សហរដ្ឋអាមេរិកថ្កោលទោសការបោះឆ្នោតនៅកម្ពុជា «មិនសេរីឬយុត្តិធម៌» ហើយព្រមានរឹតបន្តឹងទិដ្ឋាការបន្ថែម
ដោយ ថាច់ ប្រីជា គឿន
សេតវិមានកាលពីល្ងាចថ្ងៃអាទិត្យទី ២៩ ខែកក្កដានេះ ទើប បានចេញសេចក្តីថ្លែងការណ៍មួយថ្កោលទោសការបោះឆ្នោតកម្ពុជាក្នុងថ្ងៃដដែលនេះ ដែលមិនមានការចូលរួមពីគណបក្សសង្គ្រោះជាតិ (CNPR) ជាគណបក្សសំខាន់ជាងគេ និងព្រមានចាត់វិធានការទណ្ឌកម្មបន្ថែមទៀត ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញដោយការិយាល័យ នៃអ្នកនាំពាក្យសេតវិមានសហរដ្ឋអាមេរិក បានចេញផ្សាយនៅថ្ងៃទី ២៩ ខែកក្កដា នេះ ។
សេចក្តីថ្លែងការណ៍ដែលចេញដោយការិយាល័យ នៃ អ្នកនាំពាក្យសេតវិមាន សហរដ្ឋអាមេរិក បានបញ្ជាក់ថា៖ «សហរដ្ឋអាមេរិកសោកស្តាយចំពោះការណ៍ដែលការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រកម្ពុជាកាលពីថ្ងៃទី ២៩ ខែកក្កដា មិនមានភាពសេរី ឬ យុត្តិធម៌ ហើយខកខានមិនបានតំណាងឲ្យឆន្ទៈរបស់ពលរដ្ឋកម្ពុជា ។ ការបោះឆ្នោតប្រកបដោយបញ្ហានេះ និងដែលបានរារាំងការចូលរួមរបស់គណបក្សប្រឆាំងចម្បងរបស់កម្ពុជា តំណាងឲ្យការថយក្រោយជា ទម្ងន់បំផុតចំពោះប្រព័ន្ធប្រជាធិបតេយ្យ ដែលមានចារនៅក្នុងរដ្ឋ ធម្មនុញ្ញកម្ពុជា ហើយបំផ្លាញយ៉ាងទម្ងន់ដល់សមិទ្ធផលរបស់កម្ពុជាក្នុងការលើកតម្កើងការសម្រុះសម្រួលខាងនយោបាយ និងកំណើនសេដ្ឋកិច្ចដែលមានចាប់តាំងពីសន្ធិសញ្ញាទីក្រុងបារិស ឆ្នាំ ១៩៩១ មក» ។

សេចក្តីថ្លែងការណ៍នោះបានព្រមានបន្តថា សហរដ្ឋអាមេរិកនឹងចាត់វិធានការជាបន្តបន្ទាប់តបនឹងការបោះឆ្នោតជាតិនេះការដើរថយក្រោយខាងប្រជាធិបតេយ្យនិងសិទ្ធិមនុស្សកម្ពុជា ដោយបញ្ជាក់ថាវិធានការថ្មីៗទៀតនឹងរួមមានការពង្រីកកម្មវិធីរឹតត្បិតទិដ្ឋាការចូលសហរដ្ឋអាមេរិកដែលត្រូវប្រកាសកាលពីខែធ្នូ ឆ្នាំ ២០១៧ ។

ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ស៊ិក ប៊ុនហុក ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី ២៩ ខែកក្កដា ថា នេះជាជោគជ័យនៃការបោះឆ្នោតដែលមានពលរដ្ឋជាង ៨២ ភាគរយ (៨២,១៧%) នៃអ្នកមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតជាង ៨ លាន ៣ សែននាក់ បានចេញទៅបោះឆ្នោតទៅតាមឆន្ទៈរបស់ខ្លួន ។ លោកអះអាងថា តួលេខនេះបង្ហាញឱ្យសហគមន៍អន្តរជាតិដែលមានបំណងដាក់ទណ្ឌកម្មលើកម្ពុជានោះ ឃើញច្បាស់ថា ពលរដ្ឋខ្មែរមានឆន្ទៈពិតប្រាកដក្នុងការលើកស្ទួយប្រជា ធិបតេយ្យ ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់បណ្តាញសារ ព័ត៌មាន AFP កាលពីល្ងាចថ្ងៃអាទិត្យទី ២៩ ខែកក្កដា ថា គណបក្សរបស់លោករំពឹងថានឹងឈ្នះបានជាង ១០០ អាសនៈក្នុងរដ្ឋសភា ដែលមានអាសនៈសរុបចំនួន ១២៥ ដោយយោងទៅតាមតួលេខបឋមពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។ លោក សុខ ឥសាន បានមានប្រសាសន៍ថា៖ «គណបក្សប្រជាជនកម្ពុជានឹងទទួលបានសំឡេងឆ្នោតគាំទ្រជាង ៨០ ភាគរយ ។ នេះគឺជាជ័យជម្នះដ៏ធំធេងរបស់យើង» ។
