របបក្រុងហាណូយប្រតិកម្មនឹងអាមេរិក ដែលបានដាក់ប្រទេសខ្លួនក្នុង «បញ្ជីឃ្លាំមើលពិសេស» ករណីរំលោភបំពានលើសេរីភាពសាសនា
ដោយ ស៊ឺន ចែងចើន
ក្រសួងការបរទេស នៃ បក្សកុម្មុយនិស្តវៀតណាម បានចេញមុខការពារមុខមាត់របស់របបក្រុងហាណូយ ដោយប្រឆាំងទៅនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលបានដាក់ប្រទេសខ្លួន ចូលក្នុង «បញ្ជីឃ្លាំមើលពិសេស» ពីបទចូលរួម និងការរំលោភបំពានជាទម្ងន់ លើសេរីភាពសាសនា ។

ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) បានដកស្រង់សម្តី អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម លោកស្រី ផាម ធូហាំង (Phạm Thu Hằng) ដែលថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់ក្រសួងការបរទេសវៀតណាម នៅរដ្ឋធានីហាណូយ កាលពីថ្ងៃព្រហស្បតិ៍ទី ១៥ ខែធ្នូ កន្លងទៅថា «គោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់វៀតណាម គឺគោរព និងធានាសិទ្ធិមនុស្ស ក៏ដូចជាសិទ្ធិសេរីភាពខាងជំនឿសាសនារបស់ប្រជាជន» ។
លោកស្រី ផាម ធូហាំង បានច្រានចោល និងហៅការសម្រេចចិត្តរបស់អាមេរិកនោះថា ធ្វើឡើងដោយ មិនមានព័ត៌មានត្រឹមត្រូវ និងវាយតម្លៃដោយគ្មានមូលដ្ឋានច្បាស់លាស់ ។ លោកស្រីថ្លែងថា «សេរីភាពនេះ ត្រូវបានចែង នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ហើយបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធរបស់វៀតណាម ត្រូវបានធានា និងគោរពក្នុងជីវភាពជាក់ស្ដែង» ។
អ្នកនាំពាក្យក្រសួងការបរទេសរូបនេះ បន្ថែមថា វៀតណាម បានខិតខំប្រឹងប្រែង ដោយឥតឈប់ឈរ ដើម្បីកែលម្អនូវប្រព័ន្ធច្បាប់ គោលនយោបាយ ស្តីពីជំនឿសាសនា ។ រាល់ការខិតខំប្រឹងប្រែង និងសមិទ្ធិផលរបស់វៀតណាម ក្នុងការធានាសិទ្ធិមនុស្ស និងធានាសេរីភាពខាងជំនឿសាសនា សម្រាប់ប្រជាជន ហើយត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់យ៉ាងទូលំទូលាយ ។
ស្ថាប័នដដែលរបស់របបក្រុងហាណូយ សង្កត់ធ្ងន់ថា «ការណ៍ដែលអាមេរិក បានដាក់បញ្ចូលវៀតណាម ក្នុង «បញ្ជីឃ្លាំមើលពិសេស» ទាក់ទងនឹងសេរីភាពសាសនា គឺផ្អែកលើការវាយតម្លៃដោយខ្វះភាពអត្តនោម័ត និងការទទួលព័ត៌មានមិនពិត អំពីស្ថានភាពសេរីភាពសាសនា និងជំនឿរបស់វៀតណាម» ។
ទោះបីជាបែបនេះក្ដី មន្រ្តីតំណាងឲ្យរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម លោកស្រី Pham Thu Hang ហាក់បន្ទន់ជំហរបន្តិច ដោយលោកស្រីបានលើកឡើងថា វៀតណាម ត្រៀមខ្លួនជាស្រេច ដើម្បីពិភាក្សាជាមួយសហរដ្ឋអាមេរិក លើបញ្ហាដែលនាំមកនូវផលប្រយោជន៍ទៅវិញទៅមក ដោយឈរលើស្មារតីស្មោះត្រង់ បើកចំហ និងការគោរពគ្នាទៅវិញទៅមក រួមចំណែកក្នុងការជំរុញទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ។
គួរជម្រាបជូនថា ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២២ បានដាក់ប្រទេសវៀតណាម ក្នុង «បញ្ជីឃ្លាំមើលពិសេស» (Special Watch List) នៃ ប្រទេស ដែលរំលោភ និងអនុញ្ញាតឲ្យមានការរំលោភសិទិ្ធសេរីភាពសាសនា ។

របាយការណ៍សេរីភាពសាសនារបស់ក្រសួងការបរទេសអាមេរិក សម្រាប់ឆ្នាំ ២០២១ ចេញផ្សាយកាលពីខែមិថុនា ហើយវិទ្យុអាស៊ីសេរី ផ្នែកខេមរភាសា បានដកស្រង់ចំណុចសំខាន់ៗ ក្នុងរបាយការណ៍នោះ យកមកផ្សាយក្នុងន័យដើមថា «រដ្ឋធម្មនុញ្ញវៀតណាម អនុញ្ញាតឲ្យពលរដ្ឋមានសិទ្ធិជ្រើសរើសជំនឿ និងសាសនា ប៉ុន្តែ ច្បាប់វៀតណាម ក៏អនុញ្ញតឲ្យអាជ្ញាធរដាក់កំហិតលើការប្រតិបត្តិសេរីភាពសាសនា ដោយសំអាងលើបញ្ហាសន្តិសុខជាតិ និងរបៀបរៀបរយសង្គម ។ របាយការណ៍ឲ្យដឹងទៀតថា មេដឹកនាំសាសនាដែលវៀតណាម មិនទទួលស្គាល់ តែងតែរងការធ្វើទុក្ខបុកម្នេញ រួមទាំងការចាប់ដាក់ពន្ធនាគារ និងទទួលរងអំពើហិង្សាជាដើម ។ ស្ថានភាពសេរីភាពសាសនាវៀតណាម សម្រាប់ឆ្នាំ ២០២០ និង ២០១៩ មានលក្ខណៈស្រដៀងគ្នាដែរ គឺរដ្ឋាភិបាលវៀតណាម នៅតែសកម្មក្នុងការធ្វើទុក្ខបុកម្នេញសេរីភាពផ្នែកសាសនា លើក្រុមសហគមន៍ជនជាតិដើម រួមមាន ក្រុមម៉ុងតាញ៉ា ជាដើម» ៕