សភាសហរដ្ឋអាមេរិកថ្កោលទោសអំពើទណ្ឌកម្មនៅវៀតណាម
សភាតំណាងរាស្ត្រសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ឲ្យដឹងថា ប្រទេសវៀតណាម គ្រាន់តែមានឈ្មោះល្បីល្បាញខាងការធ្វើទារុណកម្មដល់អ្នកទោសមនសិការប៉ុណ្ណោះទេ ប៉ុន្តែជាប្រទេសមួយដែលមានឈ្មោះអាក្រក់ក្នុងអំពើជួញដូរមនុស្សថែមទៀត។

Photo: RFA
លោក គ្រីស្តូភើ ស្មីត (Christopher Smith) តំណាងរាស្ត្រសហរដ្ឋអាមេរិក ប្រចាំរដ្ឋ ញីវជឺស៊ី (New Jersey) បានថ្លែងប្រាប់វិទ្យុអាស៊ីសេរី ថា សហរដ្ឋអាមេរិក នឹងមិនអនុគ្រោះដល់ប្រទេសវៀតណាម ទេ ប្រសិនបើវៀតណាម នៅតែមិនធ្វើឲ្យប្រសើរខាងការគោរពសិទ្ធិមនុស្ស។ លោកបន្តថា អ្វីដែលសភាសហរដ្ឋអាមេរិក អាចធ្វើទៅបាននោះ គឺបង្កើតច្បាប់មួយដើម្បីដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចដល់វៀតណាម។
លោក គ្រីស្តូភើ ស្មីត៖
«ដូចលោកបានជ្រាបហើយថា ខ្ញុំជាអ្នកដឹកនាំបង្កើតច្បាប់មួយ ដើម្បីប្រឆាំងការជួញដូរមនុស្សនៅវៀតណាម ក្នុងឆ្នាំ២០០០ ដែលយើងបានរកឃើញថា វៀតណាម ជាប្រទេសមួយដែលរំលោភសិទ្ធិកម្មករ មានអំពើជួញដូរមនុស្ស និងការធ្វើទារុណកម្មធ្ងន់ធ្ងរ ហើយដែលសហគមន៍អន្តរជាតិឲ្យចំណាត់ថ្នាក់លេខ៣ ជាប្រទេសដែលអាក្រក់បំផុតក្នុងការរំលោភសិទ្ធិមនុស្ស»។
លើសពីនេះទៅទៀត បញ្ហារំលោភសិទ្ធិមនុស្សក្នុងពន្ធនាគារនៅប្រទេសវៀតណាម កំពុងស្ថិតជាចំណោទដ៏ធំមួយ។
ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានស៊ើបអង្កេតរកឃើញថា មានករណីមួយចំនួនដែលជនភៀសខ្លួនវៀតណាម ហើយដែលជាក្រុមមាននិន្នាការទៅរកលោកសេរីនោះ ត្រូវបានសមត្ថកិច្ចកម្ពុជា បញ្ជូនទៅឃុំឃាំង និងធ្វើទារុណកម្មនៅប្រទេសវៀតណាម ។
អ្នកជំនាញខាងផ្នែកសិទ្ធិមនុស្សសម្រាប់ប្រទេសកម្ពុជា និងវៀតណាម អ្នកស្រី សារ៉ា ខូម៍ (Sara Colm) បានថ្លែងប្រាប់វិទ្យុអាស៊ីសេរី ថា កន្លងមក កម្ពុជា បានរំលោភលើអនុសញ្ញាស្ដីពីជនភៀសខ្លួន ដោយសាររដ្ឋាភិបាលបានបញ្ជូនព្រះសង្ឃខ្មែរក្រោមមួយចំនួនដែលជា សកម្មជនសិទ្ធិមនុស្ស ទៅឃុំខ្លួននៅវៀតណាម ហើយវៀតណាម បានធ្វើទារុណកម្មអ្នកទាំងនោះយ៉ាងធ្ងន់ធ្ងរ។
អ្នកស្រី សារ៉ា ខូម៍៖
