះកាត់​ដោយ​គ្មាន​ការ​ចុះហត្ថលេខា​យល់ព្រម​ពី​ម្ដាយ​ឱពុក​សព​ និង​ថា​ ហេតុអ្វី​សមត្ថកិច្ច​មិន​ផ្ដល់​ដំណឹង​អំពី​ការ​ស្លាប់​មកដល់​ក្រុម​គ្រួសារ​សព​ ជាដើម​ ។

បងប្រុស​របស់​ យុវជន​ ហ្វិ​ញ ចុង​ បាន​ថ្លែង​ថា​៖ “ហេតុអ្វី​ ពេល​យក​សាកសព​ទៅ​ធ្វើ​កោសលវិច័យ​ មិន​ផ្ដល់​ដំណឹង​ដល់​ឱពុក​ម្ដាយ​ជាមុន​ ត្រូវ​មានការ​ចុះហត្ថលេខា​ពី​ម្ដាយ​ឱពុក​ដែរ​ ទើប​មាន​សិទ្ធិ​វះកាត់​ នោះ​ជា​ច្បាប់​ ។ ហេតុអ្វី​អស់លោក​ជា​នគរបាល​ព្រហ្មទណ្ឌ​ដឹងច្បាប់​ហើយ​នៅ​ហ៊ាន​បំពានច្បាប់​ទៀត​ ។ ឬអស់លោក​នៅ​មាន​លាក​បាំង​នូវ​រឿង​អ្វី​ផ្សេងទៀត​” ។

ករណី​ស្លាប់​របស់​យុវជន​ខ្មែរក្រោម​រូប​នេះ​ បាន​ធ្វើឲ្យ​ពលរដ្ឋខ្មែរ​ និង​យួន​នៅក្នុង​ពិភពលោក​រន្ធត់​យ៉ាខ្លាំង​ ។ អ្នកប្រើ​បណ្ដាញ​សង្គម​ Facebook​ បាន​ចែករំលែក​ (Share​) ព័ត៌មាន​នេះ​ពី​ម្នាក់​ទៅ​ម្នាក់​ ភ្ជាប់​ជាមួយនឹង​វីដេអូ​ ឯកសារ​ចាស់​បង្ហាញ​ពី​ទិដ្ឋភាព​ដែល​មេកង​នៃ​ទាហាន​យួន​ធ្វើទារុណកម្ម​លើ​កូនទាហាន​យ៉ាង​ព្រៃផ្សៃ​ ។ ពលរដ្ឋខ្មែរ​ក្រោម​រាប់​ម៉ឺន​នាក់​បាន​រួមគ្នា​បញ្ចេញមតិ​ជា​សាធារណៈ​តាមរយៈ​គណនេយ្យ​ Facebook​ របស់​ខ្លួន​ សម្ដែង​ការ​មិន​ពេញចិត្ត​ចំពោះ​ទង្វើ​របស់​រដ្ឋាភិបាល​យួន​ និង​បាន​ថ្ដោល​ទោស​ថា​ នេះ​ជា​ទង្វើ​ឃាតកម្ម​មួយ​ ដែល​ពលរដ្ឋខ្មែរ​ក្រោម​ត្រូវ​គេ​ធ្វើទារុណកម្ម​រហូតដល់​ស្លាប់​ យ៉ាង​អយុត្តិធម៌​ ។ មតិ​ជាច្រើន​រាប់មិនអស់​ទាំងនោះ​ ត្រូវ​បាន​អ្នកប្រើ​បណ្ដាញ​សង្គម​ Facebook​ លើកឡើង​ថា​ យុវជន​ ហ្វិ​ញ ចុង​ ស្លាប់​នោះ​ ដោយសារ​ត្រូវ​ជនជាតិ​យួន​ព្រួត​ដៃ​គ្នា​ធ្វើទារុណកម្ម​រហូតដល់​ស្លាប់​ ។

