វៀតណាម​ថ្កោលទោស​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​រឿង​បាតុកម្ម​មុខ​ស្ថានទូត​

139

​ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​

ទង់ជាតិកម្ពុជាក្រោម ត្រូវបានគេហែកនៅមុខស្ថានទូតវៀតណាម ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០១៤ ។ រូបថតៈ ស៊ឺន ចែងចើន
ទង់ជាតិកម្ពុជាក្រោម ត្រូវបានគេហែកនៅមុខស្ថានទូតវៀតណាម ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០១៤ ។ រូបថតៈ ស៊ឺន ចែងចើន

ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា​បានចេញ​សេចក្ដីថ្លែងការណ៍​មួយ​ចាត់ទុក​សកម្មភាព​បាតុក​ម្ម​មុខ​ស្ថានទូត​របស់ ខ្លួន​ថា ជាការ​ជ្រៀត​ជ្រែ​ត​ចូលក្នុង​អធិបតេយ្យ និង កិច្ចការ​ផ្ទៃក្នុង​របស់​វៀតណាម ហើយ​ផ្ទុយទៅនឹង​ច្បាប់​របស់​ប្រ ទេស​កម្ពុជា ។ ប្រតិកម្ម​នេះ​ធ្វើឡើង​ភ្លាមៗ បន្ទាប់ពី​មានការ​ធ្វើបាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម នៅ​ព្រឹក​ថ្ងៃ ទី ៨ ខែកក្កដា ដើម្បី​ទាមទារ​ឲ្យ លោក ត្រឹង វ៉ាំ​ង ថុង អ្នកនាំពាក្យ​ស្ថានទូត​មួយ​នេះ សុំទោស​ពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ ចំពោះ​សម្ដី​ដែល​មន្ត្រី​វៀតណាម​រូបនេះ​បាន​ថ្លែងថា ដែនដី​កម្ពុជា​ក្រោម​ជា​ទឹកដី​របស់​ប្រទេស​វៀតណាម តាំងពី​យូរ យារ​ណាស់​មកហើយ ។

លិខិតអំពាវនាវបាតុកម្មដោយសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ។
លិខិតអំពាវនាវបាតុកម្មដោយសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ។
សេចក្ដីថ្លែងការណ៍របស់ស្ថានទូតវៀតណាម ។
សេចក្ដីថ្លែងការណ៍របស់ស្ថានទូតវៀតណាម ។

​សេចក្ដីប្រកាស​ចុះ​ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០១៤ ស្ថានទូត​វៀតណាម​បានចាត់ទុក សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា និង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ថា ជា​មេ ក្លោង​នៃ​បាតុកម្ម​នេះ ។ សេចក្ដីថ្លែងការណ៍​នេះ​បាន​បញ្ជាក់ថា ៖

“​ស្ថានទូត​វៀតណាម​ចាត់ទុក​សកម្មភាព​ទាំងនេះ ជាការ​ជ្រៀត​ជ្រែ​ត​ចូលក្នុង​អធិបតេយ្យ និង​កិច្ចការ​ផ្ទៃក្នុង​របស់​វៀតណាម​ហើយ​ផ្ទុយទៅនឹង​ច្បាប់​របស់​ប្រទេស​កម្ពុជា ដែល​បាន​ចែងថា កម្ពុជា​មិនបាន​ឲ្យ​កងកម្លាំងប្រដាប់អាវុធ ឬ បុគ្គល​ណាមួយ​ប្រើប្រាស់​ទឹកដី​របស់ខ្លួន ដើម្បី​ប្រឆាំង នឹង​ប្រទេស​ដទៃ​ឡើយ​” ។

​សេចក្ដីថ្លែងការណ៍​នេះ​បាន​បន្តទៀតថា​៖

«​ប្រទេស​វៀតណាម​ជា​ប្រទេស​ឯករាជ្យ មាន​អធិបតេយ្យ និង​បូរណភាព​ទឹកដី ហើយ​ដី​តំបន់​វៀតណាម​ខាងត្បូង គឺជា​ទឹកដី​របស់​ប្រទេស​វៀតណាម​ស្រប​នឹង​ច្បាប់​អន្តរជាតិ​ហើយ​បាន ទទួលស្គាល់​ពី អង្គការសហប្រជាជាតិ អង្គ ការ​អន្តរជាតិ​បណ្តា​ប្រទេស​នានា​នៅលើ​ពិភពលោក និង​ប្រទេស​សមា ជិ​ក​អាស៊ាន​ផងដែរ​» ។​