«ជនភៀសខ្លួនវៀតណាម ខ្លះ ដែលមកជ្រកកោននៅកម្ពុជា ប្រសិនបើពួកគេសកម្មខាងការរិះគន់ រដ្ឋាភិបាលវៀតណាម នោះ ពួកគេប្រាកដជារងនូវសម្ពាធផ្សេងៗ រួមទាំងការធ្វើទុក្ខបុកម្នេញរហូតដល់មានការចាប់បញ្ជូនទៅវៀតណាម វិញ។ ជាក់ស្តែង ដូចជាករណីព្រះតេជព្រះគុណ ទឹម សាខន ដែលគេបញ្ជូនខ្លួនពីខេត្តតាកែវ ទៅឃុំខ្លួននៅវៀតណាម ហើយម្នាក់ទៀត គឺលោក លេជីទ្វេ ដែលជាមេដឹកនាំកម្មករ នៅពេលលោកមកដល់កម្ពុជា ក្នុងឆ្នាំ២០០៧ ដើម្បីសុំសិទ្ធិជ្រកកោនផ្នែកនយោបាយនោះ ក៏ត្រូវបានចាប់ខ្លួនបាត់ទៅ ហើយគ្មានដំណឹងទាល់តែសោះរហូតមកដល់ពេលនេះ។ ដូច្នេះ វាបង្ហាញយ៉ាងច្បាស់ថា កម្ពុជា មិនមែនជាឋានសួគ៌ដ៏មានសុវត្ថិភាពក្នុងការអនុវត្តសិទ្ធិបញ្ចេញមតិ បានទេ ដោយសារសមត្ថកិច្ចកម្ពុជា អាចចាប់ខ្លួនអ្នកទាំងនោះបញ្ជូនទៅវៀតណាម វិញ ហើយវៀតណាម នឹងធ្វើទារុណកម្មធ្ងន់ធ្ងរ»។
ការអះអាងរបស់ អ្នកស្រី សារ៉ា ខូម៍ ធ្វើឡើងនៅក្នុងសភាសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីសន្និសីទបង្ហាញរបាយការណ៍មួយ ស្តីអំពីការធ្វើទារុណកម្មលើអ្នកទោសនយោបាយ និងអ្នកទោសសាសនាក្នុងប្រទេសវៀតណាម។
នេះមិនមែនជាលើកទីមួយទេសម្រាប់កម្ពុជា ក្នុងការបញ្ជូនជនភៀសខ្លួនដែលសុំសិទ្ធិជ្រកកោននៅកម្ពុជា ទៅប្រទេសដើមរបស់គេវិញនោះ។ កាលពីឆ្នាំ២០០៩ កម្ពុជា ក៏បានចាប់បញ្ជូនជនភៀសខ្លួនជនជាតិ អ៊ុយហ្គរ៍ (Uyghur) ចំនួន ២០នាក់ទៅប្រទេសចិន វិញដែរ ជាថ្នូរនឹងការផ្តល់ប្រាក់កម្ចីដែលមានការប្រាក់ទាបចំនួន ១ពាន់លានដុល្លារសហរដ្ឋអាមេរិក របស់ចិន មកដល់កម្ពុជា។
អ្នកស្រី សារ៉ា ខូម៍ មានប្រសាសន៍ថា កម្ពុជា បានរំលោភលើអនុសញ្ញាស្ដីពីជនភៀសខ្លួនក្នុងនាមកម្ពុជា ជាប្រទេសម្ចាស់ហត្ថលេខីនោះ។
អនុសញ្ញាស្ដីពីជនភៀសខ្លួនចែងថា រាល់ប្រទេសជាម្ចាស់ហត្ថលេខីទាំងអស់ មិនត្រូវបញ្ជូនជនភៀសខ្លួនទៅកាន់ប្រទេសដើមរបស់គេជាដាច់ខាត ប្រសិនបើប្រទេសនោះជាប្រទេសដែលអាចធ្វើឲ្យជីវិត និងសេរីភាពរបស់ពួកគេជួបនឹងភាពប្រថុយប្រថាន។
វិទ្យុអាស៊ីសេរី មិនអាចសុំសេចក្តីអត្ថាធិប្បាយពីសមត្ថកិច្ចរបស់កម្ពុជា បានទេ កាលពីថ្ងៃសុក្រ ទី១៧ មករា។
ជនភៀសខ្លួនភាគច្រើនដែលត្រូវសមត្ថកិច្ចកម្ពុជា បញ្ជូនខ្លួនទៅកាន់ប្រទេសចិន ឬប្រទេសវៀតណាម តែងទទួលរងនូវទណ្ឌកម្មធ្ងន់ធ្ងរ ហើយអ្នកខ្លះទទួលទោសដ៏យូរឆ្នាំ ។
