វត្ត​ស្វាយស​ទំនើប នៅ​ខេត្ត​មាត់ជ្រូក ត្រូវ​ឆេះ​សាលា​មួយ​ខ្នង​

146

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​វត្ត​ស្វាយស​ទំនើប ស្ថិតនៅ​ឃុំ​ខ្ទរ ស្រុក​ស្វាយ​ទង ខេត្ត​មាត់ជ្រូក ដែនដី​កម្ពុជា​ក្រោម ត្រូវ​អគ្គិភ័យ​ឆេះ​សាលា​មួយ​ខ្នង នៅ​ព្រឹក​ថ្ងៃ ២៣ ខែតុលា ឆ្នាំ ២០១៥ រវាង​ម៉ោង ៤ រំលង​អា​ធ្រា​ត្រ កន្លងទៅនេះ ។ មន្ត្រី​អាជ្ញាធរ​យួន​លើកឡើងថា មូលហេតុ​នៃ​ការឆេះ​សាលា​នេះ អាចមកពី​ទៀន​នៅក្នុង​សាលា​នេះ​ត្រូវរ​លំហើយ​បណ្ដាល​ឲ្យ​ឆេះ​រាលដាល ។ គ្រោះ អគ្គិភ័យ​នេះ មិន​បណ្ដាល​ឲ្យ​ព្រះសង្ឃ និង​ពលរដ្ឋ​រងរបួស ឬ បាត់បង់​ជីវិត​ទេ ។​

Svay Sor Tomnerp temple 1

យោងតាម​សារព័ត៌មាន ទូ​យ​ត្រែ (Tuoi Tre) ដែលជា​កាសែត​រដ្ឋ​វៀតណាម​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៥ ថា នៅវេលា​ម៉ោង ៤ ព្រឹក​ថ្ងៃទី ២៣ ខែតុលា សាលាឆទាន​មួយ​ខ្នង នៃ​វត្ត​ស្វាយស​ទំនើប ត្រូវ​ឆេះ​ខណៈ ដែល​ព្រះសង្ឃ​កំពុងតែ​សឹង ។ ព័ត៌មាន​នេះ​រាយការណ៍​ថា ភ្លើង​បាន​ឆេះ​រាល​ចេញពី​ទី​សក្ការបូជា​នៅក្នុង​សាលា ។​

​រយៈពេល​ពីរ​ម៉ោង​ភ្លើង​ក៏បាន​ឆេះ​អស់សាលា​មួយ​ខ្នង​នេះ នៅសល់តែ​ជញ្ជាំង​ថ្ម​តែប៉ុណ្ណោះ បើទោះបី​ព្រះសង្ឃ និង​ពុទ្ធ បរិស័ទ​នៅ​ជុំវិញ​វត្ត​មកជួយ​ពន្លត់ភ្លើង​យ៉ាងណាក៏ដោយ ។​

​ព្រះតេជព្រះគុណ ចៅ ទី បាន​មាន​ពុទ្ធដីកា​ប្រាប់ សារព័ត៌មាន ទូ​យ​ទ្រែ (Tuoi Tre) នៃ​រដ្ឋាភិបាល​យួន​ថា វត្ត​ស្វាយស ទំនើប ជា​វត្ត​ពុទ្ធសាសនា​ថេរវាទ​ខ្មែរ​ដែលមាន​អាយុកាល​យូរយារ​ណាស់​មកហើយ ។ ជាពិសេស វត្ត​នេះ​កំពុងតែ​អភិរក្ស សាស្ត្រា​ស្លឹករឹត​របស់​ជនជាតិខ្មែ​រ​នៅក្នុង​វត្ត ហើយ​ស្លឹករឹត​នេះ​មិនត្រូវ​ឆេះ​ដោយ​អគ្គិភ័យ​នេះ​ទេ ។​

​ព្រះតេជព្រះគុណ មាន​ពុទ្ធដីកា​បន្តទៀតថា មុន​ឆ្នាំ ១៧៧៥ វត្ត​នេះ​មាន​ទីតាំង​នៅជាប់​ជើងភ្នំ​ខ្ទរ តែដោយសារ​សង្គ្រាម បំផ្លាញ ទើប​វត្ត​បាន​ប្ដូរ​ទីតាំង​មក​នៅ​កណ្ដាល​វាលស្រែ​វិញ ។​

​លោក ដោ មិន ទ្រី (Đỗ Minh Trí) អនុប្រធាន​គណៈកម្មកា​រ​ប្រជាជន​ស្រុក​ស្វាយ​ទង (UBND huyện Tri Tôn) នៃ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​យួន​បាន​ប្រាប់ កាសែត ទូ​យ​ត្រែ ថា តាម​ការវាយតម្លៃ​រប​ស់​អ្នកជំនាញ​អាជ្ញាធរ​យួន មូលហេតុ​នៃ​ការឆេះ​នេះ អាចមកពី​ទៀន នៅក្នុង​សាលា​នេះរ​លំនៅ​ជិត​ផ្ទាំង​សំពត់​ហើយ​បណ្ដាល​ឲ្យ​ឆេះ ៕​

ខាងក្រោមនេះជារូបថតមួយចំនួនស្ដីពីការឆេះសាលាវត្តស្វាយសទំនើប

Svay Sor Tomnerp temple 2 Svay Sor Tomnerp temple 3 Svay Sor Tomnerp temple 4 Svay Sor Tomnerp temple 5 Svay Sor Tomnerp temple 6 Svay Sor Tomnerp temple 7 Svay Sor Tomnerp temple 18 Svay Sor Tomnerp temple 9 chay-chua2-1445588830 chay-chua4-1445588737 chay-chua6-1445588882

Comments are closed.