​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​មិនទាន់​ប្រតិកម្ម​តប​នឹង​ការចោទប្រកាន់​របស់​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា នៅ ឡើយ​ទេ  តែ​នៅ​នៅ​ថ្ងៃ​អង្គារ ទី ៨ ខែកក្កដា ឆ្នាំ​២០១៤ នេះដែរ លោក ថាច់ ង៉ុ​ក ថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បានចេញ​សេចក្ដីថ្លែងការណ៍​មួយ​ថ្កោលទោស​អាជ្ញាធរ​ខ្មែរ និង​មន្ត្រី​ស្ថានទូត​វៀតណាម​ដែល​បាន​បំភ្លៃ​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម និង បាន​ប្រើ​អំពើហិង្សា​លើ​ក្រុមអ្នកតវ៉ា ។ សេចក្ដីថ្លែងការណ៍​នេះ ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមអ្នកតវ៉ា​ក្នុង​ហេតុ​អ្វីមួយ ដែល​លោក​ហៅថា “​ចូលរួម សម្តែង​មតិ និង​គាំទ្រ​នូវ​បុព្វហេតុ​ខ្មែរ​កម្ពុជា​ក្រោម​” ។​

សេចក្ដីថ្លែងការណ៍​នេះ​បាន​បញ្ជាក់ថា​៖

“​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម សូម​ថ្កោលទោស​តំណាង​ស្ថានទូត​វៀតណាម នៅ​ប្រទេស​កម្ពុជា ដែល​បំភ្លៃ​ការពិត និង កែប្រែ​ប្រវត្តិសាស្ត្រ ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម សូម​ថ្កោលទោស​កង កម្លាំងប្រដាប់អាវុធ ដែល​បាន​ប្រើ​អំពើហិង្សា ទៅលើ​ក្រុមបាតុករ កាលពី​ព្រឹក​ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០១៤ នៅមុខ ស្ថានទូត​វៀតណាម នាទី​ក្រុងភ្នំពេញ ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម សូម​ថ្លែងអំណរគុណ​ជា​អនេក ចំពោះ​ព្រះសង្ឃ និង​បងប្អូន​ជន​រួម​ឈាម​ខ្មែរ​យុវជន យុវតី និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល បាន​ចូលរួម​សម្តែង​មតិ និង​គាំទ្រ​នូវ បុព្វហេតុ​ខ្មែរ​កម្ពុជា​ក្រោម​” ។​

កម្ពុជា​ក្រោម​ជា​ទឹកដី​របស់​ខ្មែរ​៖

លោក ម៉ៅ ពិសេស ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​មានប្រសាសន៍ប្រាប់​ក្រុមអ្នកកាសែត​នៅ​ពីមុខ​ស្ថានទូត​វៀតណាម​ថា មន្ត្រី​ស្ថានទូត​វៀតណាម​ត្រូវ​ទទួល​ការពិត ថា​ទឹកដី​កម្ពុជា​ក្រោម មិនមែនជា​របស់​វៀត​ណា​ម​តាំងពីដើម​មក​នោះទេ ។​

លោក​បាន​បញ្ជាក់ថា​តាម​ប្រវត្តិសាស្ត្រ​បានបង្ហាញ​ថា វៀតណាម​ខាងត្បូង​ដែលជា​ទឹកដី​កម្ពុជា​ក្រោម សព្វថ្ងៃ ទើបតែ​បាន​ទៅ​វៀតណាម​ដោយ​ស្របច្បាប់​នៅ​ឆ្នាំ ១៩៤៩ តែប៉ុណ្ណោះ ដូច្នេះ​តាំងពី​មុនៗ​មក​ទឹកដី​នេះ​ជា​របស់​ប្រទេស កម្ពុជា​សុទ្ធសាធ​។​

​លោក​និយាយថា​៖

«​លោក ត្រាន់ វ៉ាន់​ថុង ត្រូវតែ​ចេញមុខ​ជា​សាធារណៈ​ដើម្បី​ឆ្លើយតប​ធ្វើការ​សុំទោស​ថា​លោក​ពិតជា​បាន​យល់ច្រឡំ​អំពី​ប្រវត្តិសាស្ត្រ​នៃ​ទឹកដី​កម្ពុជា​ក្រោម ។ ពោលគឺ​វៀតណាម​ខាងត្បូង​សព្វថ្ងៃនេះ​» ។​