ដើម្បី​ឆ្លើយតប​នឹង​មតិ​ខាងលើ​ នៅ​ថ្ងៃទី​ ៣០​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ គណនេយ្យ​ Facebook​ ជា​ភាសា​យួន​មួយ​ឈ្មោះ​ ដំណឹង​ត្រា​វិញ​ ឬ ភាសា​យួន​ហៅថា​ តិ​នទឹក​ត្រា​វិញ​ (Tin​ Tuc​ Tra​ Vinh​) ដែល​ជា​ទំព័រ​មួយ​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល​កុម្មុយនិស្ត​យួន​បាន​ប្រតិកម្ម​បំភ្លឺ​ករណីនេះ​ថា​ ទាហាន​យួន​កំណើត​ខ្មែ​ក្រោម​ ឈ្មោះ ហ្វិ​ញ ចុង​ បាន​ស្លាប់​ដោយ​ជំងឺ​ដោក​វៃ​ (đột​ quỵ​) ឬជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ ដែល​ភាសាអង់គ្លេស​ហៅ​ថា​ស្ត្រូ​ក (Stroke​) នៅ​វេលា​ម៉ោង​ ២ ព្រឹក​ថ្ងៃ​ ២៩​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ ។ មកដល់​ថ្ងៃទី​ ៣ ខែធ្នូ​ ឆ្នាំ​ ២០១៩​ អត្ថបទ​បកស្រាយ​នេះ​ ​; ត្រូវ​បាន​ គណនេយ្យ​ Facebook​ ប្រមាណ​ជាង​មួយ​ពាន់​ ​;ដែល​ភាគច្រើន​សុទ្ធតែ​ជា​ពលរដ្ឋខ្មែរ​ក្រោម​ បាន​ចេញមុខ​ជា​សាធារណៈ​ចែករំលែក​ (Share​) ពី​ម្នាក់​ទៅ​ម្នាក់​ និង​បាន​រួមគ្នា​បញ្ចេញ​ប្រតិកម្ម​ជាង​មួយ​ពាន់​មតិ​ (Comment​) នៅ​ខាងក្រោម​អត្ថបទ​នេះ​ ។ ​;មតិភាគច្រើន​បាន​លើកឡើង​ថា​ ហេតុអ្វី​សមត្ថកិច្ច​យួន​យក​សាកសព​ទៅ​វះកាត់​ដោយ​មិន​មានការ​អនុញ្ញាត​ពី​ក្រុម​គ្រួស​ពស​ព្វ​ ? ធម្មតា​ជំងឺ​ដាច់​សរសៃឈាម​ ​; វា​កើតឡើង​ចំពោះតែ​មនុស្ស​ដែល​អាយុ​ជាង​ ៣០​ ឆ្នាំ​ ឡើង​ទៅ​, បើ​ជំងឺ​ដាច់​សរសៃឈាម​មែន​ ហេតុអ្វី​ដងខ្លួន​ និង​ក្បាល​ពេញដោយ​ស្នាម​ដែលគេ​វៃ​ដំ​ និង​ថា​ ចុះ​កាលពី​គេ​ទៅ​ធ្វើទាហាន​ក្រែង​សមត្ថកិច្ច​បាន​ពិនិត្យ​សុខភាព​រួចហើយ​ ហេតុអ្វី​បែរជា​ដាច់​សរសៃឈាម​ទៅវិញ​? ជាដើម​ ។

អ្នកខ្លះ​ឈឺចាប់​ខ្លាំងពេក​ ក៏បាន​តែង​ជា​កំណាព្យ​ដើម្បី​ឧទ្ទិស​ដល់​សព​ជនរងគ្រោះ​ និង​ដើម្បី​ដាស់​ស្មារតី​កូនខ្មែរ​ ផង​ដែរ​ ។ នៅ​ថ្ងៃទី​ ២ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ នេះ​ លោក​ សឺង​ សម្រេច​ ជាទី​ប្រឹក្សា​ នៃ​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ បាន​សរសេរជា​អត្ថបទ​កំណាព្យ​មួយ​មាន​ចំណងជើង​ថា​ “បណ្ដាំ​សាកសព​” ហើយ​បាន​បង្ហោះ​នៅ​លើ​គណនេយ្យ​ Facebook​ មាន​សេចក្ដី​ថា​៖

