វៀតណាម​រំឭក​ខួប ៦៩ ឆ្នាំ​ថ្ងៃ​ឯករាជ្យ​លើ​គំនរ​ទុក្ខ​ខ្មែរក្រោម​

216

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​

​នៅ​ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០១៤ នេះ ប្រទេស​វៀតណាម​បាន​រំឭក​ខួប ៦៩ ឆ្នាំ ទិវា​បុណ្យជាតិ ថ្ងៃ​ដែល ហូ ជី មិញ បានប្រកាស​បង្កើត​ប្រទេស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វៀតណាម (Việt Nam Dân chủ Cộng Hòa) ដែល​សព្វ ថ្ងៃជា​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម (Cộng Hòa Xã hội Chủ Nghĩa Việt Nam) ។ សេចក្ដីប្រកាស​នេះ បានធ្វើ​ឲ្យ​ជនជាតិ​យួន និង​ជនជាតិដើម​នានា​នៅ​វៀតណាម ព្រមទាំង​ខ្មែរក្រោម​ខ្លះ​ដែល​និយម​កុ​ម្មុនិ​ស្ត​បាន​ក្រោក ឡើង​ជាមួយ​បក្សកុម្មុយនិស្ត​វៀតណាម ប្រឆាំងនឹង​របប​អាណានិគម​បារាំង ដើម្បី​រំដោះខ្លួន​ចេញពី​អាណានិគម ហើយ​សង្ឃឹមថា នឹង​បានទទួល​សិទ្ធិសេរីភាព​សម្រាប់​ជនជាតិ​របស់ខ្លួន​រៀងៗ​ខ្លួន ។ តែ​ក្រោយពី​បារាំង និង​អាមេរិក បាន​ដក​អាណានិគម​ចេញពី​វៀតណាម និង​ដែនដី​កម្ពុជា​ក្រោម នោះ ពលរដ្ឋ​ខ្មែរក្រោម​ម្ចាស់​ស្រុក​ត្រូវបាន​ក្លាយជា ជនជាតិភាគតិច​រស់​នៅក្រោម​នឹម​អាណានិគម​យួន​កុ​ម្មុយ​និ​ស្ត ទៅវិញ ។  មកដល់​ឆ្នាំ ២០១៤ នេះ មាន​រយៈពេល ៣៩ ឆ្នាំ ហើយ ដែល​ខ្មែរក្រោម​រស់នៅ​ក្រោម​នឹក​អាណានិគម​កុ​ម្មុយ​និ​ស្ត​វៀតណាម ក្រោយពី​របប​មួយ​នេះ​បាន​ចូល កាន់កាប់​ដែនដី​កម្ពុជា​ក្រោម កាលពី ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៧៥ ។ ជីវិត​រស់នៅ​ក្រោម​នឹម​អាណានិគម​កុ​ម្មុយ និ​ស្ត​យួន  ខ្មែរក្រោម​ជិត​រលាយ​ពូជសាសន៍​ហើយ ព្រោះ​គោលនយោបាយ​រំលាយ​ជាតិ​សាសន៍ ពី​រដ្ឋាភិបាល​វៀត ណា​ម សព្វថ្ងៃ ។​

អ្នកភូមិព្រៃជាប់ ដែលត្រូវតុលាការវៀតណាមផ្តន្ទាទោស កាល ពី ថ្ងៃ ២៥ ខែកញ្ញា ឆ្នាំ ២០១៣ ។
អ្នកភូមិព្រៃជាប់ ដែលត្រូវតុលាការវៀតណាមផ្តន្ទាទោស កាល ពី ថ្ងៃ ២៥ ខែកញ្ញា ឆ្នាំ ២០១៣ ។