កាលពី​ខែមិថុនា​កន្លងទៅនេះ អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​នៅក្នុង​ប្រទេស​កម្ពុជា លោក ត្រឹង វ៉ាំ​ង ថុង (Tran Van Thong) បាន​អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ជា​ខេមរភាសា​ថា ដែនដី​កម្ពុជា​ក្រោម ជា​ទឹកដី​របស់​ប្រទេស​វៀតណាម​ជា​យូរយារ​ណាស់​មកហើយ និង​ថា គ្មាន​ភស្តុតាង​ណាមួយ​ជា​មូលដ្ឋាន​ដើម្បី​បញ្ជាក់ថា ដែនដី​កម្ពុជា ក្រោម ត្រូវបាន​បាត់ទៅ​ភាគី​វៀតណាម​ទេ ។ ការ​ថ្លែង​បែបនេះ​ធ្វើឡើង ដើម្បី​ឆ្លើយតប​នឹង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម  នៅក្នុង​ប្រទេស​នានា​ទូទាំង​ពិភពលោក នៅ​ថ្ងៃទី ៤ ខែមិថុនា ឆ្នាំនេះ បាន​ប្រារព្ធ​ខួប ៦៥ ឆ្នាំ នៃ​ទិវា​បារាំង​កាត់​ដែន ដី​កម្ពុជា​ក្រោម​ប្រគល់​វៀតណាម​ធ្វើ​អាណានិគម​បន្ត​លើ​ពលរដ្ឋ​ខ្មែរក្រោម កាលពី​ថ្ងៃ ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។

​លោក​និយាយថា​៖

«​បារាំង​មិនបាន​កាត់​ទឹកដី​កម្ពុជា​ក្រោម​ឲ្យ​វៀតណាម​ទេ តែ​កម្ពុជា​ក្រោម​ជា​ទឹកដី​របស់​វៀតណាម តាំងពី​យូរយារ​ណាស់​មកហើយ ព័ត៌មាន​បាត់បង់​ទឹកដី​គ្មានអ្វី​ជា​មូលដ្ឋាន​ទេ គ្មានអ្វី​ជា​ភ័ស្តុតាង​ទេ​»​។​

ដោយ​ខឹងសម្បា​នឹង​សម្ដី​របស់​មន្ត្រី​ស្ថានទូត​វៀតណាម ទើប​នៅ​ថ្ងៃ​អង្គារ ទី ៨ ខែកក្កដា ប្រជាពលរដ្ឋ និង ព្រះសង្ឃ​ដែល​ដឹកនាំ​ដោយ​សហព័ន្ធ​និស្សិត​បញ្ញវ័ន្ត​កម្ពុជា​ប្រមាណ​ជាង ១០០ នាក់​បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅ​ពីមុខ​ស្ថានទូត​វៀតណាម ដើម្បី​ទាមទារ​ឱ្យ​អ្នកនាំពាក្យ​ស្ថានទូត​នេះ ចេញមុខ​សុំទោស​ជា​សាធារណៈ​ចំពោះ​អ្វីដែល​ខ្លួន​ធ្លាប់បាន​អះអាងថា ទឹកដី​កម្ពុជា​ក្រោម​ជា​ទឹកដី​របស់​វៀតណាម​តាំងពីដើម​មក មិនមែន​បានមកពី​ការ​កាត់​ទឹកដី​របស់​ខ្មែរ​ដោយ​បារាំង​នៅ​ថ្ងៃទី ៤ ខែមិថុនា​ឆ្នាំ ១៩៤៩ នោះទេ ។​

​ការធ្វើ​បាតុកម្ម​នេះ ក្រុម​សន្តិសុខ​របស់​សាលាខណ្ឌ​ដូនពេញ ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល ជា​គណបក្ស​មួយ​ត្រូវបាន​គេ​មើលឃើញថា នៅក្រោម​រណប​យូ​ន​នោះ បាន​ចេញមុខ​សារជាថ្មី​មក​វាយ​បង្ក្រាប​លើ​ការតវ៉ា​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងតិច ១០ នាក់​រងរបួស​ស្រាល ក្នុងខណៈដែល​ពួកគេ​បាន​ព្យាយាម​បុក​របាំង​ការពារ​របស់​ប៉ូលិស​ឆ្ពោះទៅកាន់​ស្ថានទូត​វៀតណាម ។ នេះ​បើតាម​ការបញ្ជាក់​ពី​មន្ត្រី​សិទ្ធិមនុស្ស និង​សាក្សី​ឃើញ​ផ្ទាល់​ភ្នែក  ។​

​មកដល់​ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១៤ នេះ មាន​រយៈពេល ៦៥ ឆ្នាំ ហើយ ដែល​បារាំង​បាន​កាត់​ដែនដី កម្ពុជា​ក្រោម​ឲ្យ​វៀតណាម​គ្រប់គ្រង ។ ចាប់តាំងពី​ពេលនោះ​មក ពលរដ្ឋ​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម ត្រូវបាន​អា​ជ្ញ​ធរ​វៀតណាម​ចាត់ទុកថា ជនជាតិភាគតិច នៅលើ​ដែនដី​កំណើត​របស់ខ្លួន ៕

Comments are closed.