“ខ្ញុំ​មានកំណើត​កើត​លើ​ដីខ្មែរ​ តាំងពី​បុព្វេ​កេរកោះ​ដូនតា​ ពួក​យួន​រុករាន​ឈ្លានពាន​ត្រួតត្រា​ ធាក់​ទាត់​ប្រហារ​ខេមរា​ម្ចាស់​ស្រុក​ ។ បង្ខំឲ្យ​ខ្ញុំ​ត្រូវ​ធ្វើទាហាន​ ប្រើ​ច្បាប់​បំពាន​ជិះជាន់​អុកឡុក​ ជាតិ​ខ្ញុំ​រស់នៅ​មិនដែល​បាន​សុខ​ ខ្មែរក្រោម​រងទុក្ខ​ក្នុង​គុក​អវជ័យ​ ។ ធ្វើទាហាន​យួន​ទាំង​ខ្លួន​ញាប់ញ័រ​ គ្មាន​ជាប់​ឈាមជ័រ​ដេក​ដើរ​ទាំង​ភ័យ​ ស្លៀក​ជា​យោធា​ជីវិត​គ្មានន័យ​ ឥឡូវ​ត្រូវ​ក្ស័យ​ដោយ​គេ​ប្រហារ​ ។ ខ្ញុំ​ស្លាប់​ទៅ​ហើយ​ខ្មែរ​អឺយ​កុំ​ភ្លេច​ វាសនា​ខ្មែរ​ស្រេច​លើ​អ្នករាល់គ្នា​ សូម​ជួយ​ប្តឹងផ្តល់​ដល់​ទ្វីប​លោកា​ ឲ្យ​គេ​ដឹង​ថា​យួន​ធ្វើបាប​ខ្មែរ​” ។

សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ ក៏បាន​ចូលរួម​រំលែកទុក្ខ​ដល់​ក្រុម​គ្រួសារ​ សព​ និង​កំពុងតែ​តាមដាន​ករណីនេះ​យ៉ាង​យកចិត្ត​ទុកដាក់​ ហើយ​មាន​គំរោង​នឹង​ធ្វើ​របាយការណ៍​នេះ​ទៅ​សហគមន៍​អន្តរជាតិ​ឲ្យបាន​ជ្រាប​អំពី​ករណី​រដ្ឋាភិបាល​វៀតណាម​រំលោភសិទ្ធិ​លើ​ជនជាតិ​ដើម​ខ្មែរក្រោម​ ។ ព្រះតេជព្រះគុណ​ សឺង​ យ៉ឹង​ រតនា​ ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​ និង​ជា​គណៈកម្មការ​នាយក​ នៃ​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ បាន​ផ្ដល់​សម្ភាសន៍​ដល់​ លោក​ ថាច់​ វឿង​ នៃ​ទូរទស្សន៍​ ព្រៃនគរ​ និង​ វិទ្យុ​សំឡេង​កម្ពុជាក្រោម​ នៅ​ថ្ងៃទី​ ១ ខែធ្នូ​ ម្សិលមិញ​ថា​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ នឹង​ធ្វើបុណ្យ​បង្សុកូល​ឧទ្ទិស​កុសល​ជូន​ លោក​ ហ្វិ​ញ ចុង​ នៅ​វត្ត​ខេមរ​រង្សី​ នាទី​ក្រុង​ San​ Jose​ រដ្ឋ​ California​ សហរដ្ឋអាមេរិក​ ស្រប​ពេញ​ដែល​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ ១០​ ធ្នូ​ ផង​ដែរ​ ។

យុវជន​ឈ្មោះ​ ហ្វិ​ញ ចុង​ កើត​នៅ​ថ្ងៃទី​ ១២​ ខែកុម្ភៈ​ ឆ្នាំ​ ២០០០​ ជា​កូន​របស់​ លោក​ ហ្វិ​ន ចិន​ (Huynh​ Chinh​) និង​អ្នកស្រី​ ប៉ៀង​ នៅ​ភូមិ​អូ​រត្បាង​ ឃុំ​កំពង់ទូក​ ស្រុក​កំពង់ធំ​ ខេត្ត​ព្រះត្រពាំង​ ។ យុវជន​រូប​នេះ​ ត្រូវ​រដ្ឋាភិបាល​យួន​ចាប់ទៅ​ធ្វើជា​ទាហាន​ក្នុង​គោលនយោបាយ​បំពេញ​កាតព្វកិច្ច​យោធា​នា​ អស់​រយៈពេល​មួយឆ្នាំ​កន្លងទៅ​នេះ​ ហើយ​ត្រូវ​ស្លាប់​នៅ​ថ្ងៃទី​ ២៩​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ ក្នុង​អាយុ​ ១៩​ ឆ្នាំ​ ៕

Leave A Reply

Your email address will not be published.