បុណ្យតែងតាំងចៅអធិការវត្តសុរិយារង្សីខ្មែរក្រោម
ដោយ ថាច់ ប្រីជា គឿន
នៅអាទិត្យ និង ថ្ងៃចន្ទ, ៧ និង ៨ រោច ខែស្រាពណ៍ ឆ្នាំ ច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ២ និង ទី ៣ ខែកញ្ញា គ្រឹស្តសករាជ ២០១៨ សប្ដាហ៍នេះ គណ:កម្មការ និង ពុទ្ធបរិស័ទ ចំណុះជើងវត្តសុរិយារង្សី នៅទីក្រុង Philadelphia រដ្ឋ Pennsylvania បានរៀបចំពិធីតែងតាំងព្រះចៅអធិការ និង ព្រះពហុស្សូត ដើម្បីគ្រប់គ្រង វត្តមួយនេះឲ្យមានការរីកចម្រើនតទៅមុខ ។ ពិធីនេះ ភិក្ខុ យ័ញ ទោន បានតែងតាំងជា ព្រះចៅអធិការវត្ត, ភិក្ខុ សួន បូរ៉ា ជា ព្រះពហុស្សូតស្ដាំ និង ភិក្ខុ គឹម មឿន ជាព្រះ ពហុស្សូតឆ្វេង ។ ព្រះសង្ឃទាំង ៣ អង្គនេះ សុទ្ធ តែជាព្រះសង្ឃដែលបានភៀសព្រះកាយ ចេញពីដែនដីកម្ពុជាក្រោម ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០០៧ ជាព្រឹត្តិការណ៍ មានព្រះសង្ឃខ្មែរក្រោម ប្រមាណ ២០០ អង្គ ចេញធ្វើបាតុកម្ម នៅខេត្តឃ្លាំង ដើម្បីទាមទារឲ្យរបបអាណានិគមយួនគោរពសិទ្ធិខ្មែរក្រោម នៅដែនដី កម្ពុជាក្រោម ។
ពិធីបុណ្យតែងតាំងព្រះចៅអធិការវត្តនេះ មានព្រះសង្ឃចំនួន ២០ អង្គ បាននិមន្តមក ពីរដ្ឋនានា ជុំវិញសហរដ្ឋអាមេរិក និង ប្រទេសកាណាដា ព្រមទាំងមានវត្តមានថ្នាក់ ដឹកនាំ សហព័ន្ធខ្មែរកម្ពុជាក្រោមជាច្រើនអង្គ និង រូប ក្នុងនោះ មាន ព្រះតេជព្រះគុណ ធីធី ធម្មោ ជាប្រធាន គណៈកម្មការសាសនាអន្តរជាតិ, លោក ប្រាក់ សេរីវុឌ្ឍ ជាប្រធានប្រតិបត្តិ, លោក ត្រឹង ម៉ាន់ រិន ជានាយកផែនការ, លោក ត្រឹង យ៉ាប ជានាយករដ្ឋបាល, អ្នកស្រី សឺង ធី និត ជាប្រធានស្ត្រី និង ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ជាប្រធាននាយកដ្ឋាន ព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ចូលរួមជាកិត្តិយស ផងដែរ ។
កម្មវិធីបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ប្រកបដោយភាពអធឹកអធ័ម តាមបែបប្រពៃណីជាតិ និង ពុទ្ធសាសនា រួមមានកិច្ចនិមន្តព្រះសង្ឃចំរើនព្រះបរិត្ត នមស្សការព្រះរតនត្រ័យ សមា ទាននិច្ចសីល និមន្តព្រះសង្ឃទ្រង់បិណ្ឌបាត វេរភត្តប្រគេនព្រះសង្ឃ និង ព្រះសង្ឃសម្ដែង ធម៌ទេសនា ជាដើម ។
នៅថ្ងៃទី ៣ ខែ កញ្ញា វេលាម៉ោង ១ រសៀល ព្រះសង្ឃ ប្រមាណ ២០ អង្គ និង គណ:កម្មការវត្ត រួមទាំងពុទ្ធបរិស័ទ បានប្រកាសតែងតាំងជាឱឡារិក និង ព្រះសង្ឃបាន សូត្រជយន្តោជាកិច្ចចម្រើនជយមង្គល ប្រគេន ចំពោះ ភិក្ខុ យ័ញ ទោន ដែល បានតែង តាំងជាព្រះចៅអធិការវត្ត, ភិក្ខុ សួន បូរ៉ា ជាព្រះគ្រូពហុស្សូតស្តាំ និង ភិក្ខុ គឹម មឿន ជាព្រះគ្រូពហុស្សូតឆ្វេង នៃវត្តសុរិយារង្សីខ្មែរក្រោម ។
