វៀតណាមបន្តឡោមព័ទ្ធវត្តដូនទ្រូ និង វត្តទឹកសាប នៅខេត្តឃ្លាំង
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
នៅព្រឹកថ្ងៃទី ០១ ខែកក្កដា នេះ រដ្ឋាភិបាលវៀតណាម បានចាប់ផ្ដើមចូលទៅបង្កអុកឡុក នៅក្នុងវត្តចំនួនពីរ គឺវត្តទឹកសាប និង វត្តដូនទ្រូ ឋិតនៅក្នុងស្រុកជ្រោយញរ ខេត្តឃ្លាំង ទៀតហើយ បន្ទាប់ពីពួកគេបានចាប់ព្រះសង្ឃវត្តព្រៃជាប់ និង សិរីតាសេក ផ្សឹក និងដាក់ ពន្ធនាគារ កាលពីខែឧសភា កន្លងទៅនេះ ។ នេះបើយោងតាមសេចក្ដីជូនដំណឹងតាមរយៈ សារអ៊ីម៉ែលដែលការិយាល័យវិទ្យុសំឡេងកម្ពុជាក្រោម ទទួលបាននៅថ្ងៃទី ០១ ខែកក្កដា នេះ ពីលោក សឺន ជុំជួន ប្រធានបណ្ដាញយុវជនខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាន នៅទីក្រុង ភ្នំពេញ ។

សារជូនដំណឹងនេះបានបញ្ជាក់ថា៖ “ អាជ្ញាធរវៀតណាម និង គណៈកម្មាធិការសមាគម ព្រះសង្ឃសាមគ្គីស្នេហាជាតិ វៀតណាមខេត្តឃ្លាំង បានសហការគ្នាត្រៀមអុកឡុក និងបន្ត ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងវត្តព្រះពុទ្ធសាសនាខ្មែរក្រោម ឋិតនៅភូមិទឹក ឃុំទឹកសាប ស្រុក ជ្រោយញរ កម្ពុជាក្រោម ទៀតហើយ នៅថ្ងៃនេះ” ។
សារជូនដំណឹងនេះបានប្រាប់អំពីរឿងរ៉ាវនេះថា៖ “វត្តទឹកសាបគ្រោងនឹងតែងតាំងព្រះចៅ អធិការថ្មី ដែលត្រូវបានគាំទ្រដោយគណៈកម្មាធិការ និងពុទ្ធបរិស័ទចំណុះជើងវត្តនៅ ទីនោះ ប៉ុន្តែអាជ្ញាធររបស់វៀតណាមមិនព្រម ពួកគេគ្រោងនឹងតែងតាំង ព្រះសង្ឃដទៃ ដែល ជាកូនចៅ ជាប្រភពជិតស្និទ្ធជាមួយអាជ្ញាធរកុម្មុយនិស្តវៀតណាម ។ អាជ្ញាធរវៀតណាម និង គណៈកម្មាធិការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិវៀតណាម បានរួមសហការគ្នា នឹងតែងតាំងព្រះចៅអធិការថ្មី ទៅតាមបំណងរបស់ពួកគេឱ្យបាននៅក្នុងរង្វង់ថ្ងៃស្អែក [ទី ០២ ខែកក្កដា ] នេះ ។ ពួកគេ [រដ្ឋាភិបាលវៀតណាម] បានគំរាមថា ក្នុង ព្រឹត្តិការថ្ងៃស្អែកនេះ បើមានពុទ្ធបរិស័ទ ឬព្រះសង្ឃអង្គណាទាំងនៅកម្ពុជា ឬ និមន្ត មកពីកម្ពុជាក្តី រារាំងការពារដំណើការនេះ នឹងត្រូវចាប់ទាំងអស់” ។
ចំពោះ វត្តដូនទ្រូ វិញ សារអ៊ីម៉ែលបានបន្តទៀតថា “ ព្រឹកនេះ ថ្ងៃទី 0១ ខែកក្កដា ឆ្នាំ ២០១៣ ក្រុមអាជ្ញាធរវៀតណាម និងកងកម្លាំងនគរបាលវៀតណាមកំពុងឡោមព័ទ្ធ វត្ត ដូនទ្រូ មួយទៀត ដែលឋិតនៅភូមិដូនទ្រូ ឃុំជ្រោយញ ស្រុកជ្រោយញរ៍ ខេត្តឃ្លាំង ដោយមិនទាន់ដឹងពីមូលហេតុច្បាស់លាស់” ៕