តួលេខដែល គ.ជ.ប. បានប្រកាសនេះ ជាតួលេខដែលគ្មានការពិតឡើយ តែជាតួលេខដែលរបបក្រុងភ្នំពេញបំប៉ោងឡើងប៉ុណ្ណោះ ។ ហេតុផលដែលហៅថា ជាតួលេខក្លែងក្លាយ នោះ ដោយសារក្នុងការិយាល័យបោះឆ្នោតនីមួយៗមិនមានអ្នកសង្កេតការណ៍ឯករាជ្យ និងមិនមានភ្នាក់ងារគណបក្សនយោបាយគ្រប់គ្រាន់ ។ នេះបើយោងតាមប្រសាសន៍របស់ ប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលបានថ្លែងប្រាប់វិទ្យុអាស៊ីសេរី (RFA) ជាភាសាខ្មែរ នៅថ្ងៃទី ២៩ ខែកក្កដា នេះ ។ លោកសង្កត់ធ្ងន់ថា ការបោះឆ្នោតនេះមិនបានឆ្លុះបញ្ចាំងពីឆន្ទៈពិតរបស់ពលរដ្ឋខ្មែរឡើយ ដោយសារអវត្តមានគណបក្សសង្គ្រោះជាតិដែលមានអ្នកគាំទ្ររាប់លាននាក់នៅទូទាំងប្រទេស ។
មុនពេលបោះឆ្នោតថ្ងៃទី ២៩ ខែកក្កដា ពលរដ្ឋខ្មែរ នៅក្រៅប្រទេសនៅជុំវិញពិភពលោក បាននាំគ្នាចេញធ្វើបាតុកម្មយុទ្ធនាការម្រាមដៃស្អាត ដើម្បីជំទាស់ នឹងការបោះឆ្នោតនៅក្នុង ប្រទេសកម្ពុជា និងអំពាវនាវឲ្យដោះលែង លោក កឹម សុខា ជាប្រធានគណបក្សសង្គ្រោះ ជាតិ (CNRP) ដែលកំពុងតែនៅក្នុងពន្ធនាគារ នៃ របប លោក ហ៊ុន សែន សព្វថ្ងៃ ។
កាលពីឆ្នាំទៅមិញ តុលាការកំពូល នៃប្រទេសកម្ពុជា ដែលដឹកនាំដោយរបប លោក ហ៊ុន សែន បានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ និង ព្យួរសិទ្ធិនយោបាយរបស់ថ្នាក់ដឹក នាំ គណបក្សនេះ ចំនួន ១១៨ នាក់ ក្នុងម្នាក់ៗចំនួន ៥ ឆ្នាំ ទៅតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដោយចោទថា គណបក្សសង្គ្រោះជាតិ (CNRP) បានឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាល ហើយ លោក កឹម សុខា ជាប្រធានបក្សជំទាស់ត្រូវចាប់ខ្លួន ។ ការសម្រេចរំលាយគណបក្សសង្គ្រោះជាតិ ត្រូវបានមជ្ឈដ្ឋាននានាមើលឃើញថា គណបក្ស ប្រជាជនកម្ពុជា (CPP) ព្រួយបារម្ភអំពីការគាំទ្រចំពោះគណបក្សសង្គ្រោះជាតិមានការ កើនឡើងយ៉ាងខ្លាំង ដែលអាចឈានទៅដល់ការផ្ដួលគណបក្សរបស់ លោក ហ៊ុន សែន ក្នុងការបោះឆ្នោតជាតិ នៅក្នុងអាណត្តិនេះ ក្រោយពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ ២០១៧ កន្លងទៅនេះ ចំនួនពលរដ្ឋចេញទៅបោះឆ្នោតមានប្រហែល ៩០ ភាគរយ ដោយក្នុងនោះប្រហែល ៥០% គាំទ្រ គណបក្សប្រជាជនកម្ពុជា និង ជិត ៤៤% គាំទ្រគណបក្សសង្គ្រោះជាតិ ក្នុងចំណោមអ្នកមានឈ្មោះបោះឆ្នោតសរុបជាង ៧ លាន ៨ សែននាក់ ដែលធ្វើឲ្យអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ នៃគណបក្សសង្គ្រោះជាតិ កើនឡើងជាង ៥ ពាន់អាសនៈ បូករួមទាំងតួនាទីជាសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជាច្រើនទៀត ។
កាលពីពេលថ្មីៗ រដ្ឋសភាសហរដ្ឋអាមេរិក ទើបបានសម្រេចអនុម័តច្បាប់ដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងមិនឲ្យធ្វើដំណើរមកសហរដ្ឋអាមេរិក ទៅលើក្បាលម៉ាស៊ីនដឹកនាំរបបលោក ហ៊ុន សែន ដែលបាន បំផ្លាញប្រជាធិបតេយ្យ និងរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ ក្នុងនោះមានមន្ត្រី ជាន់ខ្ពស់នៃរបបនេះចំនួន ១៧ រូប រួមមាន លោក ហ៊ុន សែន លោក ស ខេង លោក ទៀ បាញ់ លោក អូន ព័ន្ធមុនីរ័ត លោក កើត រិទ្ធិ លោក ស៊ុន ចាន់ថុល លោក ប្រាក់ សុខុន លោក ឱម យិនទៀង លោក ប៉ុល សារឿន លោក នេត សាវឿន លោក គន់ គីម លោក សៅ សុខា លោក ហ៊ីង ប៊ុនហៀង លោក ជួន សុវណ្ណ លោក ហ៊ុន ម៉ាណែត លោក សុខ ពុទ្ធិវុធ និងអ្នកស្រី ហ៊ុន ម៉ាណា ដោយសារក្រុមមន្ត្រីជាន់ខ្ពស់ ទាំងអស់នេះ បាននាំគ្នាចូលដៃចូលជើងបំផ្លាញប្រជាធិបតេយ្យ តាមរយៈការរៀបចំដំណើរការបោះឆ្នោតក្លែងក្លាយនៅ ថ្ងៃទី ២៩ កក្កដា នេះ ៕