វត្តសុរិយារង្សីខ្មែរក្រោម បានកសាងឡើង នៅឆ្នាំ ១៩៩៣ ដោយមានសង្ឃ និង គណ:កម្មការវត្ត បន្តវេនគ្នាដឹកនាំកសាងវត្តមួយនេះ ជាហូរហែមក ។ រយៈពេល ៧ ឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ ភិក្ខុ យ័ញ ទោន និងមានការជួយជ្រោមជ្រែងពី ភិក្ខុ សង្ឃនៅក្នុងវត្ត ព្រមទាំងពុទ្ធបរិស័ទ បានធ្វើឱ្យវត្តសុរិយារង្សីខ្មែរក្រោម មានការរីកចំរើន ជានិច្ច ។ ថ្មីៗនេះ វត្តបានទិញអគារមួយខ្នងធំដ៏ស្កឹមស្កៃជាប់របងវត្ត បន្ថែមទៀត ដែល មាន តម្លៃជាង ៣០ ម៉ឺនដុល្លារ ទុកជាសម្បត្តិរបស់វត្ត ។
បន្ទាប់ពីបាន ទទួលការតែងតាំងរួច នៅចំពោះព្រះភក្ត្រព្រះសង្ឃ និង ចំពោះមុខពុទ្ធបរិស័ទ ភិក្ខុ យ័ញ តូន ជាព្រះចៅអធិការវត្ត, ភិក្ខុ សួន បូរ៉ា ជាព្រះពហុស្សូតស្តាំ និង ភិក្ខុ គឹម មឿន ជាព្រះពហុស្សូតឆ្វេង បានប្តេជ្ញាចិត្តជាឱឡារិកថា នឹងរួមសាមគ្គីគ្នាជាថ្លុងមួយ និង សហការជាមួយនឹងគណ:កម្មការវត្ត ខិតខំកសាង និង ថែរក្សាការពារវត្ត និងសង្គមឱ្យមាន ការរីកចំរើនតរៀងទៅមុខ ដើម្បីជាប្រយោជន៍ដល់ព្រះពុទ្ធសាសនា និង សង្គមជាតិ ។
សូមបញ្ជាក់ថា ភិក្ខុ យ័ញ តូន ប្រសូត ឆ្នាំ ១៩៨១ ស្រុកកំណើត នៅខេត្តពលលាវ ញោម ប្រុសឈ្មោះ យ័ញ ញ៉ាល ញោមស្រីឈ្មោះ ធី អូន ។ ភិក្ខុ គឹម មឿន ប្រសូតឆ្នាំ ១៩៨៥ នៅខេត្តឃ្លាំង ញោមប្រុសឈ្មោះ គឹម អឿន ញោមស្រី ឈ្មោះ ត្រឹង ធី វេត ។ ព្រះសង្ឃទាំង ពីរអង្គនេះ ត្រូវរដ្ឋាភិបាលយួនចាប់ផ្សឹក និងដាក់ពន្ធនាគារអស់ ៤ ឆ្នាំ ដោយសារធ្វើបាតុ កម្មទាមទារឲ្យរដ្ឋាភិបាលវៀតណាម គោរពសិទ្ធិខ្មែរ នៅដែនដីកម្ពុជាក្រោម ។ បន្ទាប់ពី បាន ចេញពីពន្ធនាគារ ព្រះអង្គទាំងពីរបានភៀសខ្លួនទៅ ប្រទេសថៃ ហើយត្រូវបាន អគ្គ ស្នង ការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បញ្ជូនទៅតាំង ទី លំនៅ នាប្រទេសស៊ុយអែត ជាប្រទេសមួយនៅទ្វីបអឺរ៉ុប ។ ក្រោយមក ព្រះអង្គបានប្ដូរទីលំ នៅមក នៅសហរដ្ឋអាមេរិក វិញ ។ ចំណែក ភិក្ខុ សួន បូរ៉ា បួសនៅវត្តដើមអម្ពិល ស្រុក ជ្រោយញរ ខេត្តឃ្លាំង បានភៀសខ្លួនទៅប្រទេសកម្ពុជា ដោយសារចូលរួមធ្វើបាតុកម្ម ក្នុង ព្រឹត្តិការណ៍ ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០០៧ ដូចព្រះសង្ឃទាំងពីរអង្គខាងលើដែរ ។ មុនពេលបានទទួលតំណែងជាព្រះពហុស្សូតស្ដាំ នៃវត្តសុរិយារង្សីខ្មែរក្រោម នៅសហរដ្ឋ អាមេរិក ព្រះអង្គធ្លាប់បានទៅតាំងទីលំនៅ នាប្រទេសអូស្ត្រាលីអស់មួយរយៈ នាពេល កន្លងមក ៕