​កាលពី​ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ លោក ហូ ជី មិញ ក្នុងនាម​ជា​ប្រធាន​រដ្ឋ​បាន​អាន​សេចក្ដីប្រកាស​បង្កើត​ប្រ ទេស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វៀតណាម ។ សេចក្ដីប្រកាស​ឯករាជ្យ​នេះ  បាន​ដកស្រង់​នូវ​ឃ្លា​ដ៏​សំខាន់​មួយ ពី​សេចក្ដីប្រកាស​ឯករាជ្យរ​បស់​សហរដ្ឋអាមេរិក នៅ​ឆ្នាំ ១៧៧៦ ដែលមាន​សេចក្ដី​ថា​៖“ មនុស្ស​គ្រប់រូប កើតមក​មាន សិទ្ធិ​ស្មើគ្នា  ធម្មជាតិ​បង្កើតបាន​បង្កើត​ឲ្យ​ពួកគេ​មាន​សិទ្ធិ​ដែល​មិនមាន​បុគ្គល​ណា​ម្នាក់​អាច​ប៉ះពាល់​បានឡើយ ។ ក្នុង​សិទ្ធិ​ទាំងនោះ  មាន​សិទ្ធិ​រស់រានមានជីវិត  សិទ្ធិសេរីភាព និង​សិទ្ធិ​ក្នុងការ​ស្វែងរក​សុភមង្គល​” ។​

​សេចក្ដីប្រកាស​ឯករាជ្យ​របស់ លោក ហូ ជី មិញ នៅ​សួនច្បារ​បា​ដិ​ន (Quảng trường Ba Đình) កាលពី ៦៩ ឆ្នាំ មុននេះ ក៏បាន​ដកស្រង់​នូវ​ឃ្លា​ដ៏​សំខាន់​មួយ​របស់​ប្រកាស​ស្ដីពី​សិទ្ធិមនុស្ស និង​សិទ្ធិ​ពលរដ្ឋ​របស់​បដិវត្ត​ន៍​បារាំង នៅ ឆ្នាំ ១៧៩១ ថា​៖ “​មនុស្ស​កើតមក​មាន​សេរីភាព និង​មាន​សិទ្ធិ​ស្មើគ្នា​ខាង​ផលប្រយោជន៍ ហើយ​ជានិច្ចកាល​ត្រូវមាន សេរីភាព និង​ស្មើភាព​គ្នា​ខាង​ប្រយោជន៍​” ។​

​ចំណុច​សំខាន់​ដែល ហូ ជី មិញ បានលើកឡើង​នៅក្នុង​សេចក្ដីប្រកាស​ឯករាជ្យ​នេះ បាន​ថ្កោលទោស​របប​អាណា និគម​បារាំង​ដែល​បានធ្វើ​អាណានិគម​លើ​ប្រទេស​វៀតណាម​អស់​រយៈពេល ៨០ ឆ្នាំ បាន​ប្លន់​ទាំងស្រុង​នូវ​សិទ្ធិ​ជា មូលដ្ឋាន​របស់​ពលរ​ដ្ឋ​វៀតណាម បាន​រឹប​យក​ផលប្រយោជន៍​ពី​ពលរដ្ឋ​ដល់​ខួរឆ្អឹង និង​បាន​អនុវត្ត​នូវ​គោ​លន​យោ បាយ​ធ្វើ​ឲ្យ​ពលរដ្ឋ​ល្ងង់ ដើម្បី​ត្រួតត្រា ជាដើម ។

បក្សកុម្មុយនិស្ត​វៀតណាម ក៏បាន​ថ្កោលទោស​ដល់​របប​អាណានិគមនិយម និង​ប្រទេស​មហាអំណាច​ដែល​ប្រកាន់ យក​របប​មូលធននិយម​ថា គិតតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន មិនបាន​គិតដល់​មនោ​ស​ញ្ចេ​ត​នា​របស់​មនុស្ស​ជាតិ ឡើយ ។ បក្ស​កុ​ម្មុយ​យួន​ក៏បាន​លើកឡើង​នូវ​ទង់​រំដោះវណ្ណៈ​កម្មករ និង​កសិករ​ដើម្បី​រើខ្លួន​ចេញពី​អាណានិគម​នៃ ពួក​មូលធននិយម ។​