ទាក់ទិននឹងការធ្វើទារុណកម្មក្នុងមន្ទីរឃុំឃាំងនៅប្រទេសវៀតណាម នេះដែរ ព្រះតេជព្រះគុណ យ័ញ តូន ជាព្រះសង្ឃខ្មែរកម្ពុជាក្រោម មានថេរដីកាថា សមត្ថកិច្ចវៀតណាម ឃុំខ្លួនព្រះអង្គក្នុងគុកងងឹតរយៈពេល ៦ខែ ដោយបង្អត់ចង្ហាន់។ ព្រះតេជព្រះគុណបន្តថា ក្រុមអាជ្ញាធរវៀតណាម បានចាប់សម្រាតស្បង់ជីពព្រះសង្ឃបញ្ចូលគុកដូចជាសត្វធាតុ។
«សំឡេង»
ព្រះតេជព្រះគុណ យ័ញ តូន មានថេរដីកាថា នៅពេលដែលព្រះអង្គជាប់ក្នុងគុកងងឹតវៀតណាម កាលពីឆ្នាំ២០០៩ នោះ ព្រះអង្គតែងទទួលរងការវាយធ្វើទារុណកម្ម និងបង្អត់អាហារយ៉ាងធ្ងន់ធ្ងរ។ ហើយរហូតមកទល់ពេលនេះ សុខភាពរបស់ព្រះអង្គតែងមានការភ្លេចភ្លាំងច្រើន និងសុបិន្ដអាក្រក់រៀងរាល់យប់ថែមទៀត។
«សំឡេង»
អ្នកទោសនយោបាយក្នុងគុកងងឹតនៅវៀតណាម ភាគច្រើនត្រូវបានឃុំឃាំងក្នុងបន្ទប់តូចចង្អៀតមួយទំហំប្រហែល បីម៉ែត្រការ៉េ គ្មានកន្ទេល គ្មានមុង គ្មានភួយ និងគ្មានខ្នើយ ។ អ្នកទោសរស់នៅក្នុងគុកនោះដោយការស្រេកឃ្លាន អ្នកខ្លះចាប់សត្វល្អិតធ្វើជាអាហារប្រចាំថ្ងៃ ។ នៅពេលយប់គេតែងឮសំឡេងមនុស្សទ្រហោយំ ដោយសារការឈឺចុកចាប់ពីការធ្វើទារុណកម្មរបស់ឆ្មាំគុក ដើម្បីសួរចម្លើយ ។ ទីនោះប្រៀបដូចជាឋាននរក ៩ជាន់ដែរ ដែលសូម្បីតែអាហារក៏ពួកគេមិនអាចមើលឃើញថា តើជាអាហារប្រភេទណាដែរ។
ព្រះតេជព្រះគុណ យ័ញ តូន មានថេរដីកាថា អ្នកទោសមនសិការភាគច្រើន ត្រូវវាយបញ្ច្រកថ្នាំដែលគេមិនឲ្យស្គាល់ថាជាថ្នាំអ្វីនោះឡើយ ។ ហើយថា នៅពេលអ្នកទោសទាំងនោះត្រូវបានគេដោះលែងឲ្យមានសេរីភាពវិញ មនុស្សភាគច្រើនមានសតិអារម្មណ៍មិននឹងនរ ហើយបីបួនឆ្នាំក្រោយមក ក៏ស្លាប់បាត់បង់ជីវិតទៅទៀត។
របាយការណ៍របស់ លោក គ្រីស្តូភើ ស្មីត តំណាងរាស្ត្រសហរដ្ឋអាមេរិក ឲ្យដឹងថា យ៉ាងហោចណាស់មានអ្នកទោសមនសិការជាង ៦០០ នាក់ ភាគច្រើនជាសកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស និងសកម្មជនសាសនា ដែលកំពុងរងការធ្វើទារុណកម្មធ្ងន់ធ្ងរក្នុងគុកងងឹតនៅវៀតណាម ។
សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក បានឲ្យដឹងថា រហូតមកទល់ពេលនេះ មានព្រះសង្ឃខ្មែរក្រោមចំនួន ២ អង្គ និងពលរដ្ឋខ្មែរក្រោមចំនួន ៦ នាក់ កំពុងជាប់ឃុំឃាំងក្នុងគុកងងឹតរបស់វៀតណាម ។ សហព័ន្ធខ្មែរក្រោមបានទាមទារឲ្យរដ្ឋាភិបាលក្រុង ហាណយ (Hanoi) ដោះលែងអ្នកទោសទាំងនោះឲ្យមានសេរីភាពដោយគ្មានលក្ខខណ្ឌ ៕ ដោយ តាំង សារ៉ាដា – RFA