វៀតណាម​តែងតាំង​ខ្មែរក្រោម​ម្នាក់​ជា​មន្ត្រី​ស្ថានទូត​ប្រចាំ​កម្ពុជា​

250

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​

​រដ្ឋាភិបាល​វៀតណាម​ទើបតែ​តែងតាំង ពលរដ្ឋ​ខ្មែរក្រោម​ម្នាក់​ជា​អនុរដ្ឋលេខាធិការ ​នៃ​ក្រសួងការបរទេស ប្រចាំ ស្ថានទូត​វៀតណាម ក្នុងប្រទេស​កម្ពុជា ។ ការតែងតាំង​នេះ​ស្របពេល ខ្មែរក្រោម​នៅ​កម្ពុជា​កំពុងតែ​ទាមទារ ឲ្យ​មន្ត្រី​ស្ថានទូត​វៀតណាម​សុំទោស​ប្រជារាស្ត្រ​ខ្មែរ​ជា​សាធារណៈ និង​បើ​ពុំ​ដូច្នោះ​ទេ ពួកគេ​នឹងធ្វើ​បាតុកម្ម នៅមុខ​ស្ថានទូត ។​

លោក ថាច់ យឺ ។
លោក ថាច់ យឺ ។

​យោងតាម​លិខិត​តែងតាំង​មួយច្បាប់ របស់​រដ្ឋាភិបាល​បក្ស​កុ​ម្មុយ​និ​ស្ត​វៀតណាម ចុះ​ថ្ងៃ ទី ១៧ ខែមិថុនា ឆ្នាំ ២០១៤ ដោយ​នាយករដ្ឋមន្ត្រី​វៀតណាម ង្វៀង តឹង យ៉ុង (Nguyen Tan Dung) បានតែងតាំង លោក ថាច់ យឺ (Thach Du) ជា​អគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​ប្រទេស​កម្ពុជា ក្នុងតួនាទី​ អនុរដ្ឋលេខាធិការ ​នៃ​ក្រសួងការបរទេស ។

​យោងតាម​លិខិត​តែងតាំង​នេះ​ដដែល លោក ថាច់ យឺ បាន​ចូលកាន់​មុខតំណែង​នេះ ចាប់ពី​ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០១៤ នេះ​តទៅ ។​

​លោក ថាច់ យឺ ជា​នរណា ?

​លោក ថាច់ យឺ ជា​ពលរដ្ឋ​ខ្មែរក្រោម​ម្នាក់ កើត​នៅ​ថ្ងៃទី ២៥ ខែសីហា ឆ្នាំ​១៩៥៧ នៅ​ភូមិ​វាល​លាក់ ស្រុក​មាត់​សាមុទ្រ ខេត្ត​ព្រះ​ត្រពាំង (Xã Nguũ Lạc, huyện Duyên Hải , Trà Vinh) ។ នេះ​បើ​យោង តាម​ជីវប្រវត្តិ​សង្ខេប​របស់ លោក ថាច់ យឺ ដែល​បាន​ចុះផ្សាយ​នៅលើ​គេហទំព័រ​រដ្ឋសភា​នៃ​ប្រទេស​សា ធារ​ណ​រដ្ឋ​សង្គមនិយម​វៀតណាម ។​

​យោងតាម​ប្រភពព័ត៌មាន​ដដែល បាន​បញ្ជាក់ថា លោក ថាច់ យឺ មាន​កម្រិតសិក្សា​ថ្នាក់​បរិញ្ញាបត្រ​នយោបាយ តែ​មិនបាន​បញ្ជាក់ថា ចេញពី​សាលា​ណា​ទេ ។ ចំណែក​តួនាទី​របស់លោក​នៅក្នុង​រដ្ឋាភិបាល​បក្ស កុ​ម្មុយ​និ​ស្ត​វៀតណាម​វិញ មាន​ច្រើន​ស្អេកស្កះ តែ​ក្នុងនោះ មាន​តំណែង​មួយ​ជា មន្ត្រី​គណៈកម្មការ​ជនជាតិ នៃ​រដ្ឋសភា​វៀតណាម ដែល​ធ្វើការ​ជា​អចិន្ត្រៃយ៍​នៅ​ការិយាល័យ​តំណាង​រដ្ឋសភា និង គណៈកម្មការ​ប្រ ជា​ជន​ខេត្ត​ព្រះ​ត្រពាំង ដែល​ភាសា​យួន​ហៅថា ខេត្ត​ត្រា​វិញ ។​

​យោងតាម​ប្រភព​ដដែល បាន​បញ្ជាក់ថា លោក ថាច់ យឺ បាន​ចូល​ជា​សមាជិក​បក្សកុម្មុយនិស្ត​វៀតណាម ចាប់ពី​ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ១៩៨៥ បើ​គិត​មកទល់ពេលនេះ​មាន​រយៈពេល ២៩ ឆ្នាំ ហើយ ។