​រហូតមកទល់​ពេលនេះ គួរ​ណាស់​ខ្មែរក្រោម​សម​នឹង​បានទទួល​នូវ​សិទ្ធិសេរីភាព​ស្មើភាព​គ្នា​នឹង​ជនជាតិ​យួន ដូច​អ្វី ដែល ហូ ជី មិញ បាន​ថ្លែង​នៅក្នុង​សេចក្ដីប្រកាស​ឯករាជ្យរ​បស់​ខ្លួន​ដែល​បាន​ចែងថា “​មនុស្ស​គ្រប់រូប កើតមក​មាន សិទ្ធិ​ស្មើគ្នា​” ។ ផ្ទុយ​ពីនេះ ពលរដ្ឋ​ខ្មែរក្រោម ត្រូវបាន​រដ្ឋាភិបាល​វៀ​ត​ណា​ម​សព្វថ្ងៃ រំលោភសិទ្ធិ​សេរី​ភាពជា​មូលដ្ឋាន ហើយ​ធ្វើបាន​ទុក្ខ​បុក​ម្នេញ​គ្រប់​រូបភាព​ក្នុង​គោលបំណង​រំលាយ​ពូជសាសន៍​ខ្មែរ​ឲ្យ​រលាយ​ពី​ដែនដី​កម្ពុជា​ក្រោម ។

​រដ្ឋាភិបាល​អាណានិគម​យួន មិនបាន​បង្កើត​សាលារៀន​ខ្មែរ​នៅតាម​ភូមិ​ស្រុក​ឲ្យ​កូនចៅ​ខ្មែរក្រោម​បាន​រៀនសូត្រ​អក្សរ សាស្ត្រ​ជាតិ​របស់ខ្លួន​ទេ តែ​បែរជា​បង្កើត​សាលារៀន​យួន​ឲ្យ​ពួកគេ​រៀនអក្សរ និង​ភាសាជាតិ​យួន​ជំនួស​ឲ្យ​អក្សរ និង ភាសា​ខ្មែរ វិញ ។  នេះ​ជា​នយោបាយ​មួយ ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​មិនចេះ​អក្សរសាស្ត្រ និង​ភាសា​ជាតិខ្មែរ​របស់ខ្លួន ហើយ​ក្លាយទៅជា​ជនជាតិ​យួន​បន្តិច​ម្ដងៗ ដោយ​មិនដឹង​ខ្លួន ។

អង្គសវនាការជំនុំជម្រះក្ដីព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម នៅខេត្តឃ្លាំង ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៣ ។
អង្គសវនាការជំនុំជម្រះក្ដីព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម នៅខេត្តឃ្លាំង ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៣ ។

រដ្ឋាភិបាល​អាណានិគម​យួន ចេញមុខ​ត្រង់ៗ​ចាប់​ផ្សឹក​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ដាក់គុក​ធ្វើ​ទារុណកម្ម​ជា​បន្ត បន្ទាប់ ចំពោះ​ព្រះសង្ឃ និង​ពលរដ្ឋ​រូប​ណា​ដែលមាន​គំនិត​ជាតិនិយម ហើយ​ហ៊ាន​តវ៉ា និង​បញ្ចេញមតិ​ទាក់ទង​នឹង រឿង​ជាតិ​របស់ខ្លួន ដូចជា​ករណី ព្រះតេជព្រះគុណ ថាច់ ធឿន និង ព្រះតេជព្រះគុណ លីវ នី ជាដើម ។​

​រដ្ឋាភិបាល​អាណានិគម​យួន ព្យាយាម​លុបបំបាត់​ប្រវត្តិសាស្ត្រ​ដែនដី​កម្ពុជា​ក្រោម ដោយ​វិធី​ចាប់​ដាក់គុក​ពលរដ្ឋ​ខ្មែរ ក្រោម​រូប​ណា​ដែល​ហ៊ាន​និយាយ​អំពី​ប្រវត្តិសាស្ត្រ​ជាតិ​របស់ខ្លួន  ហើយ​បាន​លុបបំបាត់​ឈ្មោះ​ភូមិសាស្ត្រ​នៃ​ដែនដី កម្ពុជា​ក្រោម​ពី​ភាសា​ខ្មែរ​ទៅជា​ភាសា​យួន ដើម្បី​ឲ្យ​កូនចៅ​ខ្មែរក្រោម​ជំនាន់​ក្រោយ​លែង​ស្គាល់​ឫសគល់​របស់ខ្លួន​ថា កម្ពុជា​ក្រោម ជា​ទឹកដី​របស់​ខ្មែរ ហើយ​ត្រូវបាន​ជនជាតិ​យួន​មក​ធ្វើ​អាណានិគម ។

