ប្រវត្តិ ភិក្ខុ ថាច់ ខាន់ ព្រះពហូស្សូតឆ្វេង វត្តសាមគ្គីរង្សី

188

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

ភិក្ខុ ថាច់ ខាន់ ប្រសូត ឆ្នាំ ១៩៨១ នៅ​ខេត្ត​ឃ្លាំង ដែនដី​កម្ពុជា​ក្រោម ជា​ព្រះ​ពហូស្សូត​ឆ្វេង វត្ត​សាមគ្គី​រង្សី នាទី​ក្រុងភ្នំពេញ ប្រទេស​កម្ពុជា និង​ត្រូវបាន​សាមណេរ លី ទឹង ចាក់​នឹង​កូនកាំបិត​ចិតបន្លែ​ឲ្យ​សុគត ក្នុងករណី​ទាស់​គ្នា​រឿង​វិន័យ​ក្នុង​វត្ត​កាលពី​ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៥ ។

ព្រះឆាយាលក្ខណ៍ ភិក្ខុ ថាច់ ខាន់ នៅក្នុងកម្មវិធីបុណ្យឈាបនកិច្ច នៅក្នុងវត្តសាមគ្គីរង្សី ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៥ ។ រូបថត សឺន ចែងចើន
ព្រះឆាយាលក្ខណ៍ ភិក្ខុ ថាច់ ខាន់ នៅក្នុងកម្មវិធីបុណ្យឈាបនកិច្ច នៅក្នុងវត្តសាមគ្គីរង្សី ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៥ ។ រូបថត សឺន ចែងចើន

​ភិក្ខុ ថាច់ ខាន់ ប្រសូត​នៅ​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ១៩៨១ នៅ​ភូមិ​ដើម​ជ្រៃ ឃុំ​ដើម​ពោធិ៍ ស្រុក​ខ្សាច់ ខេត្ត​ឃ្លាំង កម្ពុជា​ក្រោម ។ ព្រះ​អង្គជា​កូន​របស់​លោកតា ថាច់ ជឿ​ង និង លោកយាយ ថាច់ ធី ទឺ ។ ព្រះអង្គ​មាន​បង ប្អូន​រួម​ផ្ទៃ​ទាំងអស់ ៨ នាក់ គឺ ប្រុស ៥ នាក់ ស្រី ៣ នាក់ ។​

​ឆ្នាំ ១៩៩៦ ភិក្ខុ ថាច់ ខាន់ បាន​បួស​ជា​សាមណេរ នៅក្នុង​វត្ត​ផ្នោ​រកា ភូមិ​ផ្នោ​រកា ស្រុក​កំពង់ធំ ខេត្ត​ឃ្លាំង និង​បាន បំពេញ​ឧបសម្បទា​ជា​ភិក្ខុ នៅក្នុង​ឆ្នាំ ២០០២ ក្នុង​សំណាក់​ព្រះ​ឧបជ្ឈាយ៍​ព្រះនាម ថាច់ សរ នា​វត្ត​ចម្ប៉ា​វនា​រាម ។​

ឆ្នាំ ២០០៦ ព្រះអង្គ​បាន​និមន្ត​ពី​កម្ពុជា​ក្រោម​ឡើងមក​ប្រទេស​កម្ពុជា​ដើម្បី​បន្ត​ការសិក្សា ។ នៅ​ប្រទេស​កម្ពុជា ព្រះអង្គ​បានមក​ស្នាក់អាស្រ័យ​នៅក្នុង​វត្ត​សាមគ្គី​រង្សី ស្ថិតនៅ​ភូមិ​ទ្រា ២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​លុះដល់​ឆ្នាំ ២០០៨ ព្រះអង្គ​ក៏បាន​ភៀស​ព្រះកាយ​ទៅសុំ​សិទ្ធិ​ជ្រកកោន​នយោបាយ​នៅ​ឧ​ត្ត​ម​ស្នងការ​អង្គការ សហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន ហៅ​កាត់​ថា (UNHCR) ប្រចាំ​ទីក្រុង​បាងកក ប្រទេស​ថៃ ក្រោយពី ព្រឹត្តិការណ៍​ព្រះសង្ឃ​ខ្មែរក្រោម​ធ្វើបាតុកម្ម​មុខ​ស្ថានទូត​វៀតណាម​ទាមទារ​ឲ្យ​ដោះលែង​ព្រះតេជព្រះគុណ ទឹម សា​ខន កាលពី​ឆ្នាំ ២០០៧ ។​

ឆ្នាំ ២០១០ ព្រះអង្គ​បាន​វិលត្រឡប់​ពី​ប្រទេស​ថៃ មក​ប្រទេស​កម្ពុជា​វិញ ហើយ​បាន​ស្នាក់នៅ​ក្នុង​វត្ត​សាមគ្គី​រង្សី ជា​លើក​ទី ២ ។ ក្នុងអំឡុងពេល​ស្នាក់នៅ​វត្ត​មួយ​នេះ ព្រះអង្គ​ត្រូវបាន​គណៈកម្មការ និង​ព្រះចៅអធិការ​វត្ត​តែងតាំង ជា​ព្រះ​ពហូស្សូត​ឆ្វេង​ក្នុង​ឆ្នាំ ២០១៣ ទទួលបន្ទុក​ផ្នែក​អាគន្តុកៈ ។​