​ស្របពេល​ខ្មែរក្រោម​ទាមទារ​ឲ្យ​មន្ត្រី​ស្ថានទូត​វៀតណាម​សុំទោស​ខ្មែរ​៖

​ការតែងតាំង លោក ថាច់ យឺ ជា​មន្ត្រី​ស្ថានទូត​វៀតណាម ប្រចាំ​ប្រទេស​កម្ពុជា ក្នុងនាម​ជាអនុ រដ្ឋលេខាធិការ ​នៃ​ក្រសួងការបរទេស ​នេះ ស្រប​ពេលដែល​អង្គការ​ក្រៅ​រដ្ឋាភិបាល​របស់​ខ្មែរក្រោម​ដែលមាន​មូលដ្ឋាន​នៅ ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី ០៤ ខែមិថុនា កន្លងទៅនេះ ទើបតែ​បាន​ប្រារព្ធ​ខួប ៦៥ ឆ្នាំ នៃ​ទិវា​បារាំង កាត់​ដែនដី​កម្ពុជា​ក្រោម ឬ ដែនដី​កូស័ងស៊ីន ឲ្យ​វៀតណាម កាលពី​ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។

លិខិតតែងតាំង លោក ថាច់ យឺ ជាភាសាយួន ។
លិខិតតែងតាំង លោក ថាច់ យឺ ជាភាសាយួន ។

​ម្យ៉ាងទៀត ការតែងតាំង​នេះ ស្រប​ពេលដែល​អង្គការ​របស់​ខ្មែរក្រោម​ទាំងនេះ កំពុងតែ​ទាមទារ​ឲ្យ​មន្ត្រី​ស្ថាន ទូត​វៀតណាម​ប្រចាំ​កម្ពុជា​សុំទោស​ពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ ចំពោះ​សម្ដី​របស់ខ្លួន​ដែល​បាន​ពោលថា “​ទឹកដី​កម្ពុជា​ក្រោម​ជា​ទឹកដី​របស់​វៀតណាម​តាំងពី​យូរណាស់​មកហើយ​” ។ នៅ​ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១៤ តំណាង​អង្គការក្រៅរដ្ឋាភិបាល​ខ្មែរក្រោម​មួយ​ដែលមាន​ឈ្មោះថា “​លេខាធិការដ្ឋាន អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​” បានចេញ​លិខិត​មួយច្បាប់​ទ​ទួ​ច​ឲ្យ លោក ត្រឹង វ៉ាំ​ង ថុង អ្នកនាំពាក្យ ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា​សុំទោស​ពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ ។ បើ​ពុំ​ដូច្នោះ​ទេ​ពួកគេ​នឹងធ្វើ បាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម ។ សារលិខិត​នេះ​បាន​បញ្ជាក់ថា​៖

“​អង្គការ​-​សមាគម ខ្មែរ​កម្ពុជា​ក្រោម ខកចិត្ត​យ៉ាងខ្លាំង ចំពោះ​ការ​ថ្លែង​របស់លោក ត្រឹង វ៉ាន់ ថុង អ្នក​នាំពា ក្យ​ស្ថានទូត​វៀតណាម បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ​២០១៤ ថា “ បារាំង​មិន បាន​កាត់​ទឹកដី​កម្ពុជា​ក្រោម​ឲ្យ​វៀតណាម​ទេ តែ​កម្ពុជា​ក្រោម​ជា​ទឹកដី​របស់​វៀតណាម​តាំងពី​យូរយារ ណាស់​មកហើយ ព័ត៌មាន​បាត់បង់​ទឹកដី​គ្មានអ្វី​ជា​មូលដ្ឋាន​ទេ គ្មានអ្វី​ជា​ភស្តុតាង​ទេ​” ។ អង្គការ​-​សមាគម ខ្មែរ​កម្ពុជា​ក្រោម សុំ​ឲ្យ​លោក ត្រឹង វ៉ាន់​ថុង ឬ​រដ្ឋាភិបាល​វៀតណាម​បង្ហាញ់​ឯកសារ ពិត​ដែលថា បារាំង​មិនបាន​កាត់​ទឹកដី​កម្ពុជា​ក្រោម​ឲ្យ​វៀតណាម​ទេ និង​ឯកសារ​ដែលថា កម្ពុជា​ក្រោម​ជា​ទឹកដី របស់​វៀត ណា​ម​តាំងពី​យូរយារ​ណាស់​មកហើយ ។ បើ​គ្មាន​ឯកសារ​ណាមួយ​ជា មូលដ្ឋាន ឬ គ្មាន​ភស្តុ តាង មក​អំណះអំណាង​ទេ លោក ត្រឹង វ៉ាន់​ថុង ឬ​រដ្ឋាភិបាល​វៀតណាម ត្រូវតែ​សុំទោស​ប្រជារាស្ត្រ ខ្មែរ​ជា​សាធារណៈ ។ បើ​ពុំ​ដូច្នោះ​ទេ អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នឹង​ដឹកនាំ​ធ្វើ​មហា​បាតុកម្មអហិង្សា មួយ​ដ៏​ធំ​ប្រឆាំង​រដ្ឋាភិបាល​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម រហូតដល់​រដ្ឋាភិបាល​វៀតណាម​ព្រម ទ​ទូល​ស្គាល់​ប្រ​វិ​ត្តិ​សាស្ត្រ​ពិត​នៃ​ទឹកដី​កម្ពុជា​ក្រោម​” ៕
If you wan to clean your car use best steering wheel cleaner to make it new.

Comments are closed.