​រដ្ឋាភិបាល​អាណានិគម​យួន បានធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​កាន់តែ​ក្រ​ខ្វះខាត​អត់ឃ្លាន ហើយ​កាន់តែ​ល្ងង់ ដើម្បី​ងាយ ស្រួល​ត្រួតត្រា និង​បង្គាប់បញ្ជា​ឲ្យ​ធ្វើ​អ្វីដែល​គេ​ចង់បាន ។ ភាពអត់ឃ្លាន និង​បញ្ហា​ក្រីក្រ​បាន​ជម្រុញ​ឲ្យ​យុវជន​ខ្មែរ ក្រោម​ជាច្រើន បង្ខំចិត្ត​ធ្វើ​ចំណាកស្រុក​ទៅ​ស៊ីឈ្នួល​ចិន​យួន​នៅ​ព្រៃនគរ ដែលជា​កត្តា​មួយ​ធ្វើ​ឲ្យ​អ្នក​ទាំងនេះ​រសាយ ពី​វប្បធម៌​ជាតិ​របស់ខ្លួន​បន្តិច​ម្ដងៗ  ហើយ​ពួកគេ​អាច​នឹង​ក្លាយទៅជា​ជនជាតិ​យួន​ដោយ​មូលហេតុ​ផ្សេងៗ​នៅពេល អនាគត​ជាក់​ជាមិនខាន ។​
​រដ្ឋាភិបាល​អាណានិគម​យួន  ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ល្ងង់ខ្លៅ​ដោយ​មិនបាន​អនុញ្ញាត​ឲ្យ​មាន​បង្កើត​ស្ថាប័ន​ទូរទស្សន៍  កាសែត និង​វិទ្យុ​ឯកជន​ដែលជា​សំឡេង​តំណាង​ឲ្យ​ខ្មែរក្រោម​ពិតប្រាកដ​ឡើយ  មានតែ​ទូរទស្សន៍ វិទ្យុ និង​កាសែត ឃោសនា​របស់​បក្សកុម្មុយនិស្ត​យួន​សម្រាប់​បំភ្លៃ​ប្រវត្តិសាស្ត្រ និង​សម្រាប់​បំពេរ​ឲ្យ​ខ្មែរក្រោម​លង់លក់​នៅក្នុង​ការ ត្រួតត្រា​របស់ខ្លួន​តែប៉ុណ្ណោះ ។​

​ទោះបី ហូ ជី មិញ បានប្រកាស​ឯករាជ្យ​មកដល់ពេលនេះ មាន​រយៈពេល ៦៩ ឆ្នាំ​ហើយ​ក្ដី វា​មិនបាន​នាំមក​នូវ​ប្រ យោជន៍​អ្វី​ដល់​ពលរដ្ឋ​ខ្មែរក្រោម​ដែល​កំពុង​រស់នៅ​ក្រោម​នឹម​អាណានិគម​យួន​នៅ​ដែនដី​កម្ពុជា​ក្រោម​ឡើយ ។ រដ្ឋា ភិ​បាល​អាណានិគម​យួន​គិតតែ​ធ្វើ​អ្វី ដើម្បី​បំរើ​ផលប្រយោជន៍​ដល់​ជនជាតិ​យួន​របស់គេ​តែប៉ុណ្ណោះ ។  ដរាបណា រដ្ឋាភិបាល​វៀតណាម​នៅតែ​បន្តធ្វើ​នយោបាយ​បំរើ​តែ​ផលប្រយោជន៍​ជនជាតិ​យួន​គ្នាឯង ដោយ​មិនបាន​គិតគូរ​ពី ផលប្រយោជន៍​របស់​ព​ល​រដ្ឋ​ខ្មែរក្រោម​ម្ចាស់​ស្រុក​នៃ​កម្ពុជា​ក្រោម និង​ជនជាតិ​នានា​ក្នុងប្រទេស​វៀតណាម​នោះ ដែល​ខ្លួន​ត្រួតត្រា​នោះ សេចក្ដីប្រកាស​ឯករាជ្យ​របស់ ហូ ជី មិញ កាលពី ៦៩ ឆ្នាំ មុន​គ្រាន់តែ​ជា​សម្ដី​បោកប្រាស់ មួយ​តែប៉ុណ្ណោះ ៕

Comments are closed.