​ថ្មីៗ​នេះ​ព្រះអង្គ​ត្រូវបាន​លេខាធិការដ្ឋាន​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា តែងតាំង​ជាម​ន្ត្រី​បច្ចេកទេស​នៃ​ការិយាល័យ​ទទួលបន្ទុក​ផ្នែក​សាសនា និង​វប្បធម៌ ។​

​ក្រោយពី​បានមក​មក​ស្នាក់នៅ​វត្ត​សាមគ្គី​រង្សី ជា​លើក​ទី ២ ព្រះអង្គ​តែង​ចូលរួម​សកម្មភាព​ធ្វើ​ការតវ៉ា​ក្នុងសង្គម​ខ្មែរ ជាច្រើន​ទាក់ទិន​នឹង​បញ្ហា​ជម្លោះដីធ្លី សិទ្ធិមនុស្ស និង​ការចូលរួម​តវ៉ា​នៅមុខ​ស្ថានទូត​វៀតណាម ទាក់ទង​ការ​បំភ្លៃ ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម នាពេល​កន្លងមក ។​

​នៅ​ព្រឹកថ្ងៃ​ចន្ទ ៨ រោច ខែបុស្ស ឆ្នាំ មមី ឆស័ក ពុទ្ធសករាជ ២៥៥៨ ត្រូវ​នឹង​ថ្ងៃ ទី ១២ ខែមករា គ្រឹស​សករាជ ២០១៥ ភិក្ខុ ថាច់ ខាន់ ត្រូវ​ព្រះសង្ឃ​វ័យក្មេង​ឈ្មោះ លី ទឹង ជា​ព្រះសង្ឃ​ខ្មែរក្រោម​មកពី​ខេត្ត​ឃ្លាំង ចាក់​នឹង​កាំបិត​ចិត​ផ្លែឈើ​ចំ​កញ្ចឹងក និង​ត្រូវ​ដៃ បណ្តាល​ឲ្យ​រងគ្រោះ​ដល់​បាត់បង់​ជីវិត នៅពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ក្នុង​ជម្លោះ​រឿង​វិន័យ​នៅក្នុង​វត្ត ។​

​អ្នក​សម្លាប់​អាច​នឹង​ជាប់គុក​ពី ៧ ទៅ ១៥ ឆ្នាំ​៖

​នៅ​ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៥ អតីត​សាមណេរ​ឈ្មោះ លី ទឹង អាយុ ១៧ ឆ្នាំ ដែលជា​អ្នក​បាន​ចាក់​សម្លាប់​ភិក្ខុ ថាច់ ខាន់ ឲ្យ​សុគត​នោះ ត្រូវបាន​តុលាការ​ខ្មែរ​ចោទប្រកាន់​ពីបទ «​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស​» តាម​មាត្រា ២២៤ នៃ​ក្រមព្រហ្មទណ្ឌ​ដែល​នឹង​អាច​ជាប់ពន្ធនាគារ​រហូត​ដល់ ១៥ ឆ្នាំ ហើយ​បញ្ជូនទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស នៅ​ថ្ងៃ​ដដែល ។​

ប៉ូ​លិស​អូស​ដៃ​អតីត​សង្ឃដែល​ធ្វើ​គត​់​គ្រូ​សូត្រ​ឆ្វេង​ វត្ត​​សាមគ្គីរង្សី ទៅឃុំ​នៅ​គុកព្រៃស​ ។ រូបថត៖ ភ្នំពេញប៉ុស្តិ៍
ប៉ូ​លិស​អូស​ដៃ​អតីត​សង្ឃដែល​ធ្វើ​គត​់​គ្រូ​សូត្រ​ឆ្វេង​ វត្ត​​សាមគ្គីរង្សី ទៅឃុំ​នៅ​គុកព្រៃស​ ។ រូបថត៖ ភ្នំពេញប៉ុស្តិ៍

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​ស្រង់​សម្ដី លោក ជា ម៉េ​ត ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង នៅ​ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៥ ថា ជនដៃដល់​ឈ្មោះ លី ទឹង អាយុ ១៧ ឆ្នាំ ត្រូវ​ចៅក្រម​សម្រេច​ឃុំខ្លួន​នៅ​ពន្ធ នាគារ ក្រោយពី​បានបញ្ចប់​ការសាកសួរ​កាលពី​រសៀល​ថ្ងៃ​ពុធ ទី ១៤ ខែមករា ។ លោក ជា ម៉េ​ត ថា លោក​បានសម្រេច​ចោទប្រកាន់​ជនដៃដល់​រួចហើយ និង​ថា បទ​ចោទ​មួយ​នេះ ដូចនឹង​អ្វីដែល​នគរបាល​ខណ្ឌមានជ័យ បានធ្វើការ​ចោទប្រកាន់​ជាបឋម​ដែរ ដែល​អាច​នឹង​ជាប់ពន្ធនាគារ​ពី ៧ ដល់ ១៥ ឆ្នាំ ៕​

ឯកសារយោង៖

